(១) មានស្រូវពូជល្អប្រើប្រាស់ ម្ខាងទទួលបានផល ម្ខាងទៀតមានទីផ្សារ, គណបក្សប្រជាជនបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា, គ្រោះជំនន់ធ្ងន់ធ្ងរលាតសន្ធឹងដល់ ២០ ខេត្ត/រាជធានី
ថ្ងៃនេះ អាចចាត់ទុកថា ខ្ញុំមកកាន់ទីនេះយឺតបន្តិច។ ខ្មែរយើងប្រើពាក្យថា “មកយឺតប្រសើរជាងអត់បានមក”។ ខ្ញុំបានទទួលដំណឹងជាបន្តបន្ទាប់ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះមកខេត្តកំពង់ធំជាញឹកញាប់ ជាមួយនោះក៏បានជួបជាមួយនឹងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលបានធ្វើរបាយការណ៍អម្បាញ់មិញ ហើយក៏បានផ្ញើជូននូវសំភារៈ ស្បៀងអាហារ ស្រូវពូជ ឲ្យចែកមុន។ មុននឹងចូលបន្តទៅទៀត អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីពាំនាំមកនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ។ ថ្ងៃនេះ គឺជាខួបលើកទី ១៨ នៃថ្ងៃគ្រងរាជ្យរបស់ព្រះមហាក្សត្ររបស់យើង។ ១៨ ឆ្នាំ បានកន្លងផុត ជាមួយនឹងការរីកលូតលាស់របស់ប្រទេសជាតិនិងប្រជាជន ជាមួយនឹងការយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនរបស់ព្រះមហាក្សត្រ។ ចេញពីទីនេះ ជាមួយនឹងការថ្លែងនូវការអបអរសាទរនូវខួបអនុស្សាវរីយ៍ ១៨ ឆ្នាំនៃការគ្រងរាជ្យ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរចំពោះព្រះករុណាព្រះមហាក្សត្រ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មានុយឺនយូរ ដើម្បីគង់ប្រថាប់នៅជាម្លប់របស់ប្រជារាស្ត្រតរៀងទៅ។
ងាកមកការជួបជុំ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានខិតខំប្រឹងប្រែងពុះពារជាមួយការលំបាក។ បើនិយាយពីប្រវត្តិទាក់ទិនជាមួយនឹងជំនន់ទឹកភ្លៀងនេះ តាំងពីមុនខ្ញុំចាកចេញពីទីនេះទៅកាន់សហរដ្ឋអាមេរិកញូវយ៉កឯណោះ ចាប់ផ្តើមមានបញ្ហាទៅហើយ … តែចាប់ផ្តើមមានទឹកនៅខាងព្រះវិហារ គឺចាប់ផ្តើមត្រៀមបំរុងនៅឯតាមដងស្ទឹងសែន នៅឯខេត្តកំពង់ធំ។ ជារឿងធម្មតាខ្លាំងណាស់។ យើងត្រូវដឹងថា រឿងនេះវាតែងតែកើតឡើងតាមបែបនេះឯង។ ដោយសារការយកចិត្តទុកដាក់ពីអាជ្ញាធរ បូកជាមួយនឹងការអន្តរាគមន៍ពីថ្នាក់ជាតិ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាស្ថាប័នដទៃដែលមានការពាក់ព័ន្ធ យើងបានដោះស្រាយបញ្ហា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គន់ គីម ក៏ដូចជាក្រុមការងាររបស់រាជរដ្ឋាភិបាលនិងក្រុមការងាររបស់គណបក្សប្រជាជននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្តកំពង់ធំ ដែលបានជំនះនូវការលំបាកជួយដល់ប្រជាជន។ រហូតមកដល់ពេលនេះ តាមរបាយការណ៍របស់ឯកឧត្តម ងួន រតនៈ (អភិបាលខេត្តកំពង់ធំ) យើងបានជួយដល់ប្រជាជនជាង ១ ម៉ឺន ៥ ពាន់ គ្រួសាររួចស្រេចទៅហើយនូវស្បៀងអាហារ និងបានផ្តល់ស្រូវពូជសម្រាប់ប្រជាជនមួយចំនួនទៀត។
ជាលទ្ធផលដ៏ល្អដែលអម្បាញ់មិញបញ្ជាក់ថា ស្រូវពូជដែលបានផ្តល់ទៅនោះគឺដុះប្រមាណជា ៩៥%។ អញ្ចឹងអាចចាត់ទុកថាជាពូជស្រូវដ៏ល្អ ដែលខ្ញុំបាននិយាយលេងថា ខ្ញុំមិនឲ្យរដ្ឋាភិបាលរបស់ខ្ញុំ ដែលមានអាយុកាលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីជិត ៣៨ ឆ្នាំមកនេះ (ត្រូវបានគេ)ហៅថាជារដ្ឋាភិបាលអត់ពូជនោះទេ។ ពាក្យថាអត់ពូជ គឺខ្ញុំមិនចង់សំដៅទៅលើអត់ពូជអំបូរអីទេ ប៉ុន្តែចង់សំដៅទៅលើការធ្វើយ៉ាងម៉េចកុំឲ្យអត់ពូជស្រូវ … ឥឡូវខ្ញុំក៏កំពុងដាក់ចេញនិងណែនាំឲ្យរដ្ឋមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការពិភាក្សាជាមួយវិស័យឯកជន ក៏ដូចជាពិនិត្យទៅលើស្ថានភាពទាំងឡាយ។ យើងផលិតពូជស្រូវសម្រាប់ការលក់ចែកជូន ឬដូរជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋរបស់យើងអាចមានស្រូវពូជល្អប្រើប្រាស់ ឲ្យស្របម្ខាងគឺទទួលបានផល តែម្ខាងទៀតក៏មានទីផ្សារដែរ។ យើងប្រើប្រាស់ពូជល្អ យើងក៏នឹងទទួលបាននូវផលល្អ ហើយយើងប្រើប្រាស់ពូជល្អ មានទីផ្សារទៀត វាកាន់តែចំណេញសម្រាប់ប្រជាពលរដ្ឋយើង។
ខ្ញុំអរគុណណាស់ជាមួយនឹងការខិតខំទាំងអស់ ដែលអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធបានជួយដល់ប្រជាពលរដ្ឋរបស់យើង។ ប្រជាពលរដ្ឋរបស់យើងអាចដឹងបានអំពីការនៅកៀកកិតរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនជាមួយនឹងប្រជាជន ទាំងនៅពេលលំបាកទាំងនៅពេលងាយស្រួល។ បានសេចក្តីថា គណបក្សប្រជាជនបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។ យើងមិនបានរួមតែសុខនោះទេ។ អ្វីដែលសំខាន់គឺយើងរួមទុក្ខ។ ពេលណាដែលមានបញ្ហា ពេលនោះគេបានឃើញមុខរបស់មន្ត្រីគណបក្សប្រជាជន ហើយក៏បានឃើញមុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ យើងបានរួមដំណើរជាមួយគ្នាអស់រយៈពេលជាង ៤៣ ឆ្នាំជិត ៤៤ ឆ្នាំរួចមកហើយ។ ពេលដែលយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនយើងអាចកត់ចំណាំបាននូវឥរិយាបថដោយមានការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល។ យើងមិនឲ្យមន្រ្តីរបស់យើងចាកចេញទៅណាឆ្ងាយ នៅក្នុងពេលវេលាដែលប្រជាជនកំពុងជួបការលំបាកនោះទេ។
ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានចូលរួមបន្ថែមទៅលើ(លទ្ធភាពរបស់)រាជរដ្ឋាភិបាល ក្នុងហ្នឹង មកកាន់ទីនេះមានអង្ករបន្ថែមទៀតគឺ ៣០០ តោន, ដោយ ២០០ តោនចេញពីឧកញ៉ា ទ្រី ភាព និង ១០០ តោន ចេញពីក្រុមហ៊ុនជីបម៉ុងរបស់ឧកញ៉ា លាង ឃុន។ ឯចំនួនថវិកា ១៥ ម៉ឺនដុល្លារ បានពីសម្តេចសង្ឃជួយ។ សម្តេចសង្ឃបានជាង ១០ ម៉ឺនថ្ងៃនេះ … យើងបានច្រើនជាងគេបន្តិច ព្រោះដោយសារយើងក៏ធ្ងន់ជាងគេដែរ។ (ការរួមចំណែកនេះ)មិនមែនបានសេចក្តីថារដ្ឋាភិបាលក្ស័យធនទេ តែជាការរួមចំណែក ឬជាសិល្បៈឬវប្បធម៌នៃការចែករំលែករបស់ប្រជាពលរដ្ឋយើង ពីអ្នកមានជួយមកដល់អ្នកក្រតាមរយៈរាជរដ្ឋាភិបាលក្តីតាមរយៈការចុះជួយមកផ្ទាល់ក្តី។ ខ្ញុំព្រះករុណាខ្ញុំ អរគុណចំពោះ សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចូលរួមវិភាគទានជួយដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ។
ឆ្នាំនេះការរងគ្រោះ(ដោយទឹកជំនន់) ហាក់ដូចជាមានទំហំធំជាងឆ្នាំ ២០០០ ទៅទៀត។ ដើមឡើយ យើងគិតថាគឺមានត្រឹមតែខេត្តកំពង់ធំទេដែលធ្ងន់ជាងគេ។ ប៉ុន្តែដល់ទៅវិលចុះវិលឡើង តាំងពីបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, ប៉ៃលិន ជួបគ្រោះជំនន់ធ្ងន់ទាំងអស់ ហើយលាតសន្ធឹងច្រើនខេត្តរហូតដល់ ២០ ខេត្ត/រាជធានីឯណោះ។ ដោយមានការទទួលខុសត្រូវរបស់អាជ្ញាធរ និងការទទួលខុសត្រូវផ្ទាល់របស់ប្រជាពលរដ្ឋរបស់យើងបានធ្វើឲ្យសភាពការណ៍នេះបានល្អប្រសើរ។ ទោះបីថាយប់មិញនេះ ខ្ញុំភ្ញាក់ម៉ោង ៥ ភ្លឺដើម្បីធានាថា មកជួបបងប្អូននៅទីនេះឲ្យបានស្រូតបន្តិចក៏ដោយ ក៏ក្នុងដំណើរមកនេះ វាជ្រុលដំណេកប្រហែលជា ១០ នាទីទៀត។ ចង់ថ្លង់យន្តហោះអីមិនដឹងទេ។ ប៉ុន្តែ មុននឹងលក់ក៏បានឃើញតាមស្ថានភាពមួយចំនួន។ មុនពេលដែលចុះយន្តហោះចុះ ឃើញថាយើងនៅមានទឹកនៅឡើយទេ។
(២) ទឹកស្រកយឺតប្រជាពលរដ្ឋអាចប្រើប្រាស់ពូជធ្វើស្រែប្រាំងដើមរដូវបាន, ប្រជាពលរដ្ឋមានភ័ព្វសំណាង ដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរ, “មិនទុកឱ្យប្រជាជនណាម្នាក់អត់បាយស្លាប់ ដែលមិនបានដឹង និងមិនបានដោះស្រាយ”, កាលណាមានទឹកនៅព្រះវិហារ (ទឹកនឹង)បែកវាលនៅកំពង់ធំ
