កំណត់យក ១៤ មករា រាល់ឆ្នាំ ជួបអ្នកសារព័ត៌មាន
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានជួបជុំជាលើកដំបូងជាមួយនឹងអ្នកសារព័ត៌មាន។ ខ្ញុំក៏សូមបញ្ជាក់ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរសារទរគម្រប់ខួបលើកទី ៣២ នៃការកាន់ដំណែងជានាយករដ្ឋមន្រ្តី ១៤ មករា ១៩៨៥ – ១៤ មករា ២០១៧ នោះទេ។ ប៉ុន្តែ ការជួបជុំនេះគឺជាការជួបជុំ ដែលគប្បីត្រូវធ្វើប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំនេះ ហើយឆ្នាំក្រោយ យើងគួរត្រូវធ្វើធំជាងនេះ ហើយយើងគួរត្រូវកំណត់យកថ្ងៃទី ១៤ ខែ មករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបែបនេះ។
ឆ្នាំក្រោយ នឹងបង្កើនចំនួនអ្នកសារព័ត៌មាន
ខ្ញុំសូមយកឱកាសនេះជំនួសមុខឲ្យឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអភ័យទោសពីសំណាក់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានបង្ហាញនូវការមិនសប្បាយចិត្ត ពីការមិនបានចូលរួមនាក្នុងឱកាសនេះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់នោះនឹងមានការយោគយល់ មិនថាពេលនេះមិនបានចូលរួម យើងរៀបចំនៅដំណាក់កាលដំបូងប្រមាណជាង ១.០០០ នាក់។ ប៉ុន្តែ ឆ្នាំក្រោយ យើងអាចធ្វើ ៤.០០០ នាក់ នៃពិធីជួបជុំបែបនេះ។ ច្បាស់ណាស់ថា ការជួបជុំនេះ យើងក៏មានសិល្បៈកំដរអារម្មណ៍ផងដែរ ហើយប្រហែលជាអាចមានអ្នកដែលឡើងរាំ មានអ្នកចម្រៀង ខៀវ កាញារីទ្ធ ជាដើម។ ប៉ុន្តែ សង្ឃឹមថា មិនដាច់អាជីពអ្នកចម្រៀងនោះទេ យ៉ាងណាក៏ដោយ កុំភ្លេចច្រៀងបទ «មានថ្មី ម្តេចមិនប្រាប់»។
តើកម្ពុជាជាប្រទេសផ្តាច់ការ ឬប្រជាធិបតេយ្យសេរី? អ្នកសារព័ត៌មានអាចចូលរួម ទោះបីទស្សនៈមិនដូចគ្នា
ខ្ញុំសូមអរគុណចំពោះការរៀបចំរបស់ឯកឧត្តម រដ្ឋមន្រ្តី ក៏ដូចជាក្រសួងព័ត៌មាន ក្នុងឋានៈជាក្រសួងគ្រប់គ្រងទាក់ទងនឹងវិស័យសារព័ត៌មានរបស់កម្ពុជា។ ខ្ញុំកំពុងតែសួរខ្លួនឯងថា តើប្រទេសកម្ពុជាជាប្រទេសផ្តាច់ការ ឬជាប្រទេសប្រជាធិបតេយ្យ? បើសម្បូរទៅដោយអ្នកសារព័ត៌មានម្ល៉ឹងៗ។ នេះគ្រាន់តែចូលមក ក្នុងមួយអង្គភាព ត្រឹមតែ ៣ នាក់ តែប៉ុណ្ណោះ បើសិនជាមកទាំងអស់គ្នា ប្រហែលជាគ្មានកន្លែងទេ ប្រហែលជាត្រូវរៀបចំសួនច្បារពីវិមានឯករាជ្យ ទៅទល់មាត់ទន្លេ ទើប(ដាក់អ្នកសារព័ត៌មានខ្មែរ)អស់។ អញ្ចឹង ប្រទេសរបស់យើងគឺស្ថិតនៅក្នុងស្ថានភាពជាប្រទេសផ្តាច់ការ ហើយបំបិតមាត់អ្នកដែលកំពុងនិយាយជេរយើង(ឬ)? តើនោះជារបបប្រជាធិបតេយ្យសេរី នៃការសិទ្ធិបញ្ចេញមតិដោយទំនើងទៀត ឬក៏ជាប្រទេសប្រជាធិបតេ្យសេរីមួយ? ពិតហើយថា ខ្ញុំមិនចង់យកវេទិកានេះ ដើម្បីថ្លែងនូវអ្វីដែលនាំឲ្យមានការប៉ះទង្គិចនោះទេ បើទោះបីមានមនុស្សមួយចំនួនកើតទុក្ខមិនសុខចិត្តអំពីការចូលរួម ហើយឆ្នាំក្រោយ ខ្ញុំសូមឲ្យឱកាសដល់សារព័ត៌មានបក្សប្រឆាំងចូលរួមដោយពេញទីនៅទីនេះ ដើម្បីការជួបជុំមួយ មានអ្នកសារព័ត៌មានដែលមានអាជីពដូចគ្នា ទោះបីថាយើងមានទស្សនៈខុសគ្នា។ អ្នកនេះគាំទ្ររដ្ឋាភិបាល អ្នកនោះគាំទ្របក្សប្រឆាំង ប៉ុន្តែ យើងកុំភ្លេចថា យើងកំពុងស្ថិតនៅក្រោមដំបូលមួយជាមួយគ្នា។ ស្ថានភាពនោះតម្រូវឲ្យអ្នកដែលមានវិជ្ជាជីវៈដូចគ្នា ប៉ុន្តែ មានទស្សនៈមិនស្របគ្នា ក៏អាចជួបជុំគ្នាក្នុងឋានៈជាជនជាតិខ្មែរដូចគ្នា។
ខ្ញុំមិនទទួលខុសត្រូវជាមួយនឹងសារព័ត៌មានបរទេសទេ …។ ក្រុមអ្នកសារព័ត៌មានបរទេស ដែលធ្វើការឲ្យជនបរទេស ទៅស៊ីបាយរបស់បរទេសទៅ មិនចាំបាច់មកស៊ីបាយ ឬជួបជុំជាមួយ ហ៊ុន សែន នាំតែគេថា ស៊ីឈ្នួលនោះទេ។ សង្ឃឹមថា បក្សប្រឆាំងដែលមកទទួលការជប់លៀងជាមួយ ហ៊ុន សែន ឬអ្នកទាំងឡាយដែលនៅទីនេះ ក៏មិនមែនសុទ្ធតែសរសេរគាំទ្រ ហ៊ុន សែន នោះទេ។ យ៉ាងណាក៏ដោយ ក្រោមដំបូលនៃលទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ យើងគប្បីត្រូវនិយាយជាមួយគ្នា ទោះបីមានទស្សនៈប្លែកគ្នា ក៏ប៉ុន្តែ មួយឆ្នាំជួបជុំគ្នាម្តង ខ្ញុំគិតថា វាមិនលំបាកទេ អ្នកដែលលំបាកជាងគេគឺខ្ញុំឯណេះវិញទេ។ កីឡាក៏ត្រូវជួបមួយឆ្នាំម្តង ក្រៅពីកម្មវិធីមួយចំនួនទៀត បងប្អូនគ្រឹស្តត្រូវជួបមួយឆ្នាំម្តង បងប្អូនឥស្លាមត្រូវជួបដែរ ឥឡូវត្រូវសារព័ត៌មានមួយទៀត ហើយមិនទាន់បានកំណត់ពិធីជួបជុំសមាគមជនជាតិចិននៅឡើយផង។ អញ្ចឹងហត់បន្តិចក៏វាមិនអីដែរ។
ជាអ្នកដឹកនាំដែលបានជួបអ្នកសារព័ត៌មានច្រើនដងជាងគេ
ប៉ុន្តែ បានតែជួបគ្នាហើយ យើងនិយាយគ្នាបន្តិច។ បន្តិចនេះ ខ្ញុំគិតថា វាក៏អាចផ្តល់ឱកាសមួយឲ្យយើងធ្វើការរៀបចំ។ រឿងនេះមិនមែនជារឿងថ្មីថ្មោងសម្រាប់យើងទេ យើងឃើញហើយ តុមូល តុជ្រុង នៅ CNC នោះ ថាតើ ហ៊ុន សែន និយាយពីអី។ ច្បាស់ណាស់ បើសិនជាដាក់ប្រធានបទមក ឬក៏ឲ្យខ្ញុំមកសន្និសីទសារព័ត៌មាន ខ្ញុំសូមជម្រាបជូនអសលោក លោកស្រី នាងកញ្ញា ថា ប្រហែលជានៅលើពិភពលោកនេះគ្មានមេដឹកនាំណា មួយ ដែលជួបអ្នកកាសែតច្រើនជាងខ្ញុំទៀតទេ។ ព្រោះអី? ព្រោះអ្នកទាំងនោះកាន់អំណាចរយៈពេលខ្លីៗ។ ឯខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ពេលនេះ វាជាង ៣៨ ឆ្នាំ។ ជាង ៣៨ ឆ្នាំនេះ បើរាប់តែពីសន្និសីទសារព័ត៌មាន តើប៉ុន្មានទៅ? ហើយមិនមែនសន្និសីទសារព័ត៌មាន គ្រាន់តែ(អង្គុយ)នៅធម្មតាទេ ក៏ប៉ុន្តែ អស់លោក លោកស្រី អាចដឹងហើយថា សន្និសីទសារព័ត៌មានដែលខ្ញុំបានធ្វើនោះ វាមានទាំងនៅអង្គការសហប្រជាជាតិ វាមាននៅកន្លែងនេះ កន្លែងនោះ ហើយអ្នកដែលខ្លាំងៗ ដែលគេចាត់ទុកថាជើងខ្លាំង ខ្លះត្រូវចាយ ១០ ឬ ២០ ម៉ោង ជួប ហ៊ុន សែន។ សម្រាប់ពួកគាត់ក្នុងម្នាក់ៗ បើ ក្លូពូម៉ុងទី វិញ ណៃយ៉ាន់ចាន់ដា ហ្សាក់បេគែ ហើយនិង អេលីហ្សាបែត បេគ័រ ម្នាក់ៗ ប្រហែលជារាប់សិបម៉ោង។ សុទ្ធតែជើងខ្លាំងហើយ រាប់ទាំង រ៉ាអ៊ូល ហ្សេណា ឥឡូវគាត់ឈប់ធ្វើអ្នកកាសែត គាត់មកធ្វើជាទីប្រឹក្សាឲ្យរាជរដ្ឋាភិបាលកម្ពុជា។
អ្វីដែលខ្ញុំត្រូវទប់ទល់នោះ មិនមែនរឿងតូចតាច ត្រូវឆ្លើយដូចថ្ងៃនេះទេ (គឺ)រឿងធំៗណាស់ទាក់ទងនឹងយុទ្ធសាស្រ្ត។ ឧទាហរណ៍ សន្និសីទសារព័ត៌មានបន្ទាប់ពីជំនួប សីហនុ-ហ៊ុន សែន រួចហើយមិនមែនជារឿងតូចតាចទេ។ មានសន្និសីទសារព័ត៌មានខ្លះ ធ្វើនៅម៉ោង ៣ ភ្លឺ។ ខ្ញុំនៅចាំបានថា បន្ទាប់ពីសន្និសីទប៉ារីសទី ១ បរាជ័យ IMC នេះ វាមាន JIM ដែល JIM នេះ គឺ Jakarta Informal Meeting បានសេចក្តីថា ការប្រជុំក្រៅផ្លូវការនៅហ្សាកាតា ក៏ប៉ុន្តែ ខ្ញុំហៅវាថា BIM វិញទេ Bogo Informal Meeting អាហ្នឹងបានវាត្រូវជាង ព្រោះមិនបានប្រជុំនៅហ្សាកាតាឯណា។ ប្រជុំនោះឯកឧត្តម អៀង ម៉ូលី និង បង ហោ ណាំហុង ដឹងហើយ ប្រជុំនៅ Bogo ហើយនាំគ្នាហៅ JIM JIM1 JIM2 អីអញ្ចឹងទៅវិញ។ IMC យើងប្រជុំរហូតដល់ម៉ោង ២ កន្លះ ម៉ោង ៣ ខ្ញុំ(ធ្វើ)សន្និសីទសារព័ត៌មាន។ IMC គឺ Informal Meeting on Cambodia អាហ្នឹងអង់គ្លេសខ្ញុំមិនសូវច្បាស់ទេ ប៉ុន្តែបានចេះអង់គ្លេសមួយម៉ាត់ ពីរម៉ាត់ហ្នឹងគ្រាន់បើហើយ ព្រោះពួកអង់គ្លេសគ្មានចេះខ្មែរពីអង្កាល់?
