សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ ហៅក្មួយៗវាមិនសមទៀត
ក្មួយៗ ត្រូវជាឪពុកម្តាយនៅខាងក្រោមនោះទេ អានោះបានត្រូវ,
ចៅៗដែលជាជ័យលាភីនិទ្ទេស A ទាំងអស់,
សូមគោរពផងដែរ ចំពោះមាតាបិតា អាណាព្យាបាល ដែលខ្ញុំបានឆ្លៀតជួបនៅខាងក្រោមអម្បាញ់មិញនេះ!
ដរាបណាគណបក្សប្រជាជននៅតែឈ្នះឆ្នោត នៅតែបន្តការជួបជាមួយសិស្សនិទ្ទេស A និងកម្មករ/ការិនី
ថ្ងៃនេះ យើងមានពិធីជួបជុំគ្នាសារជាថ្មីម្តងទៀត ដូចដែលខ្ញុំបានបញ្ជាក់ប្រាប់កាលពីមុនៗហើយថា រៀងរាល់ឆ្នាំ គឺខ្ញុំត្រូវជួបជាមួយនឹងសិស្ស ដែលប្រឡងជាប់និទ្ទេស A ប៉ុន្តែ ចំណុចនេះក៏មានលក្ខខណ្ឌរបស់វាផងដែរ។ បើសិនជាយើងមិនស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីទេ បានសេចក្តីថា ទុកឱ្យនាយករដ្ឋមន្រ្តី ក្រោយ គេសម្រេចចិត្តខ្លួនគេថា ជួបឬមិនជួប រឿងរបស់គេ។ ដូចជាការជួបជាមួយកម្មករ/ការិនីដូចគ្នាដែរ នៅមុនការបោះឆ្នោតបានមកដល់ ខ្ញុំបានបញ្ជាក់ថា យើងផ្អាកមួយរយៈ ដើម្បីដំណើរការបោះឆ្នោត ហើយប្រសិនបើការបោះឆ្នោតនោះ គណបក្សប្រជាជនឈ្នះ ខ្ញុំទទួលបន្តជានាយករដ្ឋមន្រ្តី នឹងបន្តជួបជាមួយកម្មករតទៅទៀត។ ប៉ុន្តែ បើសិនគណបក្សប្រជាជនមិនឈ្នះទេ គឺទុកឱ្យអនាគតនាយករដ្ឋមន្រ្តីគេធ្វើការងារគេទៅចុះ ខ្ញុំមិនដណ្ដើមការងារគេនោះទេ។ ក៏ដូចគ្នាសម្រាប់សិស្សនិទ្ទេស A របស់យើង ឥឡូវវាច្បាស់ហើយថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្នុងអាណត្តិថ្មីនេះ បាន ២ ខែ ២ ថ្ងៃហើយ ថ្ងៃនេះទី ៨ អញ្ចឹងទេ រាជរដ្ឋាភិបាលបង្កើតនៅថ្ងៃ ៦ កញ្ញា ឥឡូវយើងបាន ២ ខែ ២ ថ្ងៃ បន្តទៀត ដែលជាការបន្តមុខតំណែងចាស់ ដែលបានធ្វើក្នុងរយៈពេលជាង ៣០ ឆ្នាំ រួចមកហើយ។
ជាមោទនភាពខ្លួនឯង និងក្រុមគ្រួសារផង និងជាមោទនភាពជាតិផងដែរ
ការជួបជុំរបស់យើងនៅថ្ងៃនេះ ដំបូងខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះចៅៗ ដែលបានប្រឡងជាប់ ហើយដែលទទួលចំណាត់ថ្នាក់ជាសិស្សពូកែក្នុងក្របខណ្ឌនិទ្ទេស A ដែលអាចចាត់ទុកថា វាស័ក្តិសមនឹងឡើងមកដល់វិមានសន្តិភាពនេះ។ ខ្ញុំក៏សង្ឃឹមថា អនាគតនាយករដ្ឋមន្រ្តីក្រោយខ្ញុំ គេអាចនឹងបន្តជំនួបបែបនេះតទៅទៀត ព្រោះនេះជាការលើកទឹកចិត្តដ៏ធំ ហើយជាមោទនភាពជាតិ មិនមែនគ្រាន់តែសម្រាប់ចៅៗនោះទេ ក៏ប៉ុន្តែ ក៏មានសម្រាប់ក្រុមគ្រួសារ សម្រាប់ភូមិ/ឃុំរបស់យើង សម្រាប់សាលារៀនរបស់យើង និងសម្រាប់បង្ហាញបញ្ជាក់អំពីវឌ្ឍនភាព នៃវិស័យអប់រំរបស់យើង។ កោតសរសើរចំពោះចៅៗ ដែលបានខិតខំទៅលើការរៀនសូត្រ ព្រោះមិនមែនគ្រាន់តែត្រូវឆ្លងកាត់ដំណាក់កាលត្រឹមតែមកប្រឡងទេ ប៉ុន្តែ វាច្បាស់ណាស់ថា វាត្រូវឆ្លងកាត់ការប្រឹងប្រែងតាំងពីក្រោមរហូតមក ជាពិសេស នៅក្នុងរយៈពេលនៃឆ្នាំដែលខ្លួនមុនប្រឡង។
វិភាជន៍ថវិកាទៅលើវិស័យអប់រំ និងសុខាភិបាលកាន់តែធំទៅៗ ដើម្បីមនុស្សជំនាន់ក្រោយ
សូមយកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ ក៏ដូចជា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងនៅក្នុងរយៈពេលកន្លងទៅ។ ពិតមែនតែថ្ងៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មិនបានចូលរួម ដោយសារជាប់បេសកកម្មនៅក្រៅប្រទេស ដែលមិនអាចកែប្រែបាន ប៉ុន្តែ អាណត្តិទី ៥ កន្លងទៅនេះ គឺជាអាណត្តិ នៃកំណែទម្រង់ដ៏ស៊ីជម្រៅមួយនៅក្នុងវិស័យអប់រំ ស្របនឹងការដាក់ចេញនូវគោលនយោបាយអាទិភាព អំពីវិស័យធនធានមនុស្ស ដែលថវិកាបានវិភាជន៍សំរាប់វិស័យអប់រំមានកំណើន ៣ ដងកន្លះ ដែលជាកំណើនកាន់តែធំទៅៗ។ យើងផ្តោតការយកចិត្តទុកដាក់សម្រាប់វិស័យអប់រំ។ គ្មានអ្វីសមធម៌ជាងការបែងចែកផ្លែផ្កា ដែលយើងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងការកសាងមនុស្ស ដែលរួមមានសាលារៀន និងមន្ទីរពេទ្យ។ យើងផ្តល់ថវិកាកាន់តែច្រើនទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីធ្វើឱ្យកូនចៅរបស់យើងកាន់តែមានសុខភាពល្អ កាន់តែមានភាពឈ្លាសវៃ ដែលថ្ងៃក្រោយទៅ ពួកគេនឹងបន្តពីពួកយើងជំនាន់ចាស់។
ទាំងសិស្ស និងអាណាព្យាបាល គួរចងចាំនូវគុណរបស់គ្រូបង្រៀន
ខ្ញុំពិតជាមានការរីករាយ អរគុណ និងកោតសរសើរជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ និងសាលារៀន គ្រឹះស្ថានសិក្សាទាំងអស់។ កោតសរសើរជាមួយនឹងលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យរបស់យើង ដែលបានប្រឹងប្រែងជម្នះនូវការលំបាក ដើម្បីផ្តល់ឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង ហើយនោះយើងត្រូវមើលឱ្យឃើញអំពីចំណុចខ្លាំងនេះ។ ទិវាគ្រូបង្រៀនទើបនឹងត្រូវបានធ្វើកាលពីថ្ងៃទី ៥ ខែ តុលា កន្លងទៅនេះ។ ចំណុចនេះ ចៅៗគួរតែត្រូវចងចាំ ហើយមាតាបិតា ក៏ត្រូវតែគួរចងចាំដែរ។ ការពិតទៅ គួរតែត្រូវរំលឹកចំណុចនេះបន្តិច។ លោកគ្រូ អ្នកគ្រូ ពេលខ្លះរង់ចាំតែទទួលកំហុសតែប៉ុណ្ណោះ គុណសម្បត្តិមិនសូវបានទេ។ បើសិនជាបង្រៀនទៅកូនគេរៀនពូកែ គេមិនផ្តល់នូវគុណសម្បត្តិសម្រាប់គ្រូបង្រៀនទេ គេថា ពូជអញវាពូកែអញ្ចឹង មិនមែនមកពីគ្រូទេ។ ប៉ុន្តែ ដល់ទៅកូនរៀនធ្លាក់ ថាអាហ្នឹងមកពីគ្រូអន់។ អញ្ចឹង ចំណុចនេះ យើងគួរមានការគួបផ្សំ រវាងសាលា និងគ្រួសារ។ នេះក៏ជាចំណុចដែលត្រូវបន្តទំនាក់ទំនង រវាងគ្រួសារ និងសាលារៀនឱ្យបានជាប់ ដែលជាបទពិសោធន៍ដ៏ល្អមួយ ក្នុងចំណោមបទពិសោធន៍ ដែលយើងមានតាំងពីយូរមកហើយ សម្រាប់ទំនាក់ទំនង រវាងសាលា និងគ្រួសារ ដែលគ្រូសង្កេតទៅលើសិស្ស ហើយបានបញ្ជូនទៅកាន់មាតាបិតា ដើម្បីធ្វើជាការផ្តល់មតិត្រឡប់មកវិញ។
ការរឹតបន្តឹងពេលប្រឡង បាននាំមកនូវការប្រែប្រួលក្នុងផ្នត់គំនិតសង្គមគ្រួសារ និងសង្គមជាតិទាំងមូល
ខ្ញុំសូមកោតសរសើរមាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានខិតខំអប់រំកូនចៅប្រឡងជាប់។ ចំណុចនេះ យើងអាចនិយាយបានថា សង្គមរបស់យើងចាប់ផ្តើមប្រែប្រួលនៅពេលដែលយើងចាប់ផ្តើមរឹតបន្តឹង ការប្រឡង។ ការរឹតបន្តឹងនេះបានធ្វើឱ្យមានការប្រែប្រួលយ៉ាងធំទូលាយ (និង)ស៊ីជម្រៅ ទៅក្នុងផ្នត់គំ និតនៃសង្គមគ្រួសារ ក៏ដូចជា សង្គមទាំងមូលតែម្តង។ កាលពីមុនយើងធ្វើកំណែទម្រង់ការរៀនសូត្ររបស់សិស្សមួយចំនួនណានោះ បន្ថែមទៅដោយការបណ្តែតបណ្តោយរបស់អាណាព្យាបាល ភាពធូររលុងនៃការប្រឡងនោះ បានធ្វើឱ្យសិស្សខ្វះការខិតខំ។ ឪពុកម្តាយ អាណាព្យាបាល ក៏ខ្វះការខិតខំ។ ប៉ុន្តែ នៅពេលដែលយើងចាប់ផ្តើម ដូចជាការរត់ និងលោតកម្ពស់ដូចគ្នាដែរ ត្រង់ថា ដើម្បីលោតឱ្យបានខ្ពស់ ត្រូវតែរត់ក្នុងល្បឿនមួយពីចម្ងាយ។ អញ្ចឹងទេ បានជាឆ្នាំ ២០១៦ ខ្ញុំបានធ្វើដំណើរជាង ៥ ពាន់គីឡូម៉ែត្រ ទៅតាមតំបន់មួយចំនួននោះ ក៏បានចុះធ្វើសាលារៀន ដូចជានៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តដទៃទៀត។ ពេលនោះ វាចំពេលវេលាដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ។ ដល់ទៅមានការបំប៉ន។ មិនមែនត្រឹមសិស្សថ្នាក់ទី ១២ ចូលមកបំប៉នទេ តែសិស្សថ្នាក់ទី ១១ ក៏ចូលរួមទៅបំ ប៉នដែរ ព្រោះដឹងថា ខ្លួននឹងត្រូវប្រឡងនៅឆ្នាំក្រោយហើយ។ ដូច្នេះ ក្នុងឱកាសនេះ ក៏សូមអបអរសាទរចំពោះការខិតខំរបស់មាតាបិតា អាណាព្យាបាលសិស្ស។
សន្តិភាពជំនួសសង្គ្រាម ការបែកបាក់ និងផ្តល់ឱកាសសិក្សាឱ្យកុមារ និងយុវជន
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំនៅក្នុងការការពារសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាយើង ក្រោមដំបូលនៃសុខសន្តិភាព ហើយនេះហើយជាផ្លែផ្កានៃសន្តិភាព។ បើគ្មានសន្តិភាពទេ វានឹងគ្មានសាលារៀន ហើយបើទោះជាមានសាលារៀន ក៏គ្មានសុវត្ថិភាពនៅក្នុងការរៀនសូត្រនោះទេ។ ទាំងគ្រូ ទាំងសិស្ស សុទ្ធតែរត់ជ្រកពួននៅក្នុងលេណដ្ឋាន ដែលយើងធ្លាប់ជួបប្រទះរួចមកហើយ។ គ្រូៗរបស់ចៅៗ ឬក៏គ្រូជំនាន់មុនថែមទៀត ពូកគាត់បានជួបប្រទះជាមួយនឹងការបង្រៀនសិស្ស ហើយត្រូវជម្លៀសសិស្សចេញពីការប្រយុទ្ធ។ សាលារៀនខ្លះមានលេណដ្ឋាននៅទីនោះ។ ប៉ុន្តែ ស្ថានភាពនេះបានប្រែប្រួលរយៈកាល ២០ ឆ្នាំ រួចមកហើយ ដែលឆ្នាំនេះខួបទី ២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវការឯកភាពទឹកដី។ ពុំមានស្នូរកាំភ្លើងណាគម្រាមកំហែង សម្រាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់ចៅៗនោះទេ។ មិនថានៅទីក្រុងភ្នំពេញ ឬនៅកន្លែងណានោះទេ គឺយើងធ្វើបានទាំងអស់។
សាលារៀនបានចូលរួមចំណែកក្នុងការអនុវត្តនូវនយោបាយភូមិ/ឃុំមានសុវត្ថិភាព
អាជ្ញាធរបស់យើង បានប្រឹងប្រែងចូលរួមដឹកនាំអនុវត្ត ក្នុងក្របខ័ណ្ឌនយោបាយភូមិ/ឃុំមានសុវត្តិភាព ដែលក្នុងហ្នឹង សាលារៀនក៏បានរួមចំណែកចូលរួមនៅក្នុងការអនុវត្តនូវនយោបាយភូមិ/ឃុំមានសុវត្ថិភាពនេះផងដែរ។ សាលារៀនភាគច្រើនដាច់ខាត គឺជាទីកន្លែងអប់រំបំបាត់គ្រឿងញៀន និងប្រឆាំងជាមួយគ្រឿងញៀន ដែលអាចចាត់ទុកថា ជាចំណុចដែលយើងត្រូវបន្តចាប់យកគោលដៅ ព្រោះថា អ្នកដែលបំពានគ្រឿងញៀន ក៏អាចមាននៅក្នុងចំណោមយុវជន យុវនារីរបស់យើង នៅតាមសាលារៀនផងដែរ។ ដូច្នេះ ការប្រើប្រាស់សាលារៀនធ្វើជាមូលដ្ឋាន សម្រាប់ការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន បូកថែមទៅដោយការដែលយើងប្រើប្រាស់បណ្ដារោងចក្រសហគ្រាសនានា ឱ្យក្លាយទៅជាសហគមសុខសាន្ត ហើយតំបន់ដែលគ្មានគ្រឿងញៀន ក៏អាចជាផ្នែកដ៏សំខាន់មួយ នៃការជួយទៅដល់សុវត្ថិភាពភូមិ/ឃុំរបស់យើង។
អភិបាលខេត្តទាំងអស់ត្រូវធានាសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅ/មក
កោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ថ្ងៃនេះ អភិបាលខេត្តស្ទើរតែទាំងអស់ត្រូវទទួលខុសត្រូវនូវការនាំមកនូវកូនចៅ ទាំងក្រុមគ្រួសារនេះ គឺជាការទទួលខុសត្រូវ ព្រោះនេះចៅៗជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី។ អ្នកជូនចៅៗសុទ្ធតែចៅហ្វាយខេត្ត។ បើចៅហ្វាយខេត្តមិនទទួលខុសត្រូវ(ធ្វើការងារហ្នឹង)ទេ ត្រូវពិន័យតែឥឡូវហ្នឹង។ អញ្ចឹងទេ ត្រូវនាំចៅៗហើយនិងឪពុកម្ដាយមកដល់នេះ រួចហើយត្រូវធានាថា ត្រឡប់ទៅវិញដោយសុវត្ថិភាព ព្រោះនេះឡើងមកដល់កន្លែងនេះ គឺត្រូវជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី។ កន្លែងនេះជាកន្លែងដែលធ្វើការរបស់រាជរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី។ កន្លែងនេះមិនមែនគ្រាន់តែជាទីកន្លែងប្រជុំនៅក្នុងស្រុកទេ កាលដែលយើងប្រជុំអាស៊ាន ប្រជុំអាស៊ីបូព៌ានៅកន្លែងនេះ ប្រជុំកន្លែងហ្នឹង។ ពិតហើយ កន្លែងរបស់យើងតូចមិនអាចដាក់អស់ ឪពុកម្ដាយ និងក្រុមគ្រួសារនោះទេ ក៏ប៉ុន្តែ ពួកគាត់នៅក្រោមក៏អាចមើលបាននូវការផ្សាយភ្ជាប់នៅទីនេះ ហើយឥឡូវហ្នឹងដូចជាកំពុងផ្សាយបន្តផ្ទាល់ផងដែរ នៅតាមស្ថានីយ៍មួយចំនួន ជាពិសេស គឺ Fresh News ដែលនិយមការផ្សាយបន្តផ្ទាល់។
គ្មានជោគជ័យណាមួយដោយខ្វះការចូលរួម
ខ្ញុំសូមយកឱកាសនេះផងដែរ ដើម្បីថ្លែងនូវការកោតសសើរ ចំពោះក្រុមការងាររបស់គណបក្សប្រជាជន ក្រុមសហភាពសហព័ន្ធយុវជន និងអង្គការមហាជនដទៃទៀត ដែលបានជួយទៅលើការបំប៉នសិស្សមុនពេលប្រឡង ដែលនេះវាបានក្លាយទៅទម្លាប់ ហើយទម្លាប់នេះ សូមឱ្យរក្សាទុកជាបន្តទៀត។ យុវជននៅតាមខេត្តនានា នៅតាមមូលដ្ឋាននានា បានចូលរួមដើម្បីធ្វើការបំប៉ន តាមរយៈការអញ្ជើញគ្រូដែលមានសមត្ថភាព ដើម្បីចូលរួមទៅដល់ការបំប៉នសិស្សមុនពេលចូលប្រឡង។ ទាំងអស់នេះបង្ហាញឱ្យឃើញអំពីការខិតខំរួមរបស់យើង រាប់ទាំងព្រះសង្ឃក៏បានចូលរួមយ៉ាងច្រើន នៅក្នុងចលនានេះផងដែរ។ គ្មានជោគ ជ័យណាមួយដោយគ្មានការចូលរួមនោះទេ។ ជោគជ័យនេះ គឺសម្រាប់ទាំងអស់គ្នា ប៉ុន្តែដំបូងបំផុត សម្រាប់ចៅៗខ្លួនឯងផ្ទាល់។
មានការព្រួយបារម្ភនៅថ្ងៃចេញលទ្ធផលប្រលងបាក់ឌុប ដោយសារបញ្ហាបច្ចេកទេស
ជាមួយនឹងការអបអរសាទរ សម្រាប់ចៅៗជានិទ្ទេស A និងក្រុមគ្រួសារ ក៏ដូចជា សាលាដែលមានសិស្សប្រឡងជាប់និទ្ទេស A សូមយកឱកាសនេះ ថ្លែងជូននូវការកោតសសើរ ចំពោះបេក្ខជនដែលបានប្រឡងជាប់ទាំង ៧៦,០៣៤ នាក់ ដែលបានប្រឡងជាប់នៅទូទាំងប្រទេសគ្រប់និទ្ទេសទាំងអស់។ ពិតហើយរអាក់រអួលពេលនោះ ខ្ញុំក៏មានការព្រួយបារម្ភដែរថា អ្វីពិតប្រាកដ? ប៉ុន្តែ ឆ្លងតាមរយៈនៃការខិតខំប្រឹងប្រែង យើងបានរកឃើញនូវកំហុសបច្ចេកទេសពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រ។ អញ្ចឹងបានថា ធ្វើការជាមួយម៉ាស៊ីនត្រូវតែប្រយ័ត្ន។ កូនប្រុសរបស់ខ្ញុំ ហ៊ុន ម៉ាណែត ដែលរៀនចប់នៅសាលា West point បណ្ឌិតសភាយោធាសហរដ្ឋអាមេរិច ត្រូវបានទូរទស្សន៍ជាតិកម្ពុជាធ្វើការសម្ភាសន៍ ពេលនោះដូចជា លោក ប៉ាង ណាត អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាសព្វថ្ងៃនេះ។ លោក ប៉ាង ណាត បានដាក់ជាសំណួរថា ហេតុអ្វីបានជាជ្រើសរើសយកមុខវិជ្ជាកងទ័ពជើងគោក ហើយផ្នែកវិស្វកម្មស៊ីវិល ផ្នែកវិស្វកម្ម មិនរៀនបើកយន្តហោះ? ម៉ាណែត បានឆ្លើយថា ពិបាកធ្វើការជាមួយគ្រឿងម៉ាស៊ីន។ ធ្វើការជាមួយមនុស្សល្អជាង។ នេះគឺជាចម្លើយត្រឹមត្រូវមួយ។
និយាយអញ្ចឹងមិនមែនបានសេចក្ដីថា មិនឱ្យមានមនុស្សរៀនបើកគ្រឿងចក្រនោះទេ។ ប៉ុន្តែ នេះគ្រាន់តែជាចំណុចមួយដែលយើងបានដឹង។ ពេលនោះ បើសិនជារកមិនទាន់ទេ ខ្ញុំគិតថា នឹងមានចលនាទាមទារឱ្យមានការប្រឡងឡើងវិញ ព្រោះអ្នកដែលទៅប្រឡងគណិតវិទ្យានៅក្រៅប្រទេសជាប់ទាំងលេខ ១ ទៅទៀត ចូលមកប្រឡងក្នុងប្រទេសវាធ្លាក់បាត់។ ស្រាប់តែឃើញកំហុសកុំព្យូទ័រ។ អញ្ចឹងទេ ត្រូវប្រយ័ត្ន។ ពេលខ្លះបូកលេខនឹងម៉ាស៊ីន។ ម្សិលមិញខ្ញុំបូកខ្លួនឯង បូកចុះ/ឡើងអាម៉ាស៊ីនវាអត់ដើរ ឱ្យធ្វើម៉េច? ខ្ញុំធ្វើខ្លួនឯង។ អ្វីក៏ដោយមានជំនួយស្មារតី ប៉ុន្តែ អ្វីដែលខ្ញុំចង់ធ្វើការសាកល្បង ខ្ញុំត្រូវប្រើម៉ាស៊ីនបូកលេខរបស់ខ្ញុំ ប៉ុន្តែម៉ាស៊ីនបូកលេខវាចេះគាំងដែរ។ ខ្ញុំចង់ដឹងទៅលើចំណុចខ្លះ។ បន្តិចទៀត ខ្ញុំនឹងបញ្ជាក់ចង្អុលបង្ហាញ។
វប្បធម៌ចែករំលែកបានជួយជ្រោមជ្រែងវិស័យអប់រំ
សូមឱ្យវប្បធម៌នៃការចូលរួម ជំរុញវិស័យអប់រំសិក្សាធិការរបស់យើង ឱ្យមានចលនាបែបនេះតទៅទៀត។ ថ្ងៃនេះ ខ្ញុំក៏សូមអរគុណចំពោះ លោកឧកញ៉ា លាង ឃុន ក្រុមហ៊ុន ជីបម៉ុង។ ម្សិលមិញបានធ្វើផ្លូវមួយខ្សែ ៦ លានដុល្លារ(អាមេរិក) នៅឯខេត្តតាកែវ។ រៀងរាល់ឆ្នាំ តែងតែជួយខ្ញុំដោះស្រាយបញ្ហា iPad នេះ។ នេះមិនមែនប្រើថវិកាជាតិទេ គឺថវិការបស់ក្រុមហ៊ុន(ជីបម៉ុង) ដែលមានបំណងចូលរួមនូវក្នុងការលើកទឹកចិត្ត ទៅដល់ចៅៗដែលប្រឡងជាប់។ ឆ្នាំនេះជាឆ្នាំទី ៥ ហើយ។ អស់លុយក៏មិនតិចលានដុល្លារដែរ។ នេះអស់ប៉ុន្មានសែនដុល្លារ? ៨០០ លានរៀល ស្មើនឹង ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ ៥ ឆ្នាំ កន្លងទៅអស់ប្រហែលជិត ១ លានដុល្លារ(អាមេរិក) ហើយមើលទៅ។ ត្រូវជួយ ១០ ឆ្នាំទៀត ព្រោះខ្ញុំនៅ ១០ ឆ្នាំទៀត។ ចៅៗ តានៅ ១០ ឆ្នាំ ទៀតបានអត់? បាន។ ចៅៗខ្លះបានចូលរួមបោះឆ្នោតនៅឆ្នាំនេះ ចៅៗខ្លះនឹងត្រូវបោះឆ្នោតនៅឆ្នាំអាណត្តិបន្ទាប់។ តាឈរ(ឈ្មោះ)តែឆ្នាំ ២០២៣ ទេ។ (ឆ្នាំ)២០២៨ មិនទាន់ធ្វើការសម្រេចទេ។ ប៉ុន្តែ ពេលនោះ (ឆ្នាំ) ២០២៨ អាយុជាង ៧០ (ឆ្នាំ)ហើយ។ ដូច្នេះ ច្រើនណាស់។ អញ្ចឹង ប្រហែលជាលទ្ធភាពនឹងដកថយ។
យើងគិតដំណើរឆ្ពោះទៅរកការជួបជាមួយកម្មករ គឺត្រូវធ្វើរយៈពេល ១០ ឆ្នាំ ឯជួបជាមួយសិស្សនិទ្ទេស A ក៏ត្រូវជួបរយៈពេល ១០ ឆ្នាំទៀតដែរ។ អញ្ចឹង លោកឧកញ៉ា ក្រុមហ៊ុនមិនដួលរលំទេ ព្រោះក្រុមហ៊ុនហ្នឹងធំណាស់ មានរោងចក្រស៊ីម៉ង់ត៍ រោងចក្រស្រាបៀរធំជាងគេនៅស្រុកខ្មែរ មានផ្ទះល្វែងកសាង មានផ្សារទំនើប មានមុខរបរច្រើនណាស់ គ្រាន់តែប៉ុណ្ណឹងមិនពិបាកទេ។ សិល្បៈនៃការចែករំលែករបស់ប្រជាជនកម្ពុជាលើបញ្ហានេះ មានជាយូរលង់មកហើយ ហើយសិល្បៈនៃការចែករំលែកនេះ អត់មានអីខុសឆ្គងទេ។ សាលារៀនរបស់យើង បើមិនមានការចូលរួមពីសិល្បៈនៃការចែករំលែកទេ ឬហៅថាវប្បធម៌នៃការចែករំលែក យើងមិនអាចមានសាលារៀនគ្រប់គ្រាន់នោះទេ។ អញ្ចឹងទេ បានជាយើងត្រូវបន្ដការសាមគ្គីគ្នា ដើម្បីចូលរួមអភិវឌ្ឍ ក្នុងហ្នឹងធនធានមនុស្សជាដំណើរការដ៏សំខាន់របស់ប្រទេសរបស់យើង។ ចៅៗត្រូវបន្ដការខិតខំ។ បន្ទាប់ពីនេះទៅ ចៅៗនឹងត្រូវជ្រើសរើសហើយ តើនៅសាលាណា? នៅមហាវិទ្យាល័យណា? ហើយផ្នែកណា? គឺចៅៗមានសេរីភាពជ្រើសរើសដោយខ្លួនឯង។
អំពាវនាវគ្រប់គ្រឹះស្ថានឧត្តមសិក្សា និងសប្បុរសជននានា ជួយផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A
ខ្ញុំអំពាវនាវជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សានានា សប្បុរសជននានា សូមមេត្ដាជួយផ្ដល់អាហារូបករណ៍ សម្រាប់សិស្សនិទ្ទេស A របស់យើងជាង ៤០០ នាក់។ ខ្ញុំគិតថា យើងអាចធ្វើបាន។ មួយចំនួនដែលឪពុកម្ដាយធូរធារមិនជាលំបាកទេ ដែលធ្វើការរៀនបង់ថ្លៃ ប៉ុន្ដែ សម្រាប់អ្នកជួបការលំបាក គ្រឹះសា្ថនឧត្តមសិក្សានានា អាចផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិទ្ទេស A បន្ថែមលើនោះ តាមខេត្ដនានា សប្បុរសជនក៏អាចចូលរួមដោះស្រាយបញ្ហានេះបានដែរ ដើម្បីប្រើប្រាស់ឱ្យអស់សក្ដានុពលនៃយុវជន ដែលទើបប្រលងជាប់នេះ ឱ្យក្លាយទៅជាបញ្ញវ័ន្ដពិតៗ ដោយឆ្លងកាត់ដំណាក់កាលប្រឡងដ៏តឹងតែង ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការជ្រើសរើសរបៀបណា ចំណុះទៅលើចៅៗ ដោយពិភាក្សាជាមួយមាតាបិតា អាណាព្យាបាលរបស់ចៅៗ។ នៅក្នុងចំណោមហ្នឹង មានក្មួយខ្ញុំម្នាក់ជាប់និទ្ទេស A ដែរ ជួបជីដូនមួយនៅខាងក្រោមអម្បាញ់ម៉ិញ កូនរបស់ ឌី ជាតិ មួយណា? នេះមិនមែនមកពីពូជទេ មកពីគេប្រឹងរៀន។ បើទោះបីជាជីដូនមួយជាមួយនាយករដ្ឋមន្ដ្រីមែន ប៉ុន្ដែ ឪពុកម្ដាយរបស់គេធ្វើជាកម្មករទេ។ ចំណុចនេះក៏ចង្អុលបង្ហាញថា នាយករដ្ឋមន្ដ្រីមួយនេះ មិនមែនសុទ្ធតែយកបងប្អូនមកតែងតាំងឱ្យធ្វើការងារនោះដែរ។
រាល់ការតែងតាំងផ្អែកទៅតាមសមត្ថភាព
