(១) ខេត្តព្រៃវែងរងគ្រោះមុនគេ តែមានកិច្ចការងារមួយចំនួនត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាប, មិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលមិនបានដឹងនិងមិនបានដោះស្រាយ, ទឹកអត់លិចមានបញ្ហាអត់ដីល្បាប់ សត្វចង្រៃមិនងាប់, យើងមានស្បៀងបម្រុងនិងមានពូជស្រូវជួយប្រជាពលរដ្ឋ
ថ្ងៃនេះយើងជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងប្រឈម ជាពិសេសប្រជាជនជាង ៦ ពាន់គ្រួសារនៅទីនេះ។ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីពាំនាំសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះ(វរ)រាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចែករំលែកជាមួយបងប្អូនជនរួមជាតិទាំងអស់នូវការលំបាកទាំងឡាយដែលបងប្អូនបានជួបប្រទះ។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃវត្តមានរបស់ខ្ញុំនៅតាមបណ្តាខេត្តដែលបានជួបប្រទះការលិចលង់។ ការពិតទៅខេត្តព្រៃវែង ក៏ជាខេត្តដែលរងគ្រោះមុនផងដែរ គួរតែខ្ញុំមកមុន ក៏ប៉ុន្តែយើងមានកិច្ចការងារមួយចំនួនដែលត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាបគឺជាខេត្តដែលមានសភាពធ្ងន់ធ្ងរជាង។ ដូច្នេះវត្តមានខ្ញុំនៅទីនោះ ជាមួយវត្តមាននៅទីនេះមិនមានអ្វីខុសគ្នាទេ ទោះបីមកយឺតប្រសើរជាងមិនមក។
ឱកាសនៃការជួបជុំនេះ ខ្ញុំសូមយកថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងជម្នះនូវការលំបាក ខិតខំជួយដោះស្រាយជាមួយការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណ ចំពោះការខិតខំទាំងអស់របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហាដែលមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។
ឆ្នាំនេះ ដូចដែលឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើរបាយការណ៍។ ទឹកវាមិនធំហួសហេតុពេកទេ ក៏ប៉ុន្តែវារាយប៉ាយគ្រប់ទីកន្លែង ធ្វើឱ្យខេត្តរបស់យើងដែលមាន ២៥ រាជធានី/ខេត្ត មានទៅដល់ ២០ខេត្ត ដែលរងផលប៉ះពាល់។ វាមិនច្រើនក៏ប៉ុន្តែវារាយប៉ាយច្រើនកន្លែង។ ដូច្នេះ បូកសរុបទៅក្រុមគ្រួសារដែលរងផលប៉ះពាល់គឺមានចំនួនច្រើនបង្គួរ។ សូម្បីតែថ្ងៃនេះ បើបូកសរុបចំនួនដែលខ្ញុំបានដើរចែកផ្ទាល់សម្រាប់ស្រូវពូជ ក្នុងការស្តារឡើងវិញគឺមានរហូតទៅដល់ ៣៨ ៣១៣ គ្រួសារ គិតទាំង ៦ ១១២ គ្រួសារ ដែលចែកជូននៅខេត្តព្រៃវែងថ្ងៃនេះ។ ស្ថានភាពវាបានកើតឡើងយ៉ាងដូច្នេះ។
បើនិយាយពីទន្លេវិញគឺអ្នកទន្លេខ្លាចបំផុតការដែលទឹកអត់លិច។ នេះគឺជារឿងពិតរបស់អ្នកទន្លេ។ ដូចជានៅខាងស្រុកខ្ញុំ ខ្លាចបំផុតគឺទឹកអត់លិចក្រោមផ្ទះ ព្រោះកាលណាទឹកមិនលិច វាបង្កើតបានទៅជាបញ្ហាអត់ដីល្បាប់ សត្វចង្រៃក៏មិនងាប់ ដូច្នេះវាជាការលំបាកទៅវិញទេ។ ក៏ប៉ុន្តែស្ថានភាពវាមិនដូចគ្នាទេ។ ភូមិសាស្ត្រខ្លះយើងបានធ្វើស្រូវដើមរដូវ ជាស្រូវវស្សា ហើយស្រូវវស្សាក៏ត្រូវបានលិចលង់ខូចខាតដោយទឹកជំនន់ ជាជំនន់មេគង្គក្តី ជាជំនន់ទឹកភ្លៀងក្តី។ ឆ្នាំនេះជំនន់ទឹកភ្លៀងបានវាយលុកស្ទើរគ្រប់ទីកន្លែងទាំងអស់។ ឥឡូវនេះ ការចែកពូជស្រូវរបស់យើងមិនជាយឺតទេ បើយើងពិនិត្យគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរតាំងពីសៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង ហើយម្សិលមិញ កំពង់ធំ និងថ្ងៃនេះមកដល់ព្រៃវែង។
