សុន្ទរកថា ក្នុងកិច្ចប្រជុំ «វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ»
លោកជំទាវ សៀក ហាស៊ីណា (Shiekh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបង់ក្លាដេស ឯកឧត្ដម អាន់តូនីញ៉ូ ហ្គូតទែរ៉ស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមនៅក្នុង វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ ដ៏មានសារៈសំខាន់ តាមប្រព័ន្ធវីដេអូអនឡាញ។ ឆ្នាំ ២០២០ នេះ គឺជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជាចំពោះការអភិវឌ្ឍជាទូទៅ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។ ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាគប្បីខិតខំផ្ដល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាព…