សុន្ទរកថា ក្នុងពិធីមីទ្ទីង អបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០

សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនី ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមក ចូលរួមមីទ្ទីងអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងសម្រេចជ្រើសរើសក្នុងគោលបំណងបង្ហាញអំពីតម្លៃ នៃសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយនឹងបាវចនា « អរគុណសន្តិភាព » ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅកាន់តែល្អប្រសើរ ជាពិសេស សមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់សមភាពយេនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា…