ប្រជុំលើរបៀបវារៈ ៣
ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់បានដំណើរការប្រជុំពេញអង្គ ដើម្បីឆ្លងនូវរបៀបវារៈ (១) សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ (២) សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ (៣) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ លើសេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្ដីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ដូចមុនៗដែរ បញ្ហាផ្សេងៗនេះ មិនមានការពិភាក្សាទាក់ទិនជាមួយនឹងការអនុម័តលើពិធីសារអាស៊ាននេះទេ។ ខ្ញុំសុំគណៈរដ្ឋមន្រ្តីចុះហត្ថលេខាបញ្ជូនទៅសភាតែម្ដង។ ក្នុង
សប្ដាហ៍នេះ គឺមានកិច្ចការច្រើន។ អាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានផងដែរ។ បើតាមដឹង ញញួរនេះបានដឹកមកដល់ទីក្រុងភ្នំពេញហើយ ព្រោះមិនអាចបញ្ជូនតាមអនឡាញបានទេ។ ត្រូវតែបញ្ជូនមកមុន (ដើម្បីប្រុងប្រៀប)ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២។
ដំណើររៀនរស់នៅជាមួយកូវីដ-១៩ … រៀបចំកម្មវិធីដែលបានលុបចោលពីមុនៗ
ចូលដល់ខែវិច្ឆិកា យើងក៏មានកិច្ចការបន្តទៀត។ ខ្ញុំក៏សូមជម្រាបថា ដោយសារការត្រៀមបម្រុងរបស់យើងក្នុងដំណើររៀនរស់នៅជាមួយកូវីដ-១៩ យើងត្រូវធ្វើកិច្ចការផ្ទាល់ ដូចជាការប្រជុំរបស់យើងនេះ។ លទ្ធភាពនៃការ(រៀបចំ)ប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលយើងប្រជុំមិនបាន គឺយើងប្រជុំតាម Zoom។ ក្នុងអាទិត្យនេះ ខ្ញុំប្រជុំតាម Zoom ពីរដង ជាមួយអភិបាលខេត្ត/រាជធានី និងគណៈកម្មការប្រឆាំងកូវីដ-១៩ ដើម្បីពិភាក្សាដោះស្រាយបញ្ហាមួយចំនួន។ ឯកិច្ចការបន្តគឺ (ជាការ)ចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសុំឲ្យមានការរៀបចំការសម្ពោធក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ដែលកំណត់យកថ្ងៃទី ៨ ខែវិច្ឆិកា ដើម្បីចាប់ផ្ដើមឡើងវិញឲ្យមានដំណើរការ។ បើយើងនៅតែក្នុងរូង គឺក្នុងពេលដែលយើងឲ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយវាមិនត្រូវនឹងសង្វាក់នៃការងារទៀតផង។ បន្ទាប់ទៅត្រូវពិនិត្យមើលនូវកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ ហើយអស់ថវិកាយ៉ាងច្រើន … កម្មវិធីដែលយើងចោលមួយចំនួនកន្លងទៅនេះ គឺយើងអាចរៀបចំឡើងវិញ ដើម្បីឲ្យដំណើរការការងារធម្មតា ជាមួយនឹងការប្រកាសរបស់ឯកឧត្ដម ហង់ ជួនណារ៉ុន ថា ចាប់ពីខែវិច្ឆិកានេះទៅ គឺសាលានឹងបើកជាទូទៅតែម្ដង។ បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ចប្រហែលជាពិបាកជាងការស្លាប់ដោយសារកូវីដ-១៩ទៅទៀត …។
ពិនិត្យមើលលទ្ធភាពធ្វើគោលការណ៍បដិការជាមួយនឹងថៃលើទេសចរ
ខ្ញុំក៏សូមឲ្យឯកឧត្ដម ថោង ខុន ពិនិត្យមើល។ ខ្ញុំទទួលបានបញ្ជីពី រដ្ឋលេខាធិការក្រសួងទេសចរណ៍ សុចិត្រា ថាខាងថៃបានដាក់ចេញនូវបញ្ជីមួយមាន ៤៦ ប្រទេស ក្នុងនោះ (មាន)ប្រទេសអាស៊ាន ៣ គឺកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលអាចចេញចូលប្រទេសថៃបាន។ ប្រសិនបើដូច្នេះមែន គឺអាចនឹងចាប់យកនូវវិធានការបដិការជាមួយនឹងថៃតែម្ដង។ ហេតុអីបានត្រូវធ្វើអញ្ចឹង? ខ្ញុំសូមលើកជាយោបល់បន្តិច ដើម្បីឲ្យធ្វើការពិចារណា។ ប្រទេសខ្លះអត់មានទំនាក់ទំនងផ្លូវអាកាសជាមួយយើងទេ។ ប្រទេសខ្លះនោះ(មិនអាចទៅមកបាន) ក៏ដោយសារយើងខ្លួនឯងជាអ្នកបិទដែរ ព្រោះតែពេលនោះឆ្លងខ្លាំងពេក។ តែកាលណាមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន គឺមានឆ្លងច្រើន។ ឥឡូវការហោះហើររបស់យើងមានពីសិង្ហបុរី ចិន និងកូរ៉េ។ អញ្ចឹង បើសិនជាថៃចាប់ផ្តើមអនុវត្ត(គោលនយោបាយនេះ) យើងអាចផ្តើមមានគោលការណ៍បដិការជាមួយនឹងថៃ។ យើងទៅថៃគេឲ្យធ្វើចត្តាឡីស័ក។ ថៃមកយើងក៏ត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹង អាចចាប់ផ្ដើមបើកការហោះហើរ ដោយឧបមាថា៖ ទេសចរនៅថៃទទួល គឺមកដល់ថៃ អាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍រួម VISA មួយប្រើបាន ២ ប្រទេស។ អញ្ចឹងអាចថាទំនាញទេសចរថៃ អ្នកវិនិយោគថៃមកកាន់កម្ពុជាផង និងទេសចរពីប្រទេសដទៃដែលបានមកប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា។ អញ្ចឹងពិចារណាមើលអំពីបញ្ហាហ្នឹង ដើម្បីចាប់យកឱកាសដែលយើងមាន។
ពិនិត្យលទ្ធភាពបើកផ្លូវអាកាសឡើងវិញ ជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន
ក៏ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកវិញនូវផ្លូវអាកាសជាមួយនឹងគួឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៅឥណ្ឌូនេស៊ី និងហ្វីលីពីនមកចំពោះកម្ពុជាវិញផងដែរ។ យើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើង ហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលានៃការធ្វើចត្តាឡីស័ក ដែលអាចជាផ្នែកនៃការទាក់ទាញ ហើយនឹងឈានទៅដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាព និងទេសចរណ៍វ៉ាក់សាំង។ នេះគ្រាន់តែជាការគិតគូរ ដើម្បីឲ្យយើងមានចក្ខុវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ចដែលយើងត្រូវពិភាក្សាថ្ងៃនេះ។
