ប្រធានាធិបតីសិង្ហបុរី យល់ព្រមនឹងសំណើ សម្តេចតេជោ ហ៊ុន សែន រឿងទិញអង្ករបន្ថែមពីកម្ពុជា
FN ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក តូនី តាន់ កេងយាំ បានយល់ព្រមតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការស្នើឱ្យប្រទេសសិង្ហបុរីបង្កើនការទិញអង្ករក្រអូបពីប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ការយល់ព្រមចំពោះការទិញអង្ករលេខ១បន្ថែមនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក តូនី តាន់ កេងយាំ នៅឯកវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ នាគ្រាដែលលោកបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា។ ក្រោយបញ្ចប់ជំនួបថ្នាក់កំពូលនេះ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហបុរីពិចារណារ លើការទិញអង្ករ ពីប្រទេសកម្ពុជាយើង ជាពិសេសអង្ករដែលមានគុណភាពល្អ ជាពិសេសអង្ករសេរីរាង្គ ដែលកម្ពុជាកំពុងជំរុញធ្វើការដាំដុះសម្រាប់ការនាំចេញនេះ»។ លោកបានពន្យល់បន្តថា «ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីសិង្ហបុរី បានយល់ស្របជាមួយនឹងសម្តេចតេជោ នូវអ្វីដែលសម្តេចតេជោបានលើកឡើង»។ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់…