សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមយ៉ាងកក់ក្តៅ ជូនចំពោះថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនា អគ្គលេខាធិការអាស៊ាន ភ្ញៀវកិត្តិយស និងប្រតិភូតំណាងទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃនេះ។ ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បងក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។ ដើម្បីប្រារព្ធអបអរសាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ…