FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការកម្ពុជា និង ភាគីចិនដឹកនាំដោយ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋចិន និងជាប្រធានគណៈកម្មាធិការចិន។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្នវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ ជាច្រើនមកទស្សនានៅកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន ដែលមានចំនួនកាន់តែច្រើនឡើងមកទស្សនានៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧ ជាមួយការចំណាយថវិកាប្រមាណ ១៩០០លានដុល្លារអាមេរិក។ កម្ពុជា ក៏បានស្នើសុំឲ្យភាគី ចិន ជួយសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ឲ្យសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ លើផ្ទៃដីទំហំ ៧០០ហិកតា ស្ថិតនៅស្រុកសូនិគម។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ នៅថ្ងៃម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក យ៉ាង ជាឈី បានពិភាក្សាលើការងារជាច្រើនទាំងទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងពិភពលោកផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ហើយកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន ដែលនឹងមានឯកសារជាច្រើនដែលនឹងត្រូវចុះហត្ថលេខា។
លោក យ៉ាង ជាឈី បានថ្លែងថា ប្រទេសចិនបានយកចិត្តទុកដាក់លើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ហើយប្រទេសចិន នៅតែបន្តគាំទ្រប្រទេសកម្ពុជា ដើរលើមាគ៌ាអភិវឌ្ឍន៍ និងបន្តពង្រឹងការគាំទ្រប្រទេសកម្ពុជា ជួយកម្ពុជារក្សាស្ថេរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