យើងឃើញថា ឥឡូវនេះទឹកទើបនឹងដកទៅក្រោយភូមិ។ កន្លែងខ្លះត្រឹមតែ ១០០ ម៉ែត្រ ឬមិនដល់ ១០០ ម៉ែត្រ ផងទេ គឺទឹកនៅទីនោះ។ ដូច្នេះស្រូវពូជដែលយកទៅនេះ គឺមិនជាចាំបាច់ត្រូវបូមទឹកមកដាក់ រៀបចំសម្រាប់ការបង្កបង្កើនផលទេ លើកលែងកន្លែងខ្លះវាទួលពេក។ ជាទូទៅស្ថានភាពទឹកនៅពេលដែលទឹកសម្រក ស្រូវពូជបានទៅដល់ទីកន្លែងតែម្តង។ ខ្ញុំសូមអរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ពិសេសគណៈកម្មាធិការទាក់ទងជាមួយនឹងស្បៀងបម្រុងដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង(ជា)រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយើងមានស្បៀងបម្រុង ក្នុងនោះក៏មានពូជស្រូវនៅក្នុងការដោះស្រាយជួយប្រជាពលរដ្ឋរបស់យើង។
(២) ក្រុមការងារគណបក្សប្រជាជនជួយប្រជាជនចេញទៅកាន់ទីទួលសុវត្ថិភាព ផ្តល់ស្បៀងថ្នាំពេទ្យ រួមទាំងស្រូវពូជនិងគ្រាប់ពូជដំណាំ ឱ្យប្រជាជនស្តារជីវភាពឡើងវិញ, បញ្ជូនសាច់ប្រាក់ពលកម្មទៅមូលដ្ឋាន ក្នុងគ្រាមានតម្រូវការចាំបាច់កសាងហេដ្ឋារចនាសម័្ពន្ធតូចៗ
ចំនួនគ្រួសារទទួលផលប៉ះពាល់មានច្រើនជាងនេះ ប៉ុន្តែយើងផ្តល់ពូជស្រូវសម្រាប់តែអ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយដែលមានលទ្ធភាពស្តារឡើងវិញសម្រាប់ដំណាំស្រូវតែប៉ុណ្ណោះ។ ឯក្រៅពីនោះយើងនឹងដោះស្រាយជូនប្រជាជនដែលមានតម្រូវការពូជដំណាំសម្រាប់ធ្វើដំណាំរួមផ្សំ ដើម្បីឆ្លងកាត់ការលំបាកក្នុងរយៈពេលខាងមុខនេះ។ ស្ថានភាពរបស់យើងពិតជាមិនអាក្រក់ពេកនោះទេ ក៏ប៉ុន្តែនៅក្នុងស្ថានភាពដែលក្រុមគ្រួសារនីមួយៗមានបញ្ហា គឺច្បាស់ជាមានជួបការលំបាក។ តែការលំបាកនោះ មាន(ការ)អន្តរាគមន៍របស់រដ្ឋនៅក្នុងនេះ។
ម្សិលមិញខ្ញុំក៏បាននិយាយទាក់ទិននឹងសម័យកាលពីមុននិងសម័យកាលបច្ចុប្បន្នថា វាមានចំណុចខុសគ្នា។ ម្សិលមិញខ្ញុំបានរំលឹកទៅដល់អនុស្សាវរីយ៍កាលពីតូច កាលពីនៅវ័យក្មេង ជាមួយនឹងឪពុករបស់ខ្ញុំ ដែលលិចលង់ស្រូវ ហើយដែលឪពុករបស់ខ្ញុំស្រែកយំ។ ពេលនោះគ្មាននរណាជួយយើងក្រៅពីខ្លួនយើងនោះទេ។ ប៉ុន្តែឥឡូវនេះស្ថានភាពខុសប្លែកហើយ នៅត្រង់ថាក្រុមការងាររបស់គណបក្សប្រជាជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅជាប់ជាមួយប្រជាជន ទោះបីតិចឬច្រើនបានជួយដោះស្រាយបញ្ហាប្រជាជនចេញពីកន្លែងតំបន់ ដែលមានការរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ការផ្តល់ស្បៀង ការផ្តល់ថ្នាំពេទ្យ ការពិនិត្យមើលជីវភាពប្រជាពលរដ្ឋ រួមទាំងការផ្តល់ស្រូវពូជ និងគ្រាប់ពូជ ដើម្បីនឹងជួយឱ្យប្រជាជនស្តារជីវភាពឡើងវិញ។ ជំនួយឧបត្ថម្ភនានាត្រូវបានផ្តល់ ហើយថ្ងៃនេះជាង ៦ពាន់ គ្រួសារ ត្រូវបានទទួលពីខ្ញុំ ជានាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់។
