សំណួរ៖ … អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានបន្សល់នូវមរតកនៃការបង្រួបបង្រួមជាតិខ្មែរ ដោយឡែកសម្ដេចក៏បានបន្សល់នូវមរតកស្ថិរភាពនយោបាយនិងសន្ដិភាព … តើសម្ដេចចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីនេះ ដឹកនាំប្រទេសជាបរិបទអ្វីដែលអាចបន្សល់សំរាប់ប្រទេសកម្ពុជានៅរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខនេះ។
ចំលើយ៖ សូមអរគុណ។ នេះពិតជាសំណួរល្អ។ ប្រសិនបើយើងនិយាយពីសម្ដេចឪ យើងនិយាយពីឯករាជ្យជាមរតកធំបំផុតរបស់ព្រះអង្គចំពោះប្រទេសជាតិ និងការកសាងរីកចំរើននៅក្នុងទសវត្ស ៦០។ បើនិយាយពីមរតកបច្ចុប្បន្ន គេចូលចិត្តនិយាយពីសនិ្ដភាពនិងស្ថិរភាព ដែលអ្នកជំនាន់នេះរក្សាទុកឲ្យអ្នកជំនាន់បន្ដវេន។
លោកបានតាំងសំណួរថា ចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីបន្សល់ទុកអ្វីខ្លះសំរាប់កម្ពុជា? ខ្ញុំចង់ឃើញពីរចំណុចសំខាន់។ ចំណុចទី១ ខ្ញុំចង់ឃើញអ្នកបន្ដវេនជំនាន់ក្រោយបន្ដរក្សានូវសន្ដិភាព និងស្ថិរភាពខាងនយោបាយឲ្យបានតទៅទៀត។ នេះជាចំណុចទី១ ជាមូលដ្ឋានគ្រឹះ។ ចំណុចទី២ ដែលខ្ញុំចង់ឃើញនោះ សំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់តាមការគ្រោងទុក ហើយឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្របើវាមិនដល់កម្រិតសូន្យទេក៏ឲ្យបានទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថាជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ។
បញ្ជាក់ឡើងវិញ យើងទុកមរតកឲ្យគេអំពីសន្ដិភាពនិងស្ថិរភាពនយោបាយ។ យើងក៏ចង់ឲ្យពួកគេបន្ដរក្សានូវសន្ដិភាពនិងស្ថិរភាពនយោបាយជាបន្ដទៅទៀត។ ឯមួយទៀតចង់ឲ្យពួកគេសំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។ អត្រានៃភាពក្រីក្រត្រូវកាត់ទំលាក់ឲ្យដល់សូន្យ ឬក៏ទាបបំផុត នោះហើយជាមរតកដែលយើងចង់បាន។
បន្ថែមលើនោះ យើងក៏ចង់ឃើញអ្វីៗ(ថ្មី)កើតឡើងបន្ថែមលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតឡើងនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពបរិយាកាសសង្គមផងដែរ។ កម្រិតអប់រំរបស់ប្រជាជនមានកម្រិតកាន់តែខ្ពស់ឡើង អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានាក្នុងសង្គមត្រូវតែបានធ្វើ ភាពស្អាតស្អំមួយនឹងកើតឡើង។ នោះហើយជាអំរែកដ៏លំបាករបស់អ្នកបន្ដវេន។ មិនមែនជារឿងសាមញ្ញនោះទេ។ ខ្ញុំនិយាយប៉ុណ្ណេះ អ្នកទាំងអស់គ្នាអាចយល់ស៊ីជម្រៅអំពី(ការទទួលបាន)ឯករាជ្យពីបារាំង ដែលព្រះមហាក្សត្រ ព្រះករុណាបិតានិងអ្នកជំនាន់មុនបានទុកឲ្យយើង។ យើងបានទុកឲ្យអ្នកជំនាន់ក្រោយនូវសន្ដិភាពនិងស្ថិរភាពនយោបាយ តែយើងក៏ចង់ឲ្យអ្នកជំនាន់ក្រោយរក្សាទុកឲ្យអ្នកជំនាន់ក្រោយបន្ដទៅទៀត នូវអ្វីដែលខ្ញុំបានលើកឡើងអម្បាញ់មិញ។
Fresh News៖ សូមគោរពសម្ដេច ខ្ញុំបាទ វ៉ាន់ សារ៉ាយ មកពីអង្គភាពសារព័ត៌មាន FreshNews … សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានលះបង់ធ្វើពលីកម្មច្រើនមែនទែន នាំកម្ពុជាចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនាំកម្ពុជាដល់ត្រើយសុខសាន្ដនាពេលបច្ចុប្បន្ន។ សំណួររបស់ខ្ញុំមាន២។
សំណួរទី១ នៅក្នុងជីវិតនាយករដ្ឋមន្ដ្រីនិងការផ្សាភ្ជាប់ជោគវាសនាជាតិជាង ៤០ ឆ្នាំ ច្បាស់ណាស់មានរឿងរីករាយនិងមិនរីករាយជាច្រើនក្នុងជីវិតនយោបាយរបស់សម្ដេច។ ខ្ញុំចង់ឲ្យសម្ដេចលើកឡើងនូវរឿងដែលរីករាយបំផុតនៅក្នុងជីវិតនយោបាយរបស់សម្ដេចជាអ្វី? ហើយមានទេ រឿងដែលមិនរីករាយក្នុងជីវិតនយោបាយរបស់សម្ដេច?
សំណួរទី២ នៅក្នុងសមរភូមិនយោបាយ រាប់តាំងពីក្រោយការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មក អ្នកនយោបាយជាច្រើនដែលត្រូវបានសម្ដេចផ្ដួល។ រហូតមកដល់ពេលនេះ គេមិនអាចបដិសេធន៍បានទេថា សម្ដេចនៅមានអ្នកនយោបាយដៃគូមួយ ដែលត្បិតថានៅក្រៅប្រទេសប៉ុន្ដែនៅតែជាដៃគូនយោបាយដែលផ្លោងពាក្យសម្ដីដាក់គ្នាមិនដាច់។ មកដល់ពេលនេះសម្ដេចតេជោបានសំរេចទំលាក់ហើយអំរែកជាតិមួយនេះ។ សម្ដេចចង់ឃើញដៃគូមួយនេះទំលាក់ចុះដែរទេ … ប៉ុន្ដែមកដល់ពេលនេះគេហាក់ដូចជាមិនទាន់ទំលាក់ ហើយបន្ដធ្វើសង្គ្រាមជាមួយអ្នកបន្ដវេនរបស់សម្ដេច។
ចំលើយ៖ អរគុណណាស់ជាមួយនឹងការកោតសរសើរចំពោះការខិតខំរបស់ខ្ញុំ។ ការដឹកនាំតែងតែមានការពេញចិត្ត ការមិនពេញចិត្ត ឬរហូតទៅដល់ការខកចិត្ត។ តើអ្វីខ្លះដែលជាការខកចិត្ត(របស់ខ្ញុំ)។ ខ្ញុំមិននិយាយពីបញ្ហាការពេញចិត្តទេ ព្រោះការពេញចិត្តនោះ អង្គុយមួយថ្ងៃគឺនិយាយមិនចង់អស់ផង។ ឯការខកចិត្តវាមានចំណុចរបស់វា។ ដំបូងបំផុតខ្ញុំគួរតែនិយាយថា ការខកចិត្តចុងក្រោយរបស់ខ្ញុំនោះគឺនៅត្រង់ថា កម្ពុជាដែលធ្លាប់តែមានកំណើន(សេដ្ឋកិច្ច)ដ៏ស្ថិរភាពមួយ មានការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចដល់ជាង ៧% ក្នុងមួយឆ្នាំ ប៉ុន្ដែកូវីដ១៩ បានបន្ទច់បង្អាក់នៃចលនាការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយអត្រាភាពក្រីក្រដែលយើងបញ្ចុះមកនៅក្រោម ១០% ទៅហើយនោះ វាក៏បានកើនឡើងវិញ។
ប្រាក់សន្សំប្រមាណជិត ៤ពាន់លានដុល្លារ ដែលខ្ញុំប៉ុនប៉ងធ្វើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាដោយមិនពឹងផ្អែកទៅលើបរទេសត្រូវបាត់បង់ ដោយ(យើងត្រូវ)យកមកទប់ទល់ជាមួយនឹងកូវីដ-១៩ ព្រមជាមួយការចិញ្ចឹមប្រជាជន ដែលធ្វើឲ្យផែនការនេះត្រូវបានខកខាន។ គឺជាការខកចិត្តមួយដ៏ធំរបស់ខ្ញុំ។ ជាមួយគ្នានេះ យើងមានការសោកស្តាយចំពោះអាយុជីវិតប្រជាជនយើង ៣០៥៦ នាក់ ដែលបានស្លាប់ក្នុងពេលវេលាមួយដ៏ខ្លី នៅក្នុងពេលសន្តិភាព។ សង្រ្គាមបានសម្លាប់ប្រជាជនទៅហើយ ក៏ប៉ុន្តែយើងមិនអាចស្រោចស្រង់ជីវិតប្រជាជនយើងពីជ្រោះមរណៈនេះបាន។ នេះជាការសោកស្តាយរបស់ខ្ញុំ។
