ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសម្ពោធភូមិកុមារ SOS កំពត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ហាគឹមតួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមគោរព លោក Siddhartha Kaul ប្រធានអង្គការ SOS អន្តរជាតិ, លោកស្រី សូបា មុទី អគ្គលេខា​ធិ​កា​រ​រងនៃអង្គការ SOS ប្រចាំអាស៊ី, លោក មីសែល កៃសុន ប្រធានអង្គការ SOS ស៊ុយអែត និងជាសប្បុ​រស​ជន​​នៃ​ការ​ជួយ​លើគម្រោងនេះ។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនា​ក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ លើកទី ៦ ដែលចូលរួមសម្ពោធភូមិកុមារ SOS ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារ SOS ខេត្តកំពត​។ នេះជាលើកទី ៦ ហើយ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវ​ភូមិ​​​កុមារបែបនេះ បន្ទាប់ពីទីក្រុងភ្នំពេញ…