FN ៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ រស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំអំណោយថ្នាំពេទ្យចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន២៧៦៣នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣២៧នាក់, ជំងឺស្ត្រី១៧៦នាក់, ជំងឺផ្លូវដង្ហើម៨៩នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឬសដូងបាត២១៩នាក់, ជំងឺទឹកនោមផ្អែម២៩៥នាក់, ជំងឺមាត់ធ្មេញ៣២០នាក់, ជំងឺរលាកទងសួត១០២, អេកូសាស្រ្ដចំនួន២៥១នាក់, ជំងឺទូទៅចំនួន៥៥៧នាក់, ជំងឺរាគចំនួន៣៩នាក់, ជំងឺសើស្បែកចំនួន១៩៦នាក់។
លោក កែវ វង្ស ប្រជាពលរដ្ឋដែលរស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំរីករាយ ខ្លាំងណាស់ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីបានចុះមកពិនិត្យព្យាលបាល ដល់ពួកយើងក្នុងស្រុកផ្ទាល់ ហើយខ្ញុំពិតជាគ្មានអ្វីថ្លែងអំណរគុណដ៏ពិសេស ពិសាលនេះក្រៅពីម្រាមដៃដប់ប្រណម ដល់ទេវតាឆ្នាំថ្មី សូមជួយថែរក្សាបីបាច់ ក្រុមគ្រូសារឯកឧត្តមហ៊ុន ម៉ានី ឲ្យជួបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លានឃ្លាតឡើយ»។
លោកបានបន្ដទៀតថា «ខ្ញុំសូមស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី ឲ្យចុះមកជួយព្យាលបាលប្រជាពលរដ្ឋឲ្យបានញឹកញាប់បំផុត»។
អ្នកស្រី សយ មឿន ប្រជាពលរដ្ឋក្នុងស្រុកថ្គង ខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងដែរថា «ការចុះមកជួយរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះគឺពិតជាបានចូលរួម ចំណែក កាត់បន្ថយថវិការខ្ញុំ ក៏ដូចជា អ្នកភូមិទាំងមូល ព្រោះថាខ្ញុំឈឺច្រើន ហើយមិនមានពេលទៅពិនិត្យសុខភាពបានទៀតទាត់ ដូច្នេះការចុះមកជួយនេះគឺបានជួយកាត់បន្ថយ ពេលវេលារបស់ខ្ញុំបានយ៉ាងច្រើន»។
អ្នកស្រីបន្ដទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារទាំងមូលដែលបានចំណាយពេលវេលា មកជួយព្យាលបានអ្នកស្រុកនេះ ខ្ញុំសូមឲ្យក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យព្យាលបាលដល់ប្រជាពលរដ្ឋឲ្យបានញឹកញាប់បំផុត និងសូមឲ្យក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី ជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីសប្បាយតរៀងទៅ»។
សូមបញ្ជាក់ថារយៈពេល៥៣ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៧៦៥នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៣លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៩៩៧១៦នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧៕
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ
និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