មានការខកចិត្តខ្លះៗទៀត ក៏ប៉ុន្តែវាមិនធំទេ។ រឿងធំគឺការខកចិត្តចំពោះការដែលប្រទេសកំពុងតែមានល្បឿនទៅមុខ ប៉ុន្តែផ្ទុយទៅវិញគឺយើងបានបាត់បង់ជាមួយនឹងប្រាក់ដែលយើងសន្សំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីពន្លឿនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ នេះជាការខកចិត្តរបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ។
អម្បាញ់មិញលោក សារាយបានសួរថា ដៃគូរបស់ខ្ញុំត្រូវបានខ្ញុំកម្ចាត់។ ខ្ញុំគិតថាមានអត្ថាធិប្បាយបែបនេះច្រើនហើយ ថាដៃគូនយោបាយរបស់ ហ៊ុន សែន ត្រូវ ហ៊ុន សែន កម្ចាត់អស់។ ខ្ញុំអត់បានកម្ចាត់អ្នកណាទេ។ ខ្ញុំមានជំនឿម្យ៉ាងគត់ថា គ្មានអ្នកណាកម្ចាត់អ្នកណាបានទេ លើកលែងតែអ្នកនោះកម្ចាត់ខ្លួនឯងតែប៉ុណ្ណឹង។ អញ្ចឹងទេ ល្មមឈប់ហើយ ដែលនិយាយថាលោក ហ៊ុន សែន តែងតែកម្ចាត់ដៃគូ … គិតខ្លួនឯងមើល។ អ្នកទាំងឡាយដែលជាដៃគូកាលពីពេលមុននោះ ខ្លួនឯងបានធ្វើអ្វីខ្លះចំពោះខ្ញុំ? ខ្ញុំហ៊ានប្រកាសថាមានតែ ហ៊ុន សែន ទេដែលអាចកម្ចាត់ ហ៊ុន សែន បាន។ អ្នកដទៃ ហេតុអីបានជាយល់ថា ហ៊ុន សែន កម្ចាត់ខ្លួនទៅវិញ? ខ្លួនឯងវាខ្សោយពេក ខ្លួនឯងវាល្ងង់ពេក ខ្លួនឯងធ្វើសកម្មភាពវាមិនត្រូវ។ ស្ថានភាពនេះមិនត្រូវមកបន្ទោស ហ៊ុន សែន ទេ។ អ្នកដែលបានបាត់បង់ វាមិនមែនជារឿងរបស់ ហ៊ុន សែន។
ឥឡូវ តើអ្នកណាទៅកម្ចាត់លោក សារាយ ឯង បើលោក សារាយ ឯងមិនទៅកម្ចាត់ខ្លួនឯង មិនធ្វើអំពើកំហុសឆ្គងខ្លួនឯង។ តើអ្នកណាទៅកម្ចាត់លោក សារាយ ឯងបាន? សារាយ ធ្វើតែល្អក្នុង Fresh News ទៅច្បាស់ជា លឹម ជាវុត្ថា អត់ធ្វើអីទេ នៅតែអគ្គនាយករង Fresh News ដដែលហ្នឹង។ អាហ្នឹងវាជារឿងពិត។ ឥឡូវដៃគូណាខ្ញុំអត់ដឹងទេ។ ខ្ញុំមិននិយាយទេ។ បើវាចង់ទាស់ជាមួយនឹងកូនក្មេងឲ្យវាទាស់ទៅ។ មាននាយករដ្ឋមន្រ្តីថ្មី បើគេចង់ទាស់ជាមួយនឹងនាយករដ្ឋមន្រ្តីឲ្យគេទាស់ទៅ។ ខ្ញុំមិនចាំបាច់តមាត់ជាមួយនឹងមនុស្សចង្រៃហ្នឹងទេ។
ឥឡូវគេចង់ឲ្យខ្ញុំចូលនិវត្តន៍។ ខ្ញុំអត់ទាន់ចូលនិវត្តន៍ទេ។ ខ្ញុំបានប្រាប់ថា ខ្ញុំអត់ទាន់ចូលនិវត្តន៍ពីនយោបាយទេ។ ខ្ញុំនៅបន្តជាប្រធានគណបក្សកាន់អំណាច។ ដឹងហើយថាប្រព័ន្ធបោះឆ្នោតសមាមាត្រគឺគណបក្សនយោបាយមានអំណាច។ ប៉ុន្តែមិនមែនអំណាចនោះទៅចាប់បង្ខំឲ្យនាយករដ្ឋមន្រ្តីបញ្ជាចុះហត្ថលេខានេះ ឬបង្ខំឲ្យនីតិបញ្ញត្តិត្រូវធ្វើនេះឬធ្វើនោះទេ។ គេមានវិធីសាស្រ្តក្នុងការដឹកនាំរបស់គេ ដូចជាដាក់ជូនកម្មវិធីនយោបាយសំរាប់អ្នកបោះឆ្នោត ហើយកម្មវិធីនយោបាយនោះបានបង្ហាញចំពោះសភានៅថ្ងៃនេះ។ កម្មវិធីនយោបាយបក្សក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ អញ្ចឹងខ្ញុំក៏មិនទាន់ចូលនិវត្តន៍ខាងនយោបាយទេ គ្រាន់តែខ្ញុំមិនកាន់នីតិប្រតិបត្តិតែប៉ុណ្ណឹង។ ចង់អ្នកណាតឬមិនតជារឿងមួយរបស់គេ។
យើងមិនចាំបាច់និយាយនោះទេ តែខ្ញុំដឹងថាកូនរបស់គេបានទំនាក់ទំនង់មក ម៉ាណែត ដើម្បីអបអរសារទរ … ឪពុករបស់គេបានប្រមាថចំពោះប្អូនថ្លៃរបស់ខ្ញុំនៅពេលមរណៈភាព។ មនុស្សទាំងឡាយគួរតែត្រូវដឹងថា មនុស្សស្លាប់ហើយ(មិនគួរ)មកយកកម្មយកពារ។ ប៉ុន្តែ កូនអ្នកនេះ បានជូនសារមក ម៉ាណែត រំលែកទុក្ខទៅទៀត នៅពេលដែលឪពុកកំពុងតែរើសអើង ម៉ាណែត ឡើងកាន់តំណែង។ កូនរបស់គេបានធ្វើសារជូនមក ម៉ាណែត អបអរសាទរចំពោះ ម៉ាណែត ទៅវិញ។ ខ្ញុំមិននិយាយចំពោះឈ្មោះអ្នកនេះទេ។
ទាក់ទិនជាមួយនឹងរឿងការងារដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ ចង់អ្នកណាតឬមិនតអាហ្នឹងរឿងរបស់គេ។ កុំអង្វរ រុញឲ្យគេធ្វើទៅ ឲ្យគេទាស់ជាមួយកូនក្មេងហ្នឹងទៅ ឲ្យគេជេរជាមួយកូនក្មេងហ្នឹងទៅ ។ បើក្បាលកញ្ចាស់ហើយនៅខំមកទាស់ជាមួយកូនក្មេង អាហ្នឹងឲ្យទាស់ទៅ។ ភ្លើខ្លួនវាតើ។ សំដីរបស់ខ្ញុំមានតែប៉ុណ្ណឹង។ បើទោះបីខ្ញុំមិនធ្វើជានាយករដ្ឋមន្រ្តី សម្លេងខ្ញុំវាអញ្ចឹង។ ហ្នឹងវាកំពុងតែស្តាប់។ ក្រុមវាកំពុងតាម។ ឥឡូងហ្នឹងខ្ញុំឆ្លើយតែប៉ុណ្ណឹងទៅចុះ ខ្ញុំមិនចង់និយាយដល់ឈ្មោះអ្នកហ្នឹងទេ។
សំណួរ៖ សូមគោរពសម្តេចតេជោ ខ្ញុំបាទឈ្មោះ សិរីវឌ្ឍ ពីសារព័ត៌មាន EAC News។ ថ្ងៃនេះ គឺឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្រ្តីនិងបង្កើតគណៈរដ្ឋមន្រ្តី។ ដោយសារតែខ្ញុំសង្កេតឃើញថាក្នុងចំណោមកូនរបស់សម្តេចទាំងអស់សុទ្ធតែជាធនធានមនុស្សរបស់កម្ពុជាបានបញ្ចប់ការសិក្សាមានចំណេះដឹងជ្រៅជ្រះ មានចរិកជាថ្នាក់ដឹកនាំគ្រប់គ្នា តើមានកត្តាអ្វីខ្លះដែលសម្តេចជំរុញលើកទឹកចិត្តឲ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តការងារជានាយករដ្ឋមន្រ្តី។ អរគុណច្រើនសម្តេច។
ចំលើយ៖ អរគុណណាស់។ ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងមួយជីវិតរបស់ខ្ញុំ ហើយក្នុងក្រុមគ្រួសាររបស់ខ្ញុំ បើទោះបីជាយើងក្រ តែយើងបានប្រឹងប្រែងណាស់។ ខ្លួនខ្ញុំផ្ទាល់ ឆ្លងកាត់ពីក្មេងវត្តដោយសារខ្វះសាលារៀននៅជំនាន់នោះ បង្ខំចិត្តឱ្យខ្ញុំចាកចេញបែកចេញពីគ្រួសារតាំងពីអាយុ១៣ឆ្នាំ។ នៅពេលដែលខ្ញុំក្លាយទៅជាឪពុករបស់គេ មិនមានទ្រព្យសម្បិត្តសំខាន់សម្រាប់ចែកឱ្យកូនទេ។ អ្វីដែលសំខាន់របស់ខ្ញុំនោះ គឺការបណ្ដុះបណ្ដាលចំណេះវិជ្ជាឱ្យគេ។ ទ្រព្យសម្បិត្តអាចចាយអស់ ភ្លើងអាចឆេះឬក៏ត្រូវបាត់បង់ដោយប្រការណាមួយ ក៏ប៉ុន្តែបើយើងផ្ដល់វិជ្ជាឱ្យគេ គឺទោះបីស្ថានភាពបែបណា អគ្គិភ័យក៏មិនអាចទៅនឹងបំផ្លាញចោលបានដែរ។
ជាទូទៅកូនរបស់ខ្ញុំមានកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ លោកក៏បានលើកឡើងអម្បាញ់មិញថា ពួកគេមានចំណេះដឹងជ្រៅជ្រះមានចរិកជាថ្នាក់ដឹកនាំគ្រប់គ្នា។ ប៉ុន្តែហេតុអីបានតម្រង់ទិសទៅរក ម៉ាណែត? ម៉ាណែត ទទួលបាននូវចំណេះដឹងខ្ពស់ជាងគេក្នុងចំណោមកូនៗ ហើយទទួលបាននូវការស្រលាញ់ ការរាប់អានពីសំណាក់ប្រជាពលរដ្ឋក៏ច្រើនជាងគេ។ លទ្ធភាពរបស់គេមានខ្ពស់ជាង។ គេជាកូនច្បង។ ពិតហើយ យើងមិនគិតពីកូនច្បងឬមិនកូនច្បងទេ នៅក្នុងគ្រួសាររបស់ខ្ញុំ។ ខ្ញុំជាកូនទី៣ទេ … បងទី២ ជាអភិបាលខេត្ត។ បន្ទាប់ទៅធ្វើប្រធានគណៈកម្មការរបស់រដ្ឋសភា ហើយទទួលមរណភាពកាលពីឆ្នាំទៅ។ ឯបងទី១ លទ្ធភាពរបស់គាត់បានអស់ត្រឹមរដ្ឋលេខាធិការប៉ុណ្ណឹង។ ឯខ្ញុំជាកូនទី៣ គឺជានាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោកនេះទៅវិញ។
បានឃើញមនុស្សម្នាក់ធ្វើអត្ថាធិប្បាយថា មានការប្រជែងគ្នារវាងកូនខ្ញុំទាំង៣ ជាពិសេស ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី។ ខ្ញុំគិតថាប្រហែលជាគ្រួសាររបស់គេមានរបៀបប្រជែងគ្នាបែបនេះ ទើបគេគិតថាគ្រួសាររបស់ខ្ញុំដូចគ្រួសាររបស់គេដែរ។ តែអត់ទេ កូនប្រុសរបស់ខ្ញុំទាំង២ ម៉ានិត និងម៉ានី គេមិនព្រមទទួលយកតំណែងណាមួយទេ ប្រសិនបើតំណែងនោះជាតំណែងខ្ពស់ជាង ម៉ាណែត។
ឥឡូវ ម៉ាណែត ត្រូវបានទទួល(ស្គាល់)ទាំងក្នុងក្រុមគ្រួសារទាំងសង្គមជាតិទាំងមូល។ សន្លឹកឆ្នោតជាង៨២% បានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា គឺមានចំណែកសន្លឹកឆ្នោតរបស់ ម៉ាណែត ព្រោះនៅពេលដែលយើងឃោសនាបោះឆ្នោត គឺយើងបានដាក់បេក្ខភាព ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ គេបានដឹងច្បាស់ថា ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនទៅមុខហើយ។ វាច្បាស់ណាស់ថាបូកគួបផ្សំ ទី១ តួនាទីរបស់គណបក្សដែលមានសមាជិកជាង៦លាននាក់ មានមេដឹកនាំគ្រប់កម្រិតដែលជាស្នូលសំខាន់នៃការទាក់ទាញសន្លឹកឆ្នោត។ ទី២គឺខ្លួនខ្ញុំ។ ទី៣ គឺម៉ាណែត បូកបញ្ជូលគ្នាគណបក្សប្រជាជនទទួលសម្លេងឆ្នោតជាង៨២%។
បើនិយាយពីរបៀបនៅក្នុងគ្រួសារវិញបន្ទាប់ពីឪពុកយើងច្បាស់ជាប្រគល់ឱ្យកូនច្បងទទួលខុសត្រូវក្នុងគ្រួសារ។ វាពិតជាមានរឿងដូច្នេះហើយ។ លើកលែងតែកូនច្បងវាញៀនថ្នាំ ឬក៏ធ្វើអីមិនបាន បានគេប្រគល់ឱ្យកូនទី២ កូនទី៣។ យើងខ្ញុំមិនបានស្រលាញ់កូននេះខ្ពស់ជាងកូននោះទេ គឺស្រលាញ់កូនស្មើគ្នា។ ក៏ប៉ុន្តែយើងក៏ត្រូវតែដឹងថា នេះមិនមែនជាបញ្ហាគ្រួសារទេ តែជាបញ្ហាជាតិ។ យើងត្រូវរកអ្នកណាដែលប្រជាជនទទួលយកបាន។ ត្រូវបញ្ជាលើទ័ព បញ្ជាលើកម្លាំងប្រដាប់អាវុធ បញ្ជាលើរដ្ឋបាលទូទៅ ជាមួយនឹងការទទួលខុសត្រូវធំណាស់សម្រាប់ជាតិ។ នេះជាចម្លើយរបស់ខ្ញុំយ៉ាងដូច្នេះ។
PNN៖ … មកទល់ពេលនេះ រាជរដ្ឋាភិបាលថ្មីបានចាប់ផ្ដើមអាចចេញដំណើរជាផ្លូវការ (តាម)ដែលសម្ដេច(បាន)គ្រោងទុក។ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនចង់ដឹងថា សម្ដេចជាថ្នាក់ដឹកនាំចាស់វស្សា ជ្រៅជ្រះ សម្ដេចមានជំនឿទុកចិត្តកម្រិតណាសម្រាប់យុវជនដឹកនាំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត?
… មានការផ្សាយនៅលើបណ្ដាញសង្គមជាច្រើនពីសមាសពីគណៈរដ្ឋមន្ត្រីថ្មី។ តើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីពិតដូចការផ្សព្វផ្សាយនោះដែរឬទេ? បើមែននោះ ហេតុអ្វីបានរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវបង្កើតរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការងារព្រំដែន? សូមគោរពអរគុណ។
ចំលើយ៖ បើសិនជាយើងមិនទុកចិត្តទេ សូមកុំប្រគល់ការងារឱ្យគេ។ និយាយខ្លីបែបនេះឆាប់ចប់។ សួរថាតើយើងទុកចិត្តបែបណា? ខ្ញុំឆ្លើយខ្លី បើមិនទុកចិត្តទុកទេគឺមិនឱ្យទេ។ នេះមិនមែនបញ្ហាតូចតាចទេ។ បញ្ហាជាតិទាំងមូល។ បើយើងមិនទុកចិត្ត យើងកុំឱ្យគេធ្វើ។ ជាបញ្ហាមួយដែលទាក់ទងជាមួយរឿងទុកចិត្តឬមិនទុកចិត្ត។ ឥឡូវលោកគិតមើល បើសិនជាយើងអត់ទុកចិត្ត ប្រគល់ឱ្យធ្វើអី? ខ្ញុំនៅមានកម្លាំងអាចធ្វើបាន៥ឆ្នាំ ទៅ១០ឆ្នាំទៀត។ សម្លេងរបស់ខ្ញុំនៅខ្លាំង។ សម្លេង ម៉ាណែត មិនលឺខ្លាំងដូចខ្ញុំទេ។ គេតែងនិយាយថា “សម្រែករាជសីហ៍ សំដីសារិកា” និយាយធ្វើឱ្យមនុស្សយំបាន។ ខ្ញុំអាចស្រែកឱ្យមនុស្សទាំងឡាយភ្ញាក់ ហើយរត់ព្រាតក៏មានដែរ។ ម៉ាណែត មិនអាចមានសម្លេងបែបហ្នឹងទេ។ គេហ្វឹកហាត់រៀនដែរ។ នៅសាលា west point ខ្ញុំបានទៅហើយ ដឹងរបៀប(ហ្វឹកហាត់របស់សាលា)។ ឆ្នាំទី១ ត្រូវដើរឲ្យលឿន ឆ្នាំទី២ ត្រូវនិយាយឲ្យលឺ។ ហ្នឹងបើនិយាយពីសាលា west point សាលាកងទ័ពអាមេរិកនោះ។ (ការ)បញ្ជាទ័ពមិនអាចថា សម្រាកប្រុង (បែបសម្លេងថ្នមទេ) … ដល់តែស្រែកទើបបាន។ ហ្នឹងនិយាយស្រែកតាមទាហាន។ និយាយតាមមួយបែប ខ្ញុំនៅតែបញ្ជាក់ថា បើមិនទុកចិត្ត មិនបាច់ប្រគល់ឲ្យគេ ដោយសារតែយើងទុកចិត្តហើយបានប្រគល់។
ប៉ុន្តែមានចំណែកមួយដែលខ្ញុំគិតថា យោងទៅលើសមាសភាពថ្មីនេះ ដែលមានវ័យក្មេង ភាពលឿន ល្បឿនរបស់គេនឹងអាចលឿនជាងអាណត្តិចាស់។ ខ្ញុំបាននិយាយហើយ កាលពីថ្ងៃទី ០៣ ខែសីហា មានរដ្ឋមន្ត្រីតែ ៣ ឬ ៤ នាក់ប៉ុណ្ណឹង ដែលអាចធ្វើការជាមួយខ្ញុំតាមអនឡាញក្រោយម៉ោង ១០ យប់ ឬ ក្រោយ ១១ យប់។ ឥឡូវនេះ ខ្ញុំគិតថា ទូទាំងគណៈរដ្ឋមន្ត្រីនឹងធ្វើការជាមួយគ្នាបានល្អជាង។ ដោយសារអ្វី? វ័យរបស់ពួកខ្ញុំដែលត្រូវចាកចេញនេះ សុទ្ធតែជាង ៧០។ ដូច្នេះធម្មតាត្រូវការសម្រាក។ ឯចំពោះវ័យនេះ គឺជាវ័យដែលពួកគេអាចនឹងមានល្បឿនលឿនជាងយើង។ ហ្នឹងម្ខាង។ ឯម្ខាងទៀត ល្បឿនលឿនជាងយើងក្នុងដំណាក់កាលសេដ្ឋកិច្ចឌីជីថល។ ឥឡូវនេះ យើងចូលដល់ដំណាក់កាលសេដ្ឋកិច្ចឌីជីថលហើយ ដូច្នេះខ្ញុំមានការរំពឹងទុកយ៉ាងខ្ពស់ថា ជាមួយម្ខាងគឺជំនឿទុកចិត្តអំពីលទ្ធភាពកម្លាំងពលំរបស់គេ និងម្ខាងគឺសមត្ថភាពបច្ចេកវិទ្យា ដែលនឹងជំរុញល្បឿននៃការអនុវត្តបានខ្ពស់។
និយាយយ៉ាងដូច្នេះ ខ្ញុំមិនបណ្តុះបង្អាប់នៃរដ្ឋាភិបាលអាណត្តិចាស់ទេ។ ពេលនោះយើងមានតម្រូវការយ៉ាងដូច្នេះ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ និយាយដដែលៗ តើមានមន្ត្រីប៉ុន្មាននាក់? ជាទម្លាប់ ខ្ញុំមិនដែលដេកមុនម៉ោង ១២ យប់ទេ។ ដេកក្រោយម៉ោង ១២ យប់ ក្នុងចន្លោះម៉ោង ១២ ទៅដល់ម៉ោង ២ ហ្នឹងបានខ្ញុំដេក។ ពីមុនខ្ញុំមានមន្ត្រីច្រើនធ្វើការជាមួយខ្ញុំ។ ទាក់ទងគ្នាបាន។ ឥឡូវនេះ បញ្ចូលសារសម្លេងក៏ដោយ ហៅទូរស័ព្ទក៏ដោយ ក៏ហៅមិនលឺ ដោយសារតែគាត់ត្រូវការសម្រាក។ អញ្ចឹងយើងក៏ត្រូវគោរពពួកគាត់ផងដែរ។ ឥឡូវនេះ កម្លាំងពលំនៃមន្ត្រីវ័យក្មេងនេះនៅមានកម្លាំងជាងយើង។ ម្សិលមិញចូលស្បថនៅក្នុងព្រះបរមរាជវាំង ខ្ញុំបានឃើញជាងពាក់កណ្តាល ល្វែងក្រោមទន់អស់ហើយ។ បានសេចក្តីថា ពេលដែលធ្វើដំណើរទៅនោះ ផ្នែកខាងក្រោមគឺទន់។ មានន័យថាកម្លាំងពលំផ្នែកទ្រទ្រង់(លែងរឹងមាំ)។
បន្តិចទៀត ព្រឹទ្ធសភាត្រូវតែធ្វើជណ្តើរយន្តហើយ ព្រោះមិនអាចដើរឡើងរួចទេ។ ឡើងចុះមិនមែនជាការងាយស្រួលទេ សម្រាប់មនុស្សដែលមានវ័យចំណាស់នេះ។ ចូលស្បថពីម្សិល ឃើញអ្នកក្មេងៗ គេដើរជើងរឹងរបស់គេ។ ឯចាស់ៗដើរទៅ លំនឹងខ្លួនអត់នឹង។ បង្ហាញអំពីភាពជរា។ ដល់ដំណាក់កាលជរា។ មានអ្នកខ្លះគេទៅលោតហក់អីដើម្បីបង្ហាញកម្លាំងថាគេនៅអាចលោតបានអីបាន លោតថតលេង បង្ហោះហ្វេសប៊ុកអីអញ្ចឹងទៅ ដើម្បីបង្ហាញថាអញនៅក្មេងទេ មិនទាន់ចាស់ …។
សម័យសេដ្ឋកិច្ចឌីជីថល យើងពិនិត្យមើលអំពីកម្រិតរបស់គេ(សមាជិករាជរដ្ឋាភិបាលថ្មី) ដែលធ្វើឲ្យល្បឿននៃចលនាសេដ្ឋកិច្ចឌីជីថលរបស់យើងនឹងឈានទៅមុខ។ ទាក់ទងទៅនឹងសំណួរទី ២ រឿងសមាសភាពដែលបញ្ចេញទៅនោះ ខ្ញុំឃើញថាជាសមាសភាព(ដែលបានរៀបចំ)នៅក្នុងរង្វង់ខែកុម្ភៈ ឆ្នាំ ២០២៣ មិនមែនជាសមាសភាពចុងក្រោយនោះទេ។ អស់លោកអាចប្រើពេលបន្តិចសិក្សាអំពីសមាសភាពនោះទៅ។
… អំពីការបង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន។ រឿងនេះ កាលពីមុន យើងមានគណៈកម្មាធិការព្រំដែន។ អញ្ចឹងទេ ការពិគ្រោះ ការពិនិត្យ ទាមទារឲ្យមានស្ថាប័នចំណុះរាជរដ្ឋាភិបាល។ ពីមុនក៏ចំណុះរដ្ឋាភិបាលដែរ នាយករដ្ឋមន្ត្រីគឺជាប្រធានគណៈកម្មាធិការព្រំដែនតែម្តង … ពីមុនបង្កើតដោយព្រះរាជក្រឹត្យ។ ឥឡូវនេះ យើងចង់ឲ្យស្ថាប័ននេះគឺជាស្ថាប័នរយៈពេលវែង ដោយមិនមែនជាគណៈកម្មាធិការទៀតទេ។ ពិតមែនតែនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំកំពូលៗ ត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ ក៏ប៉ុន្តែបណ្តាឯកសារ ឬសំណុំឯកសារពាក់ព័ន្ធការចរចា ការបោះបង្គោលស្អីៗ ចាំបាច់ត្រូវតែមានការរៀបចំ។ អញ្ចឹងរាជរដ្ឋាភិបាលមាន ២៨ ក្រសួង និងមាន ២ រដ្ឋលេខាធិការដ្ឋាន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ពីមុនយើងមានគណៈកម្មាធិការ ឥឡូវយើងយកធនធានមនុស្ស និងឯកសារទាំងឡាយ នៅក្នុងគណៈកម្មាធិការ បញ្ចូលមកក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែននេះតែម្តង។ ខ្ញុំពន្យល់ត្រឹមប៉ុណ្ណឹង។ តើមានសំណួរអ្វីទៀតទេ?
សំណួរ៖ សូមអនុញ្ញាតគោរពជម្រាបសួរសម្តេច ខ្ញុំបាទ លាង ឌឺលុច មកពីសារព័ត៌មានថ្មីៗ។ ក្នុងអាណត្តិទី ៥និងទី៦ ក្នុងនាមជាប្រធានរាជរដ្ឋាភិបាល សម្តេចបានដាក់ចេញនូវអភិក្រមចំនួន ៥ «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។ នៅក្នុងនីតិកាលទី ៧ នេះ លែងជាអ្នកដឹកនាំក្នុងរាជរដ្ឋាភិបាលទៀតហើយ ប៉ុន្តែសម្តេចនៅតែជាប្រធានគណបក្សកាន់អំណាច។ តើពីវេទិកានេះ សម្តេចអាចអំពាវនាវឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលនឹងកាន់ការនៅក្នុងអង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិ អនុវត្តអភិក្រមទាំង ៥ ឬក៏សម្តេចមានការណែនាំថ្មីលើសពីនេះទៅពួកគេ។
ចំលើយ៖ អរគុណលោក ឌឺលុច ដែលបានសួរសំណួរនេះ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលថ្មី ពួកគេនឹងបន្តអភិក្រមនេះ បើតាមការយល់ដឹងរបស់ខ្ញុំ ព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ចនិងការអភិវឌ្ឍរបស់យើង។ ផ្ទៃក្នុងរបស់គណបក្សប្រជាជនក៏មានការស្រុះស្រួលអំពីការងារនេះ … សូម្បីតែលើការជាក់ស្ដែង យើងបានពិនិត្យ យើងបានធ្វើ គ្រាន់តែយើងមិនបានសរសេរចេញជាទ្រឹស្ដីតែប៉ុណ្ណោះ។ អញ្ចឹង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាអភិក្រមដែលចាំបាច់ត្រូវតែធ្វើ ទោះបីមិនដាក់ជាទ្រឹស្ដី ក៏ត្រូវតែធ្វើដែរ។ ឧទាហរណ៍ មន្រ្តីកែមិនឡើង វាត្រូវតែវះកាត់ចេញ។ បើមិនអញ្ចឹង វា cancer អស់មនុស្ស វាខូចស្ថាប័ន វាត្រូវតែដកចេញ។ ខ្ញុំជឿថា មន្រ្តីរបស់យើងមិនឈរនៅមួយកន្លែងទេ។ គេអាចរកឃើញនូវរបៀបដោះស្រាយបញ្ហាបន្ថែមទៀត តាមរយៈការជំរុញអនុវត្តនូវអភិក្រមទាំង៥នេះរបៀបម៉េច ដើម្បីឲ្យវាកាន់តែមានប្រសិទ្ធភាព។ ខ្ញុំជឿយ៉ាងដូច្នេះ។
ខ្ញុំនៅតែបន្តក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ឲ្យគ្រប់ផ្នែកទាំងអស់ដែលជាមន្រ្តីគណបក្សប្រជាជនបន្តអនុវត្តអភិក្រមទាំង៥ ព្រោះបើបោះចោលអភិក្រមទាំង៥នេះ គឺបានសេចក្ដីថា យើងអត់បានដឹងអំពីចំណុចខ្សោយរបស់យើងនៅកន្លែងណា? បើយើងមិនទៅឆ្លុះកញ្ចក់ តើយើងដឹងថាខ្លួនយើងហ្នឹងមុខប្រឡាក់កន្លែងណា? បើយើងមានប្រឡាក់ប្រឡូស យើងត្រូវងូតទឹក ហើយយើងដុសក្អែលវាទៅ។ បើសិនមានជំងឺយើងព្យាបាលវាទៅ។ ប៉ុន្តែ បើសិនជាព្យាបាលវាមិនកើតទេ អាហ្នឹងត្រូវតែវះកាត់ហើយ។ អភិក្រមហ្នឹងចោលមិនបានទេ។ ការចោលអភិក្រមនេះស្មើនឹងបរាជ័យ ស្មើនឹងធ្វើឲ្យបក្សនយោបាយមួយរលំរលាយទៅបាន។ ដែលថារាជរដ្ឋាភិបាលយកឬមិនយក គឺរឿងមួយ ប៉ុន្តែខ្ញុំអំពាវនាវឲ្យសមាជិកគណបក្សទាំងអស់គឺប្រើប្រាស់អភិក្រមនេះដោយចៀសមិនបាន។ ខ្ញុំមិនបង្ខំឲ្យរាជរដ្ឋាភិបាលទទួលយកទេ តែបង្ខំឲ្យមន្រ្តីគណបក្សត្រូវធ្វើរឿងហ្នឹងគ្រប់គ្នា ធ្វើផ្ទាល់ខ្លួនផង ធ្វើជាស្ថាប័នផង។
ខ្ញុំបានដឹង ព្រោះនេះជាការរៀបចំ។ មិនមែនបានសេចក្ដីថា អ្វីៗអ្នកចាស់មិនចូលរួមរៀបចំនោះទេ។ ដោយសារតែមុននេះមានសេណារីយោ២។ សេណារីយោមួយគឺអ្នកចាស់បន្តសិនទើបបានប្រគល់ឲ្យក្មេង។ សេណារីយោមួយទៀតគឺឲ្យក្មេងបន្ត។ ដូច្នេះ ខ្ញុំក៏មានចំណែកក្នុងការរៀបចំយុទ្ធសាស្រ្តបញ្ចកោណនេះ រាប់ទាំងបានសំរេចកិច្ចការមួយចំនួនមុនពេលអាណត្តិថ្មីចូលមកដល់។ ឧទាហរណ៍ កម្រិតនៃការដំឡើងបៀវត្សរ៍ក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ តើត្រូវដំឡើងប៉ុន្មាន? ខាងផ្នែករៀបចំគោលនយោបាយ បានដាក់ចេញនូវជម្រើស៣។ ខ្ញុំសូមជម្រាប ឯកសារមួយក្បាលនេះ ប្រធានបទមួយនេះ ខ្ញុំត្រូវការពេលមួយម៉ោងកន្លះដើម្បីជ្រើសរើសជម្រើសមួយណាដែលល្អជាងគេ។ ខ្ញុំហត់ណាស់មុនពេលដែលខ្ញុំទម្លាក់អម្រែកមួយនេះ។ ស្ថាប័នទទួលបន្ទុកត្រូវការអនុវត្តភ្លាម។ ដូច្នេះយើងក៏ត្រូវតែសម្រេចចិត្តក្នុងនាមនាយករដ្ឋមន្រ្តីចាស់ ជ្រើសរើសរូបមន្តណាដែលល្អ ដែលអាចរែកពន់បាន។
