ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ពិតជាមានការរីករាយដែលបានវិលត្រឡប់មកសាជា ថ្មី បន្ទាប់ពីការជួបជុំគ្នាឆ្នាំមុន មុនពេលចូលឆ្នាំកាលពីពេលមុន ហើយឆ្នាំនេះ ការជួបជុំនេះបានប្រព្រឹត្តឡើង នៅមុនពេលចូលឆ្នាំថ្មី ក្នុងរយៈពេលមិនដល់មួយថ្ងៃទៀតទេ។ ខ្ញុំអរគុណជាមួយនឹងបដិសណ្ឋារកិច្ច ក៏ដូចជា ការរៀបចំនៅក្នុងការទទួលចំពោះខ្ញុំ និងភរិយា ក៏ដូចជាសហការីក្នុងគណៈប្រតិភូ។
ផ្តល់ជូនបៀវត្សរ៍ និងប្រាក់នានា ទាន់ពេលវេលា
អម្បាញ់មិញ លោក ឧត្តមសេនីយ ពៅ ស៊ា នាយកមជ្ឈមណ្ឌលបានធ្វើរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងការ អភិវឌ្ឍនៅទីនេះ ហើយខ្ញុំក៏បានឆ្លៀតឱកាសទៅសួរទាហាន និងយុទ្ធជនពិការរបស់យើងនៅខាងមុខនេះ អំពី ការបើកផ្តល់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានា។ ខ្ញុំពិតជាមានមោទនភាពទៅលើការចាត់ចែងទាំងឡាយរបស់ ស្ថាប័នជាតិ ក្នុងហ្នឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតាមរយៈនៃផ្នែកភស្តុភាររបស់ក្រសួងការពារជាតិ បានបើកផ្តល់ទាន់ពេលវេលានូវប្រាក់ទាំងឡាយ រាប់ទាំងប្រាក់ដែលទើបនឹងបានតម្លើងថ្មី ព្រមទាំងប្រាក់ឧបត្ថម្ភសម្រាប់ការចូលឆ្នាំផងដែរ។ ប្រាក់បៀវត្សរ៍របស់យុទ្ធជនពិការរបស់យើង អម្បាញ់មិញ ដែលខ្ញុំបានសួរ គឺមិនតិចជាង ១ លានរៀលទេ គឺលើសពី ១ លាន។ ហើយខ្ញុំក៏បានទៅសួរខាងក្រុមគ្រួសារ ថាពិបាកគ្រប់គ្រង ទេប្តី? ថាមិនពិបាកទេ។ ស្រួលណាស់ …។
យកចិត្តទុកដាក់ចំពោះយុទ្ធជនទាំងអស់ តាមរយៈសមាគមអតីតយុទ្ធជន
ខ្ញុំសប្បាយរីករាយដោយសារតែការរៀបចំរបស់យើង សម្រាប់ដោះស្រាយនៅក្នុងមជ្ឈមណ្ឌលនេះ បានកើតចេញជារូបរាង ហើយក៏បានផ្តល់ឱកាសសម្រាប់ការស្នាក់នៅ និងជាជម្រកដ៏សមរម្យសម្រាប់យុទ្ធជនពិការ។ ឆ្នាំនេះ ខ្ញុំបានមកទីនេះ តែខ្ញុំនៅជំពាក់បងប្អូននៅតាកែនកោះស្លា និងនៅភ្នំឆ័ត្រ។ ភ្នំឆ័ត្រនោះមិនទាន់ទាំងបានទៅសម្ពោធទេ តែការរៀបចំកសាងផ្ទះសម្បែងស្អីៗនេះ គឺកំពុងដំណើរការល្អហើយ។ ខ្ញុំនៅជំពាក់ចំពោះកុមារកំព្រា កុមារពិការគ/ថ្លង់ ដោយសារតែកម្មវិធីច្រើនពេក។ ប៉ុន្តែ ថ្ងៃនេះ ក៏បានឆ្លៀតឱកាសមកជួបជាមួយនឹងយុទ្ធជនពិការរបស់យើងនៅទីនេះ។ ម្យ៉ាងទៀត ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ យើងបានបង្កើនការយកចិត្តទុកដាក់ មិនគ្រាន់តែលើបញ្ហាយុទ្ធជនពិការនៅក្នុងមណ្ឌលនោះទេ តែតាមរយៈនៃសមាគមអតីតយុទ្ធជន យើងបានប្រឹងប្រែងជួយដល់អតីតយុទ្ធជន ក្នុងនោះមានទាំងយុទ្ធជនពិការផងដែរ តាមរយៈនូវការផ្តល់ជូនសំណង់មួយចំនួន ដួចជា ផ្ទះសម្បែង ដែលនៅទីនោះអាចមានដី ហើយយើងអាចមានប្រាក់ដើម្បីសាងសង់ផ្ទះ។