ប៉ុន្តែ ជំនួយនេះគ្រាន់តែជាការដោះទ័លក្នុងរយៈមួយគ្រាខ្លីតែប៉ុណ្ណោះ។ អ្វីដែលជាការពឹងផ្អែកសំខាន់បំផុតនោះ គឺការយកគ្រាប់ពូជនេះ ដោះស្រាយនូវកិច្ចការស្តារឡើងវិញនូវផលិតកម្ម និងពូជដំណាំដទៃទៀតក៏ដូចជាកិច្ចការដែលយើងត្រូវធ្វើដើម្បីប្រាក់កម្រៃ។ រាជរដ្ឋាភិបាលបានខិតខំបញ្ចុះសាច់ប្រាក់ពលកម្មសម្រាប់មូលដ្ឋាន នៅក្នុងគ្រាដែលមូលដ្ឋានមានតម្រូវការចាំបាច់ស្តីពីការកសាងហេដ្ឋារចនាសម័្ពន្ធតូចៗ ដែលប្រជាជនយើងអាចចូលរួមនិងទទួលបានប្រាក់កាស។ នេះជាផ្នែកមួយនៃគោលនយោបាយយើងសម្រាប់ដោះស្រាយនៅឯមូលដ្ឋាន ជាជាងនាំគ្នាសម្រុកចូលទៅទីក្រុងដើម្បីរកការងារធ្វើនៅទីក្រុង ក្នុងពេលវេលាដ៏លំបាកនៃជំងឺកូវីដ-១៩ ។
(៣) វិធានការ ៣កុំ ពិបាកអនុវត្ត, គេចរួចពីវិបត្តិកូវីដ-១៩ ដោយការអនុវត្តវិធានការសុខាភិបាលនិងការទទួលយកការចាក់វ៉ាក់សាំង, ការបើកប្រទេសឡើងវិញធ្វើសកម្មភាពសេដ្ឋកិច្ចសង្គមមានរយៈពេលមួយឆ្នាំហើយ, ការបិទខ្ទប់រឹតបន្តឹងវិធានការកូវីដ-១៩កន្លងទៅ សំដៅការពារអាយុជីវិតប្រជាជន
និយាយដល់ជំងឺ កូវីដ-១៩ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្នុងផ្នែកសុខាភិបាល ដែលបានយកចិត្តទុកដាក់ទប់ស្កាត់ជាមួយនឹងជំងឺនេះ ពិសេសអរគុណចំពោះប្រជាពលរដ្ឋដែលបានទទួលយក នូវការអនុវត្តគោលនយោបាយ វិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារបស់រដ្ឋាភិបាលទៅលើការគ្រប់គ្រងកូវីដ-១៩។
មានចំណុច ២ ដែលត្រូវរំលឹក។ ទី១) ប្រជាជនទទួលយកនូវវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះវិធានការ ៣កុំ ៣ការពារ ត្រូវបានអនុវត្តដោយប្រជាជនរបស់យើង។ សូម្បីតែថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងក៏នៅតែអនុវត្តនូវ ៣ការពារ ដោយក្នុងនោះភាគច្រើននៅទីនេះ បាននិងកំពុងពាក់ម៉ាស់ នៅក្នុងទីកន្លែងដែលយើងជួបជុំគ្នា ជាមួយនឹងការរក្សាគម្លាត។ ម្សិលមិញខ្ញុំបាននិយាយនៅឯខេត្តកំពង់ធំថា ឥឡូវនេះ ៣ការពារ នៅអនុវត្តបាន ប៉ុន្តែ ៣កុំ ដូចជាអនុវត្តលែងបានហើយ។ ៣ការពារ រួមមានពាក់ម៉ាស់ លាងដៃ រក្សាគម្លាត។ យើងអង្គុយឆ្ងាយពីគ្នាបន្តិច ហើយយើងកុំប៉ះពាល់គ្នាច្រើនពេក ដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ព្រោះសត្រូវមើលអត់ឃើញទេ។ កុំឃើញថារូបរាងស្អាតហ្នឹងវាអត់មានកូវីដ-១៩ ជួនកាលអាស្អាតហ្នឹងវាកូវីដ-១៩។
យើងកំពុងបន្តអនុវត្តនូវវិធានការ ៣ការពារ។ ប៉ុន្តែដល់ទៅ ៣កុំ វិញគឺពិបាកបណ្តោយ។ ៣កុំ រួមមានថា ទីមួយកុំទៅកន្លែងដែលមានមនុស្សច្រើន។ ឥឡូវយើងកំពុងតែជួបជុំមនុស្សច្រើននៅទីនេះ។ អញ្ចឹងវាមិនខុសទៅហើយ ថាកុំឱ្យជួបជុំមានមនុស្សច្រើន កុំទៅទីកន្លែងដែលមានមនុស្សច្រើន ប៉ុន្តែយើងកំពុងតែនៅមនុស្សជាង ៦ពាន់នាក់ មកអង្គុយជុំគ្នានៅកន្លែងហ្នឹង។ ឥឡូវយើងចាត់តាំងពីធីបុណ្យអុំទូកនៅហ្នឹង។ ថ្ងៃមុនព្រៃវែងចាត់តាំងពិធីបុណ្យអុំទូកនៅកន្លែងណា? នៅហ្នឹង។ មនុស្សមើលច្រើនណាស់។ ល្ងាចនេះខ្ញុំទៅហើយ។ ម្សិលមិញគេថាអត់ទាន់ឱ្យទៅទេ។ ល្ងាចនេះ ខ្ញុំទៅ។ ម្សិលមិញថាទៅ គេមិនឲ្យទៅទេ។ ល្ងាចនេះទៅហើយ ព្រោះល្ងាចនេះផ្ដាច់ព្រ័ត្រ ហើយសុទ្ធតែអាខ្លាំងៗ ផង ប្រណាំងគ្នានៅខេត្តកណ្ដាល ម៉ោង ៣ ល្ងាចនេះ។
