រដ្ឋមន្រ្តីទេសចរណ៍ ព្រមានដកអាជ្ញាបណ្ណនិងពិន័យលើម្ចាស់អាជីវកម្មណា ដែលមិនបិទថ្លៃទំនិញ និងសេវា នាឱកាសបុណ្យចូលឆ្នាំខ្មែរ
FN ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្រមានយ៉ាងជាក់ច្បាស់ថា ក្រសួងនឹងដកអាជ្ញាបណ្ណអាជីវកម្ម និងធ្វើការផាកពិន័យ លើម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋានណា ដែលមិនព្រមបិទតារាងថ្លៃសេវារបស់ខ្លួនតាមស្ដង់ដារ និងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។ ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីទទួលបានអនុសាសន៍ផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឲ្យកាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ ប្លែក និងពិសេសជាងមុន នៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកបណ្ឌិត ថោង ខុន បានថ្លែងការណ៍កោតសរសើរចំពោះ ស.ស.យ.ក ដែលបានដឹកនាំ និងរៀបចំព្រិត្តិការណ៍អង្គរសង្ក្រានប្រកបដោយជោគជ័យ៤លើករួចមកហើយ នៅតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់យើង។ ក្រៅពីការចូលរួមទ្រទ្រង់ដូចជា ការផ្សព្វផ្សាយសកម្មភាពកីឡា ការជំរុញចលនាយុវជននិងទីក្រុងស្អាត ។ល។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឺងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុងសៀមរាបអង្គរ ដែលជាទីក្រុងបេតិកភណ្ឌមួយ និងជាទីក្រុងទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិ ហើយដែល ជាច្រកចូលសំខាន់ទៅកាន់តំបន់អង្គរ ក៏ចាំបាច់ត្រូវរួមគ្នាធ្វើឲ្យមានសន្តិសុខ អនាម័យ…