FN ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។
ក្នុងឱកាសប្រគល់សញ្ញាបត្រនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណរយៈពេល១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីធានាបានការសិក្សាអប់រំ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១០ ជាមួយរាជរដ្ឋាភិបាល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងវិបត្តិតែងមានឱកាស។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យឌីជីថល នៅក្នុងវិស័យនានាន រួមទាំងការសិក្សាផង មានការរីកចម្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យធំៗរបស់រដ្ឋមន្ត្រី នៅតែទទួលបានប្រជាប្រិយភាពពីនិស្សិត។ សម្តេចតេជោ ក៏បានរំលឹកពីដំណើរការកសាង និងអភិវឌ្ឍន៍សាកលវិទ្យាល័យទាំង៣ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកសមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលអ្នកចាស់កសាងសម្រាប់អ្នកថ្មី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលពិព័រណ៍ជ្រោយចង្វា នឹងត្រូវយករៀបចំសម្រាប់ទទួលអាហារមេដឹកនាំបរទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា នៅវេលាម៉ោង៤រសៀលនេះ សម្តេចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសច្រើនណាស់សម្រាប់ការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍនូវចំណេះជំនាញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនិយាយដល់ការអភិវឌ្ឍន៍បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ បើគ្មានធធាននុស្ស។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរនិស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ១៩៧៩-១៩៨០ មាននិស្សិតតិចអាចរាប់តាមម្រាមដៃបាន តែឥឡូវមានច្រើនមិនអាចរាប់តាមម្រាមដៃបានទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីតាមឃុំ-សង្កាត់ នាពេលបច្ចុប្បន្នក៏មានអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សាផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកឱ្យក្រុមប្រឆាំង ដែលតែងរិះគន់ការរំលឹកអតីតកាលរបស់កម្ពុជា ស្មើនឹងមិនហ៊ានរំលឹកពីឪពុក-ម្តាយរបស់ខ្លួន។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយពេលរំដោះប្រទេស សម្តេចបានប្រកែកមិនព្រមធ្វើជារដ្ឋមន្ត្រីការបរទេសនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក បានដឹកឡានមកដល់ហើយ។ នេះជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែកម្ពុជាទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ទើបមេដឹកនាំប្រទេសជាមិត្តហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អាណាព្យាបាល និងសាច់ញាតិ ដែលបានឧបត្ថម្ភ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់កូន ភរិយា ឬស្វាមី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីកសិកម្ម មិនទាមទារឱ្យមានជំនាញកសិករនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ អ្វីដែលទាមទារជាចាំបាច់នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍តែងតាំង និងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអង់គ្លេស កំពុងធ្វើឱ្យក្រុមអ្នករិះគន់បានភ្លឺភ្នែក លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលពួកគេធ្លាប់បានរិះគន់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាចខកខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនព្រមរៀន មិនខិតខំ មិនមានកិច្ចសហការណ៍ នឹងគ្មានអនាគតល្អទេ។
- សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។