ខ្ញុំទៅមើលគេអុំទូកនៅខេត្តកណ្ដាល។ អញ្ចឹងទេ ដល់តែអុំទូកហ្នឹង មនុស្សណែនទៅតែម្ដង។ គេមានប្រគំតន្រ្តីស្អីៗ ប្រជាពលរដ្ឋទៅមើល។ ដូច្នេះវាលំបាក នៅក្នុងការដែលយើងកំណត់ ដូចជាមង្គលការអីផ្សេងៗ។ ឥឡូវធ្លាក់ខ្យល់ពីជើងហើយ។ បន្តិចទៀតគឺថារៀបការដល់ហើយៗ គឺថាកូនមកហើយ។ តែការឆ្នាំហ្នឹង កូនឆ្នាំក្រោយ។ ហ្នឹងប្រហែលជាអញ្ចឹង។ ប្រសិនបើអ្នកនោះមិនខិតខំការពារ។ ប៉ុន្តែតើយកប្ដី/ប្រពន្ធយកធ្វើអី? ក្រែងយកចង់បានកូនឬអី? អាហ្នឹងទីមួយ ទាក់ទិនជាមួយបញ្ហា កុំទៅកន្លែងដែលមានមនុស្សច្រើន។ ទី២) ថាកុំនៅកន្លែងបិទជិត។ តាំងពីដើរមួយជុំវិញទន្លេសាប ប្រជុំនៅកន្លែងបិទជិតហ្នឹងតែម្ដង។ មនុស្សច្រើនហើយ បិទជិតទៀត។ អញ្ចឹងវាលំបាកអនុវត្ត។ ទី៣) គឺកុំប៉ះពាល់គ្នា រក្សាគម្លាត គឺអាហ្នឹងសម្រាប់ខ្ញុំពិបាក។
កាលពីមុនគ្រាន់តែជល់ដៃគ្នា ក្រោយមកជល់កែងគ្នា ឥឡូវចាប់ដៃគ្នាហើយ ចូលដល់ដំណាក់កាលចាប់ដៃ។ ប៉ុន្តែយើងនៅតែប្រុងប្រយ័ត្នជាមួយនឹងកិច្ចការទាំងអស់ដែលយើងត្រូវបន្តដើម្បីជម្នះនូវការលំបាកនៃមហន្តរាយដែលបណ្ដាលមកពី កូវីដ-១៩។ យើងពិតជាមានការសោកស្ដាយចំពោះប្រជាពលរដ្ឋយើងដែលបានទទួលមរណភាពដោយសារកូវីដ-១៩។ ក្នុងរយៈពេលដ៏ខ្លីមួយ ប្រជាពលរដ្ឋយើងស្លាប់អស់ ៣ ០០៦នាក់។ មិនមែនជារឿងតូចតាចទេ ក្នុងប្រទេសមួយដែលមានប្រជាជនត្រឹមតែ ១៧ លាននាក់ … រហូតដល់ខ្ញុំប្រកាសអាសន្ន ត្រូវធ្វើក្ដារមឈូស ត្រូវធ្វើប៉ាឆាបន្ថែម ត្រូវរកដីបន្ថែមដើម្បីសម្រាប់កប់សាកសពទៅតាមប្រពៃណីរបស់ជាតិសាសន៍នីមួយៗ។ ប៉ុន្តែ ដោយសារការទទួលយករបស់ប្រជាពលរដ្ឋរបស់យើងទៅលើបញ្ហាវិធានការសុខាភិបាលមួយផ្នែក តែមួយផ្នែកទៀតគឺដោយការទទួលយកការចាក់វ៉ាក់សាំងនោះ ធ្វើឲ្យយើងគេចរួចចេញពីវិបត្តិកូវីដ-១៩។
ទោះបីថាកូវីដ-១៩មិនទាន់បានបញ្ចប់ ក៏ប៉ុន្តែយើងបានធ្វើឲ្យអត្រាឆ្លងពីជំងឺនេះបានធ្លាក់ចុះ ហើយយើងបានបើកប្រទេសឡើងវិញ។ គិតមកដល់ថ្ងៃនេះ ថ្ងៃទី៣០ នៅសល់តែ ២ ថ្ងៃ ទៀតទេ គំរប់ខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញ ដែលបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើងធ្វើសកម្មភាពសេដ្ឋកិច្ចសង្គម ក្នុងនោះទាំងបញ្ហាសេដ្ឋកិច្ច ទាំងការបើករោងចក្រ និងផ្នែកផ្សេងទៀត ដែលពាក់ព័ន្ធជាមួយសកម្មភាពសេដ្ឋកិច្ច។ លើវិស័យអប់រំអនុញ្ញាតឲ្យយើងបើកសាលារៀន ដើម្បីយើងផ្ដល់ឱកាសឲ្យកុមារា/កុមារីរបស់យើង អាចទទួលបាននូវការសិក្សា។ អ្វីដែលជាកង្វល់ធំរបស់យើងនៅពេលនោះ គឺសិស្សមិនបានចូលថ្នាក់រៀន ដោយយើងខ្លាចការឆ្លងរាលដាល ដែលធ្វើឲ្យជីវិតកុមារ និងគ្រូបង្រៀនរបស់យើងជួបគ្រោះថ្នាក់ …។
ឥឡូវនេះ យើងអាចនិយាយបានត្រឹមថា យើងឈ្នះសមរភូមិកូវីដ-១៩ ក៏ប៉ុន្តែយើងមិនទាន់ឈ្នះសង្រ្គាមកូវីដ-១៩ នោះទេ។ កូវីដ-១៩នេះ វាបានកើតច្រើនទម្រង់ហើយ។ ដំបូងបំផុតគឺ Alpha បន្តទៅ Delta បន្តទៅ Omicron ហើយ Omicron នេះវាមានពីរជំនាន់ទៅទៀត។ យើងទើបនឹងគ្រប់គ្រងបានត្រឹមប៉ុណ្ណឹងទេ។ ប៉ុន្តែកូវីដ-១៩ មិនទាន់ចប់។ វានៅបន្តក្បែរៗយើងនេះ មិនទៅណាឆ្ងាយទេ។ តែយើងប្រហែស ចូលមកព្រឹបក្នុងខ្លួនយើង។ ប៉ុន្តែ គ្រាន់តែចំនួនវាមានការថយចុះ។ ក្នុងប៉ុន្មានថ្ងៃមុន យើងមាន ៦ ថ្ងៃ ដែលអត់មានកូវីដ-១៩ ហើយមុននោះយើងមានរយៈពេល ៥២ ថ្ងៃ ដែលគ្មានជំងឺឆ្លងកូវីដ-១៩។ ឥឡូវនេះ យើងចាប់ផ្ដើមឆ្លងថែមទៀត។ ថ្ងៃនេះគឺមានត្រឹមតែ ៣ នាក់ប៉ុណ្ណោះ ដែលឆ្លងកូវីដ-១៩។ អ្នកទាំងបីនាក់នោះទៀតសោត ក៏ព្យាបាលនៅតាមផ្ទះ។ ខ្ញុំនិយាយបញ្ហានេះ ចង់សំដៅអរគុណដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិយាយដោយឡែក និងប្រជាជននៅទូទាំងប្រទេស និយាយជារួម ត្រូវបន្តប្រុងប្រយ័ត្នជាមួយនឹងជំងឺកូវីដ-១៩នេះជាបន្តទៀត។
