សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា
លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនី ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមក ចូលរួមមីទ្ទីងអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងសម្រេចជ្រើសរើសក្នុងគោលបំណងបង្ហាញអំពីតម្លៃ នៃសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយនឹងបាវចនា « អរគុណសន្តិភាព » ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅកាន់តែល្អប្រសើរ ជាពិសេស សមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់គួរជាទីមោទនៈ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់សមភាពយេនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមគុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី នៃអតតីព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុសក្ដិសិទិ្ធដែលរក្សាព្រះរាជាណាចក្រកម្ពុជាតាមជួយប្រោះព្រំថែរក្សាព្រះអង្គទាំងទ្វេ ទទួលបានព្រះរាជសុខភាពបរិបូរណ៍ ព្រះពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិអន្តរជាតិ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងកុមារ ជាពិសេស ការផ្តល់សេវាបានទាន់ពេលវេលាជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។
អង្គពិធីជាទីមេត្រី!
ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ពិតជាមានអត្ថន័យ និងសារៈសំខាន់ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់ឤចដល់ស្ត្រី និងក្មេងស្រី ដែលមានចំនួនជាង ៥០% នៃ ចំនួនប្រជាជនសរុប ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃនេះ គឺជាការបង្ហាញអំពីគុណសម្បត្តិគ្រប់លក្ខណៈរបស់ស្ត្រី ដែលជាមាតាពិភពលោកជាមួយនឹងបាវចនា «ជួយស្ដី្រគឺជួយខ្លួនឯង» និង «សិទ្ធិស្ដ្រីគឺជាសិទ្ធិមនុស្ស»!
ទន្ទឹមនេះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រីត្រូវបានវាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័រគួរជាទីមោទនៈ ដោយថយចុះពីចំណាត់ថ្នាក់លេខ ១១២ នៅឆ្នាំ ២០១៦ មកចំណាត់ថ្នាក់លេខ ៨៩ នៅឆ្នាំ ២០២០ ក្នុងចំណោមប្រទេសចំនួន ១៥៣។ ម៉្យាងវិញទៀត កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាពស្ត្រី ហើយអត្រាស្ត្រីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ រហូតដល់ ៧៩% ម្ចាស់ឤជីវកម្ម ៦៥% ជាស្ត្រី ទោះបីឤជីវកម្មភាគច្រើនក្នុងចំណោមឤជីវកម្មទាំងនោះជាសហគ្រាស ខ្នាតមីក្រូ និងខ្នាតតូចក៏ដោយ។
ជាមួយគ្នានេះ នៅក្នុងវិស័យអប់រំ កម្ពុជាមានសមភាពយេនឌ័រក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ហើយគម្លាតយេនឌ័រនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា ក៏ត្រូវបានកាត់បន្ថយជាបណ្ដើរៗ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សាទុតិយភូមិមានការកើនឡើង ទាំងបរិមាណ និងគុណភាព។ លទ្ធផលនៃសិស្សស្រីដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិមានចំនួនក្នុងរង្វង់ ៥០%។ ស្ត្រី និងក្មេងស្រីមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រព័ន្ធ ក្នុងនោះ ពួកគេក៏ត្រូវបានលើកទឹកចិត្ដ និងគាំទ្រ ដើម្បីចាប់យកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសការអប់រំផ្នែកវិទ្យាសាស្ដ្រ បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត គណិតវិទ្យា (STEAM) ស្របតាមភាពវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា និងទីផ្សារការងារផងដែរ។
ដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់រូបភាពទៅលើស្ត្រី និងក្មេងស្ត្រី រាជរដ្ឋាភិបាលបានបង្កើតយន្តការច្បាប់ គោលនយោបាយផែនការសកម្មភាពជាតិ ការផ្តល់សេវាជាពហុវិស័យ និងវិធានការជាច្រើនទៀត ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គការសង្គមស៊ីវិល ដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចំនួន ៥០០ លានរៀល ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ដ្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវី សម្តេចតេជោសែន ប្រចាំនៅគ្រប់រាជធានីខេត្តទាំង ២៥ សម្រាប់ជួយស្វែងរកសេវាយុត្តិធម៌ជូនដល់ជនក្រីក្រ ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី អង្គពិធីជាទីមេត្រី!
កន្លងមក កម្ពុជាធ្លាប់ជាប្រទេសគំរូ និងទទួលបាននូវការកោតសរសើរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ការកំណត់វិធានការម៉ឺងម៉ាត់ និងការបង្កើតក្រុមការងារបច្ចេកទេសយេនឌ័រ។ ទន្ទឹមនឹងសមិទ្ធផល ដែលកម្ពុជាសម្រេចបាននេះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសុំស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប សូមរួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. គ្រប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នត្រូវបន្ដបង្កើនចំនួនស្ដ្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។
២. ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សា ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពេសិសការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រណិតពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។ ត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យ ឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យបាននៅគ្រប់រាជធានី-ខេត្ត ទាំងអស់ និងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យរដ្ឋបាលមូលដ្ឋាន លើកិច្ចការអន្ដគមន៍ជួយស្ដ្រី និងក្មេងស្រីរងគ្រោះ ក្នុងគោលបំណហបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ។
៣. ក្រសួងអប់រំយុវជន និងកីឡាត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំនងជាមួយឪពុកម្តាយ និងអ្នកឤណាព្យាបាលសិស្សឱ្យបានជាប្រចាំ។ ឪពុកម្តាយ អ្នកឤណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់អប់រំកូនចៅ ប្រុសស្រី ខិតខំរៀនសូត្រ មានសីលធម៌ ប្រកាន់វប្បធម៌អហិង្សាក្នុងក្រុមគ្រួសារ និងសង្គម។
៤. ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីដើរឱ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។
៥. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងរដ្ឋ និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀត និងត្រូវពិចារណា អំពីផលប៉ះពាល់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ពិសេសតម្លៃស្ត្រី និងក្មេងស្រី។
៦. ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មី និងសុំកុំឱ្យមានការរើសអើង ជាពិសេសចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។
៧. ខ្ញុំនៅតែបន្ដអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេសកម្ពុជាយើងពុំទាន់មានកើតឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុសនេះក៏ដោយ ក៏ប៉ុន្ដែសុំបងប្អូនប្រជាពលរដ្ឋចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទេ។
សូមរួមគ្នាកុំទុកអ្នកណាម្នាក់ឲ្យនៅឯកោ ដោយពុំទទួលភោគផលពីកិច្ចអភិវឌ្ឍ!
ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា នាពេលនេះ ខ្ញុំ និងភរិយា សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ!