FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៧ ទំហំទឹកប្រាក់វិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន ៤.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន ៣០០លានដុល្លារអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
សិក្ខាសាលាមួយ ស្តីពី ការជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺ រ៉ូយាល់។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ២៦.៣% នៃផលិតផលសរុបក្នុងស្រុក និងបានស្រូបយកកម្លាំងពលកម្ម ៤៥.៣% នៃកម្លាំងពលកម្មសរុប។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ដោយបានដាក់ចេញនូវគោលនយោបាយគាំទ្រមួយចំនួន ដូចជា គោលនយោបាយមិនយកពន្ធលើដីកសិកម្ម គោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ការលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមចំពោះជី និងគ្រឿងចក្រកសិកម្ម និងការផ្តល់ការលើកលែងពន្ធរយៈពេលវែង ដល់គម្រោងវិនិយោគក្នុងវិស័យកសិកម្មជាដើម។
ដោយឡែក គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ក៏បានកំណត់នូវគោលដៅក្នុងការបង្កើនការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០២៥ ធៀបនឹង ៨% នាឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយនានា ដូចជា ការបង្កើតនូវតំបន់កែច្នៃកសិផល ការបង្កើតមូលនិធិសម្រាប់ជំរុញការអភិវឌ្ឍផលិតផល បច្ចេកទេសកសិផល ការរៀបចំនូវយន្តការសម្រួល ដល់ការនាំចេញកសិផលកែច្នៃ និងការសិក្សាកំណត់នូវមុខទំនិញអាទិភាព ដែលមានសក្តានុពលកែច្នៃសម្រាប់ការនាំចេញ៕