សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើក សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គពិធីទាំមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រារព្ធឡើងនាពេលនេះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ បន្ទាប់ពីសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៦ ដែលយើងបានប្រកាសថា ឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយពេលនេះ យើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាន ព្រមទាំងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមចំពោះមុខថ្មីៗទៀត ក្នុងបុព្វហេតុបន្តជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក៏ដូចជាការបន្តពង្រឹងនូវជំនឿទុកចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំក៏សូមកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស, ទាំងទំហំមូលធន និងវិសាលភាពគ្របដណ្តប់។ ជាក់ស្តែង វិស័យធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរប្រាក់សន្សំរបស់សាធារណ-ជន និងប្រភពទុនផ្សេងៗទៀតនៅក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានា ពិសេសដល់វិស័យផលិតកម្មនៃសហគ្រាសធុនតូច…