FN ៖ អតីតនាយករដ្ឋមន្រ្តីប្រទេសញូវហ្សេឡែន លោក John Key បានមើលឃើញថា កម្ពុជា បានរីកចម្រើនយ៉ាងច្រើនបើធៀបនឹង រយៈពេលប្រាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា។ លោក John Key ថា ការអភិវឌ្ឍរបស់កម្ពុជា មានល្បឿនយ៉ាងឆាប់រហ័សគួរឲ្យចាប់អារម្មណ៍។ លោក John Key លើកឡើងបែបនេះក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនេះ លោក John Key បានលើកឡើងថា កម្ពុជា បានបោះជំហានអភិវឌ្ឍន៍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ ៥ឆ្នាំមកនេះ បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោក John Key មកកាន់កម្ពុជាកាលពីឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក John Key ដែលបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការធនធានមនុស្សច្រើនណាស់ ដើម្បីកសាងប្រទេស ហើយសម្តេច បានកំណត់យកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចម្បងសំខាន់បំផុតរបស់កម្ពុជា។
ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលញូវហ្សេឡែន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសញូវហ្សេឡែន ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ជាទូទៅក្នុងមួយឆ្នាំញូវហ្សេឡែន ផ្តល់អាហារូបករណ៍ជូនកម្ពុជាចំនួន ៣៥កន្លែង មានថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់។
សូមបញ្ជាក់ថា លោក John Key អញ្ជើញមកកម្ពុជានៅពេលនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញរបស់ប្រទេសញូវហ្សេឡែន ហើយកិច្ចពិភាក្សាបានធ្វើឡើង ក្នុងលក្ខណៈមិត្តភាពយ៉ាងជិតស្និទ្ធ។ ដំណើរមកកាន់កម្ពុជានេះ លោក John Key នឹងពិនិត្យគម្រោងមួយចំនួនដែលគាំទ្រដោយបណ្ឌិត ហារុ ហ៊ីសាហាន់ដា ជាសប្បុរសជនរបស់ជប៉ុន ដែលបានគាំទ្រដល់វិស័យសុខាភិបាល និងអប់រំ។
ក្នុងជំនួបនៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង អតីតនាយករដ្ឋមន្រ្តីញូវហ្សេឡែន បានពិភាក្សាលើការងារជាច្រើនអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ញូវហ្សេឡែន និងក្នុងក្របខណ្ឌតំបន់អាស៊ាន ក៏ដូចជាអាស៊ាន និងញូវហ្សេឡែន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាស៊ាន។
ក្នុងជំនួបក្រោមបរិយាកាសមិត្តភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក John Key ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាតំបន់ និងពិភពលោកដែលផ្តោតលើកត្តាសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្ម៕