គ្រប់ទីកន្លែងទាំងអស់ ទឹកឆ្នាំនេះដកយឺត។ បើទឹកដកយឺត ក៏វាផ្តល់ឱកាសសម្រាប់ការស្តារឡើងវិញរបស់ប្រជាពលរដ្ឋរបស់យើងផងដែរ។ សំខាន់អ្វីដែលយើងព្រួយ នៅពេលចែកពូជស្រូវទៅ គឺខ្លាចអត់ទឹកសម្រាប់ពេលដែលយើងសាបព្រោះ។ ប៉ុន្តែឆ្នាំនេះបែរជាស្ថានភាពល្អប្រសើរទៅវិញ។ នៅពេលដែលពូជស្រូវបានមកដល់មួយចំនួន និងឥឡូវពូជស្រូវបានមកបន្ថែមទៀត យើងចាត់ទុកថាធ្វើស្រូវប្រាំងដើមរដូវ។ ពិតមែនហើយក៏មានកន្លែងមួយចំនួនមិនអាចស្តារឡើងវិញបាន។ គ្រួសារប៉ះពាល់មានចំនួនច្រើន ក៏ប៉ុន្តែមានកន្លែងមួយចំនួន ដោយសារខ្វះប្រភពទឹក យើងមិនអាចផ្តល់ស្រូវពូជឲ្យគាត់បានទេ។ យើងអាចរកពូជផ្សេងឲ្យគាត់ ដើម្បីគាត់អាចនឹងទទួលផលនៅក្នុងការដែលត្រូវដាំដុះ នូវដំណាំរួមផ្សំដទៃទៀត តាមដែលអាចធ្វើទៅបាន។
ជំនួយឧបត្ថម្ភថ្ងៃនេះ គ្រាន់តែជាការចម្លងការលំបាកតែប៉ុណ្ណោះ។ អ្វីដែលសំខាន់ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ស្រូវពូជនេះដើម្បីស្តារឡើងវិញនូវជីវភាពគ្រួសារ។ ខ្ញុំគិតថា ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋរបស់យើងមានភ័ព្វសំណាង ដោយសារតែការយកចិត្តទុកដាក់របស់អាជ្ញាធរ បើប្រៀបធៀបជាមួយនឹងអ្វីដែលធ្លាប់កើតកាលពីអតីតកាល។ ខ្ញុំតែងជម្រាបមួយចំនួនទាក់ទិននឹងជីវិតអ្នកចំការវាសនាអ្នកស្រែ។ ស្ថានភាពទាំងអស់នោះគឺជាស្ថានភាពមិនធម្មតា។ ខ្ញុំបានឃើញទឹកភ្នែករបស់ឪពុករបស់ខ្ញុំនៅពេលដែលស្រូវរលួយអស់។ យើងគ្មានជម្រើសណាផ្សេងក្រៅពីទៅរកខ្ចីបុលគ្រួសារដទៃ ខ្ចីបុលចិនដើម្បីយកមក(ប្រើប្រាស់ជាទុន) បន្តនោះទេ។ (មានពេលខ្លះគឺ)រហូតទៅដល់យើងជំពាក់ពន្ធដីនៅពេលនោះ ដែលយើងមិនអាចនឹងមាន(លទ្ធភាពបង់បាន)។
(យើង)ខូចខាតពូជស្រូវ ពូជធាទាំងឡាយ កម្លាំងពលកម្ម។ កាលពេលនោះ ខ្ញុំនៅចាំបានថា ទៅធ្វើស្រែនៅ ទួលសំបួរ ដែលស្រុកខាងទួលសំបួរមានកេរ្តិពីជីដូនជីតា ជាស្រែលើជាង ១០ ហិកតា និងស្រែក្រោមគឺ ៥ ហិកតា ស្រែប្រាំង។ ស្រូវស្រែលើលិចអស់។ នៅពេលដែលឪពុកខ្ញុំមុជទៅក្នុងទឹក ខ្ញុំនៅអុំទូក។ ងើបឡើងមកវិញ គាត់ទាញស្រូវមកជាមួយការស្រែកទ្រហោយំតែម្តង។ ចំណុចនេះ (ធ្វើអោយ)ខ្ញុំយល់ណាស់នូវការលំបាករបស់កសិករដែលចាំបាច់ត្រូវមានអន្តរាគមន៍របស់រដ្ឋ។ នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី ខ្ញុំផ្តល់នូវការណែនាំដាច់ខាតថា ត្រូវតែមានពូជកុំឱ្យអត់ពូជ។ មានពេលមួយនោះ ឪពុកម្តាយខ្ញុំអត់មានពូជស្រូវទេ ត្រូវទៅរកខ្ចីបំណុលគេដើម្បីទិញពូជស្រូវបន្តសម្រាប់ឆ្នាំក្រោយ។ ខ្ចីគេហើយត្រូវសងការប្រាក់ … អ្នកខ្លះក៏អាចផ្តល់ឱ្យយើងដោយមិនមានសំណង មិនមានការទេ ដែលពីដើមគេថា ខ្ចីវស្សា ១ កន្ដាំង សងប្រាំង ១តៅ … ក្រុមគ្រួសាររបស់ខ្ញុំក៏អាចថាជាក្រុមគ្រួសារមានភ័ព្វសំណាង ដោយសារតែអ្នកជិតខាងបងប្អូននោះគាត់អាចចូលរួមចំណែកមួយចំនួនផងដែរ។
មកដល់នេះយើងត្រូវតែមានអន្តរាគមន៍ ដែលអន្តរាគមន៍នេះត្រូវធ្វើឡើងជាបន្តបន្ទាប់។ ខ្ញុំនៅចាំបានថា ចាប់ផ្តើមថ្ងៃដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីផ្លូវការ បន្ទាប់ពីធ្វើនាយករដ្ឋមន្ត្រីស្តីទីអស់មួយរយៈ និងបន្ទាប់ពី(ប្រទេសបានជួបប្រទះនឹង)គ្រោះរាំងស្ងួតផងនិងជំនន់ផងនៅឆ្នាំ ១៩៨៤ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៨៥ សភាបានបោះឆ្នោតឱ្យខ្ញុំក្លាយទៅជានាយករដ្ឋមន្រ្តី។ ខ្ញុំបានថ្លែងចំពោះមុខសភាថា ទេវតាកំពុងសាកល្បងសមត្ថភាពរបស់ខ្ញុំហើយ។ តើខ្ញុំត្រូវដោះស្រាយបញ្ហាលំបាករបស់ប្រជាជនយ៉ាងដូចម្តេច? ខ្ញុំបានអំពាវនាវចំពោះសមាជិក/ជិកានៃរដ្ឋសភានៅជួយដល់ប្រជាជន។ បន្ទាប់ទៅខ្ញុំបាននិយាយថា “មិនត្រូវទុកឱ្យប្រជាជនណាម្នាក់អត់បាយស្លាប់ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយ”។ ទ្រឹស្តីនេះត្រូវបានបន្តរហូតមកដល់ពេលនេះ។
មិនមែនជាទ្រឹស្តីសម្រាប់ដំណាក់កាលតែមួយនោះទេ។ យើងបានជួបបញ្ហាប្រឈមទាក់ទងនឹងគ្រោះទឹកជំនន់នេះច្រើនលើកច្រើនសារហើយ។ នៅកំពង់ធំរបស់យើងនេះ យើងមានប៉ះពាល់កាលពីព្យុះ កេតសាណា នៅឆ្នាំ ២០១០, ហើយ ឆ្នាំ ២០១១ ក៏មានទឹកជំនន់(ធ្លាក់)មកពី(ភាគខាង)លើផង និងមកពីខាងទន្លេសាបផង។ ពេលនោះ ខ្ញុំបានមកស្រុកបារាយរណ៍។ អញ្ចឹងទេ សម្រាប់ខេត្តកំពង់ធំ ត្រូវតែមានត្រៀមរៀបចំសម្រាប់ជុំវិញស្ទឹងសែន។ តែកាលណាមានទឹកនៅព្រះវិហារ តែធ្លាក់មកពីព្រះវិហារ ច្បាស់ហើយអ្នកនៅហ្នឹង។ (ទឹកនឹង)បែកវាលនៅហ្នឹង។ រកវិធីយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹង។ ប៉ុន្តែយើងពិបាកណាស់នៅក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិ ដែលបង្កឡើងដោយធម្មជាតិនោះ កុំថាឡើយកម្ពុជាសូម្បីតែប្រទេសជឿនលឿនខ្លាំងៗក៏មិនអាចដោះស្រាយបានបញ្ហាដែរ … យើងខិតខំបញ្ចៀសកុំឱ្យប្រជាជនស្លាប់ តាមរយៈការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ការផ្តល់ស្បៀង ការផ្តល់ថ្នាំពេទ្យ និងអ្វីៗតាមដែលអាចធ្វើទៅបាន …។
(៣) ជឿជាក់លើការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតសភាថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០២៣, “ច្បាប់ថវិកាសំរាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ជាថវិកាដើម្បីមនុស្សនិងកំណើន”, បន្តផ្តល់ជំនួយសាច់ប្រាក់ជូនប្រជាពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ និងគ្រួសារមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយការលំបាកអំពីសង្គ្រាម/សេដ្ឋកិច្ចនៅក្រៅប្រទេស ទប់កុំឱ្យអ្នករស់នៅក្បែរបន្ទាត់ភាពក្រីក្ររអិលចុះ
ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពង់ធំយើង និយាយដោយឡែក និងនិយាយជារួមសម្រាប់ប្រជាជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងរយៈពេលនៃការបោះឆ្នោតឃុំ/សង្កាត់ កាលពីខែ មិថុនា កន្លងទៅ ដែលធ្វើឱ្យគណបក្សប្រជាជនឈ្នះ ភ្លូកទឹកភ្លូកដី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសង្ឃឹមថា ថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋរបស់យើងនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតទៅទៀតដើម្បីយើងរួមរស់នៅជាមួយប្រជាពលរដ្ឋ។ នោះហើយជាការលើកទឹកចិត្តដ៏ធំសម្រាប់ការបន្តសកម្មភាព។ ច្បាស់ណាស់ វាមានទៅមានមក។ ឧទាហរណ៍៖ ប្រសិនបើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបាត់បង់សំឡេង វាជារឿងមួយដែលនិយាយតាមមួយបែប (ហ្នឹងគេថាខ្ញុំឃោសនាបោះឆ្នោតក៏ថាទៅចុះ) និយាយឱ្យវាពិតទៅ “ខំចង់ងាប់ជាមួយប្រជាពលរដ្ឋ ដល់ទៅបោះឆ្នោត បោះឱ្យអ្នកដទៃ” … ពេលមានទុក្ខលំបាកឃើញមុខតែអាពួកហ្នឹងមកដោះស្រាយបញ្ហាឱ្យ ដល់ទៅបោះឆ្នោតបោះឆ្កុយឱ្យឯណាឯណោះដែលគេអត់បានជួយធ្វើអីសោះ ក្រៅពីជេរ … ប៉ុន្តែខ្ញុំជឿជាក់ទៅលើប្រជាពលរដ្ឋរបស់យើងអំពីការវិនិច្ឆ័យ។
ក្នុងនេះ តាមរបាយការណ៍មានជាង ៤ ម៉ឺនគ្រួសារដែលទទួលបណ្ណក្រីក្រ គឺ ៤ ម៉ឺន ៣ ពាន់ គ្រួសារ ដែលបានទទួលបណ្ណក្រីក្រ។ ម្សិលមិញនេះ គណៈរដ្ឋមន្ត្រីប្រជុំស្តីអំពីច្បាប់ថវិកា។ ច្បាប់ថវិកានៅពេលដែលឧទ្ទេសនាមចប់ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ខ្ញុំបានហៅវាថាជា “ថវិកាដើម្បីមនុស្សនិងកំណើន”។ ព្រោះអី? ដើម្បីមនុស្សគឺបានសេចក្តីថា នៅឆ្នាំ ២០២៣ ខាងមុខនេះ ប្រមូលផ្តុំដោះស្រាយទ្រទ្រង់ឱ្យជីវិតមនុស្ស ម៉្យាងបញ្ហា កូវីដ-១៩ តែម៉្យាងទៀតប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ដោយអតិផរណា។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាំងពីមន្ត្រីភូមិ តាំងពីអ្នកចូលនិវត្តន៍ សុទ្ធទទួលបានការឡើងបៀវត្សរ៍ទាំងអស់។
គោលដៅទី១ របស់យើង ចង់ដោះស្រាយបញ្ហាមនុស្ស។ អន្តរាគមន៍ជាច្រើនត្រូវបានប្រកាន់យក។ ឥឡូវនេះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពី កូវីដ-១៩ យើងកំពុងផ្តល់សាច់ប្រាក់ឱ្យប្រជាពលរដ្ឋ។ តើមានប្រទេសប៉ុន្មានដែលធ្វើរឿងនេះ។ យើងនឹងបន្តផ្តល់ជូនប្រជាពលរដ្ឋជាង ៤ម៉ឺនគ្រួសារនេះតទៅទៀត បន្ថែមទៅដោយជ្រើសរើសគ្រួសារមួយចំនួន ដែលរងផលប៉ះពាល់ដោយការលំបាកអំពីសង្គ្រាមនៅក្រៅប្រទេស ឬសេដ្ឋកិច្ចនៅក្រៅប្រទេសដែលកំពុងតែជ្រួលច្របល់ ដើម្បីយើងទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ភាពក្រីក្រមានការធ្លាក់ចុះ យើងធ្វើអន្តរាគមន៍តាមជ្រុងនេះ។
