សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តសិរីសាគរ (ហៅវត្តកំពង់ត្រ បែក) ឃុំ-ស្រុកកំពង់ត្របែក
តាមទម្លាប់ កាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយសម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅព្រះវិហារថ្មី នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ដែលមានអាយុកាលចំនួន ១៥៩ ឆ្នាំរួចទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទ ជាពិសេសគឺសប្បុរសជននានា ដែលបានផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ កាត់ឫសសីមានៅថ្ងៃនេះ។ តាមទម្លាប់ឆ្នាំនេះ គឺខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឆ្នាំទៅដែរ គឺកាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ដោយសារពេលវេលាមានកម្រិត អញ្ចឹងទេឆ្នាំទៅ កាត់(ឫសសីមាបាន)ពីរវត្តដែរ៖ កាត់មួយនៅខេត្តព្រៃវែង នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ ហើយឆ្នាំនេះ កាត់(ឫសសីមា)វត្តមួយនៅភ្នំពេញ វត្តព្រែកប្រា និងវត្តមួយទៀត គឺវត្តនេះ។ ហើយសូមអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃនៅតាមទីអារាមនានា ដែលបានអញ្ជើញខ្ញុំព្រះករុណាខ្ញុំ ទៅកាត់ឫសសីមា ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏បានអោយតំណាងទៅកាត់ឫសសីមា(ជំនួស) ក្នុងហ្នឹងក៏មានវត្ត ខ្លះនៅក្នុងខេត្តព្រៃវែងនេះ (ដែល)សម្ដេចក្រឡាហោម ស ខេង ក៏បានទទួលបន្ទុកកាត់ឫសសីមា(ជំនួសខ្ញុំ)។…