បើយើងគិតតែដំឡើងបៀវត្សរ៍ តើយើងបានប្រាក់ឯណាកសាងផ្លូវ ជួសជុលផ្លូវ កសាងមន្ទីរពេទ្យ កសាងសាលារៀន? បើយើងមិនដំឡើងបៀវត្សរ៍ ក៏មន្រ្តីរាជការរបស់យើងកែប្រែជីវភាពយ៉ាងណាទៅ? អញ្ចឹងដាក់ចេញជាជម្រើសមកសម្រាប់ឲ្យយើងធ្វើការជ្រើសរើស។ ខ្ញុំត្រូវប្រើពេលមួយម៉ោងកន្លះដើម្បីធ្វើការសម្រេចចិត្តមួយ ព្រោះជាការសម្រេចចិត្តដែលមានចរិតយុទ្ធសាស្រ្តក្នុងរយៈពេល៥ឆ្នាំ ដែលពាក់ព័ន្ធជាមួយនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ តើត្រូវដំឡើងបៀវត្សរ៍កម្រិតណា ហើយថវិកាសម្រាប់អភិវឌ្ឍ វិនិយោគប៉ុណ្ណា? ដំឡើងខ្ពស់ពេក អស់ប្រាក់សម្រាប់(អភិវឌ្ឍ និងវិនិយោគ)។ បានសេចក្ដីថា កិច្ចដំណើរការសេដ្ឋកិច្ចយកមកត្រឹមចិញ្ចឹមបៀវត្សរ៍តែប៉ុណ្ណោះ។ បើកបៀវត្សរ៍ អត់បានធ្វើផ្លូវ ធ្វើសាលារៀន ឬមន្ទីរពេទ្យ។ អត់ដំឡើងសោះ ឬដំឡើងតិចពេក មន្រ្តីរាជការរបស់យើងជួបការលំបាក។
អញ្ចឹងត្រូវមានការថ្លឹងថ្លែង។ គេថាមើលព្រៃទាំងមូលគួបផ្សំនឹងការមើលឈើមួយដើមៗ។ អនុក្រឹត្យមួយចំនួនបានចុះហត្ថលេខាឲ្យប្រើប្រាស់។ ព្រោះអី? រាជរដ្ឋាភិបាលថ្មីត្រូវអនុវត្តបន្ទាន់នូវកិច្ចការដូចជា ការគាំពារសង្គមជាដើម មួយចំនួនរៀបចំឲ្យហើយ។ ទុកឲ្យសម្រេចដោយគណៈរដ្ឋមន្រ្តីថ្មី តែយើងទទួលខុសត្រូវ។ ខ្ញុំទើបនឹងដាក់អម្រែកចុះមុនហ្នឹងប៉ុន្មានម៉ោងនេះ។ យើងគិតថា ៣ម៉ោងទៅចុះ។ ទើបផុតអម្រែក។
ខ្ញុំមើលក្នុងទូរស័ព្ទខ្ញុំបន្តិច … កិច្ចការរបស់ខ្ញុំថ្ងៃនេះ ទី១ គឺតាមដានធ្វើកិច្ចការផ្ទាល់ខ្លួននៅទីនេះផងដែរ។ ទីពីរ តាមដានមិត្តភក្ដិរបស់ខ្លូន ដែលពេលនេះបានចូលទៅដល់ទីក្រុងបាងកកហើយ គឺឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យើងបានតាមដានកិច្ចការនេះតាំងពីសិង្ហបុរី ឥឡូវដល់បាងកកដោយសុវត្ថិភាពហើយ។ នៅក្នុងរូបភាពនេះគឺមានអាវក្រហមចេញទទួល។ ក្រែងលោមានឯកសារស្អីទៀតដែលគេផ្ញើមក។ ខ្ញុំមិនបានបើកមើល WhatsApp ផង Telegram ផង … ឆ្លើយអស់ហើយ តើមាននរណាចូលមកទៀត?
សំណួរ៖ … ខ្ញុំបាទ រាជ រតនៈ អ្នករាយការណ៍ព័ត៌មាននៃសារព័ត៌មានត្រយ៉ង។ ក្នុងនាមជាកូននៃឪពុកដែលធ្វើជាមេឃុំនៅល្វាឯម ឃុំថ្មគរ គាត់បានជូនពាក្យមួយម៉ាត់មកខ្ញុំឱ្យមានឱកាសបានសួរសម្ដេច «គាត់ថាសម្ដេចចាកចេញពីគណៈរដ្ឋមន្រ្តី តែស្មារតីដឹកនាំរបស់សម្ដេចនៅពេញភូមិ ពេញឃុំ ពេញស្រុក» និងមួយទៀត ជាងមួយម៉ោងពីរម៉ោងនេះ សម្ដេចបានមានប្រសាសន៍ច្រើនអំពីកិច្ចការប្រទេសជាតិ ដូចជាមិនបានមានប្រសាសន៍អំពីកិច្ចការផ្ទាល់ខ្លួន តើបន្ទាប់ពីកិច្ចការងារស្នូលជាសមាជិកសភា ជាប្រធានបក្ស និងឆ្នាំក្រោយជាប្រធានព្រឹទ្ធសភា តើសម្ដេចនឹងចំណាយពេលវេលាដើម្បីធ្វើកិច្ចការផ្សេងៗបែបមជ្ឈឹមវ័យ ឧទាហរណ៍ សរសេរសៀវភៅ រៀនកូតទ្រឡើងវិញ ឬចង់អញ្ជើញសម្ដេចកិត្តិ និងចៅៗទៅលេងផ្សារ ឬទៅលេងភូមិកំណើត។ ក្នុងនាមប្រជាជន មានខ្ញុំម្នាក់ដែរ ឃើញសម្ដេចហត់ច្រើនណាស់។ គួរតែមានពេលសប្បាយតាមភូមិស្រុក ហើយតែងតែមានប្រជាពលរដ្ឋមើលច្រើនណាស់ពេលដែលសម្ដេចកិត្តិទៅចម្ការឪឡឹក ឬចម្ការពោត ព្រោះគាត់គិតថាឥស្សរិយជនចាស់ៗហត់ច្រើន គួរតែសប្បាយបែបមជ្ឈឹមវ័យ …។
ចំលើយ៖ អរគុណណាស់។ គិតថាមិនចង់ឆ្លើយទេ ទុកឲ្យឆ្ងល់ទៀតទៅ។ សូមផ្ដាំទៅឪពុករបស់ក្មួយផង។ អរគុណចំពោះគាត់។ ពិតហើយ ទោះបីថាខ្ញុំចាកចេញពីនីតិប្រតិបត្តិ ប៉ុន្តែស្មារតីរបស់ខ្ញុំកំពុងស្ថិតនៅជាមួយប្រជាជននៅឡើយទេ។ ខ្ញុំជឿថា ប្រជាជននឹងមិនស្អប់ខ្ពើមខ្ញុំទេ ហើយបើសិនជាខ្ញុំទៅតាមភូមិឃុំ ពួកគាត់ហៅទទួលទានពោតស្ងោរ ឬពោតដុត ខ្ញុំនឹងសប្បាយរីករាយជាមួយជីវភាពបែបនេះ។ វាធ្លាប់ជាជីវភាពដែលខ្ញុំធ្លាប់នៅជាយុវជននិងនៅពេលខ្ញុំធ្វើជាកងទ័ព។ អំពីបញ្ហាការងារ ពិតមែនតែខ្ញុំបានចាកចេញពីនីតិប្រតិបត្តិ តែខ្ញុំមិនទាន់ចូលនិវត្តន៍ខាងនយោបាយនៅឡើយទេ។ ដូចដែលខ្ញុំបានបញ្ជាក់ ខ្ញុំនៅបន្តក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។
ឥឡូវជាសមាជិកសភា ខ្ញុំត្រូវមកប្រជុំសភា។ យូរៗអាចសុំច្បាប់ម្ដងអីទៅ។ តែភាគច្រើនគឺមកដើម្បីចូលរួមបោះឆ្នោត ឬផ្ដល់ការគាំទ្រ។ តែខ្ញុំច្បាស់ជាមិនទិតៀនរដ្ឋាភិបាលទេ ព្រោះខ្ញុំធ្លាប់ធ្វើរដ្ឋាភិបាល… តែខ្ញុំក៏មិនសរសើរទាំងខុសដែរ។ ពិតហើយ ការងារនៅនីតិបញ្ញត្តិក្ដី ឬការងារគណបក្សក្ដី មិនរវល់ដូចការងារដែលខ្ញុំធ្វើក្នុងរយៈពេលកន្លងទៅដែលខ្ញុំនិយាយអម្បាញ់មិញថាខ្ញុំ មិនបានដេកមុនម៉ោង ១២។ តែពីពេលនេះខ្ញុំអាចដេកមុនម៉ោង ១២។ ច្បាស់ណាស់ ចាប់ពីយប់នេះទៅ ខ្ញុំអាចដេកបានមុនម៉ោង ១២ ហើយ ព្រោះមាននាយករដ្ឋមន្រ្តីដែលគេតាមដានកិច្ចការងារទាំងឡាយ យ៉ាងហោចណាស់មានរឿងមួយគឺរឿងដេកមុនម៉ោង ១២។
សួរថាតើខ្ញុំធ្វើអ្វីតទៅទៀត។ កិច្ចការរបស់ខ្ញុំធំគឺការសរសេរនូវរឿងបានកើតឡើងដែលយើងបានដឹង។ ខ្ញុំមិនចង់ស្លាប់ហើយ យកទៅជាមួយនូវអាថ៌កំបាំងទេ។ ខ្ញុំមានរួចស្រេចទៅហើយការដែលខ្ញុំបាននិយាយក្នុងវីដេអូឃ្លីបចំនួនជាង ៤០ ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ។ ប៉ុន្តែមានផ្នែកដែលខ្ញុំត្រូវយកវាមកលំអិត។ ដូច្នេះ ខ្ញុំត្រូវធ្វើកិច្ចការទាក់ទងនឹងការចងក្រងឯកសារ ទាក់ទងនឹងរឿងរ៉ាវវិវឌ្ឍចាប់តាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ រហូតមកដល់ពេលនេះ និងរហូតបន្តទៅទៀតដែលខ្ញុំត្រូវធ្វើ។ គ្មានអ្នកណាស្គាល់ខ្ញុំនិងស្គាល់ការងារខ្ញុំជាងខ្ញុំទេ។ ដូច្នេះ ខ្ញុំមានភារកិច្ចនឹងធ្វើកិច្ចការងារនោះដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ គេអាចដឹងបានអំពីវិធីសាស្រ្តដឹកនាំ និងធ្វើការងារ។ នេះជាកិច្ចការអាទិភាពរបស់ខ្ញុំ។
កិច្ចការទី២ ខ្ញុំគិតថា មន្រ្តីគណបក្សប្រជាជនត្រូវតែបានលើកកម្ពស់ការចេះដឹងតាមរយៈនៃការបើកវគ្គសិក្សា។ កន្លងទៅមានការបើកវគ្គសិក្សាជាបន្តបន្ទាប់នៃមន្រ្តីគណបក្សប្រជាជន ក៏ប៉ុន្តែវគ្គសិក្សានោះ ខ្ញុំមិនបានចូលឧទ្ទេសនាមទេ។ ខ្ញុំគិតថាខ្ញុំនឹងចូលឧទ្ទេសនាមនៅវគ្គខាងមុខនេះដោយមានមុខវិជ្ជា ៣ សម្រាប់ផ្តល់នូវការត្រិះរិះពិចារណារបស់ពួកគេ។ ទី១ សម្ភារៈនិយមវិចារវិជ្ជា ឬសម្ភារៈនិយមបដិច្ចសមុប្បាទ ដែលជាចំណុចពិសេសខ្លាំងណាស់ទៅលើការត្រិះរិះពិចារណា។ ទី២ សម្ភារៈនិយមប្រវត្តិសាស្រ្ត។ មនុស្សដែលគ្មានការចេះដឹង ឬតភ្ជាប់ប្រវត្តិសាស្រ្តគឺតែងតែជាការគិតខុស។ ខ្ញុំនឹងផ្តល់នូវបទពិសោធន៍ និងចំណេះដឹងទាំងឡាយដែលខ្ញុំមាន ចែករំលែកឲ្យពួកគេជាទ្រឹស្តី។ ឯទី៣ វិធីសាស្រ្តដឹកនាំនិងធ្វើការងារ។ ខ្ញុំមានគម្រោងរៀបចំការបណ្តុះបណ្តាលមន្រ្តីគណបក្ស វគ្គខ្លីៗឲ្យពួកគេ ដោយក្នុងហ្នឹង ក្នុងរយៈពេលកន្លងទៅ ពីមុនខ្ញុំធ្លាប់ឧទ្ទេសនាម ប៉ុន្តែ ចាប់តាំងពីពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី ពិសេសដំណាក់កាលក្រោយនេះ ខ្ញុំមិនបានចូលឧទ្ទេសនាមទេ។ ឥឡូវខ្ញុំនឹងចូលឧទ្ទេសនាមក្នុងឋានៈជាគ្រូនៃមន្រ្តីជាន់ខ្ពស់ ឬមន្រ្តីមធ្យមរបស់យើង។
ឯកិច្ចការបន្តទៀតនោះគឺកិច្ចការសង្គម ខ្ញុំអត់ចោលវាទេ។ កន្លែងកុមារកំព្រាដែលខ្ញុំធ្លាប់ជួយឧបត្ថម្ភទាំងប៉ុន្មាន ខ្ញុំនៅបន្ត សាកលវិទ្យាល័យនានាដែលទទួលការឧបត្ថម្ភប្រចាំខែរបស់ខ្ញុំក៏ខ្ញុំនៅបន្ត ជាមួយនឹងអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំនៅបន្ត។ កិច្ចការងារនេះខ្ញុំអត់ចោលទេ។ ភរិយាខ្ញុំក៏នៅបន្តជាប្រធានកាកបាទក្រហមព្រោះគាត់នៅមានលទ្ធភាពដើម្បីនឹងធ្វើកិច្ចការងារនេះ។
យើងចូលរួមនៅក្នុងកិច្ចដំណើរការនេះ។ សម្រាប់ការនាំចៅដើរលេងវាហួសពេលហើយ។ ខ្ញុំនេះជាមនុស្សដែលខុសគេទៅទៀត។ បើមានពេលខ្ញុំមើលសៀវភៅ។ បើមានពេលខ្ញុំមើលព័ត៌មាន។ អាចខ្ញុំទៅហែលទឹកសមុទ្រ ប៉ុន្តែតើអ្នកណាអាចហែលទឹកសមុទ្រអស់ ២៤ ម៉ោងឬទេ? ត្រឹមតែមួយម៉ោងវាលើសផង។ ភាគច្រើនខ្ញុំទៅអង្គុយមាត់សមុទ្រហ្នឹង ខ្ញុំមើលសៀវភៅទេ ព្រោះសៀវភៅឥឡូវហ្នឹង ខ្ញុំប្រើ ipad ច្រើនណាស់។ តូចក៏មានធំក៏មាន។ គ្រាន់តែក្នុង E-book របស់ខ្ញុំនេះមួយ គឺមានសៀវភៅដ៏ច្រើននៅក្នុងនេះ។ ដូច្នេះ ខ្ញុំមិនចាំបាច់មាននាំសៀវភៅទៅជាមួយច្រើនទេ។ សៀវភៅនៅក្នុងនេះមានមិនតិចជាង ៥០ សៀវភៅទេ។ ខ្ញុំប្រើ E-book។ ខ្ញុំទៅត្រង់ណាខ្ញុំមានកាន់អាហ្នឹងទៅជាមួយ។ ពេលមកអញ្ចឹងដើម្បីស្រួលដាក់ខ្ញុំប្រើអាតូច។ នៅផ្ទះខ្ញុំប្រើអាធំ។ នៅមានអាសម្រាប់អានសុន្ទរកថាទៀត។ សម័យនេះហើយ។
ក្រែងលោក្មួយៗមិនទាន់ចេះប្រើតាមបែបមនុស្សចាស់ តែយើងក៏មិនអាចមើលស្រាលក្មេងៗដែរ។ តើក្មួយចេះប្រើហើយឬនៅអានេះ? ជាមួយនឹងប៉ិច digital តើក្មួយចេះប្រើហើយឬនៅ? បើមិនទាន់ចេះប្រើទេ គួរតែរៀនប្រើទៅ។ សៀវភៅខ្ញុំមានយកទៅដាក់នៅផ្ទះនៅបណ្ណាល័យ ក៏ប៉ុន្តែសម្រាប់សៀវភៅខ្ញុំអាន ខ្ញុំរៀបចំជា PDF បញ្ចូលក្នុង E-book ។
ខ្ញុំនឹងបន្តរៀបចំពង្រឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្ញុំដើម្បីការពារក្តីជូនអ្នកក្រីក្រតទៅទៀត។ ឥឡូវឯកឧត្តម គី តិច ដែលជាមេធាវីរបស់ខ្ញុំ និងជាប្រធានក្រុមមេធាវីរបស់ខ្ញុំ មិនបំពេញភារកិច្ចជាមេធាវីទេ ព្រោះមានវិសមិតភាព ក៏ប៉ុន្តែគាត់នៅតែបន្តដឹកនាំក្រុមមេធាវីរបស់ខ្ញុំ តទៅទៀត។ នេះជាកិច្ចការដែលធ្វើបន្ត។ និយាយរួមមក គ្រាន់តែខ្ញុំមិនធ្វើកិច្ចការនីតិប្រតិបត្តិ បញ្ជាលើកម្លាំងប្រដាប់អាវុធ បញ្ជាលើរដ្ឋបាលស៊ីវិលតែប៉ុណ្ណោះ ក៏ប៉ុន្តែ ការងារក្រៅពីនោះ គឺខ្ញុំរក្សាទុកទាំងអស់។
ចៅរបស់ខ្ញុំ គេធំៗអស់ហើយ នៅសល់ចៅមួយជាតួឯក TikTok។ ឥឡូវមានមនុស្សដូចជា ៧លាននាក់ ចូលមើលចៅស្រី មួយឃ្លីប ដែលប្រើជីតា ទៅយកទឹកកក ផ្ទុះក្នុង TikTok។ TikTok ហ្នឹង ខ្ញុំនៅតែលេងហ្នឹង។ ជាង ៧លាននាក់ នៃ TikTok ដែលចៅរបស់ខ្ញុំ(ប្រើខ្ញុំ)។ ខ្ញុំនៅតែបន្តលេង (បង្ហោះ)ព័ត៌មានទាក់ទងជាមួយនឹងអ្វីៗដែលធ្លាប់ធ្វើពីមុនមក។
ខ្ញុំក៏សូមយកឱកាសនេះ ខ្ញុំបញ្ជាក់ជូនអ្នកដែលក្លែងបន្លំ ហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន TikTok របស់ខ្ញុំទាំងប៉ុន្មាន (សូម)បញ្ឈប់ជាបន្ទាន់ កុំឱ្យខ្ញុំប្រើវិធានការណ៍ផ្លូវច្បាប់។ យប់មិញនេះ ខ្ញុំបើកមើលឃើញឧកញ៉ាណាមួយ អាព្រីល គីនីន កំពុងតែស៊ីបាយនៅឯណាណោះ ថាខ្ញុំចូលទៅខម្មិនសួរសុខទុក្ខ។ គេក៏ឆ្លងឆ្លើយមកវិញ។ ពេលហ្នឹង ខ្ញុំក៏រុញទៅឱ្យ(…) សូមបញ្ឈប់ទៅ។ ក្នុងការប្រើប្រាស់ឈ្មោះខ្ញុំ ប្រើជាផេចរបស់ខ្ញុំទៅទៀត ហើយចូលទៅខម្មិនអ្នកនោះ ខម្មិនអ្នកនេះ។ អញ្ចឹងខ្លួនខ្ញុំទៅជារាត់រាយអស់រលីងទៅ ដែលមិនស្រួលទៅចូលខម្មិនជាមួយនឹងស្រីស្អាតណាទៅ វាឈ្មោះ ហ៊ុន សែន។ អត់ទេ។ ឥឡូវខ្ញុំអត់មានសិទ្ធិបញ្ជាទេ។ សូមស្នើឱ្យខាងក្រសួងមហាផ្ទៃ ផ្នែកប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ធ្វើការស្រាវជ្រាវ។ ខ្ញុំសូមស្នើឱ្យលុបជាបន្ទាន់នូវការប្រើឈ្មោះខ្ញុំ ក្នុងហ្វេសប៊ុក។ ហ្វេសប៊ុកខ្ញុំមិនប្រើទេ ពិតមែនតែ admin គេយកមកទុក ប៉ុន្តែហ្វេសប៊ុកខ្ញុំអត់ប្រើទេ។ ខ្ញុំប្រើ TikTok ខ្ញុំប្រើ Telegram ដែលមានជាង ១លាននាក់ចូលរួម។ ខ្ញុំប្រើ Twitter តែខ្ញុំមិនប្រើហ្វេសប៊ុកទេ។
ខ្ញុំក៏ចង់ដឹងដែរ ចង់ដឹងហ្វេសប៊ុក។ ប៉ុន្មានថ្ងៃមុន មានអ្នកប៉ុនប៉ង់សម្លាប់ជីវិតកូនរបស់ខ្ញុំ។ អញ្ចឹងតើនយោបាយហ្វេសប៊ុក យ៉ាងម៉េចដែរ? តើហ្វេសប៊ុកបានដឹងទេ? នៅពេលមុន គ្រាន់តែខ្ញុំនិយាយ ដែលគ្រាន់តែឱ្យជម្រើសតែប៉ុណ្ណោះ រវាងផ្លូវច្បាប់និងដំបង រើសមួយណា។ គេយកធ្វើជាមូលហេតុ បានជាខ្ញុំបោះបង់ចោល។ ឥឡូវការប្រមាថសម្លាប់ ហ៊ុន សែន, ការប្រមាថ សម្លាប់ ហ៊ុន ម៉ាណែត តើហ្វេសប៊ុកដោះស្រាយរបៀបម៉េច? យើងក៏ចង់ដឹងនិងហ្វេសប៊ុក គួរតែបញ្ជាក់។ ហើយ director ដែលយើងដេញចេញពីស្រុកខ្មែរ កុំឱ្យចូលស្រុកខ្មែរមួយជីវិតនេះ តើអ្នកឯងត្រូវដោះស្រាយយ៉ាងម៉េច?