អ្នកខ្លះបង្អាប់ថា ខ្ញុំនិយាយមិនច្បាស់ទេ។ អាហ្នឹងមិនមែនភាសាជាតិខ្ញុំផង ខ្ញុំគ្រាន់បើជាង អូបាម៉ា ព្រោះ អូបាម៉ា អត់មានចេះខ្មែរផងហ្នឹង។ ខ្ញុំនិយាយភាសាអង់គ្លេសជាមួយ អូបាម៉ា។ បារាំង ក៏ខ្ញុំចេះតិចតួច ត្រឹមតែដោះទាល់។ ប៉ុន្តែ បារាំងខ្លះ អត់ចេះខ្មែរមួយម៉ាត់ផង។ អាហ្នឹងខ្ញុំនិយាយលេងតិចទៅចុះ។ តែបើបានចេះក៏ល្អ។ឥឡូវនេះ ខ្ញុំចង់និយាយអញ្ចេះ ដំបូង ខ្ញុំចង់ចាប់ផ្តើមពីស្ថាប័នរដ្ឋសិន។ ស្ថាប័នដែលវ័យឆ្លាត គឺស្ថាប័នដែលរៀបចំបណ្តាញសារព័ត៌មានបានល្អ ឬក៏អ្នកគ្រប់គ្រងខាងព័ត៌មានដែលល្អ ទាំងស្ថាប័នរដ្ឋនៅថ្នាក់ជាតិ ទាំងស្ថាប័នថ្នាក់ក្រោមជាតិ។ តើគួររៀបចំអ្វី? ខ្ញុំសូមឲ្យមតិ ព្រោះកន្លងទៅឲ្យធ្វើហើយ តែហាក់ដូចជាយន្តការហ្នឹងវាមិនដើរ។
យកមន្ទីរព័ត៌មានធ្វើសេនាធិការរៀបចំអំពីគេហទំព័រ និងក្រុមហ្វេសប៊ុក
វាដើរដែរ ប៉ុន្តែវាដើរមានកម្រិត។ កន្លែងខ្លះដើរលឿន កន្លែងខ្លះក៏ដើរយឺត ជាពិសេសគឺបណ្តាញអ្នកនាំពាក្យតែម្តង។ ឥឡូវ ដោយសារថ្ងៃនេះ ក៏មានថ្នាក់ខេត្តមកជាមួយដែរ ខ្ញុំសុំផ្តល់មតិបណ្តាញរបស់ក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានរបស់ខេត្ត អញ្ចឹងទេ ឲ្យប្រធានមន្ទីរព័ត៌មានហ្នឹង គាត់ធ្វើជាអ្នកនាំពាក្យតែម្តងទៅ ក្រោមការត្រួតពិនិត្យមើលរបស់អភិបាលរងម្នាក់។ យកមន្ទីរព័ត៌មានហ្នឹងធ្វើសេនាធិការឲ្យរដ្ឋបាលខេត្តតែម្តង។ នេះគឺជារឿងដែលមិនចាំបាច់ប្រើក្របខណ្ឌអ្វីច្រើនទេ ជំនាញនៅទីនោះស្រាប់ហើយ។ ប៉ុន្តែ យើងវាអត់ធ្វើ។ អញ្ចឹងគ្នារកកន្លែងវាមិនឃើញ បានអ្នកសារព័ត៌មានទៅឆាឆៅអ្នកនេះ ទៅឆាឆៅអ្នកនោះ។ ឥឡូវចង្អុលឲ្យវាចំតែម្តងទៅ ប្រធានមន្ទីរព័ត៌មានហ្នឹង។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយអភិបាលខេត្ត តែងតាំងធ្វើអ្នកនាំពាក្យ គឺប្រធានមន្ទីរព័ត៌មាន ធ្វើអ្នកព័ត៌មានហ្នឹងទៅ ហើយរដ្ឋបាលខេត្តឲ្យក្រុមហ្នឹងធ្វើសេនាធិការ រៀបចំឲ្យល្អអំពីគេហទំព័រ ហើយនិងក្រុមហ្វេសប៊ុក។
ខ្ញុំសុំនិយាយរឿងហ្នឹងបន្តិច។ ខ្ញុំ(ជា)មនុស្សរពិស … រឿងបញ្ហាឆែកមើលព័ត៌មាននេះឯង។ ខ្ញុំសុំបង្ហាញអំពីគេហទំព័របន្តិចទៅចុះ។ ខ្ញុំមានគេហទំព័រដល់ទៅពីរ ដើម្បីយកមកបញ្ចូល ហើយយកផ្ទៀងគ្នា មួយយកពី របស់ គង់ ប៊ុនអាន ដែលគេដាក់ government នេះ អានេះមួយផ្នែកទៅ ព្រោះខ្ញុំមាន website របស់ខ្ញុំ។ ខ្ញុំមាន wifi pocket របស់ខ្ញុំ។ គ្រាន់តែរំលឹកថាមេព័ត៌មាននោះ ដោយរាប់ត្រឹម អ៊ុក គឹមសេង ឡើងទៅ CNC យប់មិញ តើមានបានមើល website របស់ក្រសួងព័ត៌មាន ឬអត់? Website របស់ក្រសួងព័ត៌មានអស់ត្រឹមថ្ងៃ ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ … បានខ្ញុំថា បើមុននឹងទៅលាងគូទឲ្យគេ វាលាងគូទខ្លួនឯងឲ្យវាស្អាតសិន។អញ្ចឹងបានខ្ញុំចេះតែត្អូញត្អែរ ខេត្តខ្លះមាន ក៏ប៉ុន្តែមានតែឈ្មោះ តែវាអត់មានព័ត៌មាន។ អញ្ចឹងបានជាអ្នកក្រសួង ស្ថាប័ន ដែលនៅទីនេះ រាប់ទាំងខេត្ត និងស្ថាប័នរដ្ឋ បើខ្លួនចង់កុំឲ្យអ្នកសារព័ត៌មានរំខានខ្លួន បញ្ចេញព័ត៌មាន ដាក់ទៅ Website របស់ខ្លួន។ បើគេមិនស្គាល់ទេ ខ្ចីទូរទស្សន៍គេរត់អា Website ក្រសួងនេះទៅ …។
ក្រសួងនានាគួរផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន តាមរយៈការបញ្ចេញព័ត៌មានតាមគេហទំព័រ
