FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប នឹងចាត់វិធានការចំនួន ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែតណា ដែលអនុវត្តខុសទៅនឹងបទប្បញត្តិណែនាំរបស់ គ.ជ.ប នាអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ។
យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពិសសនោះ ក៏មានការធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ និងសម្លេងក្នុងវិទ្យុផងដែរ។ ប្រកាសនេះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពិធីករ-ពិធីការិនីណាមួយ អត្ថាធិប្បាយព័ត៌មានដោយចេតនា ជួយដល់គណបក្សណាមួយនោះ គ.ជ.ប នឹងធ្វើការណែនាំ និងដាក់ទោសទណ្ឌទៅតាម បទប្បញត្តិច្បាប់ជាធរមាន។
លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី សិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ សមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន។
លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «បើផ្សព្វផ្សាយតាមការណែនាំរបស់ គ.ជ.ប ហើយបើសិនជាឃើញថា ប្រព្រឹត្តល្មើសនឹងអ្វីដែលជាបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជំហានទី១. គ.ជ.ប នឹងធ្វើលិខិតរំឭកណែនាំដល់ស្ថានីយ៍នោះ, ទី២.នឹងយកច្បាប់មកផ្ទៀងផ្ទាត់ ដើម្បីដាក់ពិន័យទាមទារឲ្យស្ថានីយ៍នោះ បង់ថវិកាក្នុងរដ្ឋ (ចាប់ពី៥លាន ទៅ២០លានរៀល) និងទី៣. គ.ជ.ប នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការផ្អាកផ្សាយ ចំពោះស្ថានីយ៍នោះតែម្ដង»។
ចំពោះការតាមដានការឃោសនាថា ត្រឹមត្រូវ ឬខុសឆ្គងយ៉ាងណានោះ អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប មាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលទទួលរាប់រងការងារទាំងនោះយ៉ាងដិតដល់បំផុត ក្រៅពីនេះ ក៏មានការចូលរួមតាមដានពីភាគី គណបក្សនយោបាយផងដែរ។ ក្នុងករណីឃើញថា មានកំហុសឆ្គងធ្ងន់ធ្ងរ គ.ជ.ប នឹងកោះប្រជុំសមាជិករបស់ខ្លួន ទាំង៩រូប ដើម្បីពិភាក្សា និងចាត់ការទៅលើកំហុសឆ្គងទាំងនោះ។
លោកបានបញ្ជាក់ថា បទប្បញ្ញតិ្តនៅក្នុង គ.ជ.ប បានតម្រូវឲ្យអ្នកព័ត៌មានប្រកាន់យកជំហរអព្យាក្រឹត ដោយមិនត្រូវរារាំង ឬរំខាន់ដល់ការបោះឆ្នោតនោះឡើយ ហើយការបំផ្លើសបំភ្លៃព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្ដច្រឡំ ចំពោះការបោះឆ្នោត ឬធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត នោះគឺជាទោសបញត្តិដែលមានចែង ហើយត្រូវផ្ដន្ទាទោសផងដែរ។
ដោយឡែក គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ គ.ជ.ប ទើបទទួលបានអ្នកចុះឈ្មោះអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ នាពេលបោះឆ្នោតនោះ មានចំនួន៤១នាក់នៅឡើយទេ។
សូមបញ្ជាក់ថា សល់តែរយៈពេល ២២ថ្ងៃទៀតទេប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ និងឈានចូលមកដល់ ដោយមានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែងការឈរឈ្មោះបោះឆ្នោតនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