CDC អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនវិនិយោគសរុប២១១គម្រោង
FN ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។ តួលេខនៃការវិនិយោគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែសីហានេះ។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់ទិន្នន័យយ៉ាងដូច្នេះថា «គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសចំនួន១៤៥គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ២.៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក»។ កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO),…