សុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» (តាមប្រព័ន្ធវីដេអូ)
ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (Building Forward Sustainability in Emerging Economies) ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការសំខាន់ៗ ក្នុងគោលបំណងសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០៖ ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបរិការណ៍មួយ ដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ នៅក្នុងបរិការណ៍នេះ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព ដូចខាងក្រោម៖ ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ…