សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី ១
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម ស្កុត ម៉ូរីសុន (Scott Morrison), នាយករដ្ឋមន្រ្តីអូស្ត្រាលី; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម, ខ្ញុំសម្ដែងនូវការស្វាគមន៍ដ៏កក់ក្ដៅ ចំពោះវត្តមាន ឯកឧត្តម ស្កុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី ១។ ជាការពិត ការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម និងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលអាចចាត់ទុកថា ជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយ ក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ជាមួយនឹងទំនាក់ទំនងល្អនេះ, កម្ពុជាសូមគាំទ្រ ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះដែរ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមអូស្រ្តាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន។ ពាក់ព័ន្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សកម្មរបស់អូស្រ្តាលីក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩…