- ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន
- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមយ៉ាងកក់ក្តៅ ជូនចំពោះថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនា អគ្គលេខាធិការអាស៊ាន ភ្ញៀវកិត្តិយស និងប្រតិភូតំណាងទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃនេះ។
ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បងក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។ ដើម្បីប្រារព្ធអបអរសាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវបានអនុម័តនាពេលបន្តិចទៀត ក្នុងថ្ងៃនេះ។ មគ្គុទេសក៍គោលនយោបាយទាំងនេះ បានបង្ហាញអំពីការតាំងចិត្តរបស់យើង ក្នុងការកសាងអនាគតអាស៊ានទៅជាសហគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ជាសហគមន៍ពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់ គ្នាយ៉ាងរលូន; ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌; បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកប ដោយសមធម៌; និងជាសហគមន៍ ដើរតួជាស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស និងក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាព ក្នុងតំបន់ ក៏ដូចជាសកលលោក។
- ព្រះចៅស៊ុលតង់ ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់!
ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ២០២០ មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូលនឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។
ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ។
ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ ក្នុងន័យនេះ ខ្ញុំមានជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នាយល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។
ខ្ញុំសូមលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គា្នបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្រ្តីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ ទាំងនេះបង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។ ខ្ញុំជឿជាក់ថា ស្មារតីសហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជាអាទិភាពក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ។
ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត។ ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើង នាឆ្នាំតទៅមុខ។
- ព្រះចៅស៊ុលតង់ ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់!
នាថ្ងៃខានស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នាបានយ៉ាងដូចម្តេច?
បន្ទាប់ពីបញ្ចប់ពិធីបើកនេះ យើងនឹងមានពិធីតាំងពិព័រណ៍រូបថត ស្តីពីការចូលរួមចំណែករបស់កម្ពុជា ក្នុងសហគមន៍អាស៊ាន រយៈពេលពីរទសវត្សរ៍មកនេះ ដែលខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមទស្សនារូបថតទាំងនេះកុំបីខាន។
- ព្រះចៅស៊ុលតង់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់!
ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ។ សូមយើងទាំងអស់គ្នាផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ។ ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!