ខ្ញុំបានមើលនូវការសង្ខេបមួយនៃសារព័ត៌មាន ដែលគេបញ្ជូនមកព្រឹកមិញ ឯកឧត្តម ស្វាយ ស៊ីថា បានបញ្ជូនមកទាក់ទិននឹងរឿង លោក ហ៊ុន សែន តែងតាំងកូន។ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើកូនរបស់ខ្ញុំវាជាមនុស្សទេ? វាជាពលរដ្ឋដូចគេទេ? សូមពិនិត្យមើល បងប្រុសរបស់ខ្ញុំម្នាក់ អត់ទាំងដែលលឺឈ្មោះផង។ បងបង្កើត។ តែគេមិនមានសមត្ថភាពសូម្បីតែធ្វើប្រធាននាយកដ្ឋានក៏ធ្វើមិនបានផង។ អស់ខ្ពស់ហើយត្រឹមអនុប្រធាននាយកដ្ឋាន។ បងបង្កើត។ កាលពីមុនផ្ទះរបស់គេនៅក្បែរវិមានឯករាជ្យ។ ខ្ញុំថា អញ្ចឹងធ្វើរដ្ឋមន្ដ្រីក្រសួងវិមានឯករាជ្យតែម្តងទៅ។ ហ្នឹងជាបងបង្កើត។ បងប្អូនបង្កើតរបស់ខ្ញុំមានតែមួយទេ បើនិយាយឱ្យពិត គេពូកែជាងខ្ញុំទៅទៀត គឺបានត្រឹមធ្វើជាអភិបាលខេត្ដកំពង់ចាម ឥឡូវ ចូលនិវត្ដន៍ ហើយមកធ្វើជាតំណាងរាស្ដ្រ។
ហ្នឹងស្ថិតនៅលើសមត្ថភាពរបស់គេ។ គ្រាន់តែប៉ុណ្ណឹងអាចយល់បានអំពីចរិតរបស់ ហ៊ុន សែន ហើយ។ បងដូចគ្នា បងមួយបងបង្អស់ ប៉ុន្ដែសមត្ថភាពមានកម្រិត។ ពិសេស អាពត វាយត្រូវសរសៃនៅឆ្នាំ ១៩៧៩ ពេលរំដោះហើយ អាពត ចូលមកវិញចាប់វាយ។ មិនមែនជាជំងឺឡប់អីទេ ប៉ុន្ដែសមត្ថភាពមានកម្រិត។ ប្អូនៗរបស់ខ្ញុំគ្មានអ្នកណាធ្វើធំទេ។ ជីដូនមួយបង្កើតកំពុងធ្វើកម្មកររោងចក្រនៅស្ទឹងមានជ័យ នៅផ្លូវវេងស្រេង។ ឥឡូវ មានក្មួយម្នាក់ដែលជាប់និទ្ទេស A ដែរ។ កុំអីខ្ញុំអត់ដឹងទៀត ប៉ុន្ដែ ខ្ញុំចូលទៅ ស្រាប់តែចេញមកពីរនាក់ប្ដីប្រពន្ធ ថាកូនជាប់និទ្ទេស A មួយដែរ។ អញ្ចឹងតើខ្ញុំជាអ្នកទៅឱ្យពិន្ទុឬអី? តិចតែមិនស្រួលថា មានក្មួយ លោក ហ៊ុន សែន មួយជាប់និទ្ទេស A ដែរ តាមរយៈការសូកប៉ាន់ទៀត។ បើដាក់អញ្ចឹងមានតែបំផុសគ្រូមួយប្រទេសឱ្យធ្វើបាតុកម្មដេញវាយតែម្ដងអាហ្នឹង អាហ្នឹងវាចូលដល់ចោទគ្រូ។
និយាយដល់រឿងតែងតាំងកូនខ្ញុំ សុទ្ធតែថ្នាក់បណ្ឌិត អនុបណ្ឌិត តើយកវាមកបោះចោលឬស្អី? តើឱ្យការងារគេធ្វើបានទេ? កូនរបស់មន្ដ្រីរាជការនានា គេក៏បានទទួលបានការបណ្ដុះបណ្ដាល។ អញ្ចឹង យកទៅណា? ខ្ញុំសូមជម្រាប បក្សប្រឆាំងខ្លះដែលមកលួចចុះចូលជាមួយខ្ញុំ មកពេលណាក៏ដោយ តែងតែកាន់មកនូវសំណុំរឿងអន្ដរាគមន៍ សុំឱ្យអ្នកនេះឡើងទៅនេះ អ្នកនេះចូលទៅនេះ។ ខ្ញុំមិនចាំបាច់និយាយឈ្មោះព្រោះគេចូលដោយលួចលាក់។ បានខ្ញុំចេះតែគិតថា ឯងទិតៀនអញក៏ចេះតែទិតៀនទៅ ដល់ឯងចេះតែកាន់ស្អីប្រវត្ដិរូបយកមក សុំឱ្យអ្នកនេះឡើងទៅនេះ ហើយឡើងមិនចេះតិចទេ សុទ្ធតែចូលទៅក្រសួងហិរញ្ញវត្ថុ ចូលទៅខាងពន្ធដារ។ ចូលទៅខាងគយ។ អានេះពូកែខាងសុំ។ តែយើងតែងតាំងកូនយើង ដែលគេជាពលរដ្ឋម្នាក់ គេជាជាមន្ដ្រីម្នាក់ ឬក៏ជាទាហានម្នាក់ គេថា ដើម្បីពង្រឹងអំណាច។ វាទៅជាអញ្ចេះ។ ប៉ុន្ដែ យើងបញ្ជូនគេទៅបណ្ដុះបណ្ដាល តើបណ្ដុះបណ្ដាលយកមកធ្វើអី?
ក្មួយៗរបស់ខ្ញុំមានតិចណាស់ ដែលធ្វើការងារក្នុងរាជការ។ អាមួយកំពុងជាប់គុកនៅព្រៃស។ ប៉ុន្ដែ មើលៗផងតិច អាជា រួចពីគុកវិញ។ រឿងអីទៅបាញ់? ច្បាប់មិនអនុញ្ញាតទេ។ ក្មួយបង្កើត។ យើងបានហាមឃាត់រឿងបញ្ហាបាញ់។ បើយើងដាក់ទោសអ្នកណាយ៉ាងម៉េច យើងត្រូវដាក់អាសាច់ញាតិឯង កូនខ្លួនឯងក៏ត្រូវតែដាក់ដែរ។ ខ្ញុំសុខចិត្ដយកបាយទៅឱ្យវានៅកន្លែងឃុំឃាំង។ ឱ្យវាជាប់គុកសិន។ ឱ្យត្រូវតាមច្បាប់។ អញ្ចឹង សរុបមក អ្នកដែលមានលទ្ធភាព (និងមានសមត្ថភាព) គឺជាអ្នកដែលទទួលបានការងារ។ ដូចជាការប្រឡងអញ្ចឹង ពីមុនលួចចម្លងលួចអីអញ្ចឹងទៅ។ ហើយបាញ់ប្រ៊ុយយ៉ុងចូលតាមបង្អួច តាមស្អី លាក់ស្អីពេញទឹកពេញដី។ ឥឡូវ ទ្រឹស្ដី “ចេះទើបជាប់ បើមិនចេះអត់ជាប់”។
អ្នកធ្លាក់សូមបន្ដការខិតខំប្រឹងប្រែងសម្រាប់ការប្រឡងលើកក្រោយ
ខ្ញុំក៏សូមយកឱកាសនេះ ជូនសារទៅចៅៗដែលប្រឡងមិនជាប់ សូមបន្ដការខិតខំរៀនបន្ដទៀត។ ឆ្នាំក្រោយត្រូវប្រឡង។ ប៉ុន្ដែ ខ្ញុំឃើញមានគ្រួសារមួយដែលប្រើវិធីសាស្ដ្រ ដែលអាចចាត់ទុកថា ជាវិធីសាស្ដ្រមួយដ៏ល្អ កូននៅតែបន្ដឱ្យខិតខំរៀនទី ១២ ដើម្បីសម្រាប់ប្រលងទី ១២ នៅឆ្នាំក្រោយ។ ប៉ុន្ដែ ទន្ទឹមគ្នាក៏ទៅរៀនបរិញ្ញបត្ររងនៅសាលាមួយ។ អញ្ចឹង វាក៏ជាផលចំណេញមួយដែរ ព្រោះយើងបើកឱកាសឱ្យសិស្ស ដែលមិនអាចរៀនចប់មធ្យមសិក្សាទុតិយភូមិ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង។ អញ្ចឹង នៅពេលដែលគេទៅទន្ទឹមគ្នា រៀនបរិញ្ញាបត្ររង ប៉ុន្តែ ទន្ទឹមគ្នាគេរៀនដើម្បីប្រឡងបាក់ឌុប។ ដល់ប្រឡងបាក់ឌុបជាប់ អានេះចំណេញឆ្នាំតែម្តង។ ហក់ទៅយកបរិញ្ញាបត្រ ឬក៏លើនោះទៀតផង។ អាចថាអាហ្នឹង គឺទៅតាមលទ្ធភាពរបស់ក្មេង និងរបស់មាតាបិតាផងដែរទេ។
ស្រ្តី/កុមារី ទទួលការបណ្តុះបណ្តាលកាន់តែល្អ/ខ្ពស់ និងមានគុណភាព
យើងរួមគ្នាសប្បាយរីករាយ ហើយយើងក៏គួរត្រូវទៅមើលលើបញ្ហាទាក់ទិនជាមួយនឹង អំពីបញ្ហាយេនឌ័រតែម្តង។ ឆ្នាំមុនតែងតែលើកទៀត ឆ្នាំនេះត្រូវយកវាមកគិត។ ថ្ងៃក្រោយ ស៊ាន ប៉ូរ៉ាត ដើម្បីកុំឱ្យខ្ញុំពិបាកប្រើអាម៉ាស៊ីនបូកលេខ ជួយរៀបចំឱ្យខ្ញុំផង។ ត្រង់នេះជាចំណុច ដែលក្រសួងកិច្ចការនារី ក៏ដូចជា ផ្នែកទាក់ទងជាមួយនឹងបញ្ហាសមភាពយេនឌ័រនោះ យកចិត្តទុកដាក់តាមដានឱ្យបានដិតដល់។ ដែលខ្ញុំធ្លាប់និយាយថា នៅក្នុងកម្រិតចំណេះទូទៅ សមាមាត្រនៅប្រហាក់ប្រហែលគ្នា បរិញ្ញាបត្ររង បរិញ្ញាបត្រ សមាមាត្រស្រ្តីធ្លាក់ចុះ បុរសរីក។ ទៅថ្នាក់ខ្ពស់ជាង(នេះ)ទៀត ស្រ្តីកាន់តែតិច បុរសចំនួនច្រើន ដោយសារទំនៀមទម្លាប់ប្រពៃណីរបស់យើងផង។ នៅយូរពេកគេថាក្រមុំចាស់ វាត្រូវតែយកប្តី។ ដល់យកប្តីវាជាប់កូន។ មានកូន។ ដល់មានកូនមិនបានបន្តទៅការសិក្សាទៀតទេ។ មានអ្នកខ្លះក៏ប្រឹងប្រែងទៅទទួលការបណ្តុះបណ្តាល។
ឆ្នាំនេះ ចំនួនសិស្សជានារី ជាប់ច្រើនជាងសិស្សជាបុរស