ជាមួយនោះ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលបានអនុវត្តយ៉ាងល្អចូលរួមប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ ពេលមុននេះខ្ញុំពិតជាព្រួយណាស់ … ខ្ញុំបានប្រើពាក្យថា “យើងកំពុងស្ថិតនៅក្បែរជ្រោះមរណៈហើយ អញ្ចឹងអំពាវនាវចំពោះប្រជាពលរដ្ឋចូលរួម”។ ខ្ញុំអរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលបានចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ ដែលត្រឹមតែរយៈពេលខ្លីមួយ យើងឆ្លងជាង ១៣ ម៉ឺននាក់ និងស្លាប់ជាង ៣ ពាន់នាក់។ ខ្ញុំបានចេញបញ្ជាឱ្យធ្វើភ្លាមៗ នូវក្តារមឈូស រួមនឹងបន្ថែមប៉ាឆាសម្រាប់ការបូជា និងរកដីសម្រាប់កប់សព។ ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋអនុវត្តវិធានការ ៣កុំ ៣ការពារ ជាមួយនឹងការទទួលយកវ៉ាក់សាំង ធ្វើឱ្យយើងបើកប្រទេសឡើងវិញ។ ឥឡូវ ទោះបីយើងមានការពាក់ម៉ាស់ក្នុងពេលដែលយើងជួបគ្នា ក៏វិធានការនេះត្រូវបន្តទៅទៀត។ ខ្ញុំសូមបញ្ជាក់ថាពេលនោះយើងចេញអន្តរាគមន៍ជាប្រាក់កាសច្រើនណាស់ ដើម្បីធានាថាប្រជាជនមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពេកពីជំងឺកូវីដ-១៩ នេះទេ។ យើងទប់ស្កាត់បាន។ ប៉ុន្មានថ្ងៃមុន មាន ៦ថ្ងៃអត់មាន កូវីដ-១៩ ប៉ុន្តែថ្ងៃនេះក៏មាន ម្សិលមិញក៏មាន។ ថ្ងៃនេះក៏មាន …។
បើយើងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ យើងនឹងទទួលបាននូវភាពស៊ាំ។ បើទោះបីឆ្លង ក៏មិននាំយើងទៅដល់ភាពធ្ងន់ធ្ងរដែរ។ ខ្ញុំនៅតែអង្វរកសុំប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំងតទៅទៀត។ បងប្អូនខ្លះទទួលបានវ៉ាក់សាំងតែដូសទី១ និង ទី២ ទេ។ នៅសល់មនុស្សប្រមាណជាង ៤លាននាក់ទៀត ដែលមិនទាន់បានទទួលដូសទី៣។ មិនមែនយើងខ្វះវ៉ាក់សាំងទេ។ ឥឡូវនេះវ៉ាក់សាំងមាននៅក្នុងឃ្លាំង ៨ លានដូស បូកបន្ថែមដោយមិត្តចិនដែលផ្តល់ឱ្យយើង ២០ លានដូស ទើបនឹងដឹកមកបាន ៥ លានដូសទេ។ នៅសល់ ១៥ លានដូសទៀត។ គឺអត់ទាន់ឱ្យដឹកចូលទេ។ សហរដ្ឋអាមេរិកផ្តល់ឱ្យយើង ៧ លាន ៥ សែនដូស។ ដឹកមកបាន ២លានដូស នៅសល់ ៥លាន ៥ សែន ដូសទៀត។ អត់ទាន់ឱ្យដឹកមកទេ។ បើដឹកមកចាក់មិនអស់គឺខូច។ យើងនៅសល់វ៉ាក់សាំង។ យើងអត់ខ្វះវ៉ាក់សាំងទេ។ រហូតយើងមានវ៉ាក់សាំងចែកជូនទៅប្រទេសជិតខាងរបស់យើង។ យើងបានជួយទៅមិត្តឡាវដែលរងគ្រោះ ហើយដែលគាត់ជួបប្រទះនូវការលំបាក។ ខ្ញុំអំពាវនាវឱ្យប្រជាជនចូលរួមក្នុងការប្រយុទ្ធនឹងកូវីដ-១៩ ជាបន្ត។ យើងមិនច្បាស់ទេថាអ្វីនឹងកើតឡើងបន្តទៅទៀត។
ជំងឺ អេបូឡា បានសម្លាប់មនុស្សមួយចំនួននៅអាហ្វ្រិក។ វិធានការដែលយើងត្រូវប្រកាន់យកនៅទីនេះ គឺមិនដឹងថាវាក្លែងភេទទៅជាអី។ ជួនកាលជំងឺនេះវាអាចមកដល់កម្ពុជាដែរ។ ដូចជានៅប្រទេស អ៊ូហ្កង់ដា វាបានសម្លាប់មួយចំនួនទៅហើយ។ អញ្ចឹងទេ យើងត្រូវប្រុងប្រយ័ត្នគ្រប់ទម្រង់នៃជំងឺឆ្លងទាំងឡាយ ដែលយើងត្រូវបន្តប្រយុទ្ធជាមួយវា។ ខ្ញុំអរគុណចំពោះប្រជាពលរដ្ឋដែលទទួលយកនូវវិធានការសុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានការដែលទាក់ទិនជាមួយការទទួលយកវ៉ាក់សាំង ហើយអំពាវនាវឱ្យប្រជាជនធ្វើរឿងនេះតទៅទៀត។ មានតែខ្លួនយើងទេដែលអាចការពារបាន។ កូវីដ-១៩ យើងមើលអត់ឃើញទេ។ អញ្ចឹងយើងមិនដឹងថាវានៅឯណា? ជួនកាលមកតោងនៅខ្លួនយើង ជួនកាលតោងទៅកូន ជួនកាលតោងទៅចៅ។ ចៅខ្ញុំ ២២នាក់ កើត កូវីដ-១៩ ជាងពាក់កណ្តាល។ កុំថាចៅនាយករដ្ឋមន្ត្រីមិនកើត។ តាំងពីចៅទី២១ ដែលវាឧស្សាហ៍ប្រលែងខ្ញុំ … ហ្នឹងក៏កើត កូវីដ-១៩ ដែរ។ ចុងក្រោយនេះ កូវីដ-១៩ ដើររកតែអ្នកធំនិងកូនក្មេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ពួកឧកញ៉ា។ កូវីដ-១៩ នេះ អត់រើសអើងទេ ឱ្យតែប្រហែសគឺវាចូលហើយ …។
(៤) របបរាជានិយមអាស្រ័យធម្មនុញ្ញ មិនប្រមាថព្រះមហាក្សត្រ, ដោយសារមានសន្តិភាពគ្រប់គ្រាន់ អាជ្ញាធរយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ, មានសន្តិភាពអាចធ្វើអ្វីបានគ្រប់យ៉ាង
ថ្ងៃនេះ ខ្ញុំក៏គួរតែយកការបញ្ជាក់ ដែលប៉ុន្មានថ្ងៃរួចមកហើយ រឿងនេះវាបានកើត នោះនៅត្រង់ថា ចោរក្បត់ជាតិគេបានប្រមាថព្រះមហាក្សត្រដ៏ធ្ងន់ធ្ងរ។ ខ្ញុំក៏បានអំពាវនាវនៅខេត្តកំពង់ឆ្នាំង ចំពោះគណៈបក្សភ្លើងទៀនអោយចេញមកបញ្ជាក់ថា តើការប្រមាថព្រះមហាក្សត្រខុសឬត្រូវ? ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកដែលមានចេតនាប្រមាថព្រះមហាក្សត្រ។ (អ្នកនោះ គឺ)សំដៅទៅអាមេក្បត់ជាតិ ៣ ជំនាន់ហ្នឹងឯង។ ពេលហ្នឹងមានអ្នកណាជាអ្នកប្រមាថព្រះមហាក្សត្រគឺមានតែអាមួយហ្នឹង។ ដូច្នេះ អាចថានៅក្នុងប្រទេសរបស់យើងត្រូវតែមានរបៀបរបបមួយឱ្យបានច្បាស់។ មិនអាចនៅក្នុងប្រទេសមួយដែលកំណត់ថាជារបបរាជានិយមអាស្រ័យធម្មនុញ្ញ ហើយបែរជាទៅការប្រមាថព្រះមហាក្សត្រនោះទេ។ ចំណុចនេះ ខ្ញុំគួរតែអរគុណនិងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់ ដែលយើងអាចនឹងនៅរួមរស់ជាមួយគ្នា។ បើមិនដូច្នោះទេប្រឈមនឹងបញ្ហា។ ខ្ញុំគិតថា ភាពឯកោរបស់អាមេក្បត់ជាតិនេះវានឹងបន្តទៅទៀត ដោយសូម្បីតែបក្សដែលវាបង្កើតក៏ថ្កោលទោសទៅលើវាដែរ។ អញ្ចឹងទេ អ្នកឯងប្រឹងស្រែកបន្តទៅទៀតចុះ។ សូមបញ្ជាក់ អ្នកណាក៏ដោយមិនអាចផ្សារភ្ជាប់ខ្លួនជាមួយអាចោរក្បត់ជាតិនេះបានទេ … សម្រាប់ការត្រិះរិះពិចារណា សម្រាប់អ្នកនយោបាយដទៃ ក្នុងការធ្វើសកម្មភាព។
ថ្ងៃនេះខ្ញុំគិតថាសំណាងដែរ ដែលខ្ញុំអង្គុយនៅទីនេះវាចាំងភ្នែក ដល់ខ្ញុំងើបឡើងឈរផុតក៏ស្រួលដែរ។ ដំបូងខ្ញុំគិតថាខ្ញុំចាំងភ្នែក។ ឥឡូវដល់ខ្ញុំឡើងឈរផុតទៅ ថ្ងៃរះកាន់តែខ្ពស់ ខ្ញុំក៏ឡើងខ្ពស់ ខ្ញុំមើលដល់ស្រូវពូជនៅខាងក្រោយ។ ច្បាស់ជាការដឹកជញ្ជូនទៅជួបការលំបាក ប៉ុន្តែសុទ្ធតែមានកម្លាំងជួយគាត់ដឹកតាមគោលដៅ។ ឡានភូមិភាគ ៤ មកជួយ ១៨គ្រឿង។ នៅជិតៗនេះមានគោយន្តរបស់គាត់។ ឥឡូវគិតថាទំនើបបន្តិចហើយ។ អម្បាញ់មិញមកតាមខាងនោះឃើញបងប្រុសនោះអស់នំប៉័ងមួយហើយ …
(សម្តេចនិយាយលេងពីនេះ/នោះជាមួយស្រ្តី ដែលមានប្តីជាយុទ្ធជន ពាកសក្តិ ១ នៅកងពលលេខ ៦ ក្នុងខេត្តឧត្តរមានជ័យ) …
បើចង់អោយប្រពន្ធអោយ(ប្រាក)ត្រឡប់មកវិញ វាទាល់តែវិធីមួយ។ មានប៉ុន្មានអោយប្រពន្ធទាំងអស់។ ដល់ពេល(ក្រោយមក ចាំ)សុំប្រពន្ធត្រឡប់មកវិញ។ បើកាលណាយើងលាក់គាត់ៗ អត់អោយមកវិញទេ។ យើងសុំ ២០ គាត់អោយត្រឹមតែ ១០។ ប៉ុន្តែបើយើងអោយទាំងអស់ដោយចិត្តស្មោះទៅប្រពន្ធអ្នកកាន់ គាត់នឹងអោយមកវិញហើយ។ បន្តិចទៀតនឹងឡើងប្រាក់ខែ។ អញ្ចឹងបានឃើញការលះបង់។ កម្លាំងប្រដាប់អាវុធរបស់យើងឈរជើងនៅឯណោះ ប្រពន្ធនៅគ្រោះថ្នាក់នៅទីនេះ។ អត់បានមកចូលរួមជួយទេ។ ហ្នឹងហើយជាការលះបង់នៃកងកម្លាំងប្រដាប់អាវុធ។ អញ្ចឹងបានជាអ្នកខ្លះស្ពាយអង្ករចែកជូនប្រជាពលរដ្ឋ ប៉ុន្តែមិនប្រាដកថាគ្រួសារអ្នកដែលលីអង្ករ ប្រពន្ធកូនរបស់ខ្លួនមានគ្រប់គ្រាន់ទេ។ នេះជាការលះបង់ដែលត្រូវឃើញ … ប៉ុន្តែទាហានក្នុងសម័យសន្តិភាព។ តែទោះទាហានក្នុងសម័យសន្តិភាព ទាហានគាត់ត្រូវនៅប្រចាំការនៅក្នុងបន្ទាយ ប្រចាំការនៅទីកន្លែងដែលខ្លួនត្រូវមានភារៈកិច្ច … សុំទោសនិយាយលេងបន្តិច ដើម្បីបានដឹងរឿងទាហាន។ គ្នាធ្វើពលីកម្ម។ ផ្ដាំទៅទាហានហ្នឹងផង នៅកងពលទី៦។ ប្រពន្ធនៅកំពង់ធំ។ មិនស្រួលគាត់ក៏កំពុងមើល(ការផ្សាយ)បន្តផ្ទាល់ …។
