ក្រសួងសុខាភិបាលប្រកាសផ្លូវការ សម្រេចផ្អាកបណ្តោះអាសន្នជើងហោះហើរពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ
FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរធូរស្រាលឡើងវិញ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០បានឱ្យដឹងថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនេះមួយរយៈ បន្ទាប់ពីសង្កេតឃើញថា អត្រាឆ្លងរបស់អ្នកដំណើរមកពីប្រទេសទាំងពីរមានអត្រាខ្ពស់។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។ ម្យ៉ាងវិញទៀតចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារចម្លងវិរុសកូវីដ១៩។ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារចម្លងវិរុសកូវីដ១៩…