ឆ្នាំនេះ បញ្ហាដែលគួរឱ្យលើកទឹកចិត្តបន្ថែមទៀតនោះ បើទោះបីជានិស្សិត សិស្សនិទ្ទេស A ចំនួនបុរសច្រើនជាងស្រ្តីក៏ដោយចុះ កុំភ្លេចថា សិស្សដែលប្រឡងជាប់ទាំងអស់ ចំនួនសិស្សជានារីចំនួនលើសបុរសរហូតទៅដល់ ៣.៧៤៨ នាក់។ កុំភ្លេចអាកន្លែងហ្នឹង។ ចាញ់ គឺចាញ់អានិទ្ទេស A ចាញ់ ២០ នាក់។ បានសេចក្តីថា ៤០៨ នាក់ នារីមាន ១៩៤ នាក់។ អញ្ចឹង នារីចាញ់បុរសតែ ២០ នាក់ ក្នុងនិទ្ទេស A។ ប៉ុន្តែ បើនិយាយសរុបរួម ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ដែលប្រឡងជាប់ ៧៦.០៣៤ នាក់ ក្នុងនោះមាននារី ៣៩.៨៩១ នាក់ ច្រើនជាងបុរសរហូតទៅដល់ ៣.៧៤៨ នាក់។ ឥឡូវ និយាយពីនិទ្ទេស A នារី តិចជាងបុរស ២០ នាក់ ប៉ុន្តែ ដល់ទៅនិទ្ទេស B វិញ នារីច្រើនជាងបុរស ៣៨ នាក់។ ដល់ទៅនិទ្ទេស C ស្រីច្រើនជាងបុរស ៦៣៣ នាក់។ កាន់តែច្រើន។ ដល់ទៅនិទ្ទេស D ស្រីច្រើនជាងបុរស ១.៩៩៦ នាក់។ ដល់ទៅអានិទ្ទេសចុងក្រោយបែរជាប្រុសច្រើនជាងស្រីវិញ។ យើងត្រូវឃើញ ប្រុសច្រើនជាង ស្រ្តីតិចជាងចំនួន ៨១៩ នាក់។ អញ្ចឹង ថ្ងៃក្រោយ ស៊ាន ប៉ូរ៉ាត គិតឱ្យខ្ញុំផងអំពីចំនួនហ្នឹង។ គិតជាភាគរយ។ ខ្ញុំត្រូវសិក្សាចំណុចហ្នឹងដែរ។ បញ្ហារបស់យើង គឺកំពុងជម្រុញធ្វើម៉េចឱ្យកុមារី ឱ្យយុវនារី បានទទួលការបណ្តុះបណ្តាលកាន់តែខ្ពស់/ល្អ។ អញ្ចឹង នេះវាជាជោគជ័យមួយ នៅក្នុងនយោបាយអំពីបញ្ហាសមភាពយេនឌ័ររបស់យើងនៅក្នុងវិស័យអប់រំហ្នឹងតែម្តង។
និយាយពីចំនួនសិស្សជាប់និទ្ទេស A ទាំង ២០ ខេត្ត/ក្រុង
ឥឡូវ ខ្ញុំនិយាយពីខេត្តទាំង ២០ រឿងនេះ គួរតែត្រូវចាប់អារម្មណ៍។ ខេត្តទាំង ២០ ដែលមានសិស្សជាប់និទ្ទេស A កុំភ្លេចថា ឥឡូវ រាជធានីភ្នំពេញចំនួន ១៨៣ នាក់ ក្នុងនោះ នារី ៨៤ នាក់ មានន័យថា រាជធានីភ្នំពេញមានបុរស យុវជន ជាប់ច្រើនជាងនារី។ ប៉ុន្តែ ខេត្តសៀមរាប យើងពិនិត្យមើល ខេត្តសៀមរាបជាប់ ៣១ នាក់ នារី ១៨ នាក់ មានន័យថា នារីច្រើនជាង។ ខេត្តកណ្តាលជាប់ ២៦នាក់ នារី ១៥ នាក់ មានន័យថា នារីច្រើនជាងទៀត។ ខេត្តតាកែវជាប់ ២៤ នាក់ នារី ៩ នាក់ នារីតិចជាង បុរសច្រើនជាង។ ខេត្តបាត់ដំបងជាប់ ២៣ នាក់ នារី ៩ នាក់ បានសេចក្តីថា យុវជនច្រើនជាង។ ខេត្តកំពង់ចាមជាប់ ២២ នាក់ នារី ១១ នាក់ គឺស្មើគ្នា។ ខេត្តកំពតជាប់ ១៧ នាក់ នារី ៩ នាក់ មានន័យថា នារីច្រើនជាង។ ខេត្តបន្ទាយមានជ័យជាប់ ១៣ នាក់ នារី ៣ នាក់ បានសេចក្តីថា បុរសច្រើនជាង។ ខេត្តកំពង់ធំជាប់ ១១នាក់ នារី ៦ នាក់ នារីច្រើនជាង។ ខេត្តត្បូងឃ្មុំជាប់ ១១ នាក់ នារី ៦ នាក់ បានសេចក្តីថា នារីច្រើនជាង។ ខេត្តកំពង់ឆ្នាំងជាប់ ១០ នាក់ នារី ៧ នាក់ គឺច្រើនជាង ច្រើនដាច់តែម្តង។ ខេត្តព្រៃវែងជាប់ ១០ នាក់ នារី ៥ នាក់ គឺស្មើគ្នា ៥ និង៥។ ខេត្តកំពង់ស្ពឺជាប់ ៧ នាក់ នារី ៣ នាក់ គឺបុរសច្រើនជាង។ ខេត្តក្រចេះជាប់ ៧នាក់ នារី ៣ នាក់ បុរសច្រើនជាង។ ខេត្តពោធិ៍សាត់ជាប់ ៤ នាក់ នារី ១ នាក់ បុរសច្រើនជាង។ ខេត្តព្រះសីហនុជាប់ ៣ នាក់ នារី ២ នាក់ គឺនារីច្រើនជាង។ ខេត្តស្វាយរៀងចំនួន ៣ នាក់ នារី នាក់ បុរសច្រើនជាង។ ខេត្តព្រះវិហារចំនួន ១ នាក់ ជានារី ស៊ីដាច់ ១០០% តែម្តង។ ខេត្តរតនគិរី ១ នាក់ ជាបុរស ស៊ីដាច់ ១០០% វិញ។ ខេត្តស្ទឹងត្រែងជាប់ ១ នាក់ ជានារី ស៊ីដាច់ ១០០%។ បូកសរុបទៅ ៩.៩.២ បានសេចក្តីថា ៩ ខេត្ត នារីនាំមុខ។ ៩ ខេត្ត បុរសនាំមុខ។ ២ ខេត្ត ស្មើ។ សំខាន់ គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នារីនាំមុខដាច់តែម្តង …។
វិស័យអប់រំរបស់យើងមានវិសាលភាពគ្របដណ្តប់ដូចៗគ្នា
ស្ថានភាពនេះ អាចពន្យល់បានរបៀបម៉េច? ប៉ុន្មានឆ្នាំរួចមកហើយ រហូតមកដល់ពេលនេះ អាចពន្យល់បានថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺផ្តល់ឱកាសឱ្យដូចៗគ្នាហើយ មិនមែនផ្តល់ឱកាសសម្រាប់តែអ្នកនៅទីក្រុងភ្នំពេញ ឬក៏ខេត្តដែលនៅខាងលើទេ។ ឆ្នាំទៅ (និង)ឆ្នាំទៅមួយ មានមណ្ឌលគិរី មានខេត្តនានា។ អញ្ចឹងទេ ឆ្នាំនេះក៏មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីក៏មានដែរ។ ដូច្នេះ បានសេចក្តីថា វិស័យអប់រំរបស់យើងមានវិសាលភាពគ្របដណ្តប់ដូចៗគ្នា។ ត្រង់នេះហើយ ដែលជាផ្លែផ្កាពិតប្រាកដ នៃសន្តិភាព។ ចង្អុលបង្ហាញបញ្ជាក់ហើយបញ្ជាក់ទៀត។ កាលពីដើម តំបន់ឧត្តរមានជ័យ និងព្រះវិហារនោះហើយជាកន្លែងវាយគ្នា។ បាត់ដំបងជាកន្លែងវាយគ្នា។ បន្ទាយមានជ័យជាកន្លែងវាយគ្នា។ ឥឡូវ បើទោះបីជាខេត្តខ្លះមិនជាប់និទ្ទេស A ពេលនេះ សង្ឃឹមថា នឹងជាប់នៅឆ្នាំក្រោយ។ កាលពីឆ្នាំមុនដូចមានជាប់។ ប៉ុន្តែ ជាទូទៅគ្រប់និទ្ទេសទាំងអស់ សុទ្ធតែមានជាប់នៅគ្រប់ខេត្ត។
គ្មានសន្តិភាព មិនអាចធ្វើអ្វីបានទេ
នោះហើយជាចម្លើយពិតប្រាកដដែលប្រាប់ថា មានតែសន្តិភាពប៉ុណ្ណោះ ទើបដោះស្រាយបានបញ្ហា។ គ្មានសន្តិភាពមិនអាចធ្វើអីកើតទេ។ អញ្ចឹងទេ ដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបាន។ បើការពារសន្តិភាពមិនបានហើយ មិនបាច់ធ្វើអីទេ។ ជីវិតខ្លួនឯងក៏ការពារវាមិនបានផង ព្រោះគ្រាប់កាំភ្លើងវាមិនដែលស្គាល់អ្នកណាទេ។ អញ្ចឹង ការញុះញង់ដើម្បីបំផ្លាញសន្តិភាព មិនត្រូវបានទទួលការអត់ឱទេ។ ការបំផ្លាញតាមរយៈរដ្ឋប្រហារយោធា ឬតាមរយៈបដិវត្តពណ៌ ឬមធ្យោបាយផ្សេងទៀត ដែលមិនមែនតាមលក្ខណៈប្រជាធិបតេយ្យ មិនត្រូវទទួលការអត់ឱនដាច់ខាតហើយ។ អ្នកឯងចង់ថាអីចង់ចុះ តែខ្ញុំត្រូវការពារជីវិតប្រជាជនកម្ពុជាឱ្យបាន ព្រោះយើងស្លាប់ប្រជាជនច្រើនណាស់ហើយ។ ចង់អ្នកណាគេថាខ្ញុំម៉េចថាទៅ ក៏ប៉ុន្តែ អ្នកដែលថាឱ្យខ្ញុំ ក៏គង់ទទួលសេចក្តីសុខពីនយោបាយរបស់ខ្ញុំដែរ។ គេក៏បានរស់រានមានជីវិតដោយសារចលនាតស៊ូរបស់គណបក្សប្រជាជន បានជាគេរស់រានមានជីវិតតកូនតចៅ។ កើតមកដល់ចៅរបស់គេថែមទៀត។ យើងអស់សាលារលីង។ សាលាត្រូវពួក ប៉ុល ពត យកមកធ្វើចង្ក្រានបាយ យកធ្វើគុក។ ឧទាហរណ៍៖ នៅទីក្រុងភ្នំពេញ វិទ្យាល័យបឹងត្របែករបស់យើង ក្លាយទៅជាកន្លែងប្រល័យពូជសាសន៍។ ទួលស្លែង អាណោចអាធ័ម សម្រាប់ប្រទេសរបស់យើង។ ដូច្នេះ នៅពេលដែលចៅៗបន្តការសិក្សា ចៅៗកុំភ្លេចប្រវត្តិដើមដ៏ជូរចត់។ ហើយកុំឱ្យប្រវត្តិដើមនោះវាវិលត្រឡប់មកវិញ។ រួមគ្នាទប់ស្កាត់ទៅលើបញ្ហានេះ។
ហេដ្ឋារចនាសម្ព័ន្ធ និងអគារសិក្សា ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ
ខ្ញុំអរគុណជាមួយនឹងការខិតខំទាំងអស់ពីសំណាក់តួអង្គពាក់ព័ន្ធ ដើម្បីនាំប្រទេសជាតិយើងមកដល់ដំណាក់កាលនេះ។ តែយើងក៏នៅមានបញ្ហាប្រឈមត្រូវដោះស្រាយតទៅទៀត។ យើងនៅមិនទាន់មានសាលារៀនគ្រប់គ្រាន់ទេ។ ដល់កំណើនសិស្សកើនឡើង ត្រូវបន្តការវិនិយោគកសាងសាលារៀនថ្មី អគារថ្មី។ តំបន់ដែលប្រជាជនទៅតាំងទីលំនៅថ្មីៗ ត្រូវរុញសាលាទៅទៀត។ ឆ្នាំ ២០១២ យើងបានវាស់ដីជូនប្រជាពលរដ្ឋជិត ២ លានហិកតា ឯណោះ។ ហើយដែលខ្ញុំចុះទៅមើលតម្រូវការនៅទីនោះ រួមមានផ្លូវថ្នល់ ការដោះស្រាយ ទាក់ទងនឹងការដឹកជញ្ជូនលើផ្លូវថ្នល់ ដើម្បីតភ្ជាប់ទៅតំបន់នោះ។ ការដោះស្រាយទឹក។ ការដោះស្រាយសាលារៀន និងការដោះស្រាយមន្ទីរពេទ្យជាបន្តទៀត។ នៅតំបន់ទាំងនោះ សាលារៀនខ្លះក៏ចាស់ទ្រុឌទ្រោមហើយ កន្លែងខ្លះក៏ជួសជុលបានក៏ខិតខំជួសជុល កន្លែងខ្លះក៏ជួសជុលលែងបានត្រូវកសាងថ្មី។ យើងមានតម្រូវការ។
នៅពេលខាងមុខ ការបណ្តុះបណ្តាលគ្រូនៅតាមភូមិភាគឈានដល់ ១២ បូក ៤
យើងត្រូវពង្រាយគ្រូបង្រៀនតទៅទៀត ដើម្បីឱ្យគ្រូបង្រៀនរបស់យើងគ្រប់ដណ្តប់ទៅគ្រប់ទីកន្លែងដូចៗគ្នា ដែលមុននេះយើងប្រើវិធី “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” ប៉ុន្តែឥឡូវនេះ វាមិនអញ្ចឹងទេ បរិញ្ញាបូកមួយត្រូវធ្វើនៅទីក្រុងភ្នំពេញ។ ១២+២ ត្រូវធ្វើនៅតាមខេត្ត/តាមភូមិភាគ។ ហើយនៅពេលខាងមុខ គម្រោងក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបណ្តុះបណ្តាលគ្រូនៅតាមភូមិភាគ ១២+៤ តែម្តង។ ដែលក្មួយៗជាប់បាក់ឌុកហើយនោះ នឹងត្រូវប្រឡងចូលដើម្បីធ្វើគ្រូ។ ឆ្លងកាត់ការបណ្តុះបណ្តាល មាន ១២+២ និង ១២+៤ ដែលវាទៅជាស្តង់ដាមួយ សម្រាប់ការពង្រាយគ្រូទៅគ្រប់ទីកន្លែងឱ្យបានដូចៗគ្នា។ ការដូចៗគ្នានោះហើយ ដែលធ្វើឱ្យយើងមានលទ្ធភាព ដើម្បីនឹងធ្វើការប្រឡងប្រជែងនៅគ្រប់ទីកន្លែង ហើយស្មើៗគ្នា។
ក្រៅពីការវិនិយោគទៅលើអគារសិក្សា ត្រូវយកចិត្តទុកដាក់ទៅលើកន្លែងស្នាក់នៅរបស់គ្រូ និងសិស្ស
វិនិយោគកាន់តែច្រើនទៅលើបញ្ហាគ្រូបង្រៀន ដោយបង្កើតឡើងនូវអន្តេវាសិកទៅតាមវិទ្យាល័យនានា ដែលគ្រាន់តែក្នុងរង្វង់តែប៉ុន្មានឆ្នាំនេះ ខ្ញុំត្រូវធ្វើប្រមាណប្រហែលជាជាប់ ១.០០០ បន្ទប់ បន្ថែម ទាំងអគារសិក្សា ទាំងអន្តេវាសិក។ ម្ខាងគឺសម្រាប់ការស្នាក់នៅរបស់គ្រូបង្រៀន ដែលទៅពីចំងាយ និងម្ខាងទៀត គឺសម្រាប់សិស្សដែលនៅឆ្ងាយ។ ចាប់ពីឆ្នាំ ២០១៦ មក គិតត្រឹមថ្ងៃ ២៦ មិថុនា ប៉ុន្តែ ប៉ុន្មានថ្ងៃមុន ខ្ញុំចុះហត្ថលេខាចំណាយជាង ១០ លានដុល្លារ(អាមេរិក)ទៀត យើងបានធ្វើរហូតទៅដល់ ៦២៣ ខ្នង ស្មើនឹង ៧.១៩៨ បន្ទប់ ក្នុងហ្នឹងអគារសិក្សាមានចំនួន ៣១២ ខ្នង ស្មើនឹង ៥.៤២៥ បន្ទប់។ ទីចាត់ការ ២០៦ ខ្នង ស្មើនឹង ៦១៨ បន្ទប់។ អន្តេវាសិក ១០០ ខ្នង ស្មើនឹង ១.១៣៩ បន្ទប់។ មត្តេយ្យសិក្សា ៥ ខ្នង ស្មើនឹង ១៦ បន្ទប់។ ផ្ទះគ្រូ ៣ ល្វែង និងវិហារ ៣ ប៉ុន្តែ អន្តេវាសិកនេះ គឺមានអន្តេវាលសិក សម្រាប់ដាក់គ្រូបង្រៀន និងអន្តេវាសិក សម្រាប់ដាក់សិស្ស។ អញ្ចឹង គ្រូខ្លះក៏បានស្នាក់នៅជាមួយនឹងអន្តេវាសិក។ ប៉ុន្តែ គ្រូខ្លះក៏យើងបានដោះស្រាយក្របខ័ណ្ឌប្រាក់សម្រាប់ថ្លៃផ្ទះ។ មានកម្រិត ៨ ម៉ឺន។ ១០ ម៉ឺន និង ១២ ម៉ឺន។ នេះជាតម្រូវការនៃការវិនិយោគរបស់យើង។
ខ្ញុំកំពុងតែលើកទឹកចិត្តឱ្យមានការវិនិយោគទៅលើការសាងសង់ ទន្ទឹមទៅនឹងការសាងសង់អគារសិក្សាបន្ថែម គ្រប់ទីកន្លែងត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការសាងសង់សម្រាប់ការស្នាក់នៅរបស់គ្រូ ហើយនឹងការស្នាក់នៅរបស់សិស្ស ដែលមានទីលំនៅឆ្ងាយ ដើម្បីកុំឱ្យពួកគាត់បោះបង់ចោលការសិក្សា ឬក៏ត្រូវបង់ថ្លៃសម្រាប់ឈ្នួលផ្ទះ នៅពេលដែលខ្លួនមករៀន។ កាត់បន្ថយការលំបាករបស់មាតាបិតា អាណាព្យាបាល។ យើងរួមគ្នាធ្វើបន្តិចម្តងៗ ហើយអគារដែលធ្វើកន្លងទៅនេះ អគារចុងក្រោយនេះ អគារ ១ ជាន់ៗតិចណាស់ ព្រោះឥឡូវក្មេងៗ គឺថា ចាប់ផ្តើមសួរថា ចង់បានសាលាឬអត់? ថាចង់។ ហើយចង់បានយ៉ាងម៉េចទៅ? សុទ្ធតែ ៣ ជាន់។ អញ្ចឹងបាន ៣ ជាន់ ហ្នឹងវាឡើង។ អា ៣ ជាន់ក៏មាន។ ៤ ជាន់ ដូចជាសំបូរនៅបន្ទាយមានជ័យ ព្រោះកន្លែងខ្លះអត់មានដី។ ដីអត់គ្រប់។ ដល់អត់គ្រប់ដាក់ ៤ ជាន់ឡើងទៅ ព្រោះសម័យនេះហើយដីវាថ្លៃ។ ដីថ្លៃណាស់។ ដល់យើងទៅកសាង ១ ជាន់ វាខាត។ អញ្ចឹង ដាក់ ៣-៤ ជាន់តែម្តងទៅវាចំណេញដី ព្រោះដីតាមទីប្រជុំជនថ្លៃមែនទែន។
សម័យសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ មនុស្សរត់ចោលដី សម័យបច្ចុប្បន្នឈ្លោះគ្នារឿងដី
ឥឡូវ ដល់ថ្នាក់គេបង្ហោះហ្វេសប៊ុក លក់ដីមួយបង្គីមានប្លង់រឹង។ កាលពីសម័យសង្រ្គាមឆ្នាំ ១៩៧០-៧៥ រត់ចោលដី។ ឥឡូវនេះ មនុស្សធ្វើមានធ្វើបានច្រើនណាស់ដោយសារដី។ ខ្ញុំគិតថាយកក្បាលកាក់។ បើខ្ញុំមិនរំលត់សង្គ្រាមទេ អស់លោកក៏មិនអាចមានសន្តិភាព ហើយប្រើប្រាស់ដីធ្លីហ្នឹងបានដែរ។ បើខ្ញុំមិនដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នោះ ដីរបស់អស់លោកនៅតែអត់មានតម្លៃអញ្ចឹង។ ឥឡូវដីគ្រប់កន្លែងឡើងថ្លៃទាំងអស់។ ប៉ុន្តែ ខ្លះគេជេរខ្ញុំទៅទៀត ឡើងថ្លៃដោយសារអាចង្រៃហ្នឹង។ ប៉ុន្តែ ដោយសារតែវាមិនចេះប្រើប្រាស់កត្តាអនុគ្រោះសម្រាប់ប្រទេសជាតិ ហើយវាមិនអាចកាន់អំណាចបាននោះ … សូម្បីតែក្មួយៗ ចៅៗជាប់ គេសរសើរក៏មិនសរសើរផង តែមិនចាំបាច់ឱ្យគេសរសើរទេ។ កុំឱ្យជំពាក់គុណគេ។ កីឡាករ/ការិនីរបស់យើង ទៅប្រឡងបានមេដាយមាសយកមកប្រទេស សូម្បីតែពាក្យអបអរសាទរមួយម៉ាត់ក៏វាមិនថាផង។ ដាក់បញ្ចូលប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ចូលទៅជាបិតិកភណ្ឌពិភពលោក អបអរសាទរតែមួយម៉ាត់ទៅវាងាប់អីវា? តែវាមិនធ្វើ? អញ្ចឹងសួរថា មកដឹកនាំស្រុកខ្មែរយ៉ាងម៉េចទៅ?
