សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោក ស្រី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល និងដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីឆ្នាំ ២០០៤ មក។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្មវិធីកែទម្រង់នេះ សម្រេចបានក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេសចំពោះវឌ្ឍនភាពថ្មីៗក្នុងរយៈពេល ៥ ឆ្នាំចុង ក្រោយដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័សទាំងនៅក្នុង និងក្រៅប្រទេសដែលខ្ញុំតែងហៅថា សភាពការណ៍ចល័ត។ ប្រការនេះបានផ្តល់ឱកាសឱ្យយើងបន្តការងារកែទម្រង់ផង និងធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» របស់យើងផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំណងប្រាថ្នាកើនឡើងឥតឈប់ឈររបស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ដំណាក់កាល ២ សំខាន់ ក្នុងការគាំទ្រនូវការសម្រេចឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈកាន់តែលំបាក និងកាន់តែស្មុគស្មាញឡើង។…