ខ្ញុំមិនចង្អុលទៅក្រសួងណាទេ គ្រាន់តែចង្អុលក្រសួងព័ត៌មាន ជាក្រសួងដែលគ្រប់គ្រងព័ត៌មាន ក៏ប៉ុន្តែ វាអត់ព័ត៌មាន។… ម្សិលមិញ ខ្ញុំបើកមើល។ ថ្ងៃនេះ ពុយ គា បានបញ្ជូនព័ត៌មាន អំពីអ្នកសារព័ត៌មានរបស់យើង ខកចិត្ត ដែលមិនបានមកចូលរួម ឲ្យខ្ញុំតាម WhatsApp។ ខ្ញុំអត់ឆ្លើយទៅ ពុយ គា វិញទេ។ មូលហេតុ ពុយ គា បានទទួលក្រោយខ្ញុំមួយថ្ងៃ។ … ដោយសារខ្ញុំត្រូវដឹកនាំប្រតិភូទៅ វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេស ស្វ៊ីស ហើយថ្ងៃហ្នឹងខ្ញុំធ្វើការដល់យប់ (ក៏មាន) comment ចូលមកហើយក៏មានចំនុចហ្នឹង។ ដល់មានចំនុចហ្នឹង ត្រឡប់មកវិញ ខ្ញុំក៏បើកមើលក្នុង website របស់ក្រសួងព័ត៌មាន។ ពេលដែលបើកមើលក្នុង website របស់ក្រសួងព័ត៌មាន អត់មានការពន្យល់អីបន្តិច។ អញ្ចឹងខ្ញុំក៏ទូរស័ព្ទទៅសួរ កាញារីទ្ធ …។
ក្រសួងខ្លះ ដូចជាក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងសាធារណការ ក្រសួងពាណិជ្ជកម្ម (វ៉ែបសាយត៍)គេដើរលឿន ហើយដើរលឿនជាងគេ គឺនគរបាល អាវុធហត្ថ។ ខ្ញុំថាព័ត៌មានតាមទូរទស្សន៍ជាតិវាផ្អូម… យ៉ាងណាក៏ដោយ ខ្ញុំមិនស្តីបន្ទោសទេ។ ខ្ញុំគ្រាន់តែឲ្យអនុសាសន៍ទៅអស់លោក។ អស់លោកអត់ផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន តាមរយៈការបញ្ចេញព័ត៌មានតាមគេហទំព័រ។ ខ្ញុំមិនថាឲ្យអស់លោកតាម Facebook ទេ លេងតាមគេហទំព័រ ទើបវាច្បាស់។ គេហទំព័រផ្លូវការ ហើយ Email ក៏គួរប្រើ Email ផ្លូវការ ប្រយ័ត្នគេប្តឹង …
ខ្ញុំសុំស្នើឲ្យបណ្តាស្ថាប័ន ជាពិសេសខេត្ត (ហើយសុំ)ឲ្យ កាញារីទ្ធ ធ្វើការជាមួយអភិបាលខេត្ត ដើម្បីឲ្យមានអ្នកនាំពាក្យពិតប្រាកដ។ អភិបាលរងខេត្តមួយ ទទួលខុសត្រូវ មើលពីលើ។ ប៉ុន្តែ វាពាក់ព័ន្ធមិនគ្រាន់តែអ្នកនាំពាក្យទេ តែពាក់ព័ន្ធជាមួយនឹងការរៀបចំឲ្យដំណើរការ ដូចជា គេហទំព័រ និងក្រុម Facebook។ បើនិយាយពី Facebook (របស់)ខ្ញុំ បច្ចុប្បន្ននេះ (បាន)ក្លាយទៅជាវេទិកាសាធារណថ្នាក់ជាតិមួយដ៏ធំ ស្អីក៏ចូលមកក្នុងហ្នឹងដែរ។ ប៉ុន្តែមានអ្នកខ្លះ ក៏ខ្ញុំសុំបញ្ជូនសារត្រឡប់ទៅវិញ។ កុំលេងក្បួនដាក់មកអត់មាន Profile ច្បាស់លាស់។ ដាក់ “អ្នកការពារ” រូប ចាន់ ចាវ រួចហើយប្រាប់ថា “នាងខ្ញុំបានវាយចូល inbox របស់សម្តេច” ហើយ ខ្ញុំក៏បើកមើលក្នុង Inbox … (គាត់)លេងចៅហ្វាយខេត្តមួយ។ ដល់អញ្ចឹងខ្ញុំវាយបកទៅ វិញថាតើមានរឿងអ្វីខ្លះក្រៅពីហ្នឹង សុំឲ្យលេខអាសយដ្ឋានខ្ញុំបានទេ? អត់បើករហូតដល់ឥឡូវ។ បានសេចក្តីថា ម្នាក់នេះ មានចេតនាអាក្រក់។
… ខ្ញុំក៏គួរតែនិយាយថាផ្នែកទូរទស្សន៍ ឬវិទ្យុនានាក៏គួរតែមាន Website មានគេហទំព័រ មាន Facebook របស់ខ្លួន ព្រោះពេលខ្លះយើងអត់បានមើលក្នុងពេលដែលគេបញ្ចាំងទេ ប៉ុន្តែ យើងផ្អែកទៅលើការបើកមើលតាមរយៈ Facebook page របស់ទូរទស្សន៍ ឬវិទ្យុនោះឯង។ នេះជាការផ្តល់មតិទៅលើវិស័យផ្នែកសារព័ត៌មាន។ ខ្ញុំសុំកោតសរសើរចំពោះគេហទំព័ររបស់កោះសន្តិភាព ដែលវាមានល្បឿនលឿន ហើយ Update ជាប់។ ខ្ញុំតាមមើលដែរ។ ខ្ញុំក៏(ជា)មនុស្សចូលចិត្តអាន។ ខ្ញុំទៅណា ក៏មានកាសែតទៅទាំងកងៗ ហ្នឹង។ ខ្ញុំចង់ជម្រុញឲ្យមនុស្សអានឲ្យបានច្រើន។ បើខ្ញុំមិនបានអានអាហ្នឹងទេ ខ្ញុំក៏មានទូរស័ព្ទសម្រាប់អានដែរ។ (រឿង)ហ្នឹងទាក់ទិននឹងអំពាវនាវឲ្យស្ថាប័នរដ្ឋធ្វើការជាមួយគ្នា។ យើងគួរយករបៀបក្រសួងបរិស្ថាន។ យ៉ាងម៉េចទៅដែលហៅ ថារបៀបក្រសួងបរិស្ថាន? ក្រសួងបរិស្ថានបានរៀបចំវេទិការវាងអ្នកការពារបរិស្ថាន និងធនធានធម្មជាតិជា មួយនឹងរាជរដ្ឋាភិបាលមួយឆ្នាំម្តងដែរ។ យើងជជែកការងារ (ហើយ)សេចក្តីសម្រេចរបស់វេទិកានោះ មានតម្លៃស្មើសេចក្តីសម្រេចនៃអង្គប្រជុំគណៈរដ្ឋមន្ត្រី ដូចជាវេទិការវាងរាជរដ្ឋាភិបាល និងឯកជនផងដែរ។ ជួបជុំមួយឆ្នាំម្តង យើងក៏មិនអាចដោះស្រាយរាល់សំណួរ ដែលបើកឲ្យមានការសួរដេញដោលគ្នា ដោះស្រាយបញ្ហានេះដែរ។ ប៉ុន្តែ នៅក្នុងចន្លោះពេលនៃការជួបជុំគ្នាមួយទៅការជួបជុំគ្នាមួយ រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្នឹងឯងដែលត្រូវធ្វើការជាមួយសហព័ន្ធសារព័ត៌មាន មានប្រមាណជាសាមសិបប៉ុន្មានសហព័ន្ធ ធ្វើការដោះស្រាយបញ្ហានានាដែលលេចឡើង។