អនុគ្រោះឱ្យសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង
ឆ្នាំទៅកូន ជា ប៉ូច ដែលជាអតីតតំណាងរាស្រ្តរបស់គណបក្សប្រឆាំងជាប់និទ្ទេស A មកទទួលនៅទីហ្នឹង។ បើទោះបីថានយោបាយខុសគ្នា តែចំណេះវិជ្ជានោះ គឺវាជាចំណេះវិជ្ជារបស់ជាតិ។ យើងឃើញកូនគេពូកែ ទោះបីកូននោះឪពុកម្តាយវាស្អីក៏ដោយ ក៏ប៉ុន្តែ យើងគួរតែសរសើរកូនគេ។ ក៏ប៉ុន្តែ គេមិនត្រឹមតែគិតដូចយើងទេ គេវាយទាំងកូនយើងទៀត។ ចំណុចខុសគ្នាវានៅកន្លែងហ្នឹង។ យើងសរសើរកូនគេ ទោះបីកូនគេជាបក្សប្រឆាំងក៏ដោយ តែយើងសរសើរកូនគេ តែគេថាកូនគេជាអ្នករៀនពូកែ គេអប់រំបានល្អ។ ប៉ុន្តែ ដល់គេវិញ គេយកវប្បធម៌ផ្ទុយ។ គេវាយកូនយើង។ អញ្ចឹងទេ ក៏ជាសារបញ្ញាក់ស្មារតីមួយថា សូម្បីតែកូនយើងក៏គេមិនអត់ឱនផង។ រឿងអីដែលយើងត្រូវអត់ឱនឱ្យគេ? មើលកុនចិនទៅ កុនចិនគេថា “អនុគ្រោះឱ្យសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង” … ហ្នឹងវាជារឿងពិត។ យើងបន្ធូរបន្ថយឱ្យវាៗ មិនព្រមបន្ធូរបន្ថយឱ្យយើង។ តើយើងបន្ធូរបន្ថយឱ្យធ្វើអី? ដាក់មួយម៉ាំងចប់ៗ។ បើអ្នកឯងចង់បានវប្បធម៌បង្រួបបង្រួម អ្នកឯងធ្វើឱ្យស្រួលទៅ ធ្វើឱ្យគេទុកចិត្តទៅ។ បើអ្នកឯងមិនចង់បានការសម្របសម្រួល អ្នកឯងធ្វើអាក្រក់មក។ អាធ្វើអាក្រក់ហ្នឹងហើយ ដែលជាការផ្តល់សញ្ញាថា យើងមិនអត់ឱន ព្រោះវាអត់មានជម្រើសណាផ្សេង។ សូម្បីតែកូនយើង ចៅយើង គេមិនអត់ឱនផង រឿងអីយើងត្រូវទៅអត់ឱនឱ្យគេ។
បារាំង និងអាល្លឺម៉ង់ ធ្វើច្បាប់ដាក់ទោសព័ត៌មានក្លែងក្លាយ
ខ្ញុំមិនមែនបណ្តុះបណ្តាលផ្នត់គំនិតឱ្យចៅៗជាយុវជន រៀនសូត្រតាមពួកអ្នកជំនាន់ចាស់ទេ។ តែអ្នកជំនាន់ចាស់មួយចំនួនយើងអាចរៀនសូត្របាន។ តែអ្នកជំនាន់ចាស់ខ្លះរៀនសូត្រមិនបានទេ។ វ៉ាប់ឡើងជេរៗ។ ហើយព័ត៌មានក្លែងក្លាយ ដែលឥឡូវនេះក្លាយជាប្រធានបទដ៏ធំនៅលើពិភពលោក ប្រជុំអាស៊ី-អឺរ៉ុបកន្លងទៅ គឺតែអាព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មអ៊ីនធឺណេតហ្នឹង គ្មានប្រទេសណាមួយដែលមិនលើកពីរឿងហ្នឹងទេ។ ព័ត៌មានក្លែងក្លាយព្រលឹមឡើងឃើញអស់ហើយ។ លោកនេះងាប់បាត់ហើយ។ ជួនកាលវាផ្សាយលេងទៅ។ សូមចូលរួមមរណទុក្ខផង លោក ហ៊ុន សែន ទើបនឹងស្លាប់ ២ ម៉ោងមុន។ វាទៅអញ្ចឹងទៅ។ អាហ្នឹងពូជរបស់វាតែម្តង។ អញ្ចឹងតើយើងអត់ឱនវាបានដែរអាអញ្ចឹង? ឥឡូវប្រទេសបារាំង (និង)ប្រទេសអាល្លឺម៉ង់ ធ្វើច្បាប់ដាក់ទោសអាព័ត៌មានក្លែងក្លាយហ្នឹង។ ប្រទេសលោកខាងលិចមួយចំនួន ដែលមុននេះចាត់ទុកថា ជាសិទ្ធិបញ្ចេញមតិ ឥឡូវ ចាត់ទុកថា ជាទោសហើយ។
ខេត្តនីមួយៗខិតខំធ្វើម៉េចឱ្យសាលាយើងជាសាលាពូកែ
ត្រឡប់ទៅវិញខិតខំបន្ត ជាពិសេស លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ធ្វើម៉េចឱ្យសាលាយើងនៅតែជាសាលាពូកែ។ ខេត្តនីមួយៗធ្វើឱ្យសាលាយើងជាសាលាពូកែ។ បង្កើតបរិយាកាសងាយស្រួលរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីជំរុញការសិក្សានេះឱ្យកាន់តែល្អប្រសើរ។ តំបន់ដែលមានគ្រោះទឹកជំនន់ ទាំងជំនន់ទឹកភ្លៀង ទាំងជំនន់មេគង្គកន្លងទៅ ក៏ត្រូវប្រឹងប្រែងខិតខំស្តារឡើងវិញជួសជុលការខូចខាតនៃអគារសិក្សាទាំងឡាយ ឬការហូរច្រោះនៅក្នុងសាលានោះឱ្យបានប្រសើរ។
ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជាមានបៀវត្សរ៍ខ្ពស់ជាងប្រទេសមួយចំនួន
យើងនឹងបន្តការខិតខំដើម្បីដំឡើងប្រាក់បៀវត្សរ៍ សម្រាប់គ្រូបង្រៀនរបស់យើងជាបន្តទៀត។ ឥឡូវនេះ បៀវត្សគ្រូបង្រៀនរបស់យើងនេះ សម្រាប់កម្ពុជាបច្ចុប្បន្ននេះ ខ្ពស់ជាងប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាននេះ។ ខែមករាចាប់ផ្តើមឡើងមួយសាជាប្រាក់បៀវត្សរ៍។ ដល់ខែមេសាត្រូវឡើងមួយសាទៀតជាប្រាក់បំណាច់មុខងារ។ ឥឡូវប៉ុន្មានហើយ? គ្រូបង្រៀន ដូចជាសុទ្ធតែលើសពី ១ លាន(រៀល)ទៅហើយ។ មើលអ្នកណាដឹងគ្រូបឋមប៉ុន្មាន? ១ លាន ១០ ម៉ឺន(រៀល)។ តំបន់ដាច់ស្រយាលមានតំបន់ ៨ ម៉ឺន។ ១០ ម៉ឺន និង ១២ ម៉ឺន។
ចាប់ពីខែ មករា ២០១៩ ទាំងវិស័យរដ្ឋ និងឯកជន ១៥ ថ្ងៃ បើកបៀវត្សរ៍ម្តង
ចាប់បីខែមករាទៅ គ្រូបង្រៀន ក៏ដូចជា មន្រ្តីរាជការទូទៅ មិនមែនបើកប្រាក់បៀវត្សរ៍ប្រចាំខែទេ បើប្រាក់បៀវត្សរ៍ប្រចាំពីរអាទិត្យម្តង។ លោកគ្រូអ្នកគ្រូ មានសៀវភៅធនាគាររបស់ខ្លួនតើ។ ទៅបើកតាមធនាគារតើ។ អីចេះ ពីមុនគេប្រើពាក្យថា ដាច់ខែដាច់ខ្យល់ ព្រោះដោយសារតែក្រោយដាច់ខែ ទើបយើងបើកបៀវត្សរ៍។ ជួនកាលបើកលឿនទៅ។ ជួនកាលបើកយឺត។ តែក្នុងមួយរយៈកាល ៥ ឆ្នាំ កន្លងផុតទៅនេះ យើងបើកនៅក្នុងអាទិត្យទី ៣។ អញ្ចឹង ពាក្យថា ដាច់ខែដាច់ខ្យល់ហ្នឹងវាអត់មានទេ។ ដល់ចាប់ពីខែ មករានេះទៅ ១៥ ថ្ងៃ បើកបៀវត្សរ៍ម្តង។ មិនមែនប្រាក់ខែទេអាហ្នឹង។ ប្រាក់ប្រចាំអាទិត្យ ដើម្បីកុំឱ្យពិបាកខ្ចីគេអាចុងខែ។ អញ្ចឹង បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការធ្វើការងារនេះ។ ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន។ ជួនកាលការចំណាយ ដល់អាចុងខែឯណាថ្លៃទឹក ឯណាថ្លៃភ្លើង ឯណាស្អីៗ ក៏ប៉ុន្តែ ក៏សូមបញ្ជាក់ដែរថា យើងមិនអាចឡើងទៅតាមការទាមទាររបស់មនុស្សមួយក្រុមដោយមិនគិត អំពីកត្តារួមនៃសេដ្ឋកិច្ចបានទេ។ និយាយជាដុល្លារ ថា ៣០០ ដុល្លារ(អាមេរិក)/១ ខែ គេថា ទាល់តែ ៦០០ (ដុល្លារអាមេរិក) បានគ្រប់។ អាហ្នឹងគេអ្នកថាវាស្រួល ប៉ុន្តែ លុយបានមកពីណា ព្រោះសេដ្ឋកិច្ចយើងវាមានកម្រិតត្រឹមប៉ុណ្ណឹង?