បងប្អូនបានពិការរួចហើយ ក៏ប៉ុន្តែ ការយកចិត្តទុកដាក់ក៏នៅមានជាបន្ត ទោះបីជាវាមិនទាន់អស់។ ខ្ញុំមិនដឹងថា តើយុទ្ធជនពិការមួយណាទេ ដែលបានចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ នៅក្នុងខេត្តសៀមរាបនេះ ប្រហែលជាមិននៅក្នុងមជ្ឈមណ្ឌលនេះទេ ប្រហែលជានៅកន្លែងផ្សេង អំពីបញ្ហាការផ្តល់ផ្ទះឲ្យគាត់ ហើយនិយាយពីកូនរបស់គាត់ ២ នាក់ ម្នាក់បានរៀនចប់មហាវិទ្យាល័យទៅហើយ តាមរយៈអាហារូបករណ៍របស់ ហ៊ុន ម៉ាណែត ដែលជាកូនរបស់ខ្ញុំ ហើយនៅម្នាក់ទៀតកំពុងរៀននៅមហាវិទ្យាល័យឆ្នាំទី ៣។ ចំណុចអស់ទាំងនេះ នៅទីនេះ ក៏ដូចជានៅភ្នំឆ័ត្រ ឬនៅតាកែនកោះស្លា យើងបានបង្កើនការយកចិត្តទុកដាក់ជាមួយនឹងក្រុមគ្រួសារ និងកូនចៅរបស់យុទ្ធជនពិការ និងអតីតយុទ្ធជនរបស់យើង។ ការបាត់បង់នូវសរីរាង្គ មិនអាចផ្តល់ឲ្យយើងវិញបានទេ។ បងប្អូនទាំងឡាយបានពិការ បើទោះបីជាថា បានវិលត្រឡប់ ឧបមាថាជើង ក៏គ្រាន់តែជើងសិប្បនិម្មិត។ ប្អូនម្នាក់បានដាច់ដៃទាំងពីរ មិនអាចមានអ្វីតភ្ជាប់បានឡើងវិញទេ។ ខ្លួនខ្ញុំក៏គ្មានពេល ដើម្បីធ្វើឲ្យគ្រាប់ភ្នែកមួយគ្រាប់នៅខាងឆ្វេង អាចមើលភ្លឺឡើងវិញនោះទេ។
សេចក្តីសុខរបស់ជាតិ មិនអាចកាត់ផ្តាច់ពីពលីកម្មរបស់យុទ្ធជនពិការទេ
សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ខួបលើកទី ៤២ ឆ្នាំ បានមកដល់ នៃការដែលខ្ញុំបាត់បង់កែវភ្នែក គឺនៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៥ ឥឡូវ ១៣ មេសា ឆ្នាំ ២០១៧ នៅសល់តែ ៣ ថ្ងៃទៀតទេថ្ងៃទៀតទេពលៈ កុំបីឃ្លា និងាន់សម្រាប់ដោះស្រាយជីវភាពរស់នៅោក លោកស្រី ជាពិសេស កែវភ្នែកដែលយើងធ្លាប់ស្រឡាញ់ មិនអាចវិលត្រឡប់មកផ្តល់ឲ្យយើងឡើងវិញ ប៉ុន្តែយើងអាចនឹងប្រឹងប្រែងងើបឈរឡើងវិញ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងស្ថានភាពនៃអ្នកដែលពិការរូបកាយហើយ ពិការផ្លូវចិត្តថែមទៀត។ វាមានឧទាហរណ៍ច្រើនណាស់ ដែលយុទ្ធជនពិការរបស់យើងបានប្រឹងប្រែងងើបឈរ ឡើងជំនះនូវការលំបាក ហើយផ្តល់ឱកាសសម្រាប់កូនរបស់ខ្លួនបន្តការសិក្សា រហូតទៅដល់កូនៗទាំងអស់នោះ គេបានក្លាយទៅជាបញ្ញាវ័ន្ត បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ហើយក៏មានការងារធ្វើ។ ចំណុចនេះហើយ ដែលខ្ញុំបន្តការអំពាវនាវចំពោះជនពិការគ្រប់រូប រាប់ទាំងយុទ្ធជនពិការបន្តការខិតខំងើបឈរឡើង ដើម្បីសេចក្តីថ្លៃថ្នូររបស់យើង គ្រួសារយើង និងបន្សល់ទុកឲ្យកូនចៅរបស់យើងនូវមោទនភាពបន្តទៀត។
ខ្ញុំអំពាវនាវចំពោះភរិយាទាំងឡាយរបស់យុទ្ធជនពិការ សូមកុំមានការអៀនខ្មាសថា យើងមានប្តីជាជនពិការខុសពីគេពីឯង ដែលមានកន្លែងខ្លះគួរឲ្យរន្ធត់ចិត្ត។ នៅពេលដែលបានយកគ្នាជាប្តីប្រពន្ធ មុនពេលធ្លាក់ខ្លួនជាជនពិការ តែក្រោយពេលប្តីពិការ ទៅរត់ចោលប្តីទៅស្រវាអោបប្រុសថ្មី។ នេះជារឿងអកុសល ដែលរឿងនេះបានកើតនៅកន្លែងខ្លះរួចមកហើយ។ អំពាវនាវចំពោះក្មួយៗ ចៅៗ ដែលជាកូនយុទ្ធជនពិការ សូមកុំអៀនខ្មាសថាដែលឪពុករបស់ខ្លួនជាជនពិការ ផ្ទុយទៅវិញ ក្មួយៗ ចៅៗត្រូវមានមោទនភាពចំពោះឪពុករបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ សេចក្តីសុខរបស់ប្រជាជាតិដែលមាននៅពេលនេះ មិនអាចកាត់ផ្តាច់ចេញបានអំពីពលីកម្ម អំពីតំណក់ឈាមដែលឪពុករបស់យើងបានខិតខំនោះទេ។ មានយុទ្ធជនពិការរបស់យើងមួយចំនួន មិនទាន់មានភរិយាទេ។ សង្ឃឹមថា ក្មួយៗ ប្អូនៗនឹងរកបានភរិយាដ៏ល្អ ដោយមាននារីស្រឡាញ់ ក៏ប៉ុន្តែទាល់តែយើងកុំពិការផ្លូវចិត្តទាល់តែសោះ។
ការងើបឈររបស់ខ្ញុំ បង្ហាញថា (វា)មិនចាំបាច់ថា ទាល់តែយើងមិនពិការ ទើបអាចធ្វើការបាននោះទេ
សម្រាប់ខ្លួនខ្ញុំបទពិសោធន៍នៅពេលដែលធ្លាក់ខ្លួនពិការបាត់បង់កែវភ្នែក នៅក្នុងកាលៈទេសៈដែលលំបាកបំ ផុតក្នុងសម័យប៉ុល ពត មិនមែនដូចថ្ងៃនេះដែលយុទ្ធជនពិការរបស់យើងមានរាជរដ្ឋាភិបាល ហើយជាពិសេស មានគណបក្សប្រជាជនយកចិត្តទុកដាក់។ កាលពីខ្ញុំពិការនៅក្នុងកាលៈទេសៈដ៏លំបាកណាស់ អរគុណភរិយា ខ្ញុំដែលបានទទួលខ្ញុំជាប្តី។ កាលពេលហ្នឹងគេស្អាត យើងពិការ។ ស្រឡាញ់គ្នាតាំងពីពេលមុនខ្លួនខ្ញុំពិការ ប្រហែលជាគិតថាគេមិនយកយើងទៀតទេ។ តែទីចុងបំផុត ភរិយាខ្ញុំបានយកខ្ញុំ។ រឿងនេះក៏ជាឧទាហរណ៍មួយ នៅក្នុងចំណោមឧទាហរណ៍ ដែលគ្រប់ក្រុមគ្រួសារជនពិការមើលឲ្យឃើញពីតម្លៃ។ កាយសម្បទាជារឿងមួយហើយ។ អ្នកណាក៏ចង់ល្អ អ្នកណាក៏ចង់ស្អាត យើងមិនចង់ដាច់ដៃដាច់ជើង យើងមិនចង់ខ្វាក់ភ្នែកនោះទេ ក៏ប៉ុន្តែការលះបង់របស់យើងវាមានតម្លៃរបស់វា។ ក្នុងឋានៈជាយុទ្ធជនពិការនៅក្នុងសម័យសង្គ្រាម