សារព័ត៌មានដែលគេជឿ ជាសារព័ត៌មាននិយាយការពិត និងទាន់ហេតុការណ៍
ខ្ញុំចង់និយាយពីផ្នែកខាងអ្នកព័ត៌មានយើងវិញម្តង។ … ខ្ញុំនិយាយត្រង់។ ចុះបើនិយាយមិនត្រង់ធ្វើនាយករដ្ឋមន្ត្រីធ្វើអី។ ដោយសារតែនិយាយត្រង់ហ្នឹងហើយដែលអាចធ្វើនាយករដ្ឋមន្ត្រីបានដល់ ៣២ ឆ្នាំ ហើយកុំមកចង់ផ្តួលលេងៗ … កុំចង់បដិវត្ដពណ៌។ បដិវត្ដពណ៌កំពុងងាប់។ ឥឡូវដូចជាស្ងាត់ … ខ្ញុំនិយាយពីសារព័ត៌មាន ដែលគេជឿ ដែលឆ្លាត តើជាសារព័ត៌មានប្រភេទណា? គឺជាសារព័ត៌មាននិយាយការពិត និងទាន់ហេតុការណ៍។ បើអ្នកឯងនិយាយមិនពិតម្តងជាពីរដង អាហ្នឹងគេធីបអ្នកឯងនៅកៀនជញ្ជាំងហើយ។ ហ្នឹងទី ១។ ទី២ បើសិនវាផ្អូម គ្មានអ្នកណាគេបើកមើលទៀតទេ ហើយគ្មានអ្នកណាអានព័ត៌មានហ្នឹងដែរ ព្រោះព័ត៌មានវាមិនមែនមានតែមួយឯណា ព័ត៌មាន(មានពី)ច្រើន(ប្រភព)។ អនឡាញវាច្រើនណាស់។ វែបសាយត៍វាច្រើនណាស់។ អញ្ចឹងសុំព័ត៌មានឲ្យវាច្បាស់។ ខ្ញុំតែងតែទូន្មាន ខ្ញុំចង់ឲ្យអ្នកល្អ។ ខ្ញុំនិយាយពីគោ ដល់យកទៅសរសេរពីក្របី តើអ្នកណាគេជឿ? បើលោក ហ៊ុន សែន កំពុងថ្លែងអញ្ចឹង ប៉ុន្តែមិនដឹងហ្វេសប៊ុករបស់ខ្ញុំផ្សាយឬអត់ ប៉ុន្តែ Fresh News កំពុងផ្សាយផ្ទាល់ … ដូចនេះគេស្តាប់ គេឃើញ គេលឺ ហើយខ្លួនឯងយកទៅសរសេរ ទៅបកស្រាយខុស តើអ្នកណាគេជឿទៀត?
អញ្ចឹង ចំណុចដែលគួរត្រូវធ្វើគឺព័ត៌មានពិត និងទាន់ហេតុការណ៍។ ចំណុចពីរហ្នឹងគឺសំខាន់ បើអ្នកឯងនិយាយពិត ប៉ុន្តែអត់ទាន់ហេតុការណ៍ ក៏គេមិនមើល ព្រោះគេបានមើលមុនហើយ។ ព័ត៌មានបច្ចុប្បន្ននេះ គឺប្រកួតប្រជែងគ្នាអំពីល្បឿនទៅវិញ។ ហើយអ្នកនយោបាយ អ្នករកស៊ីជាពិសេស បើនិយាយពីរឿងសេដ្ឋកិច្ចវិញ អ្នករកស៊ីគេត្រូវការល្បឿនលឿនខ្លាំងណាស់ … ខ្ញុំមិនមែនអ្នកទាយភាគហ៊ុនទេ តែខ្ញុំទាយពីលទ្ធផលបោះឆ្នោតរបស់ត្រាំម៍ ត្រូវ។ អ្នកខ្លះ ៩៩ ចាក់យក ហ៊ីឡារី គ្លីនតុន។ ខ្ញុំចាក់យក ដូណាល់ ត្រាំម៍។ ចាំពេលណាមួយ ខ្ញុំប្រាប់គន្លឹះ យ៉ាងម៉េចទៅបានហ៊ានដល់ទៅប៉ុណ្ណឹង។ ថ្ងៃនេះទី ១៤ ហើយ សល់តែ ៦ ថ្ងៃទៀតទេ … គេចង់វាយក្បាលខ្ញុំ ប៉ុន្តែមិនត្រូវខ្ញុំ ទៅត្រូវ ដូណាល់ ត្រាំម៍។ … អញ្ចឹង ចំណុចទីមួយដែលខ្ញុំចង់បញ្ជាក់គឺ សារព័ត៌មានល្បី ដែលគេចូលចិត្តមើល គឺសារព័ត៌មាននិយាយការពិត ទាន់ហេតុការណ៍ សូមអស់លោកអ្នកសារព័ត៌មានយកទៅច្នៃខ្លួនឯងទៅ។
សូមអ្នកសារព័ត៌មានកុំធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ធ្វើអ្នកការពារក្តីផង និងធ្វើចៅក្រម
ទី ២ ខ្ញុំសុំស្នើអស់លោកទាំងកាសែតក្តី ទាំងវិទ្យុក្តី តាមទូរទស្សន៍ក្តី ជាពិសេសអស់លោក អ្នកតាមទូរទស្សន៍ និងវិទ្យុ កុំធ្វើជាអ្នកអត្ថាធិប្បាយផង ធ្វើអ្នកការពារក្តីផង និងធ្វើចៅក្រមផង។ ប្រហែលអ្នកធ្វើអត្ថាធិប្បាយតាមវិទ្យុមួយចំនួន ទូរទស្សន៍មួយចំនួន កំពុងដើរហួសពីតួនាទីរបស់ខ្លួនហើយ ដែលអាចមានពេលខ្លះជះឥទ្ធិពលទៅលើសាធារណៈមតិ និងរហូតជះឥទ្ធិពលទៅដល់បញ្ហាតុលាការទៀត។ សូមឲ្យយកចិត្តទុកដាក់។ យើង(ធ្វើ)ត្រឹមតែជាអ្នកផ្តល់ព័ត៌មានពិត តែកុំសន្និដ្ឋាន ហើយកុំធ្វើចៅក្រម។ ខ្ញុំគិតថា អ្នកដែលបានធ្វើរឿងនេះ ពិតជាយល់ថា ខ្លួនឯងបានធ្វើអី ខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះទេ។ មានពេលខ្លះដើរតួនាទីនយោបាយថាបក្សនេះគួរតែធ្វើអញ្ចេះៗ។ កុំធ្វើអាហ្នឹង មិនមែនជាតួនាទីរបស់ខ្លួនទេ តួនាទីរបស់ខ្លួនត្រឹមបញ្ចេញការពិត ប្រាប់ថាខាងនេះ គេនិយាយអញ្ចេះៗ (ហើយ)សន្និដា្ឋនបែបណាទុកឲ្យ។ យើងម្នាក់ឯងគ្រាន់តែអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្ណោះ មិនមែនជាចៅក្រម ហើយមិនមែនជាចៅក្រមស៊ើបអង្កេត ចៅក្រមកាត់ក្តី ហើយក៏មិនមែនជាព្រះរាជអាជ្ញាដែលអាចធ្វើការចោទប្រកាន់បាននោះទេ។ ខ្ញុំឃើញមានពេលខ្លះ ហាក់ដូចជាជ្រុល … យើងជាអ្នកសារព័ត៌មានមានតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាដែលលេចឡើង …។
ដើរតួជាអ្នកសារព័ត៌មានដើម្បីជួយរួមចំណែកកសាងសង្គម បើមិនដូច្នោះតើអោយមេដឹកនាំវិនិច្ឆ័យបែបណា បើរឿងសទៅជាខ្មៅ ខ្មៅទៅជាស។ នេះជាបញ្ហាដែល ខ្ញុំគួរតែនិយាយ។ យើងទទួលហើយ មតិពីប្រជាពលរដ្ឋ ក៏ប៉ុន្តែយើងអានមតិហ្នឹង ហើយទុកលទ្ធភាពឲ្យគេតវ៉ាផង … កុំធ្វើការសន្និដ្ឋានដោយបិទផ្លូវ។ យ៉ាងម៉េចទៅសន្និដ្ឋាន ដោយបិទផ្លូវ? (គឺ)ដូចខ្ញុំនិយាយអម្បាញ់ម៉ិញ ដើរតួជាចៅក្រមធ្វើការសន្និដ្ឋានដោយបិទផ្លូវ អញ្ចឹងទេ យើងគ្រាន់តែថានេះជាព័ត៌មានដែលមិនទាន់បានសួរបញ្ជាក់ទៅភាគីខាងណេះ ដោយទូរស័ព្ទមិនលើក(ឧទាហរណ៍) ប៉ុណ្ណឹងទៅ វាចប់ហើយ។ ប៉ុន្តែ បើយើងសន្និដ្ឋានថា រឿងនេះ វាខុសអញ្ចេះ បើអ្នកឯងចង្អុលថាខុសហើយ អាហ្នឹង វាមិនបិទផ្លូវបាត់ហើយ។ … សម្តីខ្លះ ពេលខ្លះនាយករដ្ឋមន្ត្រីមិនហ៊ាននិយាយទេ អ្នកធ្វើអត្ថាធិប្បាយហ៊ាននិយាយ … បានក្បាលមេក្រូមុខទូរទស្សន៍ផង ទៅបណ្តោយ … ធ្វើអ្នកសារព័ត៌មានកុំជោរ …។
សូមកុំធ្វើការដោះដូរលុយកាក់ ដើម្បីបំបិទព័ត៌មាន
ខ្ញុំនៅចំាលោក ប៉ែន សាមិទ្ធិ នៅពេលដែលមានការសម្ភាសន៍មួយ ខ្ញុំមើលគាត់និយាយត្រូវ។ គាត់ថាអ្នកសារព័ត៌មានកុំជោរ។ ជាអកុសលគាត់ទទួលមរណកាលទៅហើយ។ មួយទៀត ខ្ញុំគួរតែប្រាប់ថា បើសរសេរត្រឹមត្រូវកុំខ្លាចគេប្តឹង។ បើយើងមានហេតុមានផល មានមូលដ្ឋានត្រឹមត្រូវ កុំខ្លាចគេប្តឹង។ អ្វីដែលគួរអោយខ្លាច ខ្ញុំសុំជម្រាបថា សូមកុំធ្វើការដោះដូរ រវាងផលប្រយោជន៍លុយកាក់ និងការបំបិទព័ត៌មាន។ នេះជារឿងដែលខ្ញុំធ្លាប់លឺ ហើយរឿងនេះ រឿងពិត មិនមែនរឿងមិនពិតទេ។ មានអ្នកមានប្រាក់កាស មានអំណាចខ្លះ ធ្វើខុស ហើយសារព័ត៌មានចាប់បាន។ អញ្ចឹង ដើម្បីទិញសារព័ត៌មាននោះកុំអោយផ្សាយ ឬផ្សាយបំភ្លៃ ដោះដូរជាមួយលុយកាក់។ សារព័ត៌មានបែបនេះ មិនអាចបម្រើសង្គមបានទេ មានតែជម្រុញអោយសង្គមប្រព្រឹត្តអំពើពុករលួយតែប៉ុណ្ណោះ។ មានអ្នកខ្លះ ចាប់បានរឿងដឹកឈើរឿងស្អីៗហ្នឹង អត់ទេ(ទទួលការ)សូកប៉ាន់លុយ ទីមួយមិនផ្សាយ ហើយបើផ្សាយ ក៏ផ្សាយបំភ្លៃ។ ទោសដែលត្រូវជាប់គុក ទៅជាមានគុណសម្បត្តិទៀត។ តែមិនស្រួលមកស្នើសុំរាជរដ្ឋាភិបាលបំពាក់មេដាយអោយទៀត។ ខ្ញុំចង់បានការពិតមួយដែលបង្ហាញអោយច្បាស់ កុំមួលបង្កាច់ ហើយក្នុងករណីដែលយើងមានការថ្លោះធ្លោយ កុំខ្លាចនឹងធ្វើការកែតម្រូវអោយគេ។ ហ្នឹងបានគេហៅថា យើងហ៊ានទទួលខុស និងត្រូវ …។ ខ្ញុំសូមអរគុណឯកឧត្តមអនាគតប្រធានាធិបតីអាមេរិក ដូណាល់ ត្រំាម៍ ដែលនិយាយត្រង់ៗ ទៅលើសារព័ត៌មានដ៏ស្មោកគ្រោករបស់ពួកអាមេរិក។ ខ្ញុំមិនចង់អោយសារព័ត៌មាននៅកម្ពុជា ស្មោកគ្រោកដូចសារព័ត៌មាននៅអាមេរិកទេ។ ពេលខ្លះខ្ញុំនិយាយទៅកាន់អស់លោក ខ្ញុំចង់អោយគេជឿកាសែតអស់លោក មិនមែនស្តីបន្ទោសអោយអស់លោកទេ …។
អ្វីដែលកើតនៅកម្ពុជា ឥឡូវវាក៏កើតនៅអាមេរិកដែរ
