សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យនិស្សិតពិការខេត្តព្រៃវែង រំភើបរហូតស្រក់ទឹកភ្នែក តាមរយៈការឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការរស់នៅនិងសិក្សា
FN ៖ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើបរីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសបន្ទាប់ពីទទួលបានការជួយឧបត្ថម្ភថវិការថយន្ត និងកុំព្យូទ័រជាច្រើនគ្រឿង សម្រាប់ជួយដល់ការសិក្សា និងធ្វើសកម្មភាពកូនប្រជាពលរដ្ឋនៅតាមភូមិ។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធហើយនោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការនៅអង្គការសហព័ន្ធនារីពិការស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើមក្រខុមក្នុងបរិវេណទីស្នាក់ការអង្គការរបស់ជនពិការ សម្តេចតេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធជុំវិញដោយនិស្សិតពិការ បានជជីកសួរដេញដោលយ៉ាងច្រើនពីស្ថានភាពរស់នៅ និងបញ្ហាដែលពួកគេកំពុងជួបប្រទះ។ កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោនៅសាកលវិទ្យាល័យជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាពនិស្សិតពិការ។ បច្ចុប្បន្នអង្គការនេះមានសមាជិកសរុបប្រមាណ១៥២នាក់។ កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើងដំបូងអង្គការមានការលំបាកខ្លាំង ព្រោះមិនមានការជួយឧបត្ថម្ភពីសប្បុរសជននោះទេ ហើយក្រុមជនពិការបានរៃអង្ករគ្នាម្នាក់បន្តិចៗ ហើយអ្នកខ្លះមានមីយកមកផ្គត់ផ្គង់ក្នុងអង្គការ។ ជាហេតុធ្វើឲ្យការបរិភោគរបស់ពួកគេមានការខ្វះខាតច្រើន។…