(១) ក្នុងកាលទេសៈលំបាក មន្ត្រីគណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយ, យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ អត់ភ្លេចយើងទេ, រាជរដ្ឋាភិបាលបញ្ចេញគ្រាប់ពូជប្រមាណ ៧ ០០០ តោន រួចហើយ, កន្លែងមានប្រភពទឹកប្រើពូជស្រូវដាំដុះឡើងវិញ កន្លែងគ្មានប្រភពទឹកធ្វើដំណាំរួមផ្សំ
ថ្ងៃនេះ យើងជួបជុំគ្នាយើងក៏បានដឹងថាបងប្អូនទាំងអស់បានមកជួបជុំគ្នា ហើយធ្វើដំណើរតាំងពីយប់។ មុននឹងខ្ញុំចូលថ្លែងទៅកាន់បងប្អូនបន្តទៀត អនុញ្ញាតអោយខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតាជាតិខ្មែរជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ ហើយព្រះអង្គក៏តែងតែមានកង្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គជួយសង្គ្រោះប្រជាពលរដ្ឋ។ ថ្ងៃនេះការជួបជុំនេះ គឺមានចំនួនមិនជាច្រើនទេ បើប្រៀបធៀបជាមួយប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែការជួបនេះគឺសំដៅទៅលើអ្នកដែលត្រូវការពូជដើម្បីយកទៅស្ដារឡើងវិញ។
ខ្ញុំបានធ្វើដំណើរជិតមួយជុំទន្លេសាប។ អាចថាថ្ងៃនេះជាថ្ងៃចុងក្រោយ(នៃដំណើរ)លើកទី១ របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅជំពាក់ខេត្តកំពង់ធំមួយទៀត ដែលខ្ញុំមិនទាន់បានទៅ។ ខ្ញុំមានភារកិច្ចចូលទីក្រុងភ្នំពេញដើម្បីដោះស្រាយការងារមួយចំនួន ក្នុងហ្នឹងមានច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ បន្ទាប់ទៅខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ហើយនិងមានខេត្តដែលនៅក្រៅពីទន្លេសាប ដូចជាខេត្តព្រៃវែងដែលទទួលរងផលប៉ះពាល់។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តនិងមូលដ្ឋាននានា ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលបានខិតខំជួយដល់ប្រជាពលរដ្ឋនៅទីនេះ។ ក្នុងកាលទេសៈដែលមានការលំបាក យើងតែមានមន្ត្រីរបស់គណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយបញ្ហា។ ខ្ញុំសូមអរគុណចំពោះសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដែលបានចែករំលែកនឹងធ្វើសកម្មភាពទាន់ពេលដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនៅពេលនេះ។
ខ្ញុំក៏សូមយកឱកាសនេះ អរគុណនិងកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើង ដែលខិតខំរើបម្រះចេញពីវិបត្តិនៃគ្រោះទឹកជំនន់ និយាយដោយឡែក និងវិបត្តិនៃជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដែលបានកើតរហូតមកដល់ពេលនេះ សល់តែប៉ុន្មានខែទៀតទេគឺគម្រប់ ៣ ឆ្នាំ។ ដោយសារការខិតខំរបស់បងប្អូនទាំងអស់ទូទាំងប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កូវីដ-១៩ ត្រូវគ្រប់គ្រងបាន។ ខ្ញុំក៏គួរតែបញ្ជាក់ជូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចនៅទូទាំងប្រទេសថា ថ្ងៃនេះយើងពុំមានការឆ្លងនៃជំងឺកូវីដ-១៩ សូម្បីតែមួយករណី។ ដូច្នេះ ៦ ថ្ងៃរួចមកហើយដែលយើងគ្មានការឆ្លងកូវីដ-១៩។ មុននោះយើងមាន ៥២ ថ្ងៃ ដែលមិនមានឆ្លងសូម្បីមួយករណី។ ឥឡូវនេះយើងមានរយៈពេល ៦ ថ្ងៃ ហើយ។ សង្ឃឹមថារឿងបែបនេះវាអាចកើតឡើងជាបន្តបន្ទាប់ទៀត។ ឥឡូវនេះ យើងត្រួតត្រាបានជំងឺនេះ។ ការ(ដែលយើង)ត្រួតត្រាបានជំងឺកូវីដ–១៩ នេះ មិនសំដៅតែលើការដឹកនាំរបស់រាជរដ្ឋាភិបាលការដឹកនាំរបស់ខ្ញុំនោះទេ។ អ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការទទួលយកនូវវិធានាការដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជា វិធានការ ៣ ការពារ និង ៣កុំ។ នៅទីនេះបងប្អូនមានការពាក់ម៉ាស។ នោះហើយគឺជាវិធានការសុខាភិបាលដែលយើងបន្តដំណើរការនេះតាមរបៀបថ្មី។ ដោយសារតែជំងឺកូវីដ-១៩ វាមិនទាន់ឆ្លងផុត បន្ថែមលើនោះបងប្អូនបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ ខ្លះក៏បាន ២ដូស, ៣ដូស ,៤ដូស,៥ដូស។ វ៉ាក់សាំងមិនខ្វះទេ។ បញ្ហាសំខាន់សូមបងប្អូននៅទីនេះ បើសិនជាបងប្អូនណាទើបនឹងទទួលបាន ២ ដូស សូមអញ្ជើញទៅយកដូសទី ៣ ព្រោះត្រឹម ២ដូសវាមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានដូសជម្រុញបន្ថែម។
ខ្ញុំសូមស្នើបងប្អូននៅទៅនេះ ដែលមិនទាន់បានទទួលដូសទី៣ ទៅទទួលយកដូសទី៣ ហើយក៏សូមជួយប្រាប់តៗគ្នាទៅ។ វ៉ាក់សាំងមិនសម្លាប់យើងទេ ប៉ុន្តែដោយសារវ៉ាក់សាំងនោះហើយ ដែលយើងទាំងអស់គ្នាអាចអង្គុយនៅទីនេះបានដោយសារវាមិនឆ្លង។ បើសិនជាវាឆ្លងក៏មិននាំទៅដល់ភាពធ្ងន់ធ្ងរសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង រហូតឈានទៅដល់ការស្លាប់នោះដែរ។ ជិត ៧ ខែ ហើយដែលប្រទេសកម្ពុជាគ្មានអ្នកស្លាប់ដោយសារកូវីដ–១៩។ នេះគឺជាជោគជ័យធំណាស់។ ប៉ុន្តែក៏សូមផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋ យើងអាចភ្លេចកូវីដ–១៩ ក៏ប៉ុន្តែកូវីដ–១៩ វាអត់ភ្លេចយើងទេ វាអត់ទៅណាឆ្ងាយទេ។ យើងប្រហែសតែបន្តិចយើងកើត កូវីដ-១៩។ ប្រសិនបើយើងយកវ៉ាក់សាំងមិនគ្រប់វានឹងនាំទៅដល់សភាពធ្ងន់ធ្ងរ។ ដូច្នេះសូមប្រជាពលរដ្ឋរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជាបន្តទៀត។
