វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក ជាផ្នែកមួយអនុវត្តផែនការយុទ្ធសាស្ត្រជាតិកម្ពុជា
FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក ជាផ្នែកមួយនៃការអនុវត្តភារកិច្ចរបស់កងទ័ពជើងគោក បន្ទាប់ពីរាជរដ្ឋាភិបាលចាត់តាំងឱ្យចូលរួមក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីពន្លឿនដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២៥ សំដៅសម្រេចបាននូវកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងគម្រោងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គដោយមានការកំណត់លក្ខណៈវិនិច្ឆ័យនៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ និងសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់ មកពីបណ្តាកងឯកភាពនានាចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ជាពិសេសទទួលបានការផ្តល់មូលវិចារណ៍ដ៏ល្អពីសំណាក់គណៈគ្រប់គ្រងវគ្គ ដែលបានបញ្ជាក់ថា៖ សិក្ខាកាមយោធិនយើងទាំងអស់ បានបង្ហាញនូវសាមគ្គីភាព, រក្សាបាននូវវិន័យសណ្តាប់ធ្នាប់ និងគោរពបទបញ្ជាផ្ទៃក្នុង ទាំងក្នុងការសិក្សារៀនសូត្រ, ការអនុវត្តលើទីលាន…