ដោយសារតែយើងគ្រប់គ្រងបាននូវសភាពការណ៍បានយ៉ាងដូច្នេះ បានជាយើងអាចដោះស្រាយបានបញ្ហាសេដ្ឋកិច្ចនិងសង្គម រាប់ទាំងបញ្ហាថ្ងៃនេះ យើងអាចជួបជុំគ្នា មនុស្សជាង ៦ពាន់គ្រួសារ ដែលមកទទួលយកស្រូវពូជ និងជំនួយឧបត្ថម្ភផ្សេងៗ ហើយខ្លួនខ្ញុំក៏មានលទ្ធភាពមកទីនេះ។ កាលពីពេលកូវីដ-១៩ កំពុងតែវាយលុកខ្លាំង គឺយើងមានកន្លែងដែលយើងត្រូវកាត់ផ្ដាច់ទំនាក់ទំនង ដោយធ្វើការបិទខ្ទប់នៅតំបន់ខ្លះ និងធ្វើការរឹតបន្តឹងនូវវិធានការទាំងឡាយ។ រាល់ការរឹតបន្តឹងនូវវិធានការនៅពេលនោះគឺដើម្បីថ្ងៃនេះឯង។ ប្រសិនបើយើងមិនចាត់វិធានការដើម្បីការពារជីវិតប្រជាជននៅពេលនោះ សួរថាក្នុងជាង ៦ ពាន់គ្រួសារនេះ តើនឹងមានប៉ុន្មានគ្រួសារដែលបាត់បង់ប្ដី ប្រពន្ធ ឪពុក ម្ដាយ ឬក្រុមគ្រួសារ ដោយសារកូវីដ-១៩ ឆក់យកជីវិត។ ដូច្នេះ អ្វីដែលរាជរដ្ឋាភិបាលធ្វើកាលពីមុនគឺសំដៅការពារអាយុជីវិតប្រជាជននេះឯង។
ឥឡូវ កូវីដ-១៩ មិនទាន់បានឆ្លងផុត ប៉ុន្តែមានបញ្ហាជាច្រើនបានដាក់ឲ្យយើងដោះស្រាយ នោះគឺទាក់ទងនឹងគ្រោះធម្មជាតិ បូកបន្ថែមដោយកត្តាខាងក្រៅ ទាក់ទិនជាមួយនឹងអតិផរណាទៅលើសេដ្ឋកិច្ច ដែលធ្វើឲ្យយើងជួបបញ្ហាប្រឈម។ ប៉ុន្តែ ប្រឈមធំសម្រាប់យើងនៅទីនេះ គឺគ្រោះទឹកជំនន់ដោយទឹកភ្លៀង ដែលបានកើតឡើងទាមទារឲ្យយើងប្រឹងប្រែងគ្រប់ក្រុមគ្រួសារទាំងអស់ដើម្បីស្ដារជីវភាពឡើងវិញ។
(៤) ជ័យជំនះភ្លូកទឹកភ្លូកដីនៃការបោះឆ្នោតឃុំ/សង្កាត់ ជាមោទនភាពនៃការដឹកនាំនិងចំពោះការគាំទ្រពី ប្រជាពលរដ្ឋ, ប្រធានាធិបតីសហរដ្ឋអាមេរិកមកចូលរួមប្រជុំអាស៊ានអាមេរិកនិងអាស៊ីបូព៌ានៅកម្ពុជា, គ្រប់ក្រសួងធ្វើកិច្ចការក្នុងប្រទេសផងបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២
ក្នុងន័យនេះដែរ ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិយាយដោយឡែក និងនិយាយរួមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសនៃការបោះឆ្នោតឃុំ/សង្កាត់រយៈពេលកន្លងទៅ ហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះគឺពិតជាមោទនភាពនៃការដឹកនាំ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលខ្ញុំសង្ឃឹមយ៉ាងមាំថាប្រជាពលរដ្ឋរបស់យើងនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅក្នុងឱកាសនៃការបោះឆ្នោតខាងមុខ។
ម្សិលមិញ ខ្ញុំបើកក្នុង YouTube មានគេលើកឡើងថា លោក ហ៊ុន សែន ហាក់ដូចជាមានការឃោសនាមុនការកំណត់។ ខ្ញុំត្រូវតែហ៊ាននិយាយ ខ្ញុំត្រូវថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជន។ ខ្ញុំក៏អំពាវនាវឲ្យប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀតគឺជារឿងធម្មតា។ ការពិត គណបក្សប្រជាជនកំពុងគ្រប់គ្រងប្រទេស ហើយបើប្រជាជនបោះឆ្នោតឲ្យ មិនថ្លែងអំណរគុណឲ្យ តើវាយ៉ាងម៉េច? តែបោះឆ្នោតឲ្យហើយ ច្បាស់ជាសុំឲ្យបន្តបោះឆ្នោតឲ្យទៀត។ លោកឯងដើរទៅនិយាយដែរទៅ។ លោកឯងដើរខ្សិបរាល់តែថ្ងៃហ្នឹង។ គ្រាន់តែខ្ញុំដាក់មីក្រូនិយាយបណ្ដោយ រួចហើយផ្សាយបន្តផ្ទាល់សឹងគ្រប់ទូរទស្សន៍។ លោកឯងអត់មានលទ្ធភាពធ្វើដូចខ្ញុំ ព្រោះលោកឯងមិនទាន់កាន់អំណាចនៅឡើយ។ បើលោកឯងចង់ធ្វើតាមខ្ញុំ ធ្វើឲ្យឈ្នះទៅ ហើយថ្ងៃក្រោយលោកឯងធ្វើដែរទៅ។ សូម្បីតែនៅស្រុកអាមេរិក ឥឡូវជិតរៀបចំបោះឆ្នោតពាក់កណ្ដាលអាណត្តិ គេក៏ធ្វើ គណបក្សនានាគេធ្វើ …។
ប៉ុន្តែ សូមជម្រាបជូនដែរ ប៉ុន្មានថ្ងៃកន្លងទៅខ្ញុំអត់ទាន់និយាយទេ ដោយសារតែខាងភាគីសហរដ្ឋអាមេរិកក៏មិនទាន់បានបញ្ជាក់។ ភាគីអាមេរិកបានផ្ដល់ព័ត៌មានមកយើង ប៉ុន្តែខ្ញុំក៏មិនទាន់បានប្រកាសនោះទេ ដោយសារតែយើងត្រូវរក្សាទុកឲ្យខាងសេតវិមានឯទីក្រុងវ៉ាស៊ីងតោនធ្វើការប្រកាសវិញ។ ឥឡូវច្បាស់លាស់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើដំណើរមកចូលរួមប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នៅទីក្រុងភ្នំពេញ។ បើតាមសេចក្ដីប្រកាស គាត់នឹងចាកចេញពីសហរដ្ឋអាមេរិកទៅកាន់អេហ្ស៊ីប ចេញពីអេហ្ស៊ីបមកកាន់កម្ពុជា ចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី រួចហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ គាត់នឹងបញ្ជូនអនុប្រធានាធិបតីមកចូលរួមប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ នៅពេលខាងមុខនេះ ពិតជាមានការងារច្រើន។ ថ្ងៃនេះខ្ញុំសុំបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ។ ខេត្តបន្តទៀត សូមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងក្រសួងកសិកម្ម និងផ្នែកពាក់ព័ន្ធ បន្តពិនិត្យលើកិច្ចការទាំងឡាយដែលទាក់ទងនឹងគ្រោះមហន្តរាយ។
ខ្ញុំនៅមានការងារទាក់ទងជាមួយកិច្ចការបរទេសច្រើនណាស់ដែលត្រូវធ្វើ។ ការប្រជុំមានចំនួនច្រើន។ មិត្តភក្តិបរទេសរបស់យើងក៏មានចំនួនច្រើន។ ច្បាស់ហើយគឺការកំណត់ពេលវេលាសម្រាប់ការជួបរវាងខ្ញុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា នៅម៉ោង៤រសៀល ម៉ោងនៅភ្នំពេញ ត្រូវនឹងម៉ោង ១១ ថ្ងៃ១ វិច្ឆិកា នៅទីក្រុងគៀវ។ ពីមុនខ្ញុំគិតថា ម៉ោង ៤ វាចំម៉ោង ១២ (ថ្ងៃត្រង់នៅគៀវ) តែខែធ្លាក់ទឹកកក វាទាញខុសត្រូវមួយម៉ោង។ យើងនឹងមានការសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។ យើងកំពុងតែរង់ចាំខាងមិត្តរុស្សីរបស់យើង តើប្រធានាធិបតី Putin នឹងអញ្ជើញមកកម្ពុជាក្នុងការប្រជុំឬអត់។ ឆ្នាំនេះយើងមានការប្រជុំច្រើន។ រដ្ឋមន្ត្រីរបស់យើងគ្រប់ក្រសួងស្ថាប័នបានធ្វើកិច្ចការងារច្រើនទាំងកិច្ចការក្នុងប្រទេសផងនិងការងារបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ។
(៥) បណ្ណវាយតម្លៃផលប៉ះពាល់ពីអតិផរណា រាប់បញ្ចូលទាំងក្រុមគ្រួសារជួបការលំបាកដោយគ្រោះទឹកជំនន់ ដែរ, ពលរដ្ឋប្រឹងប្រែងខ្លួនឯង តែរដ្ឋក៏យកចិត្តទុកដាក់លើជីវភាពនិងសុខទុក្ខរបស់ប្រជាជន, អ្នកសល់ពូជនិងអ្នកខ្វះពូជសូមដោះស្រាយជាមួយគ្នា