ឥឡូវងាកមកគ្រោះធម្មជាតិទឹកជំនន់។ នេះគេហៅថា ក្រហើយកូនឈឺទៀត។ រឿងយ៉ាងដូច្នេះ។ កូវីដ-១៩ កំពុងវាយលុកធ្វើអោយយើងលំបាកណាស់ទៅហើយ ប៉ុន្តែបន្ថែមលើនោះគ្រោះធម្មជាតិបានលាតសន្ធឹងរហូតទៅដល់ ២០ ខេត្ត ឯណោះ។ គ្រាន់តែខេត្តខ្លះតិច ខេត្តខ្លះច្រើន ខេត្តខ្លះធ្ងន់ ខេត្តខ្លះស្រាល។ ក៏ដូចគ្នាដែរក្រុមគ្រួសារខ្លះក៏ប៉ះពាល់ខ្លាំង ក្រុមគ្រួសារខ្លះក៏ប៉ះពាល់តិច។ តំបន់ខ្លះនៅក្នុងខេត្តជាមួយគ្នា ឬស្រុកជាមួយគ្នា ប៉ះពាល់តិច ឬប៉ះពាល់ច្រើន។ ដូចជានៅខេត្តកំពង់ឆ្នាំង ចំនួនប្រជាពលរដ្ឋប៉ះពាល់ច្រើន ក៏ប៉ុន្តែអ្នកដែលខូចខាត ដែលត្រូវការស្រូវពូជ គឺមានចំនួនក៏មិនច្រើនពេកនោះទេ។ គ្រួសារខ្លះទៀតមិនអាចធ្វើស្រែបាន ប៉ុន្តែខូចខាតដំណាំយើងក៏កំពុងតែខិតខំដោះស្រាយនៅពូជដំណាំសម្រាប់ការស្ដារឡើងវិញនូវជីវភាពប្រជាជន។
ថ្ងៃនេះ ពិតមែនតែបងប្អូនទទួលយកជំនួយមានទាំងអង្ករ មី … ប៉ុន្តែនោះគ្រាន់តែ(ជាការសម្រាលបន្ទុក)បណ្តោះអាសន្នទេ។ អ្វីជាមូលដ្ឋានធំ គឺបងប្អូនប្រើប្រាស់ស្រូវពូជដើម្បីកសាងឡើងវិញនូវជីវភាព … ជំនួយដោះស្រាយបានត្រឹមតែមួយពេលខ្លីតែប៉ុណ្ណោះ … ពេលប្រើប្រាស់ជំនួយអស់ ហើយបើគ្មានការផ្ដល់នូវពូជសម្រាប់ស្ដារឡើងវិញទេវាក៏មានការលំបាក។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជប្រមាណជា ៧ ០០០ តោន រួចមមកហើយដើម្បីចែកជូនប្រជាពលរដ្ឋយើងតាមបណ្ដាខេត្ត ដើម្បីអោយពួកគាត់មានលទ្ធភាពស្ដារឡើងវិញដែលអាចចាត់ទុកថា នេះជាការធ្វើស្រូវប្រាំង ឬស្រូវប្រដេញទឹក។
បើអ្នកនៅតាមមាត់ទន្លេយើង ដូចនៅទន្លេសាបនេះ ដូចជាស្រូវប្រដេញទឹកអញ្ចឹងឬក៏ការធ្វើស្រូវប្រាំងដើមរដូវដូចគ្នា … ស្ថានភាពទឹកឆ្នាំនេះមិនដកលឿនពេកទេ។ ព្រឹកមិញនេះ គឺនៅទីក្រុងភ្នំពេញទឹកស្រកមកនៅក្រោម ៨ ម៉ែត្រ បានសេចក្តីថា នៅសល់ ៧,៩៩ ម៉ែត្រទៀត។ អញ្ចឹងទឹកឆ្នាំនេះដកក្នុងកម្រិតយឺតៗ ដែលប្រជាពលរដ្ឋយើង ដែលនៅតាមទីកន្លែងនានា អាចនឹងមានឱកាស … ប្រើប្រាស់ពូជស្រូវនេះសម្រាប់ការស្តារឡើងវិញទាន់ពេលវេលា។ សង្ឃឹមថា កន្លែងដែលមានប្រភពទឹកនឹងទទួលបានផលល្អ និងកន្លែងដែលគ្មានប្រភពទឹក យើងនឹងប្រើប្រាស់នូវពូជដំណាំដទៃទៀតជូនប្រជាពលរដ្ឋរបស់យើង ដើម្បីធ្វើដំណាំរួមផ្សំ។
(២) គណបក្សប្រជាជនមានមុខរាល់ពេលប្រជាជនមានការលំបាក, គណបក្សប្រជាជនរួមសុខរួមទុក្ខ, រៀបចំសំរួលការរស់នៅក្នុងតំបន់ពីរ តំបន់បីនៃតំបន់បឹងទន្លេសាប អោយហើយមុនចូលឆ្នាំខ្មែរ(មេសា២០២៣), អនុក្រឹត្យនៅឆ្នាំ ២០១២ រៀបចំតែតំបន់បី តំបន់ពីរ និងតំបន់មួយ … រកឃើញវិធីសាស្ត្រឱ្យប្រជាពលរដ្ឋអាចរស់នៅបានផងនិងថែទាំបឹងទន្លេសាបបានផង, យកមកវិញដីដែលអ្នកមានអំណាចឬអ្នកខិលខូចទន្រ្ទាន មិនមែនជាភូមិករចាស់ ហើយដាំកូនឈើឲ្យទៅជាព្រៃលិចទឹកសម្រាប់ប្រជាពលរដ្ឋ, សូមប្រជាពលរដ្ឋកំពង់ឆ្នាំង បន្តបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣
ការគិតគូរបស់យើងក៏ស្ថិតនៅក្នុងកម្រិតយុទ្ធសាស្ត្រ។ គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល មិនដែលមើលរំលងម្តងណាទេ។ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះការលំបាក ច្បាស់ណាស់ គឺឃើញមុខគណបក្សប្រជាជន។ មិនមែនឃើញមុខសមាជិកគណបក្សប្រជាជន តែពេលមានឃោសនាបោះឆ្នោតនោះទេ។ ចំណុចនេះ បងប្អូនអាចដឹងបានហើយ។ យើងរស់នៅជាមួយគ្នារយៈពេល ៤៣ ឆ្នាំរួចមកហើយ ជិត ៤៤ឆ្នាំ។ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់។ ក៏ប៉ុន្តែ ពូ អ៊ំ មា មីង មួយចំនួនច្បាស់ជានៅចាំបានថា ឱ្យតែមានបញ្ហាអីកើតឡើង គឺតែងតែឃើញមុខមេដឹកនាំគណបក្សប្រជាជនមក។ អ្នកដទៃអាហ្នឹងជារឿងរបស់គេ។ រដូវបោះឆ្នោតមកដល់ អាហ្នឹងគឺមកដល់ហើយរកសន្លឹកឆ្នោត។ មកដល់អត់មានអីទេ រកសន្លឹកឆ្នោតដោយវិធីជេរអ្នកចែកអំណោយឱ្យប្រជាជន អ្នកដែលនៅថែទាំប្រជាជនពិតប្រាកដ។
រឿងហ្នឹងក៏ជារឿងមួយដែលសុំឱ្យបងប្អូនយើងពិចារណាផងដែរ រវាងកូនដែលនៅជាមួយនិងកូនដែលនៅពីចម្ងាយ។ កូននៅជាមួយហ្នឹងនិយាយពីបម្រើម្តាយក្មេក បម្រើម្តាយបង្កើត អីជាដើម គឺថាបម្រើ ឪពុក/ម្តាយ ហ្នឹងរាល់ថ្ងៃ។ ប៉ុន្តែកូនហ្នឹងមិនសូវទទួលបាននូវការវាយតម្លៃខ្ពស់ពីឪពុក/ម្តាយទេ។ កូននៅឆ្ងាយហ្នឹង ១ឆ្នាំ វាមកសួរសុខទុក្ខម្តង រួចហើយវាមកវាបានសាច់ជ្រូក ១គីឡូ វាបាននំបុ័ង២ យកមក។ បានប៉ុណ្ណឹង ចាប់ផ្តើមបន្ទោសថា កូននៅជាមួយនេះវាអត់ដែលរកអីឱ្យអញស៊ី។ ការពិតគ្នាធ្វើម៉េចឱ្យម្តាយឪពុកទទួលទានបានល្អ ទទួលទានរាល់ថ្ងៃ ថែទាំរាល់ថ្ងៃ ការពាររាល់ថ្ងៃ។ គាត់មើលអត់ឃើញទេ។ កូនមួយទៀតវានៅឆ្ងាយ ១ឆ្នាំមកម្តង បានសាច់ជ្រូក ១គីឡូ នំបុ័ង ២ ចាត់ទុកអាហ្នឹងមានគុណ។ អ្នកបម្រើរាល់ថ្ងៃគឺអត់។ ស្ថានភាពនេះ គឺវាដូចគ្នាណាស់។
៥ ឆ្នាំម្តង អ្នកដែលនៅថែទាំប្រជាពលរដ្ឋគឺអត់បានការ ដល់អ្នកយូរៗមកបង្ហាញមុខម្តង “បោះឱ្យខ្ញុំទៅ កាលណាខ្ញុំឈ្នះ ខ្ញុំនឹងជូននេះជូននោះ”។ អ្នកជិះកង់វាទៅសន្យាឱ្យម៉ូតូ។ អ្នកជិះម៉ូតូវាសន្យាឱ្យឡាន។ អ្នកនៅផ្ទះស្បូវសន្យាឱ្យផ្ទះក្បឿង។ ឥឡូវផ្តាំទៅ ឱ្យតែវាមានផ្ទះក្បឿងនៅខ្លួនឯងទៅបានហើយ កុំចាំបាច់(មកសន្យាអោយអ្នកដទៃ)។ កន្លែងខ្លះប្រជាពលរដ្ឋថាឱ្យ។ ហ្អែងជិះកង់មក មកឃោសនាជាមួយអញឱ្យម៉ូតូ ដូចជាវាមិនសម។ កន្លែងខ្លះគាត់ថាអញស្គាល់ហ្អែងច្បាស់ណាស់ អញស្គាល់តាំងពីឪ តាំងពីជីតាហ្អែង ពួកហ្អែងនៅផ្ទះស្បូវតើ ហើយហ្អែងមកសន្យាឱ្យផ្ទះក្បឿង។ អញ្ចឹងហ្អែងរកតែផ្ទះក្បឿងនៅខ្លួនឯងទៅបានហើយ …។
ប៉ុន្តែ ហ្នឹងជាវិធីឃោសនារបស់គេទេ។ អ្វីដែលជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន សុខក៏នៅជាមួយ ទុក្ខក៏នៅជាមួយ។ ពាក្យខ្មែរថា រួមសុខរួមទុក្ខ។ នេះជាចំណុចពិសេសនៃមន្ត្រីគណបក្សប្រជាជន។ អ្នកណាក៏ដោយឱ្យតែពេលរងគ្រោះ ហើយដើរចេញឆ្ងាយ ហើយមិនយកចិត្តទុកដាក់ អ្នកនោះមិនត្រូវបានទទួលការលើកទឹកចិត្តនិងតែងតាំងមុខតំណែងណាទេ។ នេះជាក្របខ័ណ្ឌដែលគណបក្សប្រជាជនដាក់ជូនឱ្យមន្ត្រីដើម្បីធ្វើការ។ ជាក់ស្តែងដូចជានៅខេត្តកំពង់ឆ្នាំងនេះ សូម្បីតែសម្តេចចៅហ្វាវាំង គង់ សំអុល ដែលគាត់ជរាណាស់ទៅហើយ បើទោះបីគាត់មកមិនបាន ក៏គាត់ផ្ញើអ្វីដែលអាចជួយប្រជាពលរដ្ឋបាន។
… ដោយសារតែខ្ញុំដើរជិត(នឹងមួយជុំទន្លេសាប) នៅសល់តែខេត្តកំពង់ធំ (ដែល)ថ្ងៃ ២៩ (តុលា ២០២២) បានខ្ញុំទៅ ខ្ញុំអាចនឹងជម្រាបជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាំងពីបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ឱ្យបានជ្រាបថា នៅក្នុងដំណើរដែលជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំគ្រប់ខេត្តទាំងអស់ ខ្ញុំ(ដាស់តឿន)ឱ្យយកចិត្តទុកដាក់លើការខុសត្រូវនិងរៀបចំប្រជាជនដែលនៅក្នុងតំបន់ទន្លេសាប ដែលនេះសូម្បីម្សិលមិញនេះ ខ្ញុំហៅមេឃុំពាមឆ្កោកឱ្យគាត់មកនិយាយ(អោយស្តាប់)។ ខ្ញុំធ្លាប់ទៅពាមឆ្កោក។ ហៅឱ្យគាត់មកនិយាយ ដើម្បីយើងអាចដឹងបានបន្ថែមទៀត។ ប្រជាជនខ្លះរស់នៅក្នុងតំបន់ទន្លេសាបយើងនេះ មិនមែនមួយជំនាន់នោះទេ ច្រើនជំនាន់ហើយ ចូលដល់រយឆ្នាំឯនោះ។ តាំងពីយើងមិនទាន់កើត។ អញ្ចឹង ជីដូន ជីតា ជីលួត ជីលា កើតនៅកន្លែងហ្នឹង។
អញ្ចឹងទេ ទោះបីជារស់នៅតំបន់ពីរ តំបន់បីក៏ដោយ យើងអាចសម្រួលឱ្យប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹង ហើយបន្ថែមទៅដោយការគិតគូ តំបន់បីខ្លះកាត់ចេញមកជាតំបន់ពីរ តំបន់ពីរខ្លះកាត់ចេញមកជាតំបន់មួយ។ ខ្ញុំបានធ្វើការណែនាំហើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងធ្វើកិច្ចការងារនេះជាមួយបណ្តាខេត្តនិងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េចធ្វើឱ្យហើយសម្រាប់ខ្ញុំ(នឹងចុះពិនិត្យ)មុនចូលឆ្នាំខ្មែរ។ អញ្ចឹងនៅសល់ប៉ុន្មានខែទៀតធ្វើឱ្យបានគ្រប់។ ខ្ញុំគិតថាអ្នកដែលលិចលង់នោះក៏មានមួយផ្នែកស្ថិតនៅក្នុងទន្លេសាប។ នេះជាសារមួយសម្រាប់ផ្ញើជូនទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងខ្លួនឯងតែម្តង ដែលនេះគឺជាការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋយើងមានស្ថិរភាពនៅក្នុងការកសាងជីវភាពរស់នៅ។
ប៉ុន្មានឆ្នាំមុននេះ ខ្ញុំអាចនិយាយបានថាខ្ញុំមានកំហុសដោយសារតែចុះហត្ថលេខាលើអនុក្រឹត្យនៅឆ្នាំ ២០១២ ដោយមិនបានយកចិត្តទុកដាក់ ដោយរៀបចំតែតំបន់បី តំបន់ពីរ និងតំបន់មួយ។ ខ្ញុំចុះហត្ថលេខា។ ឥឡូវនេះយើងបានរកឃើញវិធីសាស្ត្រដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅបានផង និងយើងថែទាំបឹងទន្លេសាបបានផង។ អញ្ចឹងតំបន់ដែលប្រជាជនធ្លាប់រស់នៅឱ្យគាត់បន្តរស់នៅតទៅទៀតទៅ កុំរើគាត់ចេញ។ ខ្ញុំនៅចាំបានកន្លែងខ្លះ ខ្ញុំទៅធ្វើសាលាឱ្យកន្លែងហ្នឹងទៅទៀត … ខ្លះមានសាលាផុតពីទឹក សាលាខ្លះធ្វើសាលាបណ្តែតទឹកឱ្យគាត់ទៅទៀត។ អញ្ចឹងយកគាត់ទៅណា? អញ្ចឹងទេក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើងរស់នៅដោយមិនប្រាកដប្រជាថា តើអញត្រូវរស់នៅកន្លែងណាទៀត?
ថ្ងៃនេះ ខ្ញុំបញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប។ ខ្ញុំគ្រាន់តែសុំយកត្រឡប់មកវិញនូវដីដែលទន្រ្ទានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិករចាស់ប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឲ្យទៅជាព្រៃលិចទឹកសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋ សុំកុំកាប់ព្រៃលិចទឹកបន្តទៀត ខ្ញុំបានដាក់ចេញបញ្ជា ថាបើសិនជានៅក្នុងតំបន់ ៣ យើងឆ្វៀលឲ្យគាត់ (ឧទាហរណ៍)ថាគាត់កំពុងទទួលផលលើផ្ទៃដី ១ ពាន់ហិកតា។ ខ្ញុំឲ្យអនុសាសន៍បន្ថែមឲ្យគាត់ ១០% បន្ថែមទៀត បានសេចក្តីថា ១ ពាន់ហិកតា ថែម ១០% វាឡើង ១១០០ ហិកតា។ អញ្ចឹង ១០០ ហិកតា សម្រាប់ប្រជាជនទទួលផលពី ១០០ ហិកតាថែមទៀត សម្រាប់ដូចជាការរកអុសដុត ឬក៏អាចប្រើប្រាស់ បើសិនតំបន់ហ្នឹងជាតំបន់ដែលអាចរកត្រីបាន ក៏អាចរកត្រីបាន។
នេះវាជាការដោះស្រាយរយៈពេលវែង ដាក់ចេញជាក្របខណ្ឌនៃគោលនយោបាយទាក់ទងនឹងទន្លេសាប ម្ខាងយើងត្រូវរក្សាទន្លេសាបឲ្យបាន តែម្ខាងទៀតយើងក៏ត្រូវគិតទៅដល់ប្រជាជនដែលរស់នៅយូរហើយ។ ត្រឹម ១០ ឆ្នាំ ២០ ឆ្នាំ មិនមែនហៅថាយូរទេ។ ដល់រយឆ្នាំ អាហ្នឹងទើបហៅថាយូរ។ កន្លែងខ្លះគឺកើតបានរយឆ្នាំហើយ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមទឹកតាំងពីឆ្នាំ ១៩៨៦។ ម្សិលមិញមេឃុំហៅខ្ញុំអ្នកប្រាជ្ញពិភពលោក ព្រោះកាលហ្នឹងខ្ញុំធ្វើនាយករដ្ឋមន្ត្រី ហើយពេលនោះខ្ញុំទើបមានអាយុ ៣៤ ឆ្នាំទេ។ វាមិនដូចឥឡូវទេ។ កាលពីនោះ ធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៣២ ឆ្នាំ។ ឥឡូវនេះចូលដល់ ៧០ ឆ្នាំហើយ។ អញ្ចឹងធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោកនេះ។ ឥឡូវខ្ញុំគ្រាន់តែថា ធ្វើដល់ថ្ងៃណាដែលខ្ញុំឈប់ចង់តែប៉ុណ្ណឹងទេ គ្មានអ្នកណាអាចផ្តួលខ្ញុំបានទេ។
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន តាមរយៈនៃការបោះឆ្នោតឃុំ–សង្កាត់ កន្លងទៅ ដែលធ្វើឲ្យគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី។ ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងនៅទីនេះ សុំបន្តការបោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដែលនោះគឺជាការបោះឆ្នោតដ៏សំខាន់បំផុតរបស់យើង។
(៣) គណបក្សភ្លើងទៀនគួរទេបញ្ជាក់ឱ្យច្បាស់ តើការប្រមាថនិងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិ ជនក្បត់ជាតិ តើត្រឹមត្រូវឬទេ, ម្ខាងគឺសំដៅផ្តួលរំលំរាជរដ្ឋាភិបាល ហើយទៅជាមួយគ្នាកឺការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ, រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារព្រះមហាក្សត្រ ការពាររាជានិយម ការពាររាជបល្ល័ង្គ, ធានាថា គ្មានការដោះដូរអ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ–សង្កាត់ទេ បើរដ្ឋមន្ត្រីមហាផ្ទៃ ស ខេង មិនដោះដូរ
សង្ឃឹមថាប្រជាជននឹងគាំទ្របោះឆ្នោតឲ្យមកគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សនេះជាគណបក្សដែលទ្រទ្រង់នូវស្ថេរភាពរបស់ជាតិ។ បើគ្មានគណបក្សនេះទេ សង្គ្រាមនឹងផ្ទុះផ្អើលទឹកផ្អើលដីនៅប្រទេសកម្ពុជាភ្លាម ព្រោះមានអ្នកប៉ុនប៉ងបង្កើតឡើងនូវសង្គ្រាម ដូចជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅឆ្នាំ ២០២៣។ ម្សិលម្ង៉ៃនេះ គេបានជេរព្រះមហាក្សត្ររបស់យើង ប្រមាថព្រះមហាក្សត្ររបស់យើង ចាត់ទុកព្រះមហាក្សត្រគឺជាជនក្បត់ជាតិ … ៣ អាទិត្យមុននេះ គឺគេបានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ មនុស្សដទៃផ្តួលរំលំរាជរដ្ឋាភិបាល។ ពីម្សិលម្ង៉ៃនេះ គឺគេប្រមាថព្រះមហាក្សត្រ ហើយរឿងគេចង់ផ្លាស់ប្តូរឲ្យទៅជាសាធារណៈរដ្ឋនេះ គេបានធ្វើ។ ឥឡូវបណ្តាបក្សនយោបាយ ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ បណ្តាបក្សនយោបាយបានចេញមកព្រមៗគ្នា ដើម្បីធ្វើការថ្កោលទោសអាមួយនេះ។
ឥឡូវខ្ញុំសុំយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ សេដ្ឋា ឯកឧត្តម សុន ឆៃ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សុំចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី (ខ្ញុំនិយាយចំឈ្មោះអាមួយហ្នឹងចុះ ក្រែងលោវាភាន់ច្រឡំ) ត្រឹមត្រូវឬមិនត្រឹមត្រូវ? យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀនឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច ដូចជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ? សង្ឃឹមថា ឯកឧត្តម មេដឹកនាំនៃគណបក្សភ្លើងទៀន ដែលមាន ឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ សេដ្ឋា ឯកឧត្តម សុន ឆៃ នឹងធ្វើការបញ្ជាក់ជនរួមជាតិឲ្យបានដឹង ហើយសមាជិកសមាជិកា នៃគណបក្សភ្លើងទៀនទាំងឡាយ សុំចាំពិនិត្យមើល តើមេដឹកនាំគណបក្ស …ចេញមកអះអាងអំពីបញ្ហាទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រនេះឬទេ?
ខ្ញុំសុំបញ្ជាក់ថា រឿងនេះមិនមែនជារឿងតូចតាច ហើយគឺជារឿងលេងសើចនោះទេ។ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនគួរតែត្រូវផ្តាច់ខ្លួនឲ្យបានស្រូតបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង។ នេះជាមុខសញ្ញាជាគោលដៅ (ដែល)ម្ខាងគឺគេផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែវាទៅជាមួយគ្នាគឺការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ អញ្ចឹងទេ ខ្ញុំក៏អំពាវនាវឲ្យសមាជិក សមាជិកា នៃគណបក្សភ្លើងទៀន គ្រប់ជាន់ថ្នាក់ ចាកចេញឲ្យបានស្រូតបំផុតតាមដែលអាចធ្វើទៅបានពីគណបក្សនេះ … ខ្ញុំក៏សុំជម្រាបជូនឯកឧត្តម ថាច់ សេដ្ឋា ឯកឧត្តម សុន ឆៃ ឯកឧត្តម ទាវ វណ្ណុល ខ្សែអាត់ទាំងប៉ុន្មានបានស្ថិតនៅដៃរបស់ខ្ញុំរួចស្រេចទៅហើយ ជាពិសេសការប្រជុំតាមអនឡាញ ដែលមានអង្គប្រជុំនៅអាមេរិក មានការប្រជុំនៅបារាំង អាមេរិក ហើយនឹងអ្នកនៅស្រុកខ្មែរ។ ឥឡូវនេះ ខ្ញុំដឹងទៀតថាអស់លោកកំពុងមានការសង្ស័យទៅលើឈ្មោះ តុប វ៉ាន់ចាន់ ដែលជាអតីតតំណាងរាស្ត្រថាជាអ្នកថតសម្លេង។ អស់លោកសង្ស័យគ្នាក៏សង្ស័យទៅ រឿងរបស់អស់លោកទេ ក៏ប៉ុន្តែវិធីយករបៀបណាលោកក៏ត្រូវដឹងដែរ។ ខ្ញុំដឹងថាមានភ្នាក់ងារមួយបានបញ្ជូនខ្សែអាត់នេះជូនទៅអស់លោក រាប់ទាំង អេង ឆៃអ៊ាង សន្ទនាជាមួយនឹងមនុស្សម្នាក់នៅខាងក្នុងនេះ ដើម្បីរៀបចំបេក្ខភាពគណបក្សភ្លើងទៀននៅខេត្តរតនៈគីរី គឺមានក្នុងដៃហើយ។
ច្បាប់ស្តីពីគណបក្សនយោបាយ គឺចែងមិនឲ្យមានទំនាក់ទំនងជាមួយទណ្ឌិតនោះទេ។ ដូច្នេះចំណុចនេះ គ្រាន់តែប្រាប់អ្នកឯងឲ្យបានដឹងថា តំរុយឆ្ពោះទៅរកនៃដំណាក់កាលមួយកំពុងប្រឈមសម្រាប់អ្នកឯង។ អ្វីដែលអ្នកឯងគួរធ្វើ ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា តើការអះអាងរបស់ សម រង្ស៊ី ថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិ ហើយកាលពីឆ្នាំកន្លងទៅ តែងតែប្រមាថព្រះមហាក្សត្រ ត្រឹមត្រូវឬមិនត្រឹមត្រូវ? ចំណុចនេះខ្ញុំចង់បាននូវការធានាមួយពីសំណាក់អស់លោក … កុំនិយាយថាជាការគំរាមកំហែង។ អស់លោកត្រូវដឹងថា ជារាជរដ្ឋាភិបាល ខ្ញុំត្រូវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារព្រះមហាក្សត្រ ការពាររាជានិយម ការពាររាជបល្ល័ង្គ ខ្ញុំមិនអាចឲ្យអ្នកបំពានបានទេ ខ្ញុំមានសិទ្ធិនឹងចោទចេញជាសំណួរសម្រាប់សួរទៅអស់លោកអ្នក ព្រោះវាស្ថិតនៅក្នុងបញ្ហាទាក់ទងនឹងការសង្ស័យ អំពីការធ្វើភេរវកម្ម (ការ)បង្ក ចលាចល ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល និងផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ អញ្ចឹង អស់លោកកុំចោទថានេះ(ជា)ការបំភិតបំភ័យ (និង/ឬ)គម្រាមកំហែង ចំពោះគណបក្សដទៃ។
បើកុំមានសេចក្តីថ្លែងការណ៍របស់អាម្សៀហ្នឹង វាក៏គ្មានរឿងហ្នឹងកើតឡើងដែរ។ ឥឡូវ បើសិនជាចិត្តសឿងអ្នកឯងដាក់ឃ្លីបវីដេអូទាំងអស់មកវិញ។ ម្សិលមិញគេកាត់(ចោល)នៅសល់តែជាង ២០ នាទីទេ។ គេកាត់ចេញ(កន្លែង)ជេរព្រះមហាក្សត្រ ហើយបង្ហោះតាមហ្វេសប៊ុករបស់គេមកវិញ។ ប៉ុន្តែ អ្នកឯងត្រូវដឹងថា ពេលដែលអ្នកចាប់ផ្ដើម Live ភ្លាម គេយកឃ្លីបវីដេអូហ្នឹងបានរួចស្រេចទៅហើយ។ គេសិក្សារួចស្រេចទៅហើយទៅលើទិដ្ឋភាពផ្លូវច្បាប់។ ប៉ុន្តែ ដោយគិតថាដើម្បីសម្រាល(កំហុស) គេកាត់ចេញនូវកន្លែងណាដែលនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ រួចហើយ(យក)មកបង្ហោះហ្វេសប៊ុក។ អ្នកឯងកុំគិតថាគេភ្លើឱ្យសោះ គេកាន់អំណាចជិតកន្លះសតវត្សរ៍(ទៅហើយ) មិនមែនគេភ្លើទេ។ បើសិនជាគេភ្លើ គេមិនអាចកាន់អំណាចបានរយៈពេលវែងយ៉ាងដូច្នេះទេ។
(សូមរំលឹក)ដោយការគោរពជូនចំពោះ ឯកឧត្តម ទាវ វណ្ណុល, ឯកឧត្តម ថាច់ សេដ្ឋា, ឯកឧត្តម សុន ឆៃ សង្ឃឹមថាឯកឧត្តមនឹងធ្វើការឆ្លើយតបដោយសមហេតុសមផលចំពោះសំណូមពរបែបនេះ ដើម្បីរាជរដ្ឋាភិបាលងាយប្រកាន់យកឥរិយាបថចំពោះពួកឯកឧត្តមនិងមេដឹកនាំ (ក៏ដូចជា)មនុស្សនៅក្នុងគណបក្សភ្លើងទៀន។ នេះជាផែនការផ្ដួលរំលំរាជរដ្ឋាភិបាលផងនិងជាការដូររបបដែលអាមេក្លោងមួយនេះវាធ្លាប់តែនិយាយកន្លងទៅ។ ហេតុអីបានជាខ្ញុំត្រូវចោទសួរ? ដោយសារតែ(គណបក្ស)ភ្លើងទៀននេះ វាបង្កើតដោយអាមួយហ្នុង? អញ្ចឹងទេ តើអ្នកឯងពាក់ព័ន្ធអី? បក្សហ្នឹងជាកូនរបស់អាមួយហ្នឹង។ តើឥឡូវវាផ្ដាច់គ្នាហើយឬនៅ? បញ្ហាវាស្ថិតនៅត្រង់កន្លែងហ្នឹង។ ខ្ញុំសង្ឃឹមថានឹងមានការឆ្លើយតប។ ខ្ញុំដឹងថា អ្វីដែលខ្ញុំចោទសួរទៅអស់លោកគឺអស់លោកនឹងមិនឆ្លើយទេ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលអះអាងអំពីបញ្ហាសិទ្ធិ ពីបញ្ហាស្អីៗ អស់លោកមានយោបល់យ៉ាងម៉េចអំពីបញ្ហានេះ? ប៉ុន្តែពួកនេះអត់(ឆ្លើយតប)ទេ។ ខ្ញុំជឿថាក្នុងចំណោមអង្គការដែលប្រឆាំង(រាជ)រដ្ឋាភិបាល (គេ)មិន(ចេញ)អះអាងទេ ព្រោះគេក៏ចូលរួមចំណែកចង់ផ្ដួលរំលំ(រាជ)រដ្ឋាភិបាលនិងប្ដូររបបរាជានិយមនេះផងដែរ …។