ថ្ងៃនេះខ្ញុំមិនទាន់ត្រឡប់ទេ។ ចេញពីហ្នឹងទៅខ្ញុំទៅជួបមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសិន។ រួចហើយសុំស៊ីបាយមួយពេល។ ស៊ីបាយមួយពេលហើយហោះទៅវិញតែម្ដង។ ខ្ញុំកំពុងគិតថាហោះទៅវិញវា ៤០ នាទី។ ខ្ញុំអាចដេកបានកន្លះម៉ោង។ តែឡើងទៅ(ដេក)លក់តែម្ដង។ រួចហើយល្ងាចនេះ អុំទូកនៅខេត្តកណ្ដាល។ ចៅហ្វាយខេត្តកណ្ដាលអញ្ជើញ។ គិតថាចង់ទៅអើតនឹងគេដែរ ប៉ុន្តែមិនទាន់ប្រាកដទេ។ ស្អែកក៏គេអុំ ប្រណាំងសុទ្ធតែទូកល្អៗផង ខ្លាំងៗផង អញ្ចឹងអាចទៅចូលរួមមើលគេអុំទូក ដោយសារប៉ុន្មានថ្ងៃខាងមុខអត់បានចាត់តាំងបុណ្យអុំទូកទេ។ តែកំពង់ធំត្រៀមអុំអាទិត្យក្រោយ។ ពីដើមទូកខ្លាំងៗទៅពីកំពង់ធំ។ (ទូកមួយ)ឈ្មោះស្អីទេដែលខ្ញុំយកទៅប្រណាំងជាមួយទូកសម្ដេច នរោត្តម រណឫទ្ធិ។ និយាយលេងបន្តិចទៅចុះ។ សម្ដេច នរោត្តម រណឫទ្ធិ ព្រះអង្គលោកសោយទីវង្គតបាត់ទៅហើយ។ សម្ដេចនរោត្តម រណឫទ្ធិ មានទូកមួយ (ដែល)ទូកនោះជាទូករបស់ខ្ញុំទេពីដើម ប៉ុន្តែយកទៅដាក់ឈ្មោះ កន្ទោងខៀវមានឫទ្ធិ។ ថ្ងៃទី ១ អត់ប្រាប់ថាទូកសម្ដេច នរោត្តម រណឫទ្ធិ ទេ។ ដល់ឃើញអុំលឿន ថ្ងៃទី២ (ថា)ទូកសម្ដេច នរោត្តម រណឫទ្ធិ។ អញ្ចឹងខ្ញុំអោយរកទូកដែលលឿនចុច ក្រូណូម៉ែត្រ មើលតែម្ដង។ ដល់អញ្ចឹង សម្ដេច នរោត្តម រណឫទ្ធិ កាន់កន្ទោងខៀវមានឫទ្ធិ ហើយខ្ញុំកាន់ទូកមួយភ្លេចឈ្មោះនៅខេត្តកំពង់ធំ។ មានអីជើងទី ១ អុំគ្រាន់តែវ៉ាពាក់កណ្ដាលទូក។ ជើងទី២ ប្រាប់អោយអុំអោយដាច់តែម្ដង។ ថ្ងៃក្រោយអោយសម្ដេច នរោត្តម រណឫទ្ធិ រាង។ ព្រោះអញ្ចេះ បើយើងកាន់ទូក ឈ្នះក៏ដោយចាញ់ក៏ដោយ យើងកាន់ពីដើមទីទៅ។ ឧទាហរណ៍ ជា ចាន់តូ កាន់ទូកណា ថោង ខុន កាន់ទូកណាកាន់ពីដើមទី កុំចាំដល់ឃើញថាឈ្នះបានថាទូករបស់ខ្លួន។ អញ្ចឹងទេមិនដឹងថា ស្រីម៉ៅក្រាំងយ៉ូវ របស់ខ្ញុំចេញមកអុំអត់។ ស្រីម៉ៅក្រាំងយ៉ូវជើងខ្លាំងដែរ។ អញ្ចឹងទេល្ងាចនេះលួចទៅ។ ដេកពីនេះទៅហើយ ព្រោះថ្ងៃនេះថ្ងៃសៅរ៍ ស្អែកថ្ងៃអាទិត្យ។ ប៉ុន្តែត្រូវធ្វើការ។ ខ្ញុំធ្វើការនៅនេះ។ ជួបជាមួយមន្ត្រីរាជការហើយ ខ្ញុំនៅបាយសិន។ បាយហ្នឹងក្នុងគោលដៅនិយាយកិច្ចការខ្លះបន្តទៀត ហើយដើម្បីអោយស្គាល់ម្ហូបអ្នកកំពង់ធំ។
ថ្ងៃនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋយើងមាន ៦ ៨៤៤ គ្រួសារ ខ្ញុំមិននិយាយរឿងបញ្ហាអាហារសម្រន់ ជាទឹកសុទ្ធ, ទឹកក្រូច,នំប៉័ងទេ។ ជូនសម្រាប់គ្រួសារទាំងអស់ក្នុងមួយគ្រួសារចំនួន ១០០គីឡូក្រាម ស្រូវពូជ, មី១ កេះធំដែលមាន ៦កេះតូច, ត្រីខ ចំនួន ១ កេះ ធំដែលមាន ១០០កំប៉ុង, អង្ករចំនួន ១ បាវ ទំងន់ ៥០គីឡូក្រាម និងថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់គ្រួសារទាំងអស់ស្មើៗគ្នា។ ហើយជូនសាលាក្រុងកំពង់ធំចំនួន ២លានរៀល និងក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ផងដែរ ហើយខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងប្រើប្រាស់ស្រូវពូជនេះដើម្បីស្ដារឡើងវិញនូវជីវភាពរបស់ប្រជាជន។
ឥឡូវនេះយើងបានឃើញហើយ។ ដោយសារមានសុខសន្តិភាព យើងរងគ្រោះក៏រងគ្រោះតែយើងមិនអស់សង្ឃឹមទេ ដោយសារយើងមានសន្តិភាពគ្រប់គ្រាន់ យើងមានអាជ្ញាធរដែលទទួល ដែលយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើទោះបីថាម្ខាងមានគ្រោះទឹកជំនន់ តែយើងក៏នៅតែមានលទ្ធភាពអុំទូក។ នៅភ្នំពេញ អុំអត់បានទេ ដោយសារឆ្នាំនេះត្រូវប្រជុំអាស៊ាន។ គ្រាន់តែមើលឃើញកម្មវិធីគឺថាចង់សន្លប់។ ហ្នឹងគ្រាន់តែកម្មវិធី ចុះនៅសុន្ទរកថា។ មិនដឹងប៉ុន្មានសុន្ទរកថា ហើយត្រូវដឹកនាំធ្វើប្រធានអង្គប្រជុំ។ សូមបញ្ជាក់ជូនដែរថា ម្សិលម៉្ងៃខ្ញុំបង្ហោះតាមហ្វេសប៊ុកថា បើគ្មានការប្រែប្រួលទេ ខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន នៅពេលខាងមុខ។ ឥឡូវបានការបញ្ជាក់ជាមួយគ្នាហើយ គឺនៅថ្ងៃទី ០១ ខែវិច្ចកា ខាងមុខនេះ ខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន ពិភាក្សាគ្នាតាមទូរស័ព្ទ។ គ្រាន់តែបញ្ហាពេលតែប៉ុណ្ណឹងទេ។ ខ្ញុំទុកអោយគាត់រើស ដោយសារតែយើងជាមួយអ៊ុយក្រែន គឺខុសគ្នារហូតដល់ ៤ ម៉ោង។ ខ្ញុំដាក់ ឬមួយម៉ោង ៤ល្ងាចឬមួយ៣ល្ងាច ព្រោះបើម៉ោង ៤ ល្ងាច ត្រូវម៉ោង ១២ ថ្ងៃត្រង់នៅឯណោះ បើម៉ោង ៣ ល្ងាច ត្រូវម៉ោង ១១ ថ្ងៃត្រង់នៅទីនោះ។
