FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ
ចុះជួយស្រុកសន្ទុក បានស្នើសូមដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទូទាំងស្រុកសន្ទុកទាំងអស់ ឲ្យខិតខំបន្ដជួយដោះស្រាយនូវរាល់បញ្ហាដល់ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃឲ្យបានទាន់ពេលវេលា។
ការស្នើសូមបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើង ក្នុងឱកាជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងមន្ត្រីគណបក្ស ស្រុកនិង ឃុំ ទូទាំងស្រុកសន្ទុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ដើម្បីសម្រេចបាននូវគោលដៅ នេះមន្ត្រីបក្សទាំងអស់គប្បីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ពិសេសទៀតនោះត្រូវចេះអប់រំប្រជាជនយើងម្នាក់ៗ ឲ្យមានការយល់ដឹងនិងមានការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសថ្នាក់ដឹក នាំប្រទេស ក៏ដូចអ្នកដឹកនាំភូមិ ឃុំ ដែលនាំមកនូវសេចក្ដីសុខចំរើន និងការរីកចំរើនឲ្យសង្គមជាតិមាន ការអភិវឌ្ឍន៍ និងជាអ្នក ដែលចេះរួមសុខទុក្ខជាមួយគ្នាដូចជាគណបក្ស ប្រជាជនកម្ពុជា ពិសេសដូចសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែនៅជិតជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ»។ ក្នុងនោះផងដែរលោក ក៏បានបន្ដជម្រុញ ឲ្យមន្ត្រីបក្សទាំងអស់ត្រូវធ្វើអំពើល្អនិង ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា សម្រេច ឲ្យបានគង់វង្សពិសេសសុខសន្តិភាព។
លោក សង្ឃឹមយ៉ាងមុតមាំដែលថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប្រជាជនម្នាក់ៗដែលបានចុះឈ្មោះបោះឆ្នោតនឹងក្លាយជាម្ចាស់ឆ្នោត ពិតប្រាកដ ១សន្លឹកផងដែរ។
លោក យស បញ្ញារិទ្ធ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុកបានឲ្យដឹងថា នៅស្រុកសន្ទុក មានការិយាល័យ បោះឆ្នោតចំនួន១៣៨ការិយាល័យក្នុងឃុំទាំង១០ ក្នុងនោះបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកទាំងពេញសិទ្ធិ និងបម្រុងមានចំនួន ១៥៧នាក់ និងភ្នាក់ងារសង្កេតការណ៍ ពេញសិទ្ធិ និងបម្រុងតំណាងរបស់គណបក្សប្រជាជនកម្ពុជាចំនួន ២៧៦នាក់ ។
លោកបានបញ្ជាក់ទៀតថា ចំពោះប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានទៅចុះឈ្មោះបោះឆ្នោតមានចំនួន ៤៤ ៣៦៩ក្នុងនោះ សមាជិកគណបក្សប្រជាជនមានចំនួន២៩ ៧៩៥ នាក់ស្មើនឹង៦៧,១៤% នៃចំនួនអ្នកបានចុះឈ្មោះសរុប
និងមានគណបក្សនយោបាយ៤គណបក្សចូលរួមប្រកួតប្រជែង៕