សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ១៥ ធ្នូ ២០១៦ ស្តីពី “កម្ពុជាមិនមែនជាធុងសម្រាម សម្រាប់ បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ”

នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។…

សេចក្តីដកស្រង់សង្កថា, ពិធីសម្ពោធអគារទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការ​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវ​បន្តិច​ទៅ​លើ​បញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក​ បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាល​ពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង ​យ៉ាងហោច។ ពីគណៈកម្មការ ទៅជាក្រសួង ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជា​រូបរាង​តាម​គំ​និត​ផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរ​​តែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិ​នៃការ​កកើត​នៃស្ថាប័ន​​នេះឡើង។ ស្ថាប័ន​ប្រៃស​ណីយ៍ និងទូរគមនាគមន៍នេះ…