ហើយនៅក្នុងកាលៈទសៈនៃរបប ប៉ុល ពត ការងើបឈរឡើងរបស់ខ្លួនខ្ញុំនេះ ក៏បង្ហាញឲ្យឃើញថា (វា)មិនចាំបាច់ថា ទាល់តែយើងមិនពិការទើបអាចធ្វើការបាននោះទេ។ ខ្ញុំបានឆ្លងកាត់នូវដំណាក់កាលបត់បែនច្រើនណាស់ មកដល់ពេលនេះក៏នៅសល់មនុស្ស ដែលហៅថាខ្ញុំជាអាខ្វាក់ដែលជាពាក្យអសុរោះ ហើយជាពាក្យដែលមិនអាចអត់អោនបាន។ វាមិនមែនគ្រាន់តែប៉ះពាល់ខ្លួនខ្ញុំតែម្នាក់ទេ តែវាប៉ះពាល់ទៅដល់អ្នកដែលពិការភ្នែកទាំងឡាយ រាប់ទាំងកុមារគ ថ្លង់ កុមារពិការភ្នែក។
គណបក្សប្រជាជន និងរាជរដ្ឋាភិបាលមិនបោះបង់ចោលបងប្អូនយុទ្ធជនពិការទេ
ខ្ញុំអរគុណជាមួយនឹងការខិតខំទាំងអស់របស់បងប្អូននៅក្នុងមជ្ឈមណ្ឌលពិការនេះ។ អម្បាញ់មិញ ក្នុងរបាយការណ៍របស់លោកនាយក លោកឧត្តមសេនីយ៍ក៏បានបង្ហាញអំពីការខិតខំចូលរួមចំណែក ដើម្បីកសាងទីអារាម កសាងនូវកន្លែងដែលមានតម្រូវការ។ វាមិនទាន់គ្រប់គ្រាន់ ឥឡូវនេះឮថា ផ្ទះមួយចំនួននៅខ្វះទឹកអត់ទឹកប្រើ។ ឥឡូវនេះភរិយាខ្ញុំយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ឥឡូវខិតខំធ្វើយ៉ាងម៉េច ដើម្បីឲ្យមានទឹក។អញ្ចឹងទេត្រូវបន្តការជីកអណ្តូងនៅតាមផ្ទះ តាមទីកន្លែងដែលយើងអាចធ្វើទៅបាន។ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទទួលបន្ទុកទៅលើបញ្ហាការរៀបចំជីកអណ្តូងបន្ថែម។ គ្រួសារខ្លះដាច់ដៃដាច់ជើង តម្រូវឲ្យក្នុងផ្ទះមានអណ្តូងតែម្តង។ បើទោះបីជាមួយផ្ទះត្រូវជីកអណ្តូងមួយ ក៏ត្រូវតែជីក ដើម្បីសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសារ។ នេះវាជាតម្រូវការរបស់បងប្អូន។ ហើយបងប្អូនជឿទុកចិត្តចុះ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលមិនបោះបង់ចោលបងប្អូនទេ។ លទ្ធភាពមានកម្រិត ប៉ុន្តែការដោះស្រាយនៅតែធ្វើជាបន្ត។
ឥឡូវនេះ បៀវត្សរ៍ទាបបំផុតអម្បាញ់មិញនេះ គឺភាគច្រើនចាប់ពីខ្ទង់ ១ លាន ២០ ម៉ឺន មានអ្នកដល់ទៅ ១ លាន ៤០ ម៉ឺន ហើយមានអ្នកទាបដូចជា ១ លាន ១៦ ម៉ឺន។ យើងនឹងបន្តតទៅទៀត នូវការខិតខំតំឡើងបៀវត្សរ៍ តែកាលណាបៀវត្សរ៍មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធកើនហើយ យើងនៅទីនេះ ក៏បានកើនដូចគ្នាដែរ។ ប៉ុន្តែ យើងក៏ត្រូវប្រឹងខ្លួនឯងតាមរយៈដីធ្លី ដែលបានផ្តល់សម្រាប់គ្រួសារនីមួយៗ ប្រើឲ្យអស់សក្តានុពល។ ខ្ញុំគិតថា អណ្តូងទឹកដែលយើងនឹងត្រូវជីកជូនសម្រាប់ក្រុមគ្រួសារនោះ ក៏វាក្លាយទៅជាមធ្យោបាយដ៏សំខាន់សម្រាប់ការដោះស្រាយជីវភាពផង និងការដាំដុះរបស់គ្រប់ក្រុមគ្រួសារផង។ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ដែលមកបង្រៀន និង(ថែទាំសុខភាព)នៅទីនេះ ក៏ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងម៉េច ឲ្យចៅៗដែលជាកូនរបស់យុទ្ធជនពិការទទួលបាននូវការរៀនសូត្រ។ នៅទីនេះ យើងបានបង្កើតទៅដល់កម្រិតវិទ្យាល័យរួចទៅហើយ។ ចំនួនគ្រូបង្រៀនក៏ចេះតែកើន ហើយថ្ងៃនេះមានគ្រូបង្រៀន ៥ នាក់ មកបន្ថែមទៀត យើងត្រូវតែផ្តល់នូវម៉ូតូ ដែលធ្លាប់បានផ្តល់ដូចកាលពីពេលមុន …។
សាងសង់អគារបន្ថែម ដើម្បីក្លាយជាភូមិសាស្រ្តសិក្សាមួយសម្រាប់មណ្ឌល និងភូមិជុំវិញ
ថ្ងៃនេះ ដោយសារតែខ្ញុំមានកម្មវិធីជាមួយនឹងកន្លែង ២ ទៀត។ ប៉ុន្តែ ខ្ញុំចង់សួរបន្តិច វិទ្យាល័យដែលយើងធ្វើនៅទីនេះ មានប៉ុន្មានអីប៉ុន្មានដែរឥឡូវហ្នឹង នៅទីនេះ បង្កើតវិទ្យាល័យសិស្សប៉ុន្មានទាំងអស់? អ្នកណានាយក សាលា? មកនេះបន្តិចមើលក្រែងលោទៅធ្វើនៅក្រៅភ្លេចនៅនេះ (នាយកសាលាស្នើសុំបន្ថែមបន្ទប់ទឹក ទីចាត់ការ បណ្ណាល័យ និងតារាងបាល់ទាត់)។ … អោយវាសឿងបឿងបន្តិចមើល ក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់ទាញយកសិស្សនៅជុំវិញទៅជាអនុវិទ្យាល័យផង និងវិទ្យាល័យផងជាមួយគ្នា។ យើងគួររៀបចំឲ្យហើយទាន់មានឱកាស។ ឥឡូវគិតដាក់ ១ ខ្នង ២ ជាន់ ១២ បន្ទប់ទៅ បន្ថែមលើអាឆ្នាំទៅ។ កសាងបង្គន់ស្អីៗ និងតារាងបាល់ ហើយជួយមើលខាងសាលាបឋមសិក្សា ទៀ បាញ់ ផង ដើម្បីឲ្យវាទៅជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាល។ ឥឡូវនេះ មិនបាច់ឲ្យសុំទេ ដោះតែម្តងទៅ។ ឃើញខ្វះអណ្តូង ខ្វះប្រព័ន្ធទឹកស្អីៗ រៀបចំទៅ។
ពាំនាំ
ថ្ងៃនេះបាននាំមកសម្រាប់សិស្សានុសិស្សចំនួន ៣៨៦ នាក់ ក្នុងម្នាក់ៗសៀវភៅពីរក្បាល ប៉ិច ១ ដើម និងថវិកា ១ ម៉ឺនរៀល សម្រាប់កូនសិស្ស យោធិនពិការ ២៣០ គ្រួសារ គ្រូបង្រៀនស្ម័គ្រចិត្ត ១៨ គ្រួសារ ពេទ្យ ឆ្មបចំនួន ២ គ្រួសារ សរុបទាំងអស់ ២៥០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម មី ៤ កេស ត្រីខ ១ កេស ប្រេងឆាមួយដប ប៊ីចេង ១ គីឡូ ស្ករស ១០ គីឡូ ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី ៦ ដប សារុង ក្រម៉ា មុង ភួយ ថវិកាចំនួន ៣០ ម៉ឺនរៀល ១ គ្រួសារ ក្នុងថវិកា ៣០ ម៉ឺនរៀល គឺថាចែកចេញជាពីរទៀត។ ខ្ញុំផ្តល់ ២០ ម៉ឺន ភរិយា ខ្ញុំផ្តល់ ១០ ម៉ឺន។ សម្រាប់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមាន ២៥ នាក់ ក្នុងម្នាក់ៗមាន សារុង ក្រម៉ា ភួយ ទឹកដោះគោ ២ ឡូ ស្ករស ២ គីឡូ និងថវិកា ១០ ម៉ឺន។ ជូនសាលាបឋម សិក្សា ទៀ បាញ់ សែនជ័យ ៥០ ម៉ឺនរៀល ជូនវិទ្យាល័យស្នាតេជោ ១ លានរៀល ជូនមណ្ឌលសុខភាព ១ លានរៀល ជូនមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលែន សៀមរាប ៥ លានរៀល ជូនសាលាស្រុក បាគងថវិកា ១ លានរៀល។ ព្រឹកមិញក៏បានប្រគេនទៅព្រះតេជព្រះគុណឯវត្ត។ ដោយសារតែប្រញាប់ អត់ចូលថ្វាយបង្គំទេថ្ងៃនេះ។ អ្នកជំងឺក៏អត់បានចូលសួរសុខទុក្ខដែរ ជូនឥវ៉ាន់ទៅតែម្តង។ ក្រៅពីនោះ ក្រសួងការពារជាតិជួយឧបត្ថម្ភក្នុងពិធីនេះ អង្ករ ១៣ តោន ៥០០ គីឡូ ឯក្រសួងសុខាភិបាលជួយឧបត្ថម្ភក្នុងពិធីនេះឱសថ ៤៥ ប្រភេទ ដែលមានទំងន់ទាំងអស់ ២៥៧០ គីឡូ។ ក្រៅពីនោះ មានលោក លឹម ប៊ុនជុង ក្រុមហ៊ុនវិនិយោគល្ហុងប្រេងនៅតំបន់គូលែន គាត់ជួយឧបត្ថម្ភអង្ករ ៥ តោន កង់ចំនួន ២០០ គ្រឿង សម្រាប់គ្រូបង្រៀន ៥ នាក់ដែលត្រូវផ្តល់នូវម៉ូតូបន្ថែម ឯកឧត្តម ម៉ក់ ពេជ្ររិទ្ធ បានឧបត្ថម្ភម៉ូតូទាំងនេះ។ តាំងពីមុនមក គាត់ជួយទាំងអស់ ៣៤ គ្រឿង សរុបមកដល់ពេលនេះ ប្រហែលជាមានគ្រូចូលមកទៀតទេមើលទៅ? អ្នកជំងឺកាកបាទក្រហមបន្ថែម ១០ ម៉ឺនម្នាក់ទៀត ឯកឧត្តម ម៉ក់ ពេជ្ររិទ្ធ បានឧបត្ថមកន្សែងពោះគោចំនួន ១៣០០ កន្សែង សម្រាប់ចែកជូនគ្រួសារយុទ្ធជនពិការ។ គ្រួសារយុទ្ធជនពិការនេះ គឺមានចំនួន ១២៤៩ នាក់។ ខ្ញុំសុំផ្តាំថាធ្វើម៉េចការគ្រប់គ្រង និងបន្តរក្សាឲ្យបាន អ្វីដែលជាមោទនភាពដែលយើងធ្លាប់មានដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។ ធ្វើយ៉ាងម៉េចកុំឲ្យមណ្ឌលនេះ ក្លាយទៅជាកន្លែងដែលមានល្បែងស៊ីសង កន្ទុយលេខ។ ប្រយ័ត្នជំពាក់លុយគេ ដោយចាញ់ល្បែងអី មកទារឲ្យខ្ញុំសង ខ្ញុំមិនសងទេណា។ ល្បែងមិនដែលនាំមកនូវសេចក្តី សុខណាមួយទេ តែងតែបង្កើតនូវក្តីវិនាសតែប៉ុណ្ណោះ …។
ហើយចុងបញ្ចប់ជាមួយនឹងការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលនឹងមកដល់នៅម៉ោង ៣ និង ១២ នាទី ទាបភ្លឺខាងមុខនេះ។ ខ្ញុំសុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស បងប្អូនយុទ្ធជនពិការ ក្រុមគ្រួសារនៃយុទ្ធជនពិការទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