ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

FN ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនកិច្ចចរចាជាមួយប្រទេសកូរ៉េខាងត្បូង ពន្លឿនការសាងសង់ផ្លូវជាតិលេខ២។…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

អរគុណ! ក្មួយៗ សុខសប្បាយទេហ្នឹង? ដល់ខែរងាហើយ។ ​សុំសួរបន្តិច អ្នកដែលត្រៀមចូលរោងការប៉ុន្មានទៅទាំងស្រី/ប្រុស លើកដៃទៅមើល? ប្រហែលប៉ុន្មានភាគរយ? ថ្ងៃនេះ ដាច់ខែ អស្សុជ ស្អែកនេះ គឺ ១ កើត ខែ កត្តិក​ ហើយ។ អាចារ្យដែលឆ្លាត គឺរើសថ្ងៃខែរៀបការឱ្យចំខែរងា។ អាចារ្យឆ្លាតមែនទែន ដេញថ្ងៃខែចំតែ ថ្ងៃសៅរ៍/អាទិត្យ។ ថ្ងៃសៅរ៍/អាទិត្យ វាមានភ្ញៀវចូលរួម(ច្រើន)។ បន្តិចទៀត គឺថា ភ្លេងការប្រគុំលាន់លឺគ្រប់ទីកន្លែងទាំងអស់។ វាត្រូវដល់ពេលវាអញ្ចឹង។ ជំនួបថ្ងៃនេះ បើប្រៀបធៀបនឹងជំនួបកន្លងទៅ អាចចាត់ទុកជាជំនួបធំមួយ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកកាន់ខេត្តតាកែវសាជាថ្មីម្តងទៀត។ កាលពីប៉ុន្មានខែមុនបានចុះខាងទៅស្រុកដូនកែវ ឯថ្ងៃនេះ យើងមកកាន់ស្រុកបាទី ដើម្បីជួបជាមួយកម្មករ/ការិនី រហូតទៅដល់ ២៤.៣៦៦ នាក់ ដែលមកពី ២០ រោងចក្រ នៅក្នុងស្រុកបាទីរបស់យើងនេះ។ អាចចាត់ទុកថា ជាជំនួបធំមួយ ក្នុងចំណោមជំនួបដែលពូបានជួបជាមួយកម្មករ/ការិនីនៅទីកន្លែងនានា។ ក្នុងនោះ ក៏មានក្មួយៗដែលមានផ្ទៃពោះ ចំនួន ១.០៤១ នាក់ ផងដែរ។…