… ពិភពលោកច្របូកច្របល់អស់ហើយ។ អ្នកដែលមានបច្ចេកវិទ្យាជាន់ខ្ពស់ មិនមែនអាមេរិកទេ។ បើ ប៉ារ៉ាក់ អូបាម៉ា គាត់ថា រុស្ស៊ី hack ប្រព័ន្ធព័ត៌មាន(ពាក់ព័ន្ធនឹងការបោះឆ្នោត)។ អញ្ចឹង បានសេចក្តីថា រុស្ស៊ីខ្លំាងជាងអាមេរិក។ ប៉ុន្មានថ្ងៃនេះ ប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា ថា ចិន និងរុស្ស៊ីមិនអាចតាមទាន់ទេ ប៉ុន្តែប៉ុន្មានថ្ងៃមុនប្រកាសថា រុស្ស៊ីចូល hack … មានអ្នកណាខ្ពស់ជាងអ្នកណាឥឡូវហ្នឹង។ ពិបាកយល់ដែរពិភពលោក។ ប៉ុន្តែណ្ហើយ រឿងអ្នកដទៃ … អ្វីដែលមាននៅកម្ពុជាប៉ុន្មាន ទៅវិញអស់រលីង។ បោះឆ្នោតរួចហើយធ្វើបាតុកម្ម ក៏ទៅកើតនៅអាមេរិកវិញ បោះឆ្នោតរួចហើយទាមទារអោយរាប់សន្លឹកឆ្នោតឡើងវិញ ក៏ទៅកើតនៅអាមេរិកវិញ បោះឆ្នោតរួចហើយថា មានការបន្លំសន្លឹកឆ្នោតក៏ទៅកើតនៅអាមេរិកវិញ … (នេះ)បានបង្ហាញថា អ្វីដែលអាមេរិកបានបង្កើតនៅកម្ពុជា ឥឡូវអាមេរិកបាននំាទៅអាមេរិកវិញហើយ …។ ខ្ញុំសូមអំពាវនាវចំពោះស្ថាប័នសារព័ត៌មាន និងបុគ្គលសារព័ត៌មាន កុំប្តូរផលប្រយោជន៍ព័ត៌មានជាមួយនឹងលុយកាក់ ដែលធ្វើអោយគេទិញបាន ក្នុងពេលដែលស្ថាប័នព័ត៌មានកំពុងតែទាមទារ នៅក្លាយទៅជាអំណាចទី ៤។ ខ្ញុំធ្លាប់ទៅចូលរួមហើយ ៨ ឧសភានោះ មិនដឹងជាប៉ុន្មានឆ្នំាទេ នៅទសវត្សរ៍ ៩០។ ពេលហ្នឹងទារអំណាច ក្លាយជាអំណាចទី ៤ តែអំណាចទី ៤ យ៉ាងម៉េច បើមួយថ្ងៃៗ ជេរគ្នា។ គេមិនអោយធ្វើអំណាចទី ៤ ទេ អំណាច ៣ នឹង វាគ្រប់ហើយ និតិបញ្ញាតិ្ត និតិប្រតិបត្តិ និងតុលាការ។ ដល់អំណាចសារព័ត៌មានក្លាយជាអំណាចទី ៤ ទៀត … ដូណាល់ ត្រំាម៍ ជេរ CNN ជាងគេ …។
… មានកាសែតបរទេសខ្លះនៅកម្ពុជា បើតែសរសេរខុស មិនដែលកែតម្រូវអោយគេទេ រួចហើយថាវាស្តង់ដា។ ខ្ញុំសុំជម្រាបជូនស្តង់ដាអន្តរជាតិ ប្រើបានតែប៉ុន្មានចំណុចទេ។ ស្តង់ដាអន្តរជាតិ ទីមួយ ប្រើបានតែវិស័យកីឡា ទីពីរ ប្រើបានក្នុងវិស័យមួយចំនួនដែលទាក់ទងជាមួយ ISO អំពីសុវត្ថិភាពចំណីអាហារ ឬក៏គុណភាពស្អីៗនោះតែប៉ុណ្ណឹងទេ។ អារឿងនយោបាយ កុំនិយាយស្តង់ដាអន្តរជាតិខ្មោចអី។ សូម្បីតែអាមេរិកច្របូកច្របល់មិនដឹងជាស្អីៗ ហើយមិនដឹងថា ថ្ងៃទី ២០ ឡើងកាន់តំណែងមានមនុស្សប៉ុន្មាននាក់ធ្វើបាតុកម្មប្រឆំាង ត្រំាម៍ នៅ… ខ្ញុំមិនមានពិសោធន៍ច្រើនទេ ក៏ប៉ុន្តែខ្ញុំក៏អាចនិយាយបានថា ក្នុងចំណោមប្រធានាធិបតីនៃប្រទេសជាច្រើន នាយករដ្ឋមន្ត្រីនៃប្រទេសជាច្រើន ខ្ញុំធ្វើការជាមួយពួកគេ។ ខ្ញុំមិននិយាយថា លោក ហ្វ្រង់ស័រ ហូឡង់ ឬ ម៉ាក់ អេរ៉ូ ជាអ្នកឈ្នះនោះទេ។ ខ្ញុំខ្សឹបខ្សៀវរួចទៅហើយ តែខ្ញុំមិននិយាយជាសាធារណៈ។ មិនមែនបានសេចក្តីថា កម្ពុជាចូលទៅ hack លទ្ធផលទេណា។ កាលពីមុនខ្ញុំហ៊ាននិយាយថា ត្រំាម៍ ឈ្នះ បើអញ្ចឹងកម្ពុជាវាខ្លំាងណាស់ទៅហើយ ថ្នាក់ចូលទៅដូរលទ្ធផលបោះឆ្នោតនៅប្រទេសគេបាននោះ … ប៉ុន្តែខ្ញុំមិនមែនគ្រូទាយទេ ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលកាន់ការរដ្ឋ បូកតំាងពីថ្នាក់រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរហូតទៅដល់ជិត ៤០ ឆ្នំាទៅហើយ ៣៨ ឆ្នំាជាង។
ការដាក់កុងត្រូលយកលុយរបស់អ្នកកាសែត ត្រូវចាប់ដាក់ទោសភ្លាម
មួយទៀត ខ្ញុំសូមផ្តល់មតិអោយអ្នកសារព័ត៌មាន ប្រយ័ត្នប្រយែង។ ថ្ងៃប្រជុំគណបក្សប្រជាជន បែរជាអភិបាលស្រុកស្នួលលើកសំណូមពរថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា (មើល ព្រោះ) ពួកសារព័ត៌មានទៅដាក់កុងត្រូលយកលុយ។ បានដល់គាត់និយាយចប់ ខ្ញុំថាអត់ទេណា គ្មានរឿងអភ័យឯកសិទ្ធិអីទេ។ ចាប់វាយខ្នោះភ្លាម។ កាញារីទ្ធ បានអាហ្នឹងបង្ហោះភ្លាម។ កុំថាលោកឯងត្រឹមសារព័ត៌មាន លោកឯងជាតំណាងរាស្ត្រក៏ដោយ ព្រឹទ្ធសភាក៏ដោយ ទៅធ្វើបទល្មើសជាក់ស្តែង (ត្រូវ)ចាប់ខ្លួននៅកន្លែង។ កុំឲ្យសោះ។ ឥឡូវសូមប្រាប់បណ្តាខេត្តទាំងអស់ ចង្អុលឲ្យហើយ បើឃើញអ្នកសារព័ត៌មាន កុំថាអ្នកសារព័ត៌មាន