… ឆ្នាំនេះយើងជាប្រធានអាស៊ាន (ដោយហេតុនេះប្រធានាធិបតី)គាត់ក៏ចង់មានទំនាក់ទំនង។ គាត់ស្នើធ្វើអោយមានទំនាក់ទំនង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និង អេស៉្បាញ អាចមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍។ នេះគ្រាន់តែជាការបញ្ជាក់ជូនថា ម៉េចបានជាជួប(ប្រធានាធិបតី អ៊ុយក្រែនដែរ)។ អត់ទេត្រូវតែជួបព្រោះខ្ញុំក៏អញ្ជើញប្រធានាធិបតី ពូទីន របស់រុស្សីមកចូលរួមប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។ ឯប្រធានាធិបតី អ៊ុយក្រែន ក៏សុំមានការសន្ទនាជាមួយប្រធានអាស៊ានតាមរយៈទូរស័ព្ទ។ អញ្ចឹងទេពេលវេលារបស់ខ្ញុំចង្អៀត។
សំណាងដែរ (ថ្វីត្បិតតែ)ថ្ងៃសៅរ៍និងថ្ងៃអាទិត្យធ្វើការ តែល្ងាច(អាច)បានសម្រាក។ គេអុំទូកក្បែរផ្ទះ។ អញ្ចឹងអាចចេញមកមើល។ ហ្នឹងគឺជាការដោះស្រាយបញ្ហាសុខភាពផង។ ប៉ុន្តែជាង ១ខែហើយគឺអត់ទាន់បានសម្រាកទេ។ មួយជុំវិញទន្លេសាប ឥឡូវនេះបានមួយជុំហើយថ្ងៃនេះ។ គ្រាន់តែមិនបានធ្វើដំណើរតាមឡានតែប៉ុណ្ណឹងទេ។ ហ្នឹងក៏ជាការចំណេញ។ បើធ្វើដំណើរតាមឡានតទៅទៀត គឺយើងអត់មានឱកាស។ ពីមុនខ្ញុំប្រុងថាជួបព្រឹក ល្ងាចជួបមន្ត្រី ហើយត្រឡប់ទៅវិញតាមឡានក្នុងពេលយប់។ ប៉ុន្តែគិត(ម្តងទៀត)ថា ទេ ជួបរួចហើយចេញទៅដើម្បីធ្វើការជាមួយគ្នា។ ដោយសារតែអ្នកទាំងអស់គ្នាត្រឡប់ទៅវិញ អោយខ្ញុំទៅបន្ទប់រង់ចាំនៅបន្ទប់សិន។ អត់ទេខ្ញុំមានឡានរបស់ខ្ញុំ។ ខ្ញុំនៅចាំក្នុងឡាន។ ឡានរបស់ខ្ញុំមានកន្លែងដេក ហើយមានបន្ទប់ទឹកទៀត។ ខ្ញុំនៅក្នុងឡានរបស់ខ្ញុំចាំអស់លោកឡើងទៅ។ ចាំខ្ញុំចេញពីឡានទៅនិយាយគ្នាតែម្ដង …។
សូមបញ្ជាក់បន្តិច ថ្ងៃនេះ គឺមានជនពិការមកចូលរួមចំនួន ១៩នាក់ ជនពិការម្នាក់ទទួលបាន ១លានរៀល បន្ថែមទៀតផងដែរ។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងមិនច្រណែនជាមួយនឹងការផ្ដល់ថវិកា ១លានរៀល សម្រាប់បងប្អូនជនពិការទេ … សម្រាប់ការងារបន្ត អោយមន្ត្រីក្រុមការងារបស់យើងចុះទៅ ដើរដាក់ទៅខ្លះ ១០គីឡូក្រាម ខ្លះ១៥គីឡូក្រាម ខ្លះ២០គីឡូក្រាម ដល់អ្នកណាខ្វះស្បៀងយើងផ្ដល់ជូនគាត់ទៅ ដើម្បីដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋរបស់យើង។ អោយតែមានសន្តិភាពយើងអាចធ្វើអ្វីបានគ្រប់យ៉ាង។ ធ្វើម៉េចកុំអោយប្រទេសនេះរអិលធ្លាក់ចូលទៅក្នុងសង្គ្រាមវិញ។ សង្គ្រាមនេះបំផ្លិចបំផ្លាញធ្ងន់ណាស់។ ខ្លួនខ្ញុំត្រូវរបួសរហូតដល់ ៥ លើក ចុងក្រោយពិការភ្នែកម្ខាង។ ប្ដីទាហានរបស់ក្មួយគឺមិនទាន់បញ្ហាទេ ព្រោះប្រហែលជាចូលទាហានក្រោយប្រទេសមានសន្តិភាពទេ។ បំពេញអោយកងពលធំទី ២ គឺទៅពីកំពង់ធំទៅ។ ដូច្នេះប្រហែលជាក្រោយប្រទេសមានសន្តិភាព វាអត់មានអីទេ។ មានសង្គ្រាមម្ដងដែលនៅប្រាសាទតាមាន់ប្រាសាទតាក្របី។ ប៉ុន្តែពេលហ្នឹងកងពលទី២ អត់ទៅទេ។ យើងប្រើតែកងពល ៤២ នៅទិសនោះ ដែលវាយផ្ទាល់នៅទល់ដែន។ កងពលធំលេខ ២ អត់ចូលទេ។ កងពលធំទី៣ ប៉ះនៅព្រះវិហារ។ អញ្ចឹងកងពលទី២ បើតាមខ្ញុំចាំអត់មានទៅទេ គ្រាន់តែអន្តរាគមន៍ត្រៀមពីក្រោយ។ អ្នកដែលនៅខ្សែត្រៀមគឺ ៤១ និង ៤២។ ៤២ របស់ ប៉ែន វើយ ប្រឈមមុខធំតែម្ដង។ ថ្ងៃមុនមើលរូប ប៉ែន វើយ ដល់ពួកហ្នឹងថា ណាក់ វង្ស។ ប៉ុន្តែខ្ញុំស្គាល់ ប៉ែន វើយ និង ណាក់ វង្ស ច្បាស់ណាស់។ ដល់ហៅមក មុខ ប៉ែន វើយ មែន …។
សូមអរគុណចំពោះប្រជាពលរដ្ឋដែលអញ្ជើញចូលរួម អរគុណសម្រាប់ការបោះឆ្នោតអោយគណបក្សប្រជាជនហើយសង្ឃឹមថានឹងបោះឆ្នោតអោយជាបន្តទៀត អរគុណចំពោះបណ្ដាបក្សនយោបាយទាំងអស់ដែលបានចេញមុខមកថ្កោលទោសមេក្បត់ជាតិដែលប្រមាថព្រះជេស្ដាព្រះមហាក្សត្រ។ ចុងក្រោយបង្អស់សូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