ប្រសាសន៍ ក្នុងកម្មវិធីសំណួរ/ចម្លើយ បន្ទាប់ពីសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
[ចម្លើយ ចំពោះ សំណួរទី ១] សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដំបូងគេ គឹប្រទេសដែលពាក់ព័ន្ធនោះឯង … សូមអរគុណចំពោះសំណួរនេះ។ យើងបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមពាណិជ្ជកម្មបានកើតឡើង។ យើងសង្កេតមើលឃើញថា តើអ្នកដែលខូចខាតនោះគឺជាអ្នកណា? ដំបូងបំផុត គឺប្រទេសដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នានោះឯងជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ សហរដ្ឋអាមេរិកវាយពន្ធទៅលើទំនិញរបស់ចិន ហើយចិនវាយពន្ធតវិញទៅលើទំនិញរបស់សហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលរងគ្រោះមុនគេ? គឺប្រជាជនអាមេរិកនោះឯងដែលជាអ្នកទិញទំនិញ។ ឧទាហរណ៍ថា សម្ភារៈមួយដែលមានតម្លៃត្រឹមតែ ១០០ ដុល្លារទេ ប៉ុន្តែ ត្រូវវាយពន្ធទៅដល់ ២០% ដូច្នេះ វានឹងត្រូវបង្កើនប្រាក់ចំណាយសម្រាប់(ទិញ)របស់មួយដដែល គឺពី ១០០ ទៅ ១២០ (ដុល្លារ) ត្រឡប់មកវិញ ចិនក៏នឹងមានករណីដូចគ្នានោះដែរ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មនេះ វាមានផលប៉ះពាល់ផ្ទាល់តែម្តងសម្រាប់ប្រទេស និងប្រទេស ដែលគេមានបញ្ហាជាមួយគ្នា។ ពិភពលោកទទួលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មផង និងពីការដាក់ទណ្ឌកម្មផង ច្បាស់ណាស់ថា ពិភពលោកក៏នឹងទទួលផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារតែមានភាពបត់បែននៅក្នុងបញ្ហាមិនច្បាស់លាស់មួយចំនួន។ បញ្ហាទណ្ឌកម្មនេះទៀតសោត យើងត្រូវឃើញថា មិនមែនគ្រាន់តែ(ត្រូវបានធ្វើ)នៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទេ (វាមាន)សូម្បីតែទណ្ឌកម្ម ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ (ដែល)វាមិនមែនជាប់ពាក់ព័ន្ធតែជាមួយប្រទេសណាមួយ(ដោយចំពោះ)ទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងប្រទេសទាំងអស់។…