សម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យ សម្ដេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលក្នុងវត្តច័ន្ទបុរីវង្ស ខណ្ឌព្រែកព្នៅ

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការកើតឡើងជាបន្តបន្ទាប់ នូវសមិទ្ធផលថ្មីៗ នៅក្នុងវត្តច័ន្ទបុរីវង្សដែលមានអាយុកាលប្រមាណជាង ៥០០ឆ្នាំមួយនេះ ហើយក៏ជាសក្ខីភាព នៃកម្លាំងមហាសាមគ្គីប្រកបដោយសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយរួម ជាមួយនឹងសម្តេច ទ្រង់ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ក្នុងការកសាងអភិវឌ្ឍទីអារាមសម្រាប់បម្រើឲ្យសេចក្តីត្រូវការជាក់ស្តែង និងជាកេរដំណែលដល់ជំនាន់ក្រោយៗយូរអង្វែងតទៅ។ ក្រោមបរិយាកាសអំណោយផល នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស និងការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យសាសនាត្រូវបានលើកតម្កើងតាមរយៈ ការបង្កលក្ខណៈគ្រប់យ៉ាងដល់ដំណើរគោរពប្រតិបត្តិជំនឿ ប្រកបដោយសិទ្ធសេរីភាពពេញលេញ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាបាននូវសុខុដុមនីយកម្មវិស័យសាសនានៅទូទាំងប្រទេសកម្ពុជា។ លោកបណ្ឌិត ហ៊ុន ម៉ាណែត…