សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីអង្គមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិ កម្ពុជា
សូមក្រាបថ្វាយបង្គំ ព្រថេះរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! ថ្នាក់ដឹកនាំ និងក្មួយៗ នៃកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា” ដែលបានរៀបចំយ៉ាងឱឡារិកនាពេលនេះ។ វត្តមានក្នុងឱកាសដ៏ថៃ្លថ្លានេះ គឺជាមូល ដ្ឋានដ៏មានតម្លៃ សម្រាប់ជំរុញលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែមានឆន្ទៈ, មោទនភាពចំពោះខ្លួនឯង និងចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលកាយរឹទ្ធិជាតិកម្ពុជាខិតខំសម្រេចបាន ក្នុងរយៈពេលកន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោកស្រី មកពីអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងអង្គការសមាគមជាតិកាយរឹទ្ធិ នៃបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប, ប្រជាជនក្នុងសហគមន៍,…