សេចក្តីដកស្រង់ប្រសាសន៍ បើកដំណើរការសាកល្បងសួនទឹកកំសាន្ត Garden City Water Park
អតីតតំបន់ជ្រកកោននៃពួកឧទ្ទាមខ្មែរក្រហម ក្លាយជាតារាងហ្គោល សណ្ឋាគារ និងពហុកីឡដ្ឋាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយគ្នាក្នុងការបើកឱ្យដំណើរការសាកល្បង នៃតំបន់សួនទឹក Garden City វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់ និងដែលបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែ(នេះជា)ការបោះទុន(មួយ)នៅតំបន់ ដែលពីអតីតកាលគឺជាកន្លែងជ្រកកោននៃពួកឧទ្ទាម (លួចលាក់)ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ។ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចអំពីប្រវត្តិនៃទីតាំងនេះ។ ខ្ញុំធ្លាប់បានលើករួចខ្លះមកហើយ។ នៅក្នុងឆ្នាំ ១៩៨៩ គ្រាដែលអតីតរដ្ឋកម្ពុជាបានធ្វើពិធីបុណ្យខួបលើកទី ១០ នៃថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានប្រើប្រាស់តំបន់ទាំងនេះ ជាទីតាំងបាញ់ចូលទៅទីក្រុងភ្នំពេញ។ ប៉ុន្តែគេមិនបានបាញ់ទៅដល់ទីក្រុងភ្នំពេញទេ បាញ់ចូលក្បែរត្រឹមឃ្លាំង ស៊ូគីមិច (ឃ្លាំងប្រេង) នៅឫស្សីកែវ។ តាមរយៈសកម្មភាពទាំងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ យើងបានបញ្ជូនយុវជននៅទីក្រុងភ្នំពេញ និងបញ្ជូនមន្ត្រីរដ្ឋការនៅពេលនោះតាមស្ថាប័ន ឱ្យមកកាប់ឆ្ការព្រៃដើម្បីកាត់បន្ថយការជ្រកកោនរបស់ពួកខ្មែរក្រហម។ រយៈពេលក្រោយមក តំបន់នេះក្លាយទៅជាតំបន់នៃការអភិវឌ្ឍមួយ ដែលដំបូងគឺចាប់ផ្តើមពីលោក ឧកញ៉ា…