- ព្រះចៅ ស៊ុលតង់, ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន;
- ឧកញ៉ាបណ្ឌិត ស៊ីទី រ៉ូហ្សៃមេរីយ៉ានធី ហាជី អាប់ឌុលរ៉ាម៉ាន់ (Siti Rozaimeriyanti Hj Abd Rahman) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២១;
- លោកស្រីបណ្ឌិត ហាស់លីណា តៃប៍ (Haslina Taib) ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និង
វិនិយោគអាស៊ាន ឆ្នាំ ២០២១;
- ឯកឧត្ដម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះសម្រាប់ពិធីបិទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២១ ក្រោមប្រធានបទស្តីពី “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង”។ ជាមួយគ្នានេះ ខ្ញុំសូមអបអរសាទរការផ្ទេរភាព ជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានពីព្រុយណេមកកម្ពុជា ហើយក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ក្រោមភាពជាប្រធានរបស់ព្រុយណេ ក្នុងឆ្នាំ ២០២១ នេះ។
ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាបណ្ដើរៗ ដែលទ្រទ្រង់ដោយការកើនទ្បើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្មទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានកំណើនសន្សឹមៗផងដែរ។ ជារួម ការណ៍នេះបញ្ជាក់ឱ្យឃើញ ពីប្រសិទ្ធភាពនៃការអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងគោលនយោបាយស្តារទ្បើងវិញ នៃសង្គម-សេដ្ឋកិច្ច ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សំាងជំងឺកូវីដ-១៩ ជាសកល ដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការស្តារទ្បើងវិញនូវជំនឿទុកចិត្តរបស់វិស័យឯកជន សំដៅឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសទ្បើងវិញ។
- ព្រះចៅស៊ុលតង់,
- ឯកឧត្ដម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី!
ជាការពិត វិបត្តិជំងឺកូវីដ-១៩ បានផ្តល់ឱ្យយើងនូវបទពិសោធន៍ និងមេរៀនមួយចំនួនយ៉ាងសំខាន់ ដែលយើងចាំបាច់ត្រូវគិតគូររៀបចំបញ្ចូលក្នុងរបៀបវារៈគោលនយោបាយ និងកិច្ចការកែទម្រង់ ក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។ ក្នុងស្មារតីនេះ អាស៊ានបានដាក់ចេញ និងអនុវត្តនូវគំនិតផ្តួចផ្តើម និងក្របខណ្ឌសំខាន់ៗ រួមមានជាអាទិ៍៖ ក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន, ផែនទីបង្ហាញផ្លូវ “ទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់” ស្តីពីរបៀបវារៈការធ្វើបរិវត្តកម្មឌីជីថលអាស៊ាន, ក្របខណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន, និងឧបករណ៍វាស់ស្ទង់ប្រសិទ្ធភាព និងចំណាយលើវិធានការមិនមែនពន្ធជាដើម។ ជាមួយគ្នានេះ ប្រធានបទនៃកិច្ចប្រជុំកំពូលរបស់យើង ពិតជាមានសារៈសំខាន់ និងភាពចាំបាច់សម្រាប់អាស៊ាន ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, ពោលគឺការជំរុញការអភិវឌ្ឍអាស៊ានឌីជីថល និងអាស៊ានប្រកបដោយចីរភាព ក្នុងការជំរុញដល់ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាពជាច្រើន ដែលមិនត្រឹមតែផ្ដល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើនផលិតភាពសេដ្ឋកិច្ចទៀតផងដែរ។ ក្នុងបរិការណ៍នេះ ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់នៃការអភិវឌ្ឍតំបន់, អាស៊ានត្រូវផ្ដោតជាសំខាន់ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ធុរកិច្ច តាមរយៈការរៀបចំអភិបាលកិច្ចរួមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបទប្បញ្ញត្តិ, ឯកជនភាព, ការចែករំលែកទិន្នន័យ, និងការតភ្ជាប់ឌីជីថល ដោយផ្ដោតលើការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ ២០២៥ ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធដទៃទៀត។
ទន្ទឹមនេះ ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរ ក្នុងការជំរុញកាស្ដារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ អាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម, ពង្រឹងសកលភាវូបនីយកម្ម និងខិតខំជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យកាន់តែស្អិតរមួតរវាងសសៃឈាមសង្គម និងជវភាពសេដ្ឋកិច្ច។ ក្នុងនោះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗ រួមមាន៖ ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម និងវិនិយោគឱ្យកាន់តែពេលលេញ និងស៊ីជម្រៅ, ការសម្រួល ការធ្វើដំណើរឆ្លងដែនឡើងវិញប្រកប ដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs) ជាដើម ។ល។។
ទន្ទឹមនេះ ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ លើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ ដូចតទៅ៖
ទី១. ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។
ទី២. ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
ទី៣. លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ និងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
- ព្រះចៅស៊ុលតង់,
- ឯកឧត្ដម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី!
សម្រាប់កម្ពុជា ខ្ញុំសូមជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតីបុរេសកម្ម សំដៅលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការអនុវត្ត នូវគោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មី”, ព្រមជាមួយនឹងការបញ្ចប់នូវ “ច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន”,“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាងនេះទៅទៀត ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការអនុវត្តទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាល ដើម្បីការពារសុខភាពនិងអាយុជីវិតប្រជាជន, គិតត្រឹមថ្ងៃទី ២១ ខែតុលា ២០២១ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦ លាននាក់ សមមូលនឹងអត្រា ៨៥,២៧% នៃចំនួនប្រជាជនសរុប ១៦ លាននាក់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ឱ្យបានពេលលេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ “យុទ្ធសាស្រ្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី” នៅចុងឆ្នាំ ២០២១។
ជាកិច្ចបញ្ចប់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្តារទ្បើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ។ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកលោកស្រី មានសុខភាពល្អបរិបូរណ៍ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
សូមអរគុណ!