សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ផ្នែកសួរឆ្លើយក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា

សំណួរ៖ … អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បាន​បន្សល់​នូវមរតកនៃការបង្រួបបង្រួមជាតិខ្មែរ ដោយឡែកសម្ដេចក៏បានបន្សល់នូវមរតកស្ថិរភាពនយោបាយនិងសន្ដិភាព … តើសម្ដេចចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីនេះ ដឹកនាំប្រទេសជាបរិបទអ្វីដែលអាចបន្សល់​សំរាប់ប្រទេសកម្ពុជានៅរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខនេះ។ ចំលើយ៖ សូមអរគុណ។ នេះពិតជាសំណួរល្អ។ ប្រសិនបើយើងនិយាយពីសម្ដេចឪ យើងនិយាយពីឯករាជ្យជាមរតកធំបំផុតរបស់ព្រះអង្គចំពោះប្រទេសជាតិ និងការកសាងរីកចំរើន​នៅក្នុងទសវត្ស ៦០។ បើនិយាយពីមរតកបច្ចុប្បន្ន គេចូលចិត្តនិយាយពីសនិ្ដភាពនិងស្ថិរភាព ដែលអ្នកជំនាន់នេះរក្សាទុកឲ្យអ្ន​កជំនាន់បន្ដវេន។ លោកបានតាំងសំណួរថា ចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីបន្សល់ទុកអ្វី​ខ្លះសំរាប់កម្ពុជា? ខ្ញុំចង់ឃើញពីរចំណុចសំខាន់។ ចំណុចទី១ ខ្ញុំចង់ឃើញអ្នកបន្ដវេនជំនាន់ក្រោយបន្ដរក្សានូវសន្ដិភាព និងស្ថិរភាពខាងនយោបាយឲ្យបានតទៅទៀត។ នេះជាចំណុចទី១ ជាមូលដ្ឋានគ្រឹះ។ ចំណុចទី២ ដែលខ្ញុំចង់ឃើញនោះ សំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់តាមការគ្រោងទុក ហើយឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្របើវាមិនដល់កម្រិតសូន្យទេក៏ឲ្យបានទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថាជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ។ បញ្ជាក់ឡើងវិញ យើងទុកមរតកឲ្យគេអំពីសន្ដិភាពនិងស្ថិរភាពនយោបាយ។ យើងក៏ចង់ឲ្យពួកគេបន្ដរក្សានូវសន្ដិភាពនិងស្ថិរភាពនយោបាយជាបន្ដទៅទៀត។ ឯមួយទៀតចង់ឲ្យពួកគេសំរេចឲ្យបាននូវការចាកចេញពីប្រ​ទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។ អត្រានៃភាពក្រីក្រត្រូវកាត់ទំលាក់ឲ្យដល់សូន្យ ឬក៏ទាបបំផុត នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញអ្វីៗ(ថ្មី)កើតឡើងបន្ថែមលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតឡើងនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពបរិយាកាសសង្គមផងដែរ។ កម្រិតអប់រំរបស់ប្រជាជនមានកម្រិតកាន់​តែខ្ពស់ឡើង…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត

ឯកឧត្ដម Jacques Pellet អគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម លោកជំទាវ តំណាងឲ្យសហភាពអឺរ៉ុប ក៏ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFDឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានចូលរួមនៅថ្ងៃនេះ! ថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលបានវិលត្រឡប់មកទីនេះសាជាថ្មី ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលដែលយើងបានសម្រេចក្នុងរយៈពេលកន្លងទៅ​។ ម្សិលមិញ​នេះ ក៏ដូចជាពេលនេះ យើងស្ថិតនៅក្នុងទិវានៃខួបចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យើងមានមោទនភាពក្នុងការសម្ពោធសមិទ្ធផលនេះ ដែលជាសមិទ្ធផលដ៏ធំមួយចំខួបចម្រើនព្រះជន្មរបស់ហ្លួងម៉ែជាអម្ចាស់។ យើងទាំងអស់គ្នាសង្ឃឹមថា សមិទ្ធផលនេះផ្សារភ្ជាប់ជាមួយព្រះរាជវត្តមាននៃព្រះមហាក្សត្រ នៃហ្លួងម៉ែ ក៏ដូចជារាជានិយមនៅកម្ពុជាផងដែរ។ យើងសូមឧទ្ទិសបន់ស្រន់សូមឲ្យហ្លួងម៉ែជាអម្ចាស់ មានព្រះជន្មយ៉ឺន​យូរ ព្រះរាជសុខភាពបរិបូណ៌ គង់ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ (១) ១ កុម្ភៈ ២០២១ កម្ពុជាបើកការដ្ឋានរោងចក្រផលិតទឹកស្អាត មីយ៉ាន់ម៉ាកើតមានរដ្ឋប្រហារ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យើងមកបើកការដ្ឋាននៅទីនេះ។ ឯកឧត្ដម Jacques Pellet មិនទាន់បានអញ្ជើញមកទេ។ អគ្គរដ្ឋទូតបារាំងលោកស្រី Eva Nguyen Binh មកទីនេះ។ ព្រឹត្តិ​ការណ៍ដែលគួរឲ្យចងចាំគឺយើងទទួលបានព័ត៌មានស្ដីពីរដ្ឋប្រហារនៅឯមីយ៉ាន់ម៉ា ណៃពិដោ ថ្ងៃទី១ ខែកុម្ភៈ។ ពីទីនេះ ខ្ញុំថ្លែងថា…

សេចក្តីដកស្រង់ប្រសាសន៍ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី ៦ និងពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេស លើកទី ៣

[…] (ក្រសួង)ត្រូវស្វែងរកឱ្យឃើញ។ បើទោះបីថា អ្នកនាំទៅនោះជារាជវង្សានុវង្ស ក៏ត្រូវយាងរាជវង្សានុវង្សនោះឱ្យមកក្រសួងវប្បធម៌ ដើម្បីក្រសួងវប្បធម៌ធ្វើការណែនាំ មិនអាចតាំងខ្លួនជារាជវង្សានុវង្ស ហើយនាំសិល្បៈខ្មែរទៅបំផ្លាញទេ។ សិល្បៈរបស់ជាតិយើង គឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់រាជវង្សានុវង្សមួយអង្គណានោះទេ ហើយព្រះមហាក្សត្រក៏ព្រះអង្គមិនដែលទុកថាជារបស់ព្រះអង្គផ្តាច់មុខនោះទេ […]

[…] សុំមេត្តារក្សាតម្លៃនៃសិល្បៈវប្បធម៌របស់ជាតិរបស់យើងដោយខិតខំធ្វើយ៉ាងណារក្សានូវរបៀបរបបទម្រង់របស់យើង។ ខ្ញុំនៅតែនិយាយដដែលថា គ្មានការឈ្លានពានខាងវប្បធម៌ទេ មានតែការទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ នេះគឺជារឿងពិត គ្មានប្រទេសណាមួយអាចមកឈ្លានពានវប្បធម៌យើងបានទេ មានតែយើងទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ […]

[…] តើខ្ញុំអាចសុំបានទេ អំពីសិល្បករ/ការិនី ដែលកន្លងមកនេះ ឧស្សាហ៍ជេរគ្នាតាមហ្វេសប៊ុក … រឿងនេះគឺជារឿងមិនគប្បីទាល់តែសោះ។ យើងជាសិល្បករ/ការិនី ជាបុគ្គលសាធារណៈ ដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬក៏បង្ហាញមុខនៅក្នុងចំណោមសាធារណជន រាបពាន់រាប់ម៉ឺននាក់មួយកន្លែងៗ ប៉ុន្តែ យើងបែរជាជេរគ្នាទៅតាមហ្វេសប៊ុក … អង្វរករសិល្បករ/ការិនីរបស់យើង ជាសមាគមក្ដី មិនមែនសមាគមក្ដី សូមមេត្តាកុំប្រើប្រាស់វោហារសាស្រ្តវាយប្រហារ ជេរបញ្ចោរគ្នាតាមហ្វេសប៊ុក … ជាអ្នកប្រកាន់តួនាទីអប់រំ ប៉ុន្តែផ្ទុយទៅវិញ យើងប្រឆាំងនឹងខ្លួនឯង […]
សម្ដេចតេជោ ហ៊ុន សែន, ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២, ថ្ងៃទី ៣ មីនា ២០២០ ។