FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើគណបក្សប្រឆាំង នៅតែបន្តសកម្មភាពមិនចូលរួម បង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងខ្លាំងៗបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធី
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «អ្នកទាំងអស់គ្នា ត្រូវបើកភ្នែកធំៗថា ស្ពានដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការ ដឹកនាំរបស់តេជោសែននេះឯង ផ្លូវថ្នល់ ប្រឡាយទឹក ទោះបីវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ តែអាលូវមានយាន្តបើកបរពាសពេញទីក្រុង។ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ ហើយសង្ឃឹមថា នេះជាក្តីមោទនភាពរបស់អតីតយុទ្ធជន និងយុទ្ធជនពិការ និងបងប្អូនមន្រ្តីរាជការដែលចូលនិវត្ត។ ដូច្នេះការការពារសមិទ្ធិផលនេះ ទោះក្នុងតំលៃណាមួយក៏ដោយ ត្រូវតែការពារឲ្យបាន ដើម្បីការពារឲ្យបាន គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទាំងអស់ ថ្ងៃ២៨ខែកក្កដា»។
សម្តេចបានលើកឡើងទៀថា៖ «មិនទាន់ទាំងដឹងលទ្ធផលផង ឆេះឡានអស់ម៉ាណ នៅស្ទឹងមានជ័យ អ្នកឯងធ្វើសកម្មភាពជាច្រើនកន្លែង មិនឲ្យប្រជាពលរដ្ឋចូលបោះឆ្នោត ដើម្បីថ្នាក់ថ្នមសភាពការណ៍ មិនធ្វើសកម្មភាព តែកុំភ្លេចថា ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងបែបនេះ កម្លាំងប្រដាប់អាវុធ ត្រូវចេញបង្ក្រាបភ្លាម ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ អត់មានមកទុកឲ្យដុតឡានបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ មិនទាន់ទាំងឈ្នះផង បង្កើតហេតុការណ៍នេះបង្កើតហេតុការណ៍នោះ។ ខ្ញុំសូមព្រមានទុកឲ្យហើយ កុំឲ្យសភាពការណ៍ឆ្នាំ២០១៣វិលមកវិញ ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ រួមទាំងគណបក្សប្រឆាំង គឺបានមកពីការពលីរបស់អតីតយុទ្ធជន ក៏ដូចជាកងកម្លាំងនាពេលបច្ចុប្បន្នផងដែរ៕