FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។
ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើមឈើនៅទីនេះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយកទឹកដោះសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាថែមទៀតផ។
ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេចឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនពាក់ព័ន្ធការអភិរក្ស អភិវឌ្ឍន៍ឧទ្យានមួយនេះ។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបនេះ គឺជាតំបន់ប្រវត្តិសាស្ត្រមួយមានតឹកតាំងបង្ហាញជាកន្លែងស្លដែក ដែលបង្ហាញថាកម្ពុជាមានឧស្សាហកម្មស្លដែកតាំងពីយូរលង់ណាស់មកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរួមគ្នាការពារនូវកូនឈើដែលដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភា។ សម្តេចសង្ឃឹមថា តំបន់នេះមិនត្រឹមតែក្លាយជាតំបន់អភិរក្សព្រៃឈើនោះទេ និងក្លាយជាជម្រុកសត្វ ដែលមានសត្វខ្លះជិតនឹងផុតពូជផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃនៅតែលើក្រដាសមិនទាន់គ្រប់គ្រាន់នោះទេ តែត្រូវចុះធ្វើសកម្មភាពជាក់ស្តែង។
* សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា នៅរយៈពេលប្រមាណ ៥ឆ្នាំក្រោយតំបន់ឧទ្យានរាជបណ្ឌិត្យសភានេះ អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះអ្នកទេសចរចង់ដើរមើលព្រៃ និងសត្វ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់មុនបានធ្វើការងារសម្រាប់អ្នកបច្ចុប្បន្ន តែអ្នកជំនាន់មុនក៏បានធ្វើសកម្មភាពមួយចំនួននាំឲ្យមានមហន្តរាយ សម្រាប់សង្គមជាតិផងដែរ ដូចជាការបង្កនូវភ្លើងសង្គ្រាម។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាំដើមឈើ និងអភិរក្សសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យសភានៅថ្ងៃនេះ គឺដើម្បីជាមរតកដល់មនុស្សជំនាន់ក្រោយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ឈើមានសត្រូវច្រើនណាស់ ដាំមួយលាន អាចមានការកាប់ឈើរហូតដល់ទៅ២លាន។ ការកាប់នេះមានទាំងតម្រូវការក្នុងការធ្វើផ្ទះសម្បែង ការកាប់លក់ តម្រូវការអភិវឌ្ឍន៍ទាំងក្នុងវិស័យកសិកម្ម និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចសុទ្ធតែត្រូវការកាប់ឈើ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ព្រោះតែតម្រូវការអភិវឌ្ឍន៍នេះ ប្រទេសនៅតំបន់អឺរ៉ុបបានកាប់ឈើអស់ទៅហើយ បែរជាមកប្រដៅកម្ពុជាទៅវិញ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យមានការពិចារណា និងថ្លឹងថ្លែងមិនត្រូវចេះតែចោទពីរឿងកាប់ឈើៗនោះទេ ត្រូវមើលថា បច្ចុប្បន្នប្រជាពលរដ្ឋកើនច្រើនតម្រូវការដីធ្លីសម្រាប់ការរស់នៅ បង្កបង្កើនផល ធ្វើរបរកសិកម្មផ្សេងៗ ដែលជាហេតុនាំឲ្យមានការរុករានកាប់ទន្ទ្រានព្រៃឈើយកដី។ សម្តេចបានបន្ថែមថា តែទោះជាយ៉ាងណាផ្ទៃដីមួយចំនួនទោះបីត្រូវអស់ព្រៃឈើ តែបានជំនួយមកវិញនូវដើមកៅស៊ូ ដែលជាការផ្តល់គម្របព្រៃឈើផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅអំឡុងឆ្នាំ១៩៧៩ និង១៩៧០ ផ្ទៃដីបង្កបង្កើនផលមិនដល់១លានហិកតាផងទេ ពោលប្រហែល ៨០ម៉ឺនហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នផ្ទៃដីបង្កបង្កើនផលមានការកើនច្រើន ក្នុងនោះស្រែវស្សា ៣លានហិកតា ស្រែប្រាំងកន្លះលានហិកតា នេះមិនទាន់រាប់បញ្ចូលផ្ទៃដីដាំកៅស៊ូ និងម្រេចនៅឡើយនោះទេ។
* ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងកសិកម្ម និងមន្រ្តីសុរិយោដីតាមបណ្តាខេត្ត ត្រូវសិក្សាថា តើដីណាខ្លះត្រូវទុកជាតំបន់គម្របព្រៃឈើដែលត្រូវទុកការពារ ហើយដីតំបន់ណាខ្លះ ដែលអាចក្លាយទៅជាសម្បទានសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវបណ្តែតបណ្តោយទុកឲ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានយកដី។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកាប់ទន្ទ្រានយកដីនេះពេលខ្លះប្រជាពលរដ្ឋបានចាញ់បោកក្រុមឈ្មួញ និងថៅកែ ដែលញុះញង់ឲ្យប្រជាពលរដ្ឋទៅកាប់ទន្ទ្រានយកដី។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើដាំ១លានដើម ហើយកាប់ ២លានដើមវាមិនគ្រប់គ្រាន់នោះទេ។ តែបច្ចុប្បន្នវិធានការការពារព្រៃឈើត្រូវបានយកចិត្តទុកដាក់ការពារ ដូចជានៅក្នុងឧទ្យានរាជបណ្ឌិត្យសភាឫស្សីត្រឹបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកាប់ព្រៃឈើនេះត្រូវរួមគ្នាដោះស្រាយ មិនមែនជាការបន្ទោសគ្នានោះទេ។ សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នការប្រើអុស និងធ្យូងនៅតែមានចំនួនច្រើន ដែលជាចំណែកមួយធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការគិតគូររកការងារ និងបង្កើតមុខរបរថ្មីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ឈប់ធ្វើរបរដើរកាប់ឈើ ដុតឈើយកជ័រ ដែលជាកត្តាសត្យានុម័តមួយក្នុងការរួមចំណែកការពារព្រៃឈើ។ ក្នុងនោះការយកព្រៃ ទៅចិញ្ចឹមព្រៃក៏ជាចំណែកមួយក្នុងការថែរក្សា និងអភិរក្សព្រៃផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងកសិកម្ម និងក្រសួងបរិស្ថានចូលរួមសិក្សាស្រាវជ្រាវលើការចិញ្ចឹមគោយកទឹកដោះ និងចិញ្ចឹមគោយកសាច់ ដែលរាជបណ្ឌិត្យសភាកំពុងអនុវត្តន៍នៅឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប។
* សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ទៅរៀនពីបរទេសនូវរបៀបចិញ្ចឹមគោយកទឹកដោះ និងចិញ្ចឹមគោយកសាច់ ដើម្បីមានប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនមិនខុសទេ តែកុំទៅរៀនពីរបៀបធ្វើបដិវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កងទ័ពថា សម្តេចចាត់កងទ័ពឲ្យមកការពារទឹកដី និងការពារឈើ មិនមែនឲ្យមកកាប់ឈើនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានរៀបចំបទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌគតិយុត្តនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប ដើម្បីធានាដល់ការពារ និងអភិរក្សព្រៃឈើ និងសត្វ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីជោគជ័យរួមរបស់កម្ពុជាក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃ។
* សម្តេចតេជោ ហ៊ុន សែន ដោយសារតែសម្តេចរំលត់ភ្លើងសង្គ្រាមទើបមានផ្លូវ មានស្ពាន ហើយក៏នាំឲ្យមានការកាប់ទន្ទ្រានព្រៃឈើ។ តែបើមិនរំលត់ភ្លើងសង្គ្រាមទេ ប្រជាពលរដ្ឋកម្ពុជានឹងនៅតែបន្តស្លាប់។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋមានការថ្លឹងថ្លែងថា តើការដឹកនាំដោយសម្តេចត្រូវប៉ុន្មាន ហើយខុសប៉ុន្មាន? សម្តេចថា ដើម្បីរំលត់ភ្លើងសង្គ្រាមនៅកម្ពុជា សម្តេចបានយកជីវិតទៅធ្វើជាដើមទុន។
* សម្តេចតេជោ បានថ្លែងបន្តថា របៀបការដឹកនាំរបស់មេដឹកនាំនៃប្រទេសណាសម្តេចមិនដឹងទេ តែសម្រាប់សម្តេច គឺសម្តេចមានភាពក្លាហាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការយកជីវិតធ្វើជាដើមទុន ដើម្បីចរចាយកទាហានខ្មែរក្រហមចេញពីក្នុងព្រៃនោះហើយ ទើបធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ប្រជាពលរដ្ឋមានឱកាសរកស៊ីអភិវឌ្ឍន៍ជីវភាពល្អប្រសើរ។ សម្តេចនាយករដ្ឋមន្ត្រីថា បើអ្វីដែលសម្តេចបានធ្វើនោះខុស សម្តេចក៏ស្ម័គ្រចិត្តនឹងទទួលការស្តីបន្ទោសនោះដែរ។ តែសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេះវិនិច្ឆ័យលើបញ្ហា និងការដឹកនាំរបស់សម្តេច។