សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ក្រោមមូលបទ ៖ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”
ឯកឧត្ដម លី កឺជាំង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដម ផានខាំ វិផាវ៉ាញ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្ដមឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្ដម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដម ម៉ាសាត្សូ៊ហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ តាមរយៈប្រព័ន្ធវីដេអូ នាពេលនេះ។ ក្នុងឋានៈជាប្រធាន កម្ពុជាពិតជាមានកិត្តិិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងរៀបចំក្របខណ្ឌយុទ្ធសាស្រ្តថ្មី…