បទពិសោធន៍ក្រោយភ្ជុំបិណ្ឌ ខ្ញុំបានមើលឃើញហើយ។ (យើង)អនុញ្ញាតឲ្យដើរលេង ដល់ដើរលេងរួចហើយ អត់មានផ្ទុះអីក្តុងក្តាំង។ បានសេចក្តីថា កូវីដ-១៩ វាអត់រើបម្រះ។ ដូច្នេះក៏ជាបទពិសោធន៍មួយឲ្យយើង ដើម្បីឈានទៅបើកសាលារៀនឡើងវិញ ដើម្បីឈានទៅបើកអាជីវកម្មឡើងវិញ ព្រោះបញ្ហាប៉ះពាល់របស់យើងគឺនិយាយពីកសិកម្ម និងឧស្សាហកម្ម ដំណើរការពេញបន្ទុកតែម្តង ផ្នែក ២ នេះ។ ប៉ុន្តែ ផ្នែកសេវាគឺជាផ្នែកប្រាក់ចំណូល និងការងាររបស់ប្រជាពលរដ្ឋរបស់យើងត្រូវថមថយ ដោយការទទួលប៉ះពាល់ពីការរឹតត្បិតសម្រាប់ប្រឆាំង កូវីដ-១៩។
កម្ពុជាចាក់វ៉ាក់សាំងបាន ៨៥%
… វ៉ាក់សាំងបានចាក់នៅប្រទេសជាច្រើន ហើយជាពិសេសនៅកម្ពុជាយើង អត្រាគ្របដណ្តប់រហូតដល់ទៅ ៨៥% បើយើងគិតក្នុងចំនួនប្រជាជន ១៦ លាននាក់។ ខ្ញុំទទួលរបាយការណ៍ពីឯកឧត្តម ប្រាក់ សុខុន ថានៅថៃដូចជាចាក់បានដល់ទៅ ៧២ លាននាក់។ ខ្ញុំមិនច្បាស់ទេ ព្រោះឃើញគាត់វាយឲ្យខ្ញុំ។ បើ ៧២ លាននាក់ លើសពីចំនួនប្រជាជនថៃទៀត។ អញ្ចឹងច្បាស់ជាទៅដោយប្រជាជនខ្មែរយើង ពលករខ្មែរយើងនៅក្នុងប្រទេសថៃ។ ឥឡូវយើងរកមនុស្សអាយុ ១៨ ឡើងលើ ១០ លាននាក់ចាក់អត់បានទេ ក្នុងពេលដែលស្ថិតិជំរឿនរបស់យើងមានទៅដល់ ១០ លាន ៨ សែននាក់ជាង។ សួរថាមនុស្សហ្នឹងនៅឯណា? មនុស្សហ្នឹងកំពុងនៅថៃ កំពុងនៅកូរ៉េខាងត្បូង កំពុងនៅប្រទេសក្រៅ។ អញ្ចឹងទេបានជាខ្ញុំនៅតែនិយាយថា គឺត្រូវយកអត្រាដែលយើងចាក់ក្នុងប្រទេសយកមកគិតជាមួយនឹងប្រជាជន ១៦ លាននាក់ ប៉ុន្តែ Worldometers ដាក់យើង ១៧ លាននាក់ជាងបាត់ទៅហើយ នៅក្នុងពេលដែលស្ថិតិរបស់យើងគឺចំនួនរបស់យើងគឺ ១៦ លាន ៨ សែននាក់។
អ្វីដែលគួរឆ្ងល់នៅត្រង់ថា ចំនួន(នៃការចាក់)វ៉ាក់សាំងក្មេងពីអាយុ ៦ ទៅ ១២ ឆ្នាំ ឥឡូវចាក់បានច្រើន ក្នុងពេលដែលអាយុពី ១២ ទៅដល់ ១៦ ឆ្នាំ(ចាក់បានតិចជាង) … អ្នកដែលអាយុពី ១៨ ឆ្នាំឡើង យើងចាក់បាន ៩៩,៦៧ ភាគរយ។ នេះគិតតែត្រឹម ១០ លាន នាក់។ ដល់ទៅក្មេងអាយុពី ១២ ទៅ ១៨ ឆ្នាំ ចាក់បាន ១ ៩៦៩ ៩៣១ នាក់ យើងចាក់បាន ៩០,៥៣ ភាគរយ។ ដល់ទៅក្មេងអាយុ ៦ ឆ្នាំដល់ ១២ ឆ្នាំយើងចាក់ ៩៩,៩១ ភាគរយ វាជារឿងគួរឲ្យចំឡែក។ អញ្ចឹងសួរថា ក្មេងដែលអាយុ ១២ ដល់ ១៨ ឆ្នាំទៅណាបាត់? … ក្រុមហ្នឹងអាចទៅជាមួយឪពុកម្តាយ ក្រុមគ្រួសាររបស់គេទៅធ្វើការនៅក្នុងប្រទេសថៃដែរ។ ប្រហែលជាជួនកាលក្មេងនេះ បែរជាលើសតួលេខស្ថិតិទៅទៀត ឥឡូវគឺនៅខ្វះតែ ៩ ភាគរយទៀតគ្រប់ ១០០ ភាគរយ ហើយមិនទាន់អស់ក្មេងដែលត្រូវចាក់។
ឃើញឆ្លងកន្លែងណា យកតែអ្នកឆ្លងទៅព្យាបាល មិនបិទកន្លែងនោះទៀតទេ