ខ្ញុំក៏សូមបញ្ជាក់ អ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ–សង្កាត់ ជាមេឃុំក្ដី ជាជំទប់ក្ដី ជាសមាជិកក្ដី អាចចាកចេញមកដើម្បីនឹងនិយាយផ្ទាល់ខ្លួន។ ធ្វើការជាមួយគណបក្សប្រជាជន ឧទាហរណ៍ថា កន្លែងខ្លះ(មានអាសនៈ) ៧ កៅអី គណបក្សប្រជាជនមាន ៦ (កៅអី) គណបក្សភ្លើងទៀនមាន ១ (កៅអី)។ ឥឡូវបើ ៦ នាក់ ការពារព្រះមហាក្សត្រ ម្នាក់ឯងអត់ការពារព្រះមហាក្សត្រ ត្រូវធ្វើម៉េច? ខ្ញុំសូមធានាថា គ្មានការដោះដូរណាមួយអាចធ្វើទៅរួចទេ បើរដ្ឋមន្ត្រីមហាផ្ទៃ ស ខេង មិនព្រមដោះដូរ។ ហ្នឹងជារឿងពិត។ នេះជាសិទ្ធិដើម្បីការពារព្រះមហាក្សត្រ រឿងអីដែលអ្នកឯងចង់ផ្លាស់ប្ដូរ? អញ្ចឹងទេ បញ្ហាដោះដូរបាន មិនមែនគ្រាន់តែអ្នកឯងដេញចេញពីបក្ស(នោះ)ទេ បញ្ហាស្ថិតនៅត្រង់ថា សម្តេចក្រឡាហោម ស ខេង ចុះហត្ថលេខាឱ្យដូរឬអត់។ បើទោះបី គជប សម្រេចយ៉ាងម៉េច(ក៏ដោយ)។
សុំបញ្ជាក់(ថា) រឿងនេះវាទាក់ទិននឹងការប្រមាថព្រះមហាក្សត្រ ជេរ/ចោទព្រះមហាក្សត្រ។ ដូច្នេះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនអាចចាកចេញ ហើយរក្សានូវតួនាទីនៅក្នុងនោះ ដោយរដ្ឋមន្ត្រីមហាផ្ទៃមិនព្រមចុះហត្ថលេខាឱ្យធ្វើការផ្លាស់ប្តូរ។ ដើម្បីមានសុពលភាព គឺរដ្ឋមន្ត្រីមហាផ្ទៃជាអ្នកចុះហត្ថលេខា។ អញ្ចឹង ដោះដូរបានឬមិនដោះដូរបាន រឿងនេះគឺសំខាន់ណាស់។ សូមផ្ញើសារទៅសមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់របស់គណបក្សភ្លើងទៀន អ្នកនៅតែ(សមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់គណបក្ស)ភ្លើងទៀនដដែល។ បើគេដេញ គឺអ្នកឯងប្រើសិទ្ធិដេញខុស។ (ករណីនេះនឹងចោទឡើងថា) “ខ្ញុំគ្រាន់តែប្រាប់ថា សម រង្ស៊ី និយាយខុស (ដោយបាន)ប្រមាថព្រះមហាក្សត្រ។ រឿងអីមកដេញខ្ញុំ?”។ បន្ថែមលើនោះ រដ្ឋមន្ត្រីមហាផ្ទៃអត់ចុះហត្ថលេខា អញ្ចឹង មេឃុំនៅតែជាមេឃុំ ជំទប់នៅតែជាជំទប់ សមាជិកក្រុមប្រឹក្សានៅតែជាសមាជិកក្រុមប្រឹក្សា(ដដែល) …។
(៤) ដំណើរការប្រជាធិបតេយ្យ មិនអនុញ្ញាតអោយប្រមាថព្រះមហាក្សត្រ គម្រាមផ្ដួលរំលំរាជរដ្ឋាភិបាល ដេញស្ដេចចេញពីរាជបល្ល័ង្គទេ, កម្លាំងប្រដាប់អាវុធ គណបក្សប្រជាជន គណបក្សដទៃដែលប្រឆាំងនឹងបុគ្គលក្បត់ជាតិ ត្រៀមខ្លួនការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ, រាជរដ្ឋាភិបាលប្រឈមការចំណាយធ្ងន់ការជួសជុលប្រព័ន្ធផ្លូវ/ប្រឡាយទឹក ទ្វារទឹក ដែលខូចដោយទឹកជំនន់
នេះជាសារនយោបាយមួយរបស់ខ្ញុំ។ បន្ទាប់ពីបានពិនិត្យពិច័យលើរឿងនេះ វាកាន់តែជ្រៅទៅៗ ហើយកុំគិតថា អ្នកឯងបានកាត់ត(វីដេអូ)រួចហើយបានអ្នកឯងបញ្ជូនចេញ(នឹងមិនអាចមានអ្វីអោយចាប់កំហុសបាន)។ ប៉ុន្តែ ពេលដែលអ្នកឯងមានសង្កថា ហើយផ្សាយចេញមក គេទទួលយកបាននៅទីនេះរួចរាល់អស់ហើយ។ គ្មានអ្នកណាគេកាត់ត(វីដេអូ)របស់អ្នកឯងទេ។ អ្នកឯងទៅវិញទេ ដែលបានកាត់ឃ្លីបវីដេអូនេះ ហើយទុកតែជាង ១៨ នាទី ឬជាង ២០ នាទីបន្តិច។ អ្នកឯងដកចេញទាំងអស់នូវកន្លែងជេរប្រមាថព្រះមហាក្សត្រ។ ខ្ញុំហាក់ដូចជាទៅរឿងនយោបាយបន្តិច ក៏ប៉ុន្តែរឿងនេះវាចាំបាច់ បាវចនារបស់យើង គឺ “ជាតិ សាសនា ព្រះមហាក្សត្រ”។ ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្សនឹងមិនតបតទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែធ្វើការតបត។ បណ្ដាបក្សនយោបាយនានា រាប់ទាំង(គណបក្ស)ភ្លើងទៀនផងដែរ ត្រូវតែធ្វើការតបត ដើម្បីការពារព្រះមហាក្សត្ររបស់យើង។ យើងមិនអាចនៅស្ងៀមបានទេលើរឿងនេះ។ រឿងនេះនឹងក្លាយទៅជាសំណុំរឿងដ៏សាំញ៉ាំដែលបក្សខ្លះអាចរលាយក៏អាចថាបាន ប្រសិនគេធ្វើសកម្មភាពស្របជាមួយសកម្មភាពរបស់ជនក្បត់(ជាតិ)។
ដំណើរការប្រជាធិបតេយ្យ មិនអាចឱ្យអ្នកឯងប្រមាថចំពោះព្រះមហាក្សត្របានទេ ហើយក៏មិនអាចឱ្យអ្នកឯង គម្រាមផ្ដួលរំលំ(រាជ)រដ្ឋាភិបាល ហើយដេញស្ដេចឱ្យចុះចេញ(ពីរាជបល្ល័ង្គទេ)។ ឆ្នាំទៅគឺដេញស្ដេចតែម្តង អានេះ … សង្ឃឹមថា គណបក្សភ្លើងទៀននឹងពិចារណាប្រកបដោយវិចារណញ្ញាណ។ ទៅជ្រកកោណជាមួយគណបក្សដទៃក៏វាអត់ទាស់ខុសអីដែរ។ ដំណើរការប្រជាធិបតេយ្យវាអញ្ចឹង។ បើមិនពេញចិត្តជាមួយគណបក្សប្រជាជន ទៅ(ជ្រកកោណជាមួយ)គណបក្សដទៃទៅ ហើយគណបក្សដទៃទទួលយកធ្វើជាសមាជិក/ជិការបស់ខ្លួនទៅ។ បើចង់មក(ចូលរួមជាមួយ)គណបក្សប្រជាជន, គណបក្សប្រជាជនស្វាគមន៍។ បើទៅបក្សដទៃ, បក្សដទៃគេស្វាគមន៍ហើយ ដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៣។ យើងកំពុងតែដំណើរការតាមដំណើរប្រជាធិបតេយ្យ គេមកជំរុញដំណើរការផ្ដួលរំលំដោយប្រដាប់អាវុធទៅវិញ។ រឿងនេះមិនអាចទទួលយកបានទេ។ ត្រូវតែកម្ចាត់នយោបាយមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់ជាតិ ៣ ជំនាន់នេះ ហើយអ្នកណាក៏ដោយ ដែលទាក់ទងជាមួយនឹងអាក្បត់មួយនេះ គឺអ្នកនោះនឹងទទួលផលបែបណា។ (សូម)រង់ចាំមើល តើរាជរដ្ឋាភិបាលនឹងធ្វើយ៉ាងណា?
ខ្ញុំក៏បានបញ្ជាក់បញ្ហានេះនៅតាមខេត្តរួចហើយដែរ។ ខ្ញុំនឹងដើរបន្តទៅទៀតដើម្បីពិនិត្យមើល ព្រោះរឿងនេះមិនមែនជារឿងអង្ករកំប៉ុងទេ គឺរឿងធំណាស់សម្រាប់ប្រទេសជាតិ។ រឿងមហន្តរាយរបស់យើងកើតនៅឆ្នាំ ១៩៧០ ដែលគេធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ។ តើយើងរងគ្រោះប៉ុណ្ណា? ទម្រាំតែរំដោះខ្លួនបានឲ្យមានសន្តិភាព ឲ្យមានការបង្រួបបង្រួមជាតិ រំលត់ភ្លើងសង្គ្រាម យើងជួបការលំបាកខ្លាំងណាស់។ ស្លាប់មនុស្សអស់រាប់លាននាក់ ពិការមនុស្សច្រើនណាស់ ស្រ្តីមេម៉ាយ កុមារកំព្រាកើតឡើងនៅក្នុងប្រទេសរបស់យើង។ តើទុកឲ្យមនុស្សបែបនេះបំផ្លាញប្រទេសជាតិតទៅទៀតឬយ៉ាងណា? ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមជាមួយនឹងសភាពការណ៍ទាំងឡាយដែលអាចកើត។ អំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រជាជន និងគណបក្សដទៃដែលប្រឆាំងនឹងបុគ្គលរូបនេះ ត្រៀមខ្លួនចូលរួមការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្ររបស់យើង។
ឥឡូវបកមកទាក់ទងជាមួយនឹងស្រូវពូជ ថ្ងៃនេះគឺខ្ញុំបានទទួលបន្ថែមសម្រាប់អង្ករសម្រាប់ប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំង ក្រៅពីការចែកកន្លងទៅ និងការចែកនៅថ្ងៃនេះ ខ្ញុំត្រូវទុកអង្ករ២០០តោន ដើម្បីឲ្យអាជ្ញាធរ និងក្រុមការងាររបស់យើងចុះជួយប្រជាជនជាបន្តទៀត ដែលអង្ករ១០០តោនបានមកពីអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា។ អ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អង្ករ១០០តោន។ ខ្ញុំទុក ២០០ តោនជូនប្រជាពលរដ្ឋនៅក្នុងខេត្តនេះ … អូ អញ្ចេះ ខ្ញុំទុក៣០០តោន ឡើង១០០តោនទៀត គឺលោកឧកញ៉ា ពៅ ខៃជា អគ្គនាយក្រុមហ៊ុនរ៉ែ ជួយឧបត្ថម្ភ ១០០ តោន។ អញ្ចឹង ១០០ តោននេះ គឺទុកនៅនឹងខេត្តកំពង់ឆ្នាំងទៀត ឡើង ៣០០ តោន។ មានអង្ករហើយ អស់លោកសកម្មនាំគ្នាដើរចុះទៅតាមផ្ទះប្រជាពលរដ្ឋ អ្នកណាមានអង្ករ អ្នកណាអត់អង្ករដើម្បីជួយប្រជាពលរដ្ឋ។ ក្រៅពីនោះ គឺមានក្រុមហ៊ុនលោកឧកញ៉ា លី សុខខៃ អគ្គនាយកក្រុមហ៊ុន Delcom កម្ពុជា ជួយអង្ករ២០០តោន ដែលខ្ញុំប្រកាសចែក ១០០ តោនទៅខេត្តកំពង់ចាម និង១០០តោនទៅខេត្តត្បូងឃ្មុំ។
ម្សិលមិញ ព្រៃវែងបាន ១០០ តោនហើយ។ កំពង់ចាមក៏មានផលប៉ះពាល់ ត្បូងឃ្មុំក៏មានផលប៉ះពាល់។ អញ្ចឹងក៏ចែកទៅខាងនោះ។ ខេត្តកំពង់ឆ្នាំងក៏បាន ៣០០ តោន ពោធិសាត់បាន ៣៥០ តោន បាត់ដំបង ៤០០ តោន បន្ទាយមានជ័យ ២០០ តោន និងកំពង់ធំ ៣០០ តោន។ នាំគ្នាធ្វើសកម្មភាពទៅ។ សប្បុរសជនចូលរួមជួយរាជរដ្ឋាភិបាល នោះគឺវប្បធម៌ចែករំលែក ឬសិល្បៈនៃការចែករំលែក ពីអ្នកដែលមានទ្រព្យធន ជួយដល់ប្រជាពលរដ្ឋរបស់យើង។ ស្ថានភាពគឺបែបនេះនៅក្នុងប្រទេសរបស់យើង។ មិនមែនបានសេចក្ដីថា រាជរដ្ឋាភិបាលខ្វះសមត្ថភាពដើម្បីរកអង្ករជូនប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែសណ្ដានចិត្តនិងការសហការជួយផ្ដល់ពីសំណាក់អ្នកដែលមានលទ្ធភាព តាមរយៈរាជរដ្ឋាភិបាលមកចំពោះអ្នកដែលគ្មានលទ្ធភាព។ ព្រះសង្ឃក៏បានចូលរួមជាថវិកា និងមួយចំនួនផ្សេងទៀត គឺប្រជាពលរដ្ឋគឺបានមកចូលរួមជាមួយយើង បានទៅចែកជូនផ្ទាល់។
ខ្ញុំឲ្យតែចូលក្នុងខេត្តកំពង់ឆ្នាំង គឺតែងតែមានលឺសូរសត្វស្រែក។ ខ្ញុំមកខេត្តកំពង់ឆ្នាំងប៉ុន្មានដង គឺតែងតែមានរឿងអញ្ចឹង។ ឲ្យតែខ្ញុំឡើងនិយាយដឹងតែលឺសត្វស្រែកក្បែរហ្នឹង។ មិនដឹងតើវាមានបាតុភូតអីសម្រាប់ខ្ញុំជាមួយខេត្តកំពង់ឆ្នាំង។ ដូចជាឆ្នាំ ២០០០ ប៉ុន្មានទេ មកប៉ុន្មានកន្លែង គឺមានអញ្ចឹង។ មានម្ដងនោះកំពុងតែនិយាយស្រាប់តែពស់ឡើង។ មិនដឹងថាតើខ្ញុំមានអ្វីពាក់ព័ន្ធជាមួយខេត្តកំពង់ឆ្នាំង? ឬនៅក្បែរហ្នឹងមានភ្នំកង្រី? ឥឡូវឃើញសត្វអីស្រែកមិញ? ត្រសេះឬ? … បងប្អូននៅទីនេះមាននំប៉័ង មានទឹកសុទ្ធ មានទឹកក្រូច បានកេះខ្លះហើយឬនៅ? អ្នកដែលបានកេះនំប៉័ងលើកដៃទៅមើល? ល្អ។ កេះអស់មួយទៅហើយទេដឹង? អត់ទេ។ អាហ្នឹងដាក់ជូន។ ខ្ញុំយល់ណាស់ ដោយសារតែយល់ហ្នឹងហើយ សិក្សាស្រាវជ្រាវដឹងថា បងប្អូនមកហ្នឹងអង្គុយស្ដាប់ហ្នឹង ខ្វះទឹកផឹក បានជារៀបចំមាននំប៉័ង រួចហើយស្រេកទឹក មានទឹក មានទឹកក្រូច២កំប៉ុង ម៉េចបានដាក់ពីរៗ មួយក៏មិនដាក់ បីក៏មិនដាក់ ដាក់ពីរ? មួយក្រែងវាបែកមែកបែងធាង។ អាបីក្រែងលោស្នេហាត្រីកោណ។ អញ្ចឹងដាក់មួយគូៗ តែម្ដងទៅ ដើម្បីឲ្យវាស្រួល ព្រោះខ្មែរយើងច្រើនតែមួយគូៗ …។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ប្រជាពលរដ្ឋរបស់យើង អាហារពេលព្រឹកគឺខ្ញុំបានជម្រាបជូនអម្បាញ់មិញហើយ មានទឹក មាននំប៉័ង មានទឹកក្រូចអីនេះ។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា ស្រូវពូជហ្នឹង ១០០ គីឡូក្រាម ហើយស្រូវពូជនៅគរនៅនោះ អត់ទាន់យកមកដាក់នេះទេដើម្បីគ្របក្រែងលោភ្លៀងធ្លាក់។ ដល់ពេលទៅវិញ គេត្រូវជួយបញ្ជូនទៅយ៉ាងម៉េចដើម្បីយកទៅដល់ផ្ទះ។ យើងជួយដឹកជញ្ជូនទៅដល់ឃុំ។ ឃុំជួយជញ្ជូនទៅដល់ផ្ទះ។ ទាល់តែប្រើវិធីហ្នឹង។ បូកសរុបទៅទាំងអង្ករ ទាំងស្រូវពូជ ទាំងស្អីនេះ សឹងតែនឹង ២០០ គីឡូហើយ។ អញ្ចឹងទាល់តែមានអ្នកជួយ។ ស្រូវពូជ ១០០ គីឡូ, មីមួយកេសធំ ដែលមាន ៦ កេសតូច, ត្រីខមួយកេសធំ ដែលមាន ១០០ កំប៉ុង និងអង្ករមួយបាវ ៥០ គីឡូ ហើយថវិកាចំនួន ២០ ម៉ឺនរៀលស្មើៗគ្នា។ ដោយឡែកបងប្អូនជនពិការ ១៦ នាក់ ដែលបានមកចូលរួមទទួលយកអំណោយនៅថ្ងៃនេះ ក៏សូមជូនបន្ថែមម្នាក់ ១ លានរៀល។ សង្ឃឹមថាបងប្អូនយើងនឹងមិនច្រណែនអីនឹងអ្នកពិការទេ … ដោយសារពួកគាត់លំបាកណាស់។ ឱ្យតែហៅថា ពិការ វាមិនដែលចេះស្រួលដូចមនុស្សយើងធម្មតានោះទេ។ ប៉ុន្តែពួកគាត់ពិការតែរាងកាយ គាត់មិនពិការផ្លូវចិត្តនោះទេ បានជាគាត់នៅប្រឹងប្រែងតស៊ូ ហើយថ្ងៃនេះបានមកជាមួយគ្នា។
សម្រាប់ស្រូវពូជទៀតសោធ ខ្ញុំគ្រាន់តែជម្រាបជូនអញ្ចេះ។ មុននេះគឺយើងថា (អ្នកដែលមានដីស្រែ)កន្លះហិកតាចុះ គឺយើងជូន ៥០ គីឡូ (អ្នកដែលមានដីស្រែ)កន្លះហិកតាឡើង យើងជូន ១០០ គីឡូ។ ឥឡូវយើងមិនធ្វើអញ្ចឹងទៀតទេ ដីតូចក៏ដោយ ដីធំក៏ដោយ (យើងជូន) ១០០ គីឡូស្មើគ្នា។ ប៉ុន្តែអ្នកដែលបានទទួលរួចហើយ ៥០ គីឡូ អត់មានមកសុំស្នើទាមទារបន្ថែមឱ្យគ្រប់ ១០០ គីឡូទេ។ ហ្នឹងច្រើនចែកនៅខាងក្រចេះ កំពង់ចាម ត្បូងឃ្មុំអី អនុវត្តន៍នូវរូបមន្តហ្នឹង។ អញ្ចឹងបងប្អូនដែលបានទទួល ៥០ គីឡូហើយហ្នឹង សូមកុំមកទាមទារឱ្យបំពេញបន្ថែមអី …។
យើងដឹងច្បាស់ណាស់ថា ប្រជាពលរដ្ឋមួយចំនួននឹងប្រើមិនអស់និងសល់ស្រូវពូជ និងប្រជាជនមួយចំនួន(នឹង)ខ្វះស្រូវពូជ។ ដោយសារនៅទីនេះ ស្រែរបស់បងប្អូនវាតូច។ អញ្ចឹងប្រើពូជមិនអស់។ ការប្រើពូជមិនអស់នេះ បងប្អូនអាចចែករំលែកទៅឱ្យអ្នកដែលខ្វះស្រូវពូជ ជាការឱ្យខ្ចី ជាការលក់ ឬជាការឱ្យទទេ។ ទៅតាមអ្វីដែលជាការស្រុះស្រួលរវាងប្រជាជននិងប្រជាជន ដើម្បីដោះស្រាយក្នុងការលំបាក។ (ប្រជាជនខ្លះអាចនឹងគិតថា) វាមានដីតែ ៣០ អា វាបានពូជ ១០០ គីឡូ។ អញមានដីដល់ទៅ ២ ហិកតា បាន ១០០គីឡូដែរ។ ឥឡូវយើងពិបាកដើរទៅវាស់ដីណាស់។ នរណាមានដីតូចដីធំ ពិបាកវាស់ណាស់។ ឥឡូវ(ផ្ដល់ ១០០ គីឡូ) ស្មើគ្នាតែម្ដងទៅ។ ស្រួល។ វិធីនេះ ជាវិធីដែលប្រជាពលរដ្ឋរបស់យើងបានប្រកាន់យកនូវវិធានការណ៍ទំនាក់ទំនង ការផ្លាស់ប្ដូរ ខ្ចីពូជគ្នាទៅវិញទៅមក អាហ្នឹងគឺជារឿងសមហេតុសមផលនៃការដោះស្រាយ។
ថ្ងៃនេះ ខុសគ្នារាល់ថ្ងៃ នៅត្រង់ថា រាល់ថ្ងៃ កន្លែងខ្លះភ្លៀង។ បើនៅបាត់ដំបង ភ្លៀងអញ្ចឹងទៅ ដល់ពេលខ្ញុំទៅដល់ក៏វាដាច់ភ្លៀងទៅ។ គេថាអ្នកមានបុណ្យមកដល់ ដាច់ភ្លៀង។ ប៉ុន្តែមិនមែនទេ កុំឆ្ងល់។ ពោធិ៍សាត់ក៏អញ្ចឹង ភ្លៀងៗទៅ ពេលខ្ញុំទៅដល់វាដាច់ទឹកភ្លៀង។ គេថាអ្នកមានបុណ្យមក គឺវាដាច់អញ្ចឹងហើយ។ ប៉ុន្តែកុំទៅជឿ បើខ្ញុំមិនទៅក៏វាដាច់ដែរ។ អាហ្នឹងគេហៅថា លទ្ធិទំយើបុគ្គលទេ។ អ្នកជឿក៏ជឿ អ្នកមិនជឿក៏ហី។ ឯថ្ងៃនេះ អត់មានភ្លៀងទេ ក្ដៅតែម្ដង។ ថ្ងៃនេះ ជាលើកដំបូងដែលខ្ញុំដើរមកជុំវិញទន្លេសាបនេះ គឺចាប់ផ្ដើមបែកញើស។
ខ្ញុំសូមលាបងប្អូនទៅភ្នំពេញ(វិញហើយ)។ ដំបូងគិតថាជិះឡានទេ ប៉ុន្តែឥឡូវអត់ទេ ដោយសារខ្ញុំមានការខ្លះនៅភ្នំពេញ ហើយល្ងាចនេះឆ្លៀតកាត់សក់បន្ដិច ព្រោះជិតប្រកស័ង្កសី … ដើម្បីស្អែកធ្វើកិច្ចការទាក់ទងនឹងការអានសារ ដល់ទៅខានស្អែកប្រជុំគណៈរដ្ឋមន្រ្តីអនុម័តថវិកា។ ក្នុងការអនុម័តថវិកាឆ្នាំនេះ ច្បាស់ណាស់មិនមែនគ្រាន់តែបញ្ហាប៉ះពាល់រឿងខូចស្រែស្រូវប៉ុន្មានហ្នឹងទេ ប៉ុន្តែបញ្ហាស្ដារឡើងវិញនូវផ្លូវលំឯណោះដែលវាខូចខាតច្រើនណាស់។ ឯកឧត្តម អ៊ុក រ៉ាប៊ុន ត្រូវតែធ្វើកិច្ចការងារនេះ ជាមួយនឹងបណ្ដាខេត្ត ហើយផ្លូវណាត្រូវជួសជុលមុននិងផ្លូវណាជួសជុលក្រោយ។ ឱ្យតែជំនន់ម្ដងៗ គឺខូចខាតផ្លូវលំច្រើនពេកហើយ។ អញ្ចឹងរាជរដ្ឋាភិបាលមិនមែនចំណាយត្រឹមតែរឿងស្រូវពូជ រឿងអង្ករអីចែកប៉ុណ្ណឹងទេ ចំណាយធ្ងន់របស់រាជរដ្ឋាភិបាល គឺទៅលើប្រព័ន្ធផ្លូវឬក៏ប្រឡាយទឹក ទ្វារទឹក ដែលវាខូចដោយសារទឹកជំនន់ទៅវិញទេ។
យើងគ្មានជម្រើសណាក្រៅពីធ្វើត្រូវតែធ្វើ។ អញ្ចឹងទេ អាចនឹងមួយផ្នែកគឺប្រើប្រាស់ថវិកាឆ្នាំនេះ ដែលមិនទាន់បានបែងចែកដើម្បីយកមកជួសជុលផ្លូវ ព្រោះប្រជាពលរដ្ឋត្រូវការប្រើប្រាស់ផ្លូវពេលដែលទឹកស្រកផុត។ (ពេល)ធ្លាក់ខ្យល់ពីជើងមកវាស្ងួតដីអាចចាប់ផ្ដើមធ្វើការជួសជុល។ មួយផ្នែកទៀត អាចដាក់ទៅជាថវិកាសម្រាប់ឆ្នាំក្រោយដើម្បីឱ្យក្រសួងអភិវឌ្ឍន៍ជនបទឬក៏ខេត្ត ដែលយើងបានផ្ទេរអំណាចទៅឱ្យខេត្តហើយ ខេត្តក៏អាចធ្វើបានទៅតាមរយៈនៃការដេញថ្លៃដោយក្រុមហ៊ុននានា។ ក្រសួងអភិវឌ្ឍន៍ជនបទមើលការខុសត្រូវគ្រប់គ្រងពីថ្នាក់ជាតិធ្វើមួយណា ថ្នាក់ក្រោមជាតិធ្វើមួយណា គឺបែងចែកទៅដើម្បីដោះស្រាយ … រឿងរដ្ឋាភិបាលមានច្រើនណាស់ តែមិននឹកស្មានថាអាចង្រៃមួយនោះ វាអត់និយាយអីក្រៅពីរំលំៗ ផុតពីរំលំ ហ៊ុន សែន រំលំព្រះករុណា ព្រះបរមនាថ ព្រះនរោត្តម សីហមុនី បណ្ដោយ។ អានេះពិតជាមនុស្សចង្រៃ ៥០០ ឆ្នាំនេះ អានេះចង្រៃជាងគេ ខូចជាងគេតែម្ដងអាមួយហ្នឹង។
ចុងបញ្ចប់ ក៏សូមតាមរយៈបងប្អូន អនុញ្ញាតឱ្យខ្ញុំបានផ្ដាំសួរសុខទុក្ខចំពោះបងប្អូននានានៅតាមភូមិ ដែលមិនបានមកចូលរួមនៅទីនេះ។ ចុងក្រោយនេះ ក៏សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