អ្នកណាក៏ដោយ ដាក់កុងត្រូលជជុះយកលុយ (ត្រូវ)ចាប់ទាំងអស់។ ឃើញក្នុងសេចក្តីសម្រេចរបស់គណបក្សប្រជាជនទេ ប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន ចោរកម្ម ឃាតកម្ម ការកាប់ឈើខុសច្បាប់ ការទន្ទ្រានយកដីខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ និងដាក់កុងត្រូលយកលុយខុសច្បាប់។ សូម្បីតែ ប៉េអឹម និងប៉ូលីស ក៏ត្រូវចាប់ដែរ កុំថាត្រឹមអ្នកសារព័ត៌មាន។ សូមកុំអាងស្លាកសារព័ត៌មាន។ មិនមែនអភ័យឯកសិទ្ធិការពារខ្លួន ដើម្បីនឹងប្រព្រឹត្តអំពើផ្តេសផ្តាសទេ។
អ្នកសារព័ត៌មានត្រូវរៀនពីរបៀបសួរ
បណ្តាំមួយទៀត សូមអ្នកព័ត៌មានទាំងឡាយ រៀនពីរបៀបប្រើពាក្យសួរគេឲ្យបានស្រួល។ អ្នកសារព័ត៌មានខ្លះដែលខ្ញុំមិនឆ្លើយ។ យើងមាន(អ្នកត្រូវសួរ)មួយគគោក ហើយអ្នកសួរសំណួរវែងលើសពីឯងត្រូវឆ្លើយទៅទៀត។ ហ្នឹងមិនចេះសួរទេ រៀនសួរធ្វើម៉េចឲ្យវាឆាប់ចេញ។ បើយើងចេះធ្វើអ្នកសារព័ត៌មាន ត្រូវរៀនរបៀបសួរ។
ពង្រឹងសមត្ថភាពធនធានមនុស្សខាងផ្នែកព័ត៌មាន
ចុងក្រោយ ការពង្រឹងសមត្ថភាពធនធានមនុស្សខាងផ្នែកព័ត៌មាន។ រឿងនេះយើងត្រូវបន្តធ្វើ បណ្តុះបណ្តាលអ្នកសារព័ត៌មាន។ ឥឡូវនៅសាកលវិទ្យាល័យភ្នំពេញ ក៏មានផ្នែកសារគមនាគមន៍ ដែលបានថ្នាក់បរិញ្ញា ប៉ុន្តែក្រសួងព័ត៌មានគួរតែគិតគូរអំពីការធ្វើវិក្រិត្យការសម្រាប់អ្នកសារព័ត៌មាន ហើយការធ្វើនោះ បើអាចធ្វើទៅបាន ខ្ញុំថាគួរដូរវេន។ ខ្ញុំថាយើងធ្វើវគ្គខ្លីៗ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានរបស់យើង។ រួចហើយម្តងប្រគល់ឲ្យរ៉ូយ៉ាល់គ្រុបធ្វើទៅ ដែលមាន CNC CTN MYTV ធ្វើជាម្ចាស់ទៅ ចេញលុយម្តងទៅ។ បន្ទាប់ពីហ្នឹង ទៅ ចាងហ្វាងខាងបាយ័ន BTV ETV ធ្វើម្ចាស់ម្តងទៅ។ រួចបន្តមកទៀត PNN ធ្វើម្ចាស់ម្តងទៅ។ បន្ទាប់ទៅ កៅគឹមហ៊ួន ធ្វើទៅ។ រួចអ្នកណាទៀត ហង្សមាស។ កុំយកអ្នកខាត។ ខ្ញុំដឹងថា ទូរទស្សន៍ប៉ុន្មាននោះខាតហើយ ចុះបើធុនហ្នឹង ធ្វើម៉េចវាមិនខាត។ អប្សរាក៏ខាត ប៉ុស្តិ៍លេខ ៣ ក៏ខាត លេខ ៥ ក៏ខាត លេខ ៩ ក៏ខាត។ ខ្ញុំសូមឲ្យយោបល់អញ្ចេះ រាប់ទាំងទូរទស្សន៍ជាតិ បើមិនកើតទេ ខ្ញុំឲ្យលុយខ្ញុំ មិនបាច់ទៅសុំពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុទេ គ្រាន់តែកូនម៉ាស៊ីនមួយតូច។ ពេលដែលយើងឈប់ផ្សាយម៉ោងរួម ម៉ោងធំ យើងផ្សាយកូនម៉ាស៊ីនមួយ សញ្ញារបស់យើងអត់ដាច់ទាំងអស់ ជាពិសេសប្រទេសយើង មិនមែនមើល(ការផ្សាយ)តាមអង់តែនច្រើនទេ មើលតាមខ្សែកាបច្រើន។ … គ្មានអស់លុយប៉ុន្មានទេ។ ដល់ពេលយប់ ជួនកាលចាក់ធម៌អារ្យអីទេ។ អាហ្នឹងមានទៅអស់លុយប៉ុន្មាន ហើយគ្មានចាំបាច់មនុស្សទៅចាំអីណា។ អាហ្នឹង program វាមានស្រាប់ ផុតពីអានេះដល់អានោះ ផុតពីអានោះដល់អានេះ យ៉ាងច្រើនតែមនុស្សម្នាក់នៅចាំ អត់អស់លុយច្រើនប៉ុន្មានទេ។
មើល អ៊ុក គឹមសេង បញ្ចេញព័ត៌មានមួយតាមវ៉ែបសាយត៍ ក្នុងឋានៈខ្លួនជាទីប្រឹក្សា ឡើងតុមូលពីម្សិល។ ឥឡូវ វ៉ែបសាយត៍របស់យើងកំពុងតែអត់មានព័ត៌មាន ប្រាប់ថាថ្ងៃនេះនាយករដ្ឋមន្ត្រីបានណែនាំក្រសួងព័ត៌ មានថា សូមឲ្យ update វ៉ែបសាយត៍ខ្លួនឯង។ ប៉ុន្តែយ៉ាងណាក៏ដោយ ការនិយាយរបស់ខ្ញុំ នេះជាបំណងល្អ ហើយដែលយើងចង់ទៅជាគ្រួសារតែមួយ ដែលកំពុងជិះទូកជាមួយគ្នា។ វត្តមានខ្ញុំថ្ងៃនេះ គឺដើម្បីពង្រឹងនូវតួ នាទីនៃស្ថាប័នព័ត៌មាន ក៏ដូចជាពង្រឹង និងការលើកទឹកចិត្តអ្នកសារព័ត៌មាន បន្ថែមសិទ្ធិឲ្យទៅវិញ មិនមែនជាការមកបិទសិទ្ធិអ្នកទាំងឡាយទេ … សង្ឃឹមថា ឆ្នាំក្រោយបងប្អូនដែលមិនបានចូលរួម អញ្ជើញមកចូលរួម។ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