សម្រាប់យើងគឺថា អត្រាវ៉ាក់សាំងគ្របដណ្តប់ពេលនេះគឺ ៨៥,២៧ ភាគរយ ដែលជាចំនួនមួយច្រើនក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងគ្របដណ្តប់ច្រើន។ យើងល្មមដល់ពេលដែលយើងត្រូវដោះស្រាយបញ្ហារយៈពេលវែង។ អ្វីដែលជាការខាតបង់ធ្ងន់ធ្ងររបស់យើងធំជាងគេគឺបញ្ហាវិស័យអប់រំ ក្មេងៗអត់បានរៀន មនុស្សអត់បានរៀន ការបណ្តុះបណ្តាលធនធានមនុស្សដែលជាគោលដៅចំបងធំរបស់យើងគឺមានបញ្ហា។ អញ្ចឹងបានជាចាប់ពីពេលនេះទៅ ដំណើរការរបស់យើង ឧទាហរណ៍ថា៖ រោងចក្រមួយមានអ្នកឆ្លង ២ ទៅ ៣ នាក់។ អញ្ចឹងយកតែ ២ – ៣ នាក់នោះ ទៅសំរាកពេទ្យបានហើយ កុំបិទរោងចក្រទាំងមូល។ ពីមុនឲ្យតែមានឆ្លងតាមរោងចក្រគឺបិទរោងចក្រ។ ផ្សារមានអ្នកលក់ដូរឆ្លងក្នុងផ្សារ យើងបិទផ្សារទាំងមូល។ ឥឡូវយើងមិនធ្វើអញ្ចឹងទៀតទេ។ យើងយកតែអ្នកដែលមានវិជ្ជមានទៅសំរាកពេទ្យទៅ រួចហើយបាញ់សម្លាប់មេរោគហើយនាំគ្នាលក់ទៀតទៅ។ សាលារៀនក៏ដូចគ្នា។ កូនសិស្សណាឆ្លងយើងយកទៅព្យាបាលទៅ។ អ្នកមិនឆ្លងនៅបន្ត ព្រោះវ៉ាក់សាំងមានគ្រប់ហើយ។
អ្នកណាមានការសង្ស័យ សូមធ្វើតេស្តដោយខ្លួនឯង
ការធ្វើតេស្តក៏ដូចគ្នាដែរ។ ពីមុនយើងបង្ខំឲ្យប្រជាជនធ្វើតេស្ត ព្រោះពេលហ្នឹងយើងពុំមានវ៉ាក់សាំងទេ។ យើងត្រូវរុករក ១៤ ថ្ងៃទៅខាងក្រោយ។ នៅពេលដែលឃើញអ្នកហ្នឹងអវិជ្ជមាន ត្រូវបកក្រោយ ១៤ ថ្ងៃ។ ១៤ ថ្ងៃទៅឯណាខ្លះ? ត្រូវស្រាវជ្រាវទាំងអស់។ ឥឡូវនេះ មិនបាច់ធ្វើអញ្ចឹងទេ។ ពីមុនក្នុងភូមិហ្នឹងកើត ៣ នាក់ យើងធ្វើចត្តាឡីស័កមួយភូមិតែម្តង។ ឥឡូវ យើងប្រគល់ភារកិច្ចឲ្យបុគ្គលម្នាក់ៗ ក្នុងក្រុមគ្រួសារ ចេះទទួលខុសត្រូវខ្លួនឯង។ បើឃើញថាមានបញ្ហាមិនស្រួល គឺមករកការធ្វើតេស្ត។ យើងមិនម្ចាស់ការទៅធ្វើតេស្តទៀតទេ (ដោយ)បិទភូមិធ្វើតេស្ត ឬបិទរោងចក្រធ្វើតេស្ត។ អ្នកណាមានការសង្ស័យ គេអាចសូមមក ធ្វើតេស្ត។ ការធ្វើតេស្តនេះទៀតសោត បើឃើញថាវិជ្ជមានប៉ុន្តែអាការៈធម្មតា ជូនថ្នាំគាត់ឱ្យទៅសម្រាកព្យាបាលនៅផ្ទះ។ ប៉ុន្តែ បើសិនមានអាការៈលក្ខណៈជាការឈឺចាំយើងជូនគាត់ទៅមន្ទីរពេទ្យ។
បញ្ឈប់យកសំណាកលើសាកសពក្រៅមន្ទីរពេទ្យ/ក្នុងមន្ទីរពេទ្យ ក្រៅក្របខណ្ឌ កូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសពីម្សិលហើយ បញ្ឈប់យកសំណាកទៅលើសាកសពដែលស្លាប់នៅក្រៅមន្ទីរពេទ្យ ឬនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែស្លាប់នៅក្រៅក្របខណ្ឌកូវីដ-១៩។ បើមិនអញ្ចឹងទេ ស្លាប់នៅតាមផ្ទះក៏យើងទៅធ្វើតេស្ត ដល់ធ្វើតេស្តទៅចេញ កូវីដ-១៩ ទាំងអស់។ អញ្ចឹង អ្នកស្លាប់ធុនណាក៏ស្លាប់ដោយសារកូវីដ-១៩ ទាំងអស់ ព្រោះអាប្រដាប់ rapid test ហ្នឹង គេធ្វើដើម្បីអី? គេមិនមែនធ្វើតេស្តថាអាហ្នឹងទឹកនោមផ្អែម ធ្វើតេស្តអាហ្នឹងមកពីជំងឺស្អីសរសៃប្រសាទ ឬជំងឺស្អីទេ អាហ្នឹងគឺថាធ្វើតេស្តដើម្បីរកកូវីដ-១៩ … សាកសពស្លាប់ អាយុគាត់ ៩០ ឆ្នាំ ហើយនាំគ្នាទៅធ្វើតេស្តទៀត … អញ្ចឹង ត្រូវបែងចែករវាងអ្នកស្លាប់ដោយកូវីដ-១៩ ពិតប្រាកដ និងអ្នកស្លាប់ដោយមូលហេតុផ្សេង … នេះយើងក៏ពិសោធន៍បណ្តើរៗ ក្នុងការគ្រប់គ្រងរបស់យើង។ ជាទូទៅយើងគ្រប់គ្រងបានល្អ ហើយតាមបណ្តាខេត្តក៏បានប្រជុំជាមួយខ្ញុំ។ យើងស្តាប់គ្នាពីរបៀបគ្រប់គ្រង ចាត់ចែង ដោះស្រាយបញ្ហាតាំងពីករណីសាកសព។
ថ្ងៃនេះ យើងផ្តើមការងាររបស់យើងដោយផ្ទាល់។ ថ្ងៃ ២៥ (តុលា)ហ្នឹង សភាប្រជុំអនុម័តទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយនិងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋាភិបាល។ អញ្ចឹង ខ្ញុំនឹងទៅសភា … ឥឡូវក៏យើងធ្វើការផ្ទាល់ ចាប់ផ្តើមអនុវត្តការធ្វើការផ្ទាល់នៅគ្រប់ក្របខណ្ឌ។ កន្លែងណាសង្ស័យ មានការធ្វើ rapid test អីជាដើម ធ្វើទៅ។ កន្លែងណាត្រូវធ្វើ PCR អាហ្នឹងយើងមិនហាមឃាត់ទេ ដើម្បីការការពារខ្លួន ក្រុមគ្រួសារនីមួយៗ ឬស្ថាប័ននីមួយៗ ដើម្បីធានាសុវត្ថិភាពនៅក្នុងទីកន្លែងដែលខ្លួនធ្វើការ។ នាំគ្នាធ្វើ rapid test ហ្នឹងទៅ។
ឥឡូវ ជាបុគ្គលម្នាក់ៗចេះធ្វើ។ គ្រាន់តែខ្ញុំ មិនហ៊ានធ្វើរុកច្រមុះខ្លួនឯងទេ។ ណាស់តែគេអ្នករុក គេរុកចង់ដាច់ច្រមុះហើយ។ ដល់ទៅរុកខ្លួនឯងក៏វាមិនចេះរុក។ អញ្ចឹងមានតែរកគេមករុក។ ខ្ញុំអត់រុកអា rapid test ទេ ខ្ញុំរុកយកទៅធ្វើ PCR របស់ខ្ញុំ។ បើយើងចេះតែដើររកអាហ្នឹងវាចេះតែឃើញ។ ឥឡូវ យើងមើលឥណ្ឌូនេស៊ី ធ្លាក់ពី ១២ ម៉ឺននាក់ជាង មកនៅតែប៉ុន្មានរយ ចង់ ១០ ថ្ងៃប្លាយហើយ … ម្សិលមិញ ម្សិលម្ង៉ៃអី ចុះមកនៅ ៦០០ នាក់ ទៅ ៧០០ នាក់។ ប៉ុន្តែ នៅពេលជាមួយគ្នាទៅឡើងនៅសាំងហ្គាពួរ ម្សិលមិញឆ្លងជាង ៣ ០០០ នាក់ ស្លាប់ ១៨ នាក់។ ព្រឹកមិញនេះ ឃើញឆ្លងជាង ៣ ០០០ នាក់ ស្លាប់ ១៦ នាក់ …។
ដរាបណាមិនទាន់មានសុវត្ថិភាពនៅប្រទេសណាមួយទេ គឺយើងក៏មិនទាន់មានសុវត្ថិភាពដែរ។ ក៏ប៉ុន្តែនៅពេលមានការបើកសេដ្ឋកិច្ចនៅប្រទេសថៃ បើកទេសចរណ៍នៅប្រទេសថៃ ដែល(ថៃបាន)ដាក់កម្ពុជាទៅ(ក្នុងក្រុមប្រទេសចូល)ដោយមិនធ្វើចត្តាឡីស័ក គឺវាមានតែត្រូវធ្វើបដិការត្រឡប់ទៅវិញហើយ។ បើថាខ្មែរយើងទៅប្រទេសថៃដោយមិនធ្វើចត្តាឡីស័ក យើងក៏ត្រូវឱ្យថៃមកយើងក៏អត់ធ្វើចត្តាឡីស័កដូចគ្នា។ អាហ្នឹងឈរលើគោលការណ៍បដិការ។ នេះគឺជាការចាប់ផ្តើមរបស់ខ្ញុំ។ ឥឡូវសូមអញ្ជើញ ឯកឧត្តម អូន ព័ន្ធមុនីរត្ន័ មកឧទ្ទេសនាមពីសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង៕