ចំណាយលើបៀវត្សរ៍មិនអាចកាត់បន្ថយបាន
(អ្វី)ដែលលំបាកជាង(នេះ)ទៀត (គឺការ)ខ្វះសាច់ប្រាក់។ ធ្វើនាយករដ្ឋមន្ត្រីគ្មានអ្វីដែលលំបាក ជាងដំណាក់កាលខ្វះសាច់ប្រាក់ទេ។ មានក្រដាសសម្រាប់យកទៅបើក ប៉ុន្តែ ទៅដល់រតនាគារវាអត់មានលុយ ធ្វើម៉េចវា? ប៉ុន្តែឥឡូវអត់ទេ។ កម្មវិធីសាច់ប្រាក់ត្រូវបានរៀបចំ ក្នុងនោះ ប្រាក់បម្រុងបើកបៀវត្សរ៍ត្រូវ ទុកឱ្យខ្ញុំប៉ុន្មានខែ។ បើទោះបីមានបញ្ហាកាត់បន្ថយការចំណាយណា ប៉ុន្តែមិនអាចកាត់បន្ថយការចំណាយលើបៀវត្សរ៍បានទេ។ នេះគ្រប់គ្រងប្រទេស មិនមែនគ្រប់គ្រងកូនបក្សមួយ ឬសមាគមមួយ ឬក៏គ្រួសារមួយទេ (ឬ)ក្លឹបមួយទេ។ នេះជាការគ្រប់គ្រងប្រទេស។ កន្លែងខ្លះការចំណាយអាចទប់ស្កាត់កុំអាលចំណាយ ក៏ប៉ុន្តែ រឿងប្រាក់បៀវត្សរ៍មួយ គឺមិនអាចមិនចាយបានទេ។ ត្រូវតែចាយ។
ជូនអំណោយដល់ជ័យលាភីនិទ្ទេស A ទុកជាអនុស្សាវរីយ៍
ថ្ងៃនេះ សម្រាប់សិស្សប្រឡងជាប់និទ្ទេស A សរុប ៤០៨ នាក់/១ នាក់ៗ ទទួលបានប្រាក់ស្លឹង ដែលជា ប្រាក់បោះពុម្ពនៅឆ្នាំ ១៥១៤ ក្រោយហ្លួងព្រះស្តេច កន ឈ្នះស្តេច ស្រីសុគន្ធបទ ហើយដែលរើរាជធានីទៅនៅត្បូងឃ្មុំ បច្ចុប្បន្ន ព្រៃនគរក្នុង។ ទៅបោះនៅទីនោះ។ ប្រាក់នេះយើងត្រូវយកពីប្រទេសហូឡង់ត្រឡប់មកវិញ ដើម្បីយកមកបោះពុម្ពសាជាថ្មីនៅប្រទេសសាំងហ្គាពួរ ធ្វើពីមាសផង ធ្វើពីប្រាក់(ផង) ដើម្បីឱ្យដឹងថា ខ្មែរយើងមិនមែនទើបនឹងមានប្រាក់កាសចាយនោះទេ គឺមាន(តាំងពី)អាសម័យមុននឹងទៀត។ ប៉ុន្តែ ប្រាក់ស្លឹងនេះ គឺជាប្រាក់តំណាងមួយនៃដំណាក់កាលមានប្រទេសជាច្រើនចូលមករកស៊ីជាមួយនឹងកម្ពុជា។ តែយើងទៅយកពីប្រទេសហូឡង់ត្រឡប់មកវិញ ដើម្បីឱ្យចៅៗបានដឹងពីប្រវត្តិ។ សម្រាប់ម្នាក់(ជូន)មួយ។ ឯថវិកាជូនចៅៗម្នាក់ ២ លានរៀល។ iPad ១ គ្រឿង។ រួចហើយក៏មានសៀវភៅនេះ ខុសលើសចៅៗឆ្នាំមុនៗ គឺខុសអាហ្នឹង។ នេះគឺបានបញ្ជូនឱ្យបានគ្រប់គ្រូបង្រៀនហើយ ប៉ុន្តែឥឡូវនេះ ជូនចំពោះចៅៗ។ មួយគឺជាសៀវភៅរបស់ លោកតា ក្រមង៉ុយ ក្នុងនេះ គ្រាន់តែគាត់ដាក់ “កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឱ្យគ្រប់។ បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបត់ បើចេះប្រាកដ ប្រាក់រត់តាមហៅ”។
នេះជាសៀវភៅរបស់បណ្ឌិត អ៊ូចុង ច្បាប់គោរពមាតាបិតា ឥរិយាបទជីវិតដោយកម្រ។ អញ្ចឹង សៀវភៅទាំងពីរក្បាលនេះ ពូបោះប៉ុន្មានម៉ឺនច្បាប់ឯណោះ ចែកជូនគ្រូបង្រៀនទូទាំងប្រទេស។ ពេលទៅក្រៅប្រទេសជួបជាមួយបងប្អូនខ្មែរក៏យកទៅដែរ ដើម្បីរំលឹកឡើងវិញនូវការទូន្មានរបស់ដូនតាយើង។ គ្រាន់តែការទូន្មានរបស់ ក្រមង៉ុយ មួយមានចំណុចពូមិនសូវឯកភាពទេ ប៉ុន្តែ គាត់និយាយត្រូវ គាត់ថា “កុំឱ្យយកពោះម៉ាយ ទុកសុខចិត្តប្រលែងលេងជាមួយម្តាយទៅ កុំយកប្តីពោះម៉ាយ”។ អញ្ចឹង ពោះម៉ាយវាមិនដាច់យ៉ៃអស់ហើយ? ការពិតគាត់និយាយត្រូវ។ តែគេលែងប្រពន្ធ គេស្លាប់ប្រពន្ធអីអញ្ចឹងទៅ គេមានកូន។ អញ្ចឹងទេ អាកូន(ជាមួយ)នឹងម្តាយចុងម្តាយស្អីហ្នឹង រឿងវាមិនចេះចប់ទេ។ ប៉ុន្តែ វាដូចជាអយុត្តិធម៌ចំពោះអ្នកពោះម៉ាយបន្តិច។ តែនេះជាការប្រៀនប្រដៅ។
សម័យតេជោ សែន មិនយកពន្ធដីកសិកម្ម
(សម្តេចស្តាប់បណ្តាំ ក្រមង៉ុយ ក្នុង Youtube) បើស្តាប់អាហ្នឹង ជំនាន់បារាំង គ្រាន់តែពូជ ២ កន្តាំង ក៏ជាប់ ពន្ធដែរ។ បារាំងអ្នកបង្កើតឱ្យយកពន្ធនៅស្រុកខ្មែរ។ តាង៉ុយ គាត់បណ្តាំនៅក្នុងហ្នឹង ហើយតា ប្រាជ្ញ ឈួន យកមកច្រៀង។ ពូជ ២ កន្តាំង ក៏ជាប់ពន្ធដែរ។ តែសម័យតេជោ សែន អត់ទាន់យកពន្ធដីស្រែចម្ការទេ។ ចាំឱ្យច្បាស់។ អ្នកទៅក្រោយទៀត ឬបក្សដទៃទៀត មិនប្រាកដថាគេមិនយកពន្ធដីទេ ព្រោះគេពូកែប្រកាស ខាងដំឡើងបៀវត្សរ៍ អញ្ចឹង ដើម្បីបំពេញឱ្យបាន តើត្រូវធ្វើអី? យកពន្ធដី។
អត់មានដំណាក់កាលណាក្រលើសសម័យ ប៉ុល ពត
មុនខ្ញុំដេក ទី ១. ចាក់ ក្រមង៉ុយ ស្តាប់អញ្ចឹងទៅ។ តាឈួន អ្នកច្រៀង។ ប៉ុនទី ២. រកឆាវឆាវ។ សុំសរសើរអ្នកធ្វើ ឆាវឆាវ។ ចូលចិត្តស្តាប់ (សម្តេចស្តាប់ Troll ឆាវឆាវ តាម Youtube) សម័យឥឡូវវាអញ្ចឹង វាមាននៅក្នុងហោប៉ាវ វាមាននៅជាប់ទៅនឹងខ្លួន។ ដល់ពេលគេនិយាយថា កាន់តែក្រទៅៗខ្ញុំវាអត់យល់? យល់វាមិនបាន? ឥឡូវនេះ យើងចង់ទាក់ទងទៅអាមេរិក យើងរុញតាម WhatsApp ឬ Telegram ឬតាម Line តាម Viber ទៅដល់ភ្លាមៗ។ មើលចៅៗ ចង់សួរបន្តិតមើល អ្នកប្រឡងជាប់ហ្នឹងប្រើទូរស័ព្ទមានប៉ុន្មានទៅ? លើកដៃមើល? ទាំងអស់។ សុទ្ធ Smartphone ហើយ។ លេងសុទ្ធតែអញ្ចឹងៗ រួចថាកាន់តែក្រទៅៗ ខ្ញុំអត់យល់? អត់មានដំណាក់កាលណាដែលក្រលើសសម័យ ប៉ុល ពត ទៀតទេ។ ហើយអាអ្នកដែលតាំងខ្លួនថាក្រហ្នឹងវាជិះឡានដែរ។ កាលពី(ឆ្នាំ) ១៩៧៩ វាក៏ដើរអត់ស្បែកជើងដូចយើងដែរ ដល់ឥឡូវវាក៏មានឡានជិះ យើងក៏មានឡានជិះ វាថាយើងមានឡានជិះដោយសារអំពើពុករលួយ ចុះហ្អែងបានឡានជិះហ្នឹងដោយសារអី? អញសួរហ្អែងមួយម៉ាត់អញ្ចេះ? វាទៅជាអញ្ចឹងអស់ទៅ។
ជូនអំណោយដល់នាយក នាយិកាមកចូលរួម ទុកជាអនុស្សាវរីយ៍
នាយក/នាយិកា មកចូលរួមក្នុងពិធី ចំនួន ១៧១ នាក់/១ នាក់ៗ ទទួលបានប្រាក់ស្លឹងមួយ។ សៀវភៅមួយប្រអប់។ ថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល។ ថវិកាសម្រាប់សាលានីមួយៗ ចំនួន ១៧១ សាលា/១ សាលា ទទួលបាន(ថវិកា) ៣ លានរៀល។
ថ្ងៃច័ន្ទ ទី១៩ ត្រូវប្រជុំគណៈរដ្ឋមន្ត្រី ដោយសារថ្ងៃសុក្រ មិនអាចប្រជុំបាន
ឆ្នាំក្រោយសង្ឃឹមថា ជួបគ្នានៅកន្លែងនេះទៀត។ គ្រាន់តែឆ្នាំនេះជួបយឺតបន្តិចបន្ទាប់ពីការប្រឡង ដោយសារកម្មវិធីនៅក្រៅប្រទេសវាច្រើន អញ្ចឹង ពិបាក។ ឥឡូវនេះ រកថ្ងៃ សុក្រ ប្រជុំគណៈរដ្ឋមន្ត្រីអត់បានទៀត។ ថ្ងៃមុនឱ្យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ១៩ ចំថ្ងៃ ច័ន្ទ។ ធម្មតាថ្ងៃ សុក្រ ត្រូវប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែ សុក្រ ស្អែកនេះ បុណ្យឯករាជ្យជាតិ។ សុក្រ អាទិត្យក្រោយ ទើបនឹងមកពីសាំងហ្គាពួរ ចេញពីសាំងហ្គាពួរមកថ្ងៃ សុក្រ នឹងតែម្តង។ បើមកព្រឹកប្រជុំល្ងាចក៏វាមិនល្អមើលដែរ។ ហត់ណាស់។ ហើយ(ថ្ងៃ) សុក្រ មួយទៀត ជាប់កម្មវិធីស្អីមួយនោះ។ អញ្ចឹង ដាក់ឱ្យប្រជុំសេចក្តីព្រៀងច្បាប់មួយ នៅថ្ងៃទី ១៩ នេះ។ ថ្ងៃ ច័ន្ទ ហ្នឹងតែម្តង។ ប៉ុន្តែ លឺថា សភាដូចជាប្រជុំឆ្លងសេចក្តីព្រៀងច្បាប់ថវិកាថ្ងៃទី ១៦។ ដូច្នេះ វាមិនជាន់គ្នា រវាងកម្មវិធីរបស់សភា និងរាជរដ្ឋាភិបាលទេ។
បន្តការខិតខំ ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាបញ្ញវ័ន្តរបស់ជាតិ ដែលមានគុណភាពល្អ
ជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរចំពោះគ្រប់តួអង្គទាំងអស់ ជាពិសេសចៅៗ ដែលជាជ័យលាភី ដែលថ្ងៃនេះ តានឹងប្រគល់ដោយផ្ទាល់ដៃនូវវត្ថុអនុស្សាវរីយ៍ទាំងឡាយសម្រាប់ចៅៗ ហើយតាមរយៈចៅៗ ផ្តាំផ្ញើទៅសួរសុខទុក្ខមិត្តភក្តិដែលរៀនជាមួយគ្នាប្រឡងជាប់ ហើយសុំឱ្យចៅៗលើកទឹកចិត្តអ្នកដែលប្រឡងមិនជាប់ ឱ្យខិតខំរៀនបន្ត។ លើកទឹកចិត្តឱ្យចៅៗបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកកម្រិតឧត្តមសិក្សា ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាធនធានមនុស្សដ៏មានតម្លៃ ជាបញ្ញវ័ន្តរបស់ជាតិដែលមានគុណភាពល្អ។ សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសចៅៗ ក៏ដូចជា ក្រុមគ្រួសារ អាណាព្យាបាលរបស់ចៅៗទាំងអស់ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