FN ៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលស្គាល់គណបក្សនយោបាយចំនួន៣ទៀតជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ។
លោក ឌឹម សុវណ្ណារុំ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះថា គណបក្សនយោបាយចំនួន៣នោះរួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល, គណបក្សខ្មែរតែ១ ឈរនៅ១៦មណ្ឌល និងគណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស។
ក្នុងចំណោមគណបក្សទាំង២០នេះ គណបក្សនយោបាយចំនួន៨ ត្រូវ គ.ជ.ប ទទួលស្គាល់ផ្លូវការមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតប្រជែងហើយ ក្នុងនោះគណបក្សយុវជនកម្ពុជា ដែលឈរនៅ ១៧មណ្ឌល, គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល, គណបក្សសញ្ជាតិកម្ពុជាឈរនៅ ២៥មណ្ឌល, គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល និងគណបក្សហ៊្វុនស៊ិនប៊ិច ឈរឈ្មោះប្រកួតប្រជែងនៅ ២៥មណ្ឌល៕