FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារដ៏ខ្លីមួយនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វីនៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ។ សង្រ្គមគឺមានតែបំផ្លាញប្រទេសជាតិខ្លួន និងបំផ្លាញសេចក្តីសុខរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
សារបង្ហោះដ៏ខ្លីនេះបានអមជាមួយ នឹងរូបភាពជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះភ្ជាប់មកជាមួយ។ រូបភាពជាច្រើនសន្លឹកនោះ សុទ្ធតែបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅតាមរមណីយដ្ឋានទេសចរណ៍ល្បីៗមួយចំនួននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រូបភាពដែលបានឃើញនេះ គឺទេសចរបរទេសដែលបានសម្រុកមកកំសាន្តនៅកម្ពុជា។ រូបភាពទាំងនេះ គឺយើងធ្លាប់បានឃើញតែ នៅប្រទេសគេ។ ដោយសារប្រទេសយើងមានសន្តិភាព និងធានាបាននូវសុវត្ថិភាពទេសចរណ៍ទាំងយប់ថ្ងៃ ទើបពេលនេះទេសចរណ៍បរទេស បានសម្រុកចូលមក កំសាន្តនៅកម្ពុជាជារៀងរាល់ថ្ងៃ។ ពួកគេបានសរសើរពីប្រទេសយើងមិនដាច់ពីមាត់ឡើយ»។
Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃកម្ពុជា គឺជាទិសដៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៍ដ៏ទាក់ទាញបំផុតរបស់ ពិភពលោក។ កម្ពុជាបានសុខ កម្ពុជាកាន់តែស្រស់ស្អាតនិង កម្ពុជាកាន់តែរីកចម្រើនគឺ កម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»៕