ប៉ុន្តែសភាពការមិនអីទេ។ សម្រាប់ខ្ញុំសុខភាពអត់បញ្ហា។ អ្នកដទៃគេដើរច្រើនហត់ច្រើនគេចុះគីឡូ។ ឯខ្ញុំដើរច្រើនក្បាលពោះកាន់តែធំឡើង។ ម្សិលមិញមកពីកំពង់ធំវិញ ថ្លឹងទៅឡើង ៨៧ គីឡូក្រាម ចាប់ផ្ដើមដើរពី ៨៣ ដល់ដើរយូរៗឡើង ៨៧ គីឡូក្រាម។ ថ្ងៃហ្នឹងត្រូវហូបបាយជាមួយសម្ដេចក្រឡាហោម ស ខេង។ បន្ទាប់ពីហ្នឹងទៅសំណេះសំណាល ហើយហូបបាយ។ ហើយតែបាយដាក់បន្តិចៗ ដាក់ទៅអង្កៀមត្រីងៀត។ មួយជុំទន្លេសាបអត់មានម្ហូបបារាំងទេ។ ខេត្តនេះគេមានត្រីប្រភេទនេះទៅ ប៉ុន្តែចំឡែកត្រង់បាត់ដំបង សម្បូណ៌ត្រីកន្ធរ។ ឯខេត្តដទៃគឺអត់មានត្រីកន្ធរទេ។ ខេត្តបាត់ដំបងមានត្រីកន្ធរ។ មិនដឹងថាថ្ងៃនេះ (ជា) សុមេធី គឺមានត្រីឆ្លូញអត់? មកអញ្ចឹងកុំដាក់ Steak ដាក់តែសម្លរខ្មែរយើងមក។ ពិសេសខ្ញុំចូលចិត្តក្រៀមក្រោះ ព្រោះតែដាក់អាហ្នុងបន្តិចហើយ ទឹកៗមិនសូវចំណាប់ទេ ដាក់អាក្រៀមៗ អាហ្នឹងប្រដាប់ក្លែម។ ខ្ញុំបញ្ចុះគីឡូរហ័សទេ មិនមែនហាត់ប្រាណអីទេ ខានហាត់ប្រាណ ២ ខែហើយ ប៉ុន្តែធ្វើទន្សាយ។ ម៉េចទៅធ្វើទន្សាយ? ល្ងាចអត់ស៊ីអីទេ ស៊ីតែបន្លែអញ្ចឹងចុះក្រឺតៗ។ ដល់បន្លែយូរពេក ហេវដែរ ហត់ដែរ។
ខ្ញុំអរគុណណាស់សម្រាប់ការជួបជុំ ហើយសូមតាមរយៈបងប្អូន សង្ឃឹមថាបងប្អូនយើងនឹងរើបម្រះដើម្បីស្តារជីវភាពឡើងវិញ។ យើងមើលទឹកនៅល្ហល្ហេវ។ ឥឡូវ ៦កើត ខែកក្តិក។ អញ្ចឹងទេវាដូចជាត្រូវដែរ។ ពីមុនខែកក្តិកនៅខែតុលា ឥឡូវក៏ចុងខែ តុលាដែរ។ បន្តិចទៀតអាចនឹងរងារផ្កាគរ។ រងារផ្កាគរការប្រពន្ធត្រូវប៉ាច់តែម្ដង។ កាលពីខ្ញុំការ ការចំខែរងារតែម្ដង។ រងារឆ្នាំហ្នុងគឺរងារមែនទែន។ អញ្ចឹងគឺអត់ដឹងទៅណាទេ។ មនុស្សមិនដែលបានឱបប្រពន្ធផងឱបជាប់។ សុំទោសព្រោះត្រូវតែអញ្ចឹង។ នៅពេលដែលអង្គុយស្ដាប់ខ្ញុំ ប្រហែលជាមានអ្នកខ្លះតែះនំប៉័ង។ មាននំប៉័ងមួយគូ,ទឹកសុទ្ធ២ដប ជាមួយនឹងទឹកក្រូច ដោះស្រាយខ្លួនឯងទៅ។ របស់យើងទេ។ ដោយសារតែយើងបាននិយាយគ្នា សំខាន់គឺរឿងទាក់ទិននឹងការស្ដារជីវភាពឡើងវិញ។
សូមបញ្ជាក់ជូនដែរថា ក្នុងចំណោមគ្រួសារដែលរងគ្រោះដោយទឹកជំនន់នេះ ក៏អាចនឹងមានគ្រួសារមួយចំនួនក្រៅពីការទទួលបានការឧបត្ថម្ភនេះ ខ្ញុំទុកអង្ករ ២៥០ តោននៅទីនេះ ដែលក្នុងនោះមានអង្ករលោក ឃុនថាវង្ស ផងផាន់ ចំនួន ១០០ តោន និងអង្កររបស់អ្នកឧកញ៉ា ទ្រី ភាព ចំនួន ១៥០ តោន ទាំងអស់២៥០តោន ដែលបងប្អូនក្រុមការងារនិងអាជ្ញាធរ បន្តចែកជូនចំពោះប្រជាពលរដ្ឋរបស់យើងដែលមានការខ្វះខាត។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយទាក់ទិននឹងការធ្វើអន្តរាគមន៍បន្ថែមលើបណ្ណក្រីក្រ ទាក់ទងនឹងកូវីដ-១៩ គឺនឹងមានបណ្ណមួយទៀតដែលកំពុងតែធ្វើការវាយតម្លៃទៅតាមលក្ខណៈសម្បិត្តដើម្បីទទួលបានផល អំពីផលប៉ះពាល់ពីអតិផរណា។ ក្នុងនោះយើងក៏រាប់បញ្ចូលក្រុមគ្រួសារទាំងឡាយ ដែលជួបការលំបាកដោយសារគ្រោះទឹកជំនន់ផងដែរ ដែលយើងកំពុងតែធ្វើការវាយតម្លៃលើបញ្ហានេះ ដើម្បីជួយដល់ប្រជាជនដែលជួបការលំបាក។
នេះគ្រាន់តែជាផ្នែកតូចមួយនៃអន្តរាគមន៍របស់រដ្ឋដើម្បីជួយប្រជាជនតែប៉ុណ្ណោះ អ្វីដែលជាការពឹងពាក់ពិតប្រាកដគឺសម្រាប់ប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯង។ រដ្ឋមានលទ្ធភាពជួយតែក្នុងដំណាក់កាលនិងផ្នែកណាមួយតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្នុងរយៈពេលកន្លងទៅប្រជាពលរដ្ឋប្រឹងប្រែងខ្លួនឯងច្រើនណាស់ទៅហើយ តែរដ្ឋក៏មិនព្រងើយកន្តើយហើយមិនយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាពនិងសុខទុក្ខរបស់ប្រជាជននោះដែរ … ថ្ងៃនេះប្រជាពលរដ្ឋមកទទួលយកគឺមានចំនួន ៦ ១១២ គ្រួសារ ក្នុងនោះខ្ញុំមិនចាំបាច់រំលឹកឡើងវិញអំពីបញ្ហាទាក់ទិនជាមួយនំប៉័ង, ទឹកក្រូច និងទឹកសុទ្ធនោះទេ ដែលនៅនឹងប្រជាជនស្រាប់ហើយ។ ការផ្ដល់ជូនថ្ងៃនេះមានស្រូវពូជ ១០០ គីឡូក្រាម ដែលស្រូវពូជនោះកំពុងរៀបចំនៅខាងក្រោយ។ យកមកដាក់មុខនេះគឺដាក់មិនអស់ទេ ដោយសារខាងមុខនេះមានសម្ភារៈផ្សេងទៀត។
អញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចថា ពីមុននេះទាំងអ្នកព្រៃវែងដែលបានទទួលរួចមកហើយនិងអ្នកមួយចំនួនទៀត ហើយខេត្តដទៃទទួលរួចមកហើយ ពេលនោះយើងគិតថាដីកន្លះហិកតាចុះក្រោមជូន ៥០គីឡូក្រាម ឯដីកន្លះហិកតាឡើងលើជូន ១០០គីឡូក្រាម។ តែឥឡូវយើងមិនកំណត់ដូច្នេះទៀតទេ គឺដីតូចក៏បាន ១០០គីឡូក្រាម ដីធំក៏បាន ១០០គីឡូក្រាម គឺស្មើៗគ្នាទាំងអស់។ អ្វីដែលខ្ញុំគួររំលឹកគឺអ្នកដែលមានដីតូចប្រើពូជមិនអស់ សូមជួយទៅដល់អ្នកដែលមានដីធំហើយខ្វះស្រូវពូជតាមរយៈការអោយខ្ចីឬតាមរយៈការលក់ ឬតាមរយៈការផ្ដល់ជាអំណោយ នេះគឺទៅតាមការចាត់ចែងរបស់បងប្អូន ព្រោះកន្លែងខ្លះមានដីត្រឹមតែកន្លះហិកតាទេ បាន១០០គីឡូក្រាមដែរ តែអ្នកខ្លះមានដីដល់ ២ហិកតាបានទទួល ១០០គីឡូក្រាមដូចគ្នា។ អញ្ចឹងទេវិធីតែមួយគត់ដែលដោះស្រាយបានគឺថា អ្នកដែលដីតិចប្រើពូជតិចគឺនៅសល់ស្រូវពូជផ្គត់ផ្គង់តាមរយៈការអោយខ្ចីឬលក់អោយទៅអ្នកដែលខ្វះគ្រាប់ពូជ នេះជាវិធីដែលត្រូវដោះស្រាយ។
បន្តទៅទៀតយើងមានមី១កេះធំ ដែលមាន ៦ កេះតូច ត្រីខ ចំនួន១កេះធំដែលមាន ១០០ កំប៉ុង អង្ករ ១ បាវ ៥០គីឡូក្រាមនិងថវិកា ២០ម៉ឺនរៀល ស្មើៗគ្នាគ្រប់ក្រុមគ្រួសារទាំងអស់ ជូនសាលាក្រុងព្រៃវែងចំនួន ២លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការចំនួន ៣លានរៀល។ ខ្ញុំគិតថា ថ្ងៃនេះបងប្អូនពិតមែនតែចាប់ផ្ដើមធ្លាក់ខ្យល់ពីជើងបណ្ដើរៗហើយ ប៉ុន្តែក៏នៅតែក្ដៅ។ ខ្ញុំមិនចង់បន្តថែមទៀតទេ ហើយខ្ញុំក៏ត្រូវទៅជួបជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅសាលាខេត្ត។ បន្ទាប់ពីហ្នឹងទៅត្រូវបាយអោយស្រូត។ ថ្ងៃនេះអត់បាយយូរដូចម្សិលទេ បាយអោយស្រូតប្រញាប់ទៅដេកបានបន្តិច ភ្ញាក់ឡើងគឺមុខខេត្តកណ្ដាលដើម្បីមើលគេប្រណាំងទូក។ ស្ដាយស្រីម៉ៅក្រាំងយ៉ូវ អត់បានមក។
ថ្ងៃនេះមានជនពិការចំនួន ១៤នាក់ ដែលមកចូលរួមនៅទីនេះដែរ សូមជូនវថិកាចំនួន ១លានរៀលបន្ថែមទៀតសម្រាប់ជនពិការទាំងអស់។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងមិនថ្នាំងថ្នាក់ជាមួយនឹងការផ្ដល់បន្ថែមសម្រាប់ជនពិការរបស់យើងនោះទេ។ ជាថ្មីម្ដងទៀតខ្ញុំសូមអរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ចើញចូលរួមនៅក្នុងឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ហើយតាមរយៈបងប្អូនប្រជាពលរដ្ឋរបស់យើងអនុញ្ញាតអោយខ្ញុំផ្ដាំផ្ញើនូវការអរុគុណសម្រាប់ការបោះឆ្នោតពីសំណាក់ប្រជាជន ជូនចំពោះគណបក្សប្រជាជនក្នុងរយៈពេលកន្លងទៅនឹងសង្ឃឹមថាពួកគាត់នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនបន្ថែមទៀត។ ចុងបញ្ចប់ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