យើងគួរតែនិយាយគ្នាឱ្យច្បាស់អំពីរឿងហ្នឹង។ ខ្ញុំដឹងច្បាស់ណាស់ថា ផែនការគេបំផ្លាញខ្ញុំលើការបោះឆ្នោត។ អញ្ចឹងខ្ញុំគ្រវាត់ចោល តែគេ admin គេយកមកទុក។ អាហ្នឹងគេទុកទៅ។ admin គេបង្ហោះ។ បង្ហោះទៅ តែខ្ញុំអត់លេងហ្វេសប៊ុកតទៅទៀតទេ។ ខ្ញុំមាន TikTok គ្រប់គ្រាន់ហើយ។ TikTok នេះ បង្ហោះមួយថ្ងៃ ២០ដង ក៏គ្មានអ្នកណានេះដែរ ឯហ្វេសប៊ុកបង្ហោះច្រើនពេក វាគ្មានអ្នកណាចូលមើលរបស់យើងទេ។ TikTok លឿនជាង។ ខ្ញុំជួយឃោសនាឱ្យTikTok ទៅចុះ។ នាំគ្នាបង្កើត TikTok មួយប្រទេសទៅ។ ឥឡូវហ្នឹង account TikTok របស់ខ្ញុំ ចំនួនអ្នកតាមបាន ៤៧៧ ៨០០ ដែរ អ្នកចូលចិត្តគឺបាន ៥លានហើយ។ មួយខែ ឡើងរហ័សដែរ មានអី។ ខ្ញុំអត់ហ្វេសប៊ុក ខ្ញុំមានងាប់ឯណា។ ប៉ុន្តែឥឡូវ ខ្ញុំក៏ចង់ដឹងរឿងហ្វេសប៊ុកហ្នឹង តើមានតាមដានរឿងគេចង់សម្លាប់ ហ៊ុន ម៉ាណែត ទេ? តើទង្វើបែបនេះ ចាត់ទុកថា ជាទង្វើបញ្ចេញមតិ? អាហ្នឹង ខ្ញុំគ្រាន់តែជម្រាបជូន។ ជាថ្មីម្ដងទៀត ផ្ដាំទៅឪពុកដែលជាមេឃុំ ធ្វើមេឃុំឱ្យល្អ។ សុំសួរសុខទុក្ខគាត់។ មានអ្នកណាសួរទៀត ឬអស់ប៉ុណ្ណឹង? អញ្ជើញ។
សំណួរ៖ នាងខ្ញុំឈ្មោះ គួច ណារ៉េន មកពីសារព័ត៌មានកោះសន្ដិភាព។ នាងខ្ញុំមាន ២សំណួរ … ទី១ ខ្ញុំចង់សុំប្រសាសន៍សម្ដេចតេជោ ក្នុងនាមជាឪពុករបស់ឯកឧត្តម ហ៊ុន ម៉ាណែត … ចង់បានប្រសាសន៍សម្ដេច បង្ហាញពីអារម្មណ៍ជាឪពុកបន្ដិច … សម្រាប់សំណួរទី២ … សម្ដេចតេជោផ្ទាល់នឹងក្លាយទៅជាប្រធានព្រឹទ្ធសភានៅខែមីនាខាងមុននេះ។ អញ្ចឹងតើគណបក្សប្រជាជនកម្ពុជា នៅមានការផ្លាស់ប្ដូរតំណាងរាស្រ្តប៉ុន្មានរូបដែរ? សូមអរគុណសម្ដេច។
ចំលើយ៖ សូមអរគុណណាស់ ជាមួយនឹងសំណួរនេះ។ សម្រាប់ខ្ញុំ ម៉ាណែត … (ខ្ញុំ)ធ្លាប់កំសត់កម្រជាមួយកូននេះ។ កូននេះពិតជាកូនវេទនា។ ខ្ញុំព្រាត់ពីកូននេះ តាំងពីកូននេះនៅក្នុងផ្ទៃម្ដាយត្រឹមតែ ៧ខែតែប៉ុណ្ណោះ។ ល្ងាចម្សិល ខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី បានចាក់ផ្សាយដល់វគ្គ ដែល ម៉ាណែត បានធ្វើដំណើរមកទីក្រុងភ្នំពេញ។ មួយវគ្គនេះ ខ្ញុំយំរហូត ដោយសារកូនមួយនេះ វាកំសត់ណាស់។ កូនរបស់ខ្ញុំមួយនេះ បានកើតឡើងក្នុងស្ថានភាពមួយដែលប្រជាជននៅទូទាំងប្រទេស ជាពិសេសស្ត្រីជាម្តាយម្នាក់ ដែលមានឈ្មោះជាមេម៉ាយត្រូវចិញ្ចឹមកូននេះ។ រឿងពិតវាបានកើតដូចអ្វីដែលបានបង្ហាញ គ្រាន់តែខុសគ្នារវាងអតីតកាល(និងបច្ចុប្បន្នកាល)។ ភរិយាខ្ញុំបាននិយាយប្រាប់ខ្ញុំទាំងទឹកភ្នែកថា ពេលឆ្លងសាឡាងអ្នកលឿងនេះ កូនរបស់ខ្ញុំឃើញគេស៊ីនំប៉័ង។ កូនឃ្លានណាស់ តែម្តាយអត់មានអ្វីដើម្បីនឹងទិញឲ្យកូនស៊ីទេ។ ក្នុងឋានៈជាឪពុក នៅពេលដែលបានជួបកូនៗ ហៅពូ។
យើងដឹងរឿងរ៉ាវតាមរយៈនៃការរៀបរាប់របស់ភរិយានិងអ្នកដទៃទៀតដែលបានស្គាល់។ មានឈ្មោះជាកូនក្បត់អង្គការតាំងពីចាប់កំណើត ជាមួយនឹងទឹកភ្នែកម្តាយ។ ឥឡូវគេបានក្លាយខ្លួនទៅជានាយករដ្ឋមន្ត្រី។ គេជាក្មេងកំសត់ជាងគេក្នុងចំណោមកូនទាំង ៥ របស់ខ្ញុំ ប៉ុន្តែគេមិនធ្វើឲ្យខ្ញុំខកចិត្តទេ។ គេបានប្រឹងរៀនរហូតទទួលបានចំណេះវិជ្ជាគ្រប់គ្រាន់ល្មមដើម្បីនឹងដឹកនាំប្រទេសកម្ពុជា។ នៅកម្ពុជាយើងមានបណ្ឌិតច្រើន ក៏ប៉ុន្តែបណ្ឌិតបែប ហ៊ុន ម៉ាណែត នេះមានមិនច្រើនទេ។ ខ្វះអីបណ្ឌិត សេដ្ឋកិច្ច នយោបាយ ឬផ្នែកនេះ ផ្នែកនោះ ប៉ុន្តែចំណុចដែលគ្មានដូច ហ៊ុន ម៉ាណែត គឺត្រង់ថាគេគ្មានចំណេះផ្នែកយោធាដូច ហ៊ុន ម៉ាណែត នោះទេ។ នេះជាចំណុចពិសេសរបស់ ម៉ាណែត។ ក្នុងឋានៈជាឪពុក ដែលឃើញភាពកំសត់របស់កូន ហើយក៏មិនចង់ឲ្យកូនកំសត់ដូចឪពុក យើងបានហ្វឹកហាត់គេ។
ខ្ញុំនៅតែអរគុណភរិយារបស់ខ្ញុំ ដែលបានរក្សាឈាមមួយតំណក់នេះ ហើយគាត់ត្រូវទ្រាំទ្រនូវការលំបាកប៉ុណ្ណា ដើម្បីកូនមួយនេះរស់រានមានជីវិត រហូតមកដល់ពេលនេះ គេមានលទ្ធភាពដើម្បីនឹងដឹកនាំប្រទេស។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងទឹកភ្នែកដែលស្រក់ហូរមកនេះ។ មិនមែនជាការសំដែងទេ។ តែពេលដែលនិយាយដល់រឿងនេះ គឺខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ (ដោយគិតទៅដល់)ការលំបាករបស់ខ្លួនខ្ញុំ កូនខ្ញុំ ប្រពន្ធខ្ញុំ ជាពិសេស ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ នៅពេលដែលខ្ញុំសម្រេចចិត្តយកជីវិតធ្វើដើមទុន។
ខ្ញុំបានទទួលថាដំណឹងភរិយាខ្ញុំបានស្លាប់ ដោយសារព័ត៌មានមួយចំនួនមានរួចហើយ។ បន្ថែមទៅដោយគាត់លាក់ខ្លួនដើម្បីគេចឲ្យផុតឲ្យមានសុវត្ថិភាព។ ថ្ងៃទី ០៧ មករា ជាថ្ងៃរំដោះ រហូតដល់ថ្ងៃ ២៤ ខែកុម្ភៈ ទើបយើងបានជួបគ្នា។ ក្នុងពេលជួបគ្នានោះ ម៉ាណែត ហៅខ្ញុំពូ ២ ខែ។ សុំទោស ដោយសារតែសំណួរនេះ វាស្ថិតនៅក្នុងស្ថានភាពដែលធ្វើឲ្យនឹកឃើញនូវអ្វីដែលជារឿងកំសត់។ កូនដ៏កំសត់មួយនេះ បានបង្កើតឡើងនូវមោទនភាពសម្រាប់ឪពុករបស់វា ដែលបានយកជីវិតធ្វើដើមទុន យកក្បាលទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន យកក្បាលទៅដោះដូរជាមួយនឹងសន្តិភាពរបស់ប្រទេស យកជីវិតនយោបាយរបស់ខ្លួនទៅដោះដូរទៅនឹងកំណែទម្រង់។ ខ្ញុំមានមោទនភាព ហើយសង្ឃឹមថាកូនរបស់ខ្ញុំនឹងថែទាំសមិទ្ធផលទាំងឡាយ ជាពិសេសគឺថែទាំសេចក្តីសុខរបស់ប្រជាជន។
ចំណុចទី២ អម្បាញ់មិញជាស្អី? សូមបញ្ជាក់ឡើងវិញបន្តិច បានរដ្ឋមន្ត្រីជាឧទាហរណ៍។ ខ្ញុំរំលឹកបន្តិច រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ជាអតីតកុមារកំព្រាទេ។ យើងមិនមែនគ្រាន់តែរៀបចំកូនមន្ត្រីជាន់ខ្ពស់ទេ។ នៅក្នុងហ្នឹងគឺមានគ្រប់សមាសភាព ឲ្យតែអ្នកមានសមត្ថភាព។ បើសិនជាកូនខ្ញុំមិនបានការ ក៏អត់មានការតែងតាំងដែរ។ ឥឡូវនិយាយដល់រដ្ឋសភា។ ពីមុននេះ យើងត្រូវការការប្រកួតប្រជែងមួយនិងត្រូវការប្រមូលផ្តុំធនធានមនុស្ស ប៉ុន្តែឥឡូវនេះ សមាជិកព្រឹទ្ធសភា បើសិនជាយើងទុកឲ្យអ្នកសព្វថ្ងៃបន្តឈរទៅទៀត នៅក្នុងព្រឹទ្ធសភាគឺសុទ្ធតែអ្នកអាយុ ៨០ ទាំងអស់។ អញ្ចឹងបានជាខ្ញុំសុំអំពាវនាវ ហើយក៏បានរៀបចំហើយដែរនូវបេក្ខជនឈរឈ្មោះ គឺសុំថាអាយុ ៧៤ ឆ្នាំចុះ។ បើ ៧៤ ឆ្នាំចុះ អាណត្តិ ៥ ឆ្នាំទៅដល់ចុងអាណត្តិ ៨០ ឆ្នាំដដែល។ ប៉ុន្តែឲ្យខ្ពស់បំផុត ៧៤ឆ្នាំ។
ខ្ញុំទៅ(ព្រឹទ្ធសភា)នោះ ក៏ត្រឹមតែមួយអាណត្តិដែរ។ យើងក៏ត្រូវពិនិត្យដែរ អ្នកដែលមកនៅទីនេះ។ បើសិនជាខ្ញុំមិនទៅព្រឹទ្ធសភាទេ ក៏ខ្ញុំនៅជាតំណាងរាស្ត្រនៅនេះ។ ប៉ុន្តែយោងទៅលើការស្រុះស្រួលគ្នា ដើម្បីកុំឲ្យខ្ញុំផ្តាច់ចេញពីការងាររដ្ឋ គឺតម្រូវឲ្យខ្ញុំទៅកាន់ការងារព្រឹទ្ធសភាវិញ។ សម្តេច សាយ ឈុំ បានសុំលាឈប់ ហើយមិនបន្តឈរឈ្មោះតទៅទៀតទេ ដោយអាយុគាត់ពេលនេះដូចជា ៧៧, ៧៨ ឆ្នាំទៅហើយ។ បើឈរតទៅទៀតក៏វែងឆ្ងាយ។ អញ្ចឹងទេ នៅពេលក្រោយខ្ញុំគិតថា ធ្វើក្មេងវូបនីយកម្មនៅក្នុងរដ្ឋាភិបាល នៅក្នុងសភា និងនៅក្នុងព្រឹទ្ធសភា។ ពីមុនយើងខ្វះមនុស្ស យើងចេះតែដាក់។ ឥលូវយើងមានមនុស្សច្រើនហើយ។ នេះក៏ជាវិធីកែទំរង់មួយក្នុងគណបក្សប្រជាជនដែរ។ ប៉ុន្ដែក្នុងផ្នែកគណបក្សគឺមិនចូលនិវត្ដទេ។ ធ្វើមេដឹកនាំគណបក្ស។ យើងសន្សំទុនមនុស្សចាស់ រៀបចំក្របខណ្ឌគោលនយោបាយសំរាប់ជួយតំរង់ទិសក្នុងការដឹកនាំប្រទេស។ អញ្ចឹង ខ្ញុំអាចនឹងបញ្ជាក់ពីពេលនេះទៅ គេហៅថាក្មេងវូបនីយកម្មនៃជួរមន្ដ្រី។ ប្រសិនបើរដ្ឋាភិបាលចាស់អាយុ ៧០ ឡើងទៅ ៨០ ឆ្នាំគឺវាច្រើនណាស់ទៅហើយ។ ដូច្នេះតើយើងធ្វើដល់ថ្ងៃស្លាប់ឬយ៉ាងម៉េច? ខ្លួនខ្ញុំទើប ៧១ ឆ្នាំ ទេ ចូល ៧២ ឆ្នាំ បានប៉ុន្មានថ្ងៃហើយ។ ប៉ុន្ដែពេលគេប្រកាសសុពលភាព ខ្ញុំម្សិលមិញគេប្រកាស ៧១ ឆ្នាំតើ មិនទាន់ចាស់ប៉ុន្មានទេ។ ប៉ុន្ដែកុំចាំដល់ពេលតក់ក្រហល់បានយើងផ្ទេរទៅអ្នកជំនាន់ក្រោយ មិនល្អទេ។ ឥលូវទាន់ពួកគេធ្វើការ យើងនៅក្បែរគេ។
ប៉ុន្ដែខ្ញុំមានតំណមមួយនិយាយជាចំហរ។ តំណមនោះគឺយ៉ាងម៉េច? ប្រសិនបើគេមិនសួរយោបល់ខ្ញុំគឺខ្ញុំនឹងមិនផ្ដល់យោបល់។ អ្នកសួរច្បាស់ជាកូនយើងហើយ។ «ពុកអានឹងធ្វើយ៉ាងម៉េច?» បើមិនសួរកាន់តែល្អ។ គឺយើងមិនផ្ដល់យោបល់។ ប្រសិនបើសួរ យើងត្រូវដាក់សំណួរទៅគេវិញថា រឿងបែបនឹង តើកូនឬលោកនាយករដ្ឋមន្ដ្រីដោះស្រាយយ៉ាងម៉េច? គេនឹងឆ្លើយប្រាប់យើងថា គេនឹងដោះអញ្ចេះៗ។ អើ! បើនឹកឃើញដោះស្រាយអញ្ចឹង ម៉េចមិនដោះអញ្ចឹងទៅ។ នេះជាវិធីសំរាប់ឲ្យអ្នកបន្ដវេនឆាប់ចេះដឹង។ បើយើងនៅដឹកដៃគេតទៅទៀតថ្ងៃណាមួយយើងស្លាប់ទៅ បានអ្នកណាដឹកដៃគេតទៅទៀត។ អញ្ចឹងឲ្យគេរៀន។ ថ្ងៃក្រោយគេនឹងចេះដើរជួរមុខ។ យើងដើរជួរក្រោយ។ មិនបានទេ បើនិយាយពីសមរភូមិការទូតនិងយោធាគឺខុសគ្នា។ យោធាទាហាននៅពីមុខ មេទ័ពនៅពីខាងក្រោយ។ ប៉ុន្ដែការទូត មេទ័ពនៅពីមុខកូនទាហាននៅពីក្រោយទេ។ ដូច្នេះទាមទារឲ្យពួកគេត្រូវតែមានចំណេះគ្រប់គ្រាន់ ត្រូវចាំឲ្យច្បាស់ពីចំណុចនេះ។
ពិតមែនហើយឃ្លាំងពិសោធន៍គេមិនទាន់មានគ្រប់គ្រាន់ទេ។ ពេលខ្លះគេអាចសួរពិសោធន៍ពីនេះពីនោះ យើងអាចចែករំលែកបទពិសោធន៍។ អញ្ចឹងបានជាខ្ញុំចង់បង្កើតឲ្យមានថ្នាក់ … ខ្ញុំចង់ចូលឧទ្ទេសនាម ៣ ឯកសារ សំរាប់ពង្រឹងសមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនដែលត្រូវមានការចេះដឹង។ មន្ដ្រីដែលចូលរៀនច្បាស់ជាមានហើយថ្នាក់រដ្ឋមន្ដ្រី ថ្នាក់រដ្ឋលេខាធិការ ថ្នាក់អនុរដ្ឋលេខាធិការ ថ្នាក់ចាហ្វាយខេត្ត ដែលជាសមាជិកគណបក្សប្រជាជន ដែលត្រូវហៅមករៀន។
សុំទោសដែលអម្បាញ់មិញ ធ្វើឲ្យខ្ញុំ(ទប់ទឹកភ្នែកមិនបានម)។ ម្សិលមិញនេះចំដល់វគ្គកន្លែងហ្នឹង។ ល្ងាចនេះនឹងបន្ដ ហើយរឿងនេះដូចចប់នៅ ៩៨ ភាគ។ យប់មិញដូចដល់ភាគ ៨៦។ តាមពិតរឿងនេះគួរតែចប់ត្រឹមជួបគ្នានេះ ប៉ុន្ដែដោយសារគ្រួសារនេះលះបង់ធំពេក ឆ្នាំ ១៩៨០ ក្នុងឋានៈជាមេដឹកនាំប្រទេសម្នាក់ដែរ (ប៉ុន្ដែ)យើងការពារជីវិតឪពុកក្មេកយើងមិនបានទេ ហើយរៀបរាប់ទាំងបញ្ហាគ្មានទឹកប្រើប្រាស់ភរិយារបស់ខ្ញុំត្រូវរលូតកូន។ អញ្ចឹងបានជាត្រូវតរឿងនឹងថែមដើម្បីឲ្យគ្រប់គ្រាន់ទាក់ទងទៅនឹងអ្វីដែលជាកត្ដាប្រវត្តិសាស្ដ្ររបស់ប្រទេស។ ជូនពរដល់បងប្អូនជនរួមជាតិដែលកំពុងមើលការផ្សាយផ្ទាល់ចេញពីទីនេះ សូមជួបតែសេចក្ដីសុខ សេចក្ដីចំរើន និងពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលំ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