ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិចទៅលើបញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាលពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង យ៉ាងហោច។
ពីគណៈកម្មការ ទៅជាក្រសួង
ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជារូបរាងតាមគំនិតផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរតែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិនៃការកកើតនៃស្ថាប័ននេះឡើង។ ស្ថាប័នប្រៃសណីយ៍ និងទូរគមនាគមន៍នេះ មិនមាននៅក្នុងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលបង្កើតឡើងនៅថ្ងៃទី ៨ មករា ១៩៧៩ បន្ទាប់ពីការរំដោះប្រទេសនោះទេ។ ស្ថាប័នទាំងឡាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងជីវភាព។ នេះជាប្រវត្តិដើមនៃការចាប់ផ្តើមដំបូង ដែលយើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពេលដែលចូលមកដល់ទីក្រុងភ្នំពេញនេះ យើងបានឃើញថា មិនអាចគ្រប់គ្រងបានទេ យើងត្រូវមានស្ថាប័នជំនាញ ក្នុងនោះ ក៏បានបង្កើតឡើងនូវគណៈកម្មការ ដែលក្រោយមកវិវឌ្ឍជាស្វ័យប្រវត្តិទៅជាស្ថាប័នក្រសួងតែម្តង។ គណៈកម្មការកសិកម្មដឹកនាំដោយឯកឧត្តម នៅ សាមុំ ក្លាយទៅជារដ្ឋមន្រ្តីក្រសួងកសិកម្ម។ គណៈកម្មការពាណិជ្ជកម្មដឹកនាំដោយឯកឧត្តម តាំង សារឹម ជាស្វ័យប្រវត្តិក្លាយទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅពេលនោះ។ គណៈកម្មការឧស្សាហកម្ម ដឹកនាំដោយឯកឧត្តម មាស សំណាង ត្រូវស្វ័យប្រវត្តិក្លាយទៅជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មតែម្តង។ គណៈកម្មការដឹកជញ្ជូន និងគមនាគមន៍ ដឹកនាំដោយឯកឧត្តម ឃុន ឈី ត្រូវស្វ័យប្រវត្តិក្លាយទៅជារដ្ឋមន្រ្តីក្រសួងគមនាគមន៍តែម្តង។ ក្រោយមក ទើបមានគណៈកម្មការមួយចំនួនទៀត ដូចជាគណៈកម្មការសង្គមកិច្ច អតីតយុទ្ធជនជាដើម ដែលមានឯកឧត្តម ម៉ម សំប៊ុន។
អាំងទែរស្ពុតនីក និង អូធីស៊ី អូស្តា្រលី
ប្រវត្តិក្រសួងនេះ ចាប់បំបែកជាពីរនៅពេលដែលបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣។ ខ្ញុំសូមរំលឹកអំពីប្រវត្តិក្រសួងនេះបន្តិច។ បន្ទាប់ពីឯកឧត្តម ឃុន ឈី គឺឯកឧត្តម ទៀ បាញ់ ត្រូវមកធ្វើរដ្ឋមន្រ្តីក្រសួងនេះ ពេលដែលឯកឧត្តម ទៀ បាញ់ ត្រូវធ្វើរដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម អួង ផន ចូលមកកាន់ក្រសួងនេះ បន្ទាប់ពីឯកឧត្តម អួង ផន គឺដល់ឯកឧត្តម រស់ ឈុន បន្ទាប់ពីឯកឧត្តម រស់ ឈុន បានដល់ឯកឧត្តម សូរ ឃុន។ ពេលទៅហែកចែកក្រសួងជាពីរ ដែលមួយទៅជាក្រសួងគមនាគមន៍ ដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម សូរ ឃុន ដល់ទៅបង្កើតក្រសួងប្រៃសណីយ៍នេះ គឺដឹកនាំដោយឯកឧត្តម អ៊ឹង ហួត។ ពេលហ្នឹងចូលដល់ពេលរដ្ឋាភិបាលចម្រុះហើយ។ អាហ្នឹងយើងត្រូវកត់ត្រាចងចាំផង។ អានេះនៅក្នុង software របស់ខ្ញុំវាមាន ព្រោះអ្នកកត់ត្រាកត់មិនបាន។ បើរលត់ពីខ្ញុំទៅ ក៏នឹងវាអស់ទៅតាមដែរ។ អញ្ចឹងទេ គួរតែនិយាយទៅ គេកត់ទុក។ ការចងចាំរបស់ខ្ញុំវាបានយូរបន្តិច …។
ជាបន្តបន្ទាប់មក បង សូរ ឃុន ត្រូវផ្ទេរមកឲ្យកាន់កាប់ក្រសួងនេះវិញ រហូតមកទល់នឹងពេលរៀបចំរាជរដ្ឋាភិបាល អាណត្តិទី ៥ នេះ ដែលត្រូវបញ្ជូនឯកឧត្តម ប្រាក់ សុខុន មកកាន់ទីនេះ។ ប៉ុន្តែ យើងមានការចាំបាច់នឹងយកឯកឧត្តម ប្រាក់ សុខុន ទៅកាន់ជារដ្ឋមន្រ្តីក្រសួងការបរទេស ហើយដែលត្រូវជំនួសដោយឯកឧត្តម ត្រាំ អ៊ីវតឹក ដែលពីមុននេះ ទាំងពីរនេះជាក្រសួងតែមួយទេ ប៉ុន្តែ ដោយសារវិសាលភាពនៃកិច្ចការវាធំពេក។ ដូច្នេះ ខ្ញុំយល់បានណាស់ ទីតាំងប្រៃសណីយ៍កាលពីពេលមុននេះ វារខេករខាក ហើយអគារតាំងពីជំនាន់បារាំងឯណោះ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានទៅជួបខ្ញុំ ដើម្បីស្នើសុំកសាងនូវអគារនៅទីតាំងនេះ ហើយសុំរំលឹក ដីនេះបើខ្ញុំមិនម៉ឺងម៉ាត់ទេ បាត់ទៅហើយ។ មិនដឹងថា ប៉ុន្មានក្រុមហ៊ុនទេសុំដោះដូរយកកន្លែងហ្នឹង។ អ្នកណាដាក់(សំណើ)មក ខ្ញុំចារថាមិនឲ្យតែរហូត ប៉ុន្តែ បើសុំធ្វើអគារអញ្ចឹងខ្ញុំឲ្យ។ កាលនោះ មានការសុំដូរទៅនេះទៅនោះ។ កន្លែងហ្នឹងជាដីដែលយើងមានអនុស្សាវរីយ៍ ដែលយើងចាប់ផ្តើមធ្វើ Intersputnik នៅទីនេះ។ បន្ទាប់ទៅ អាច្រកទ្វារអន្តរជាតិ ០០១ ដែលក្រុមហ៊ុន OTC របស់អូស្រ្តាលីមកបង្កើតនៅហ្នឹង ដើម្បីបម្រើឲ្យប្រតិបត្តិការរបស់ អ៊ុនតាក់។
ទូរស័ព្ទ ២ លេខសម្រាប់មេដឹកនំា ឆ្លងកាត់ស្តង់ដា
ខ្ញុំគិតថា ត្រូវតែថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំទាំងអស់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាកលំបិន សម្រាប់ប្រទេសរបស់យើង។ ខ្ញុំនៅចាំបានណាស់ថា នៅពេលនោះ ទីក្រុងភ្នំពេញរបស់យើងប្រើទូរស័ព្ទ ២ លេខ អាហ្នឹងសម្រាប់តែមេដឹកនាំប៉ុន្មាននាក់ប៉ុណ្ណោះ ហើយក្រៅពីនោះប្រើទូរស័ព្ទរវៃ។ បន្ទាប់ទៅ ក៏មានប្រើអាខ្សែហ្នឹងដែរ តែទម្រាំតែទាក់ទងគ្នាបានម្តងៗ គឺលំបាកណាស់ ជាពិសេស គឺទាក់ទងទៅតាមខេត្ត។ កាលនោះ បើយើងចង់ហៅទៅខេត្ត យើងត្រូវឆ្លងមកស្តង់ដាររបស់យើងមួយ ដើម្បីឲ្យកន្លែងហ្នឹងភ្ជាប់យើងទៅលេខដែលនៅតាមខេត្ត។ ថ្ងៃណាដែលអ្នកនៅប្រចាំកន្លែងស្តង់ដាហ្នឹង វាស្រួលខ្លួន ភ្ជាប់ឲ្យលឿន មិនស្រួលខ្លួន គឺគាត់អត់ភ្ជាប់ឲ្យដែរ។
ថ្ងៃមួយ ម៉ោង ៥ ល្ងាចទៅហើយ ខ្ញុំមានការបន្ទាន់ទាក់ទងទៅកំពង់ចាម។ ហៅគេក្មេងស្រីក៏មិនបាន ហៅក្មួយស្រីក៏មិនបាន ប្រហែលជាគាត់មានចំណាស់ជាងខ្ញុំក៏មិនដឹងដែរ ព្រោះឆ្នំា ១៩៧៩ ខ្ញុំទើបមានអាយុ ២៧ ទេ (ឆ្នំា) ១៩៨០ (ឆ្នំា) ១៩៨១ ដូច្នេះនៅក្រោម (អាយុ) ៣០ ទេ។ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ខ្ញុំទាក់ទងបន្ទាន់ទៅកំពង់ចាម ចំាគាត់ប្រហែល ១៥ នាទី គាត់អត់មានភ្ជាប់អោយយើងផង … ខ្ញុំក៏និយាយទៅថា ម៉េចហើយអ្នកបង ព្រោះជាទំលាប់របស់ខ្ញុំ ទោះបីជាស្គាល់មុខក៏ខ្ញុំហៅអ្នកបង “តើភ្ជាប់ខ្ញុំទៅកំពង់ចាមនៅ” (អត់បានទេ ឥឡូវគេកំពុងតែមានការទាក់ទងគ្នា)។ ខ្ញុំថា “ខ្ញុំត្រូវការបន្ទាន់”។ ឯណោះគេថា (លោកឯងត្រូវការប្រញាប់ទៅកំពង់ចាមមានការអ្វី?) បានខ្ញុំនិយាយត្រង់ថា ខ្ញុំជា ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ខ្ញុំត្រូវការបន្ទាន់ (ចាសៗ)។ រួចទៅក៏បានជួបតា ព្រាប ពិជ័យ នៅឯកំពង់ចាម ពេលហ្នឹងជាចៅហ្វាយខេត្តកំពង់ចាម។
ចំនួនស៊ីមកាតប្រើប្រាស់ លើសពីចំនួនប្រជាពលរដ្ឋ
… ឈានតាមដំណាក់បណ្តើរៗមក ទំនាក់ទំនងយើងទៅក្រៅប្រទេស គឺដាច់ត្រឹមតែម្តង។ ពិបាកណាស់ យើងក៏បានប្រឹងប្រែងបង្កើតបាន Intersputnik មួយនៅកន្លែងនេះ ប៉ុន្តែយើងឆ្លងកាត់តាមរយៈសូវៀត ក្នុងពេលដែលសូវៀតក៏កំពុងជាប់ទណ្ឌកម្មជាមួយប្រទេសដទៃ។ យើងមាន Intersputnik ដើម្បីឆ្លងកាត់ទៅប្រទេសបារំាង។ យើងអាចប្រើប្រាស់បាន ប៉ុន្តែយើងមានការលំបាកណាស់ មិនដូចពេលឥឡូវទេ។ ឆ្លងកាត់តាមការប្រឹងប្រែងរបស់យើងជាមួយនឹងការស្ថានការវិវឌ្ឍរួមរបស់ប្រទេសជាតិ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ មានការរីកលូតលាស់យ៉ាងខ្លំាង។ ខ្ញុំមិននិយាយពីបញ្ហាប្រៃសណីយ៍ទេ តែខ្ញុំចង់និយាយពីទូរគមនាគមន៍ ដែលអម្បាញ់មិញឯកឧត្តម ត្រំា អ៊ីវតឹក បានលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាមួយចំនួន។ ឥឡូវសុំមើលតួលេខ ជាង ១៩ លានស៊ីមកាត ដែលបានប្រើប្រាស់ វាជាចំនួនច្រើនជាងប្រជាពលរដ្ឋរបស់យើងទៅទៀត។ ឥឡូវនេះ ប្រជាពលរដ្ឋយើងនៅទីជនបទ បើកំពុងបររទេះ មានការហៅតាមទូរស័ព្ទមកគាត់លើកទូរស័ព្ទ គាត់ស្រែកហបៗ រួចទទួលទូរស័ព្ទនិយាយ។ សូម្បីតែអ្នកបររទេះគោក៏គាត់មានទូរស័ព្ទប្រើដែរ បើទោះបីគាត់មិនប្រើស្មាតហ្វូន ក៏គាត់ប្រើទូរស័ព្ទធម្មតា ទូរស័ព្ទចុចពិលចុចអីហ្នឹង។ ឥឡូវទូរស័ព្ទវាទំនើប មានពិលទៅទៀត។ យើងបានឈានតាមដំណាក់កាលមួយៗ ហើយបន្ទាប់ទៅយើងមានតំាងពីជំនាន់ អាណាឡូហ្គ យើងគិតមើលតំាងពី Motorola 018 នេះ អាហ្នឹងមកចាប់ផ្តើម បន្ទាប់មកទៀតមាន Smart 016 មានស្អីៗឥឡូវដូរអាប្រព័ន្ធនេះ ទៅជាប្រព័ន្ធ GSM យើងបម្រើទំាងអស់។
កម្ពុជាមិនមែនជាធុងសម្រាម សម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យទេ
… ខ្ញុំពិតជាមានមោទនភាពនៅនយោបាយរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅត្រង់ខ្ញុំប្រកាសថា កម្ពុជាមិនមែនជាធុងសម្រាម ដើម្បីបោះចោលនូវបច្ចេកវិទ្យាហួសសម័យនោះទេ។ ចំណុចនេះ ខ្ញុំនិយាយតំាងពីទសវត្សន៍ ៨០ នៅពេលដែលអឺរ៉ុបខាងកើត បានធ្វើការប្រែប្រួលបច្ចេកវិទ្យារបស់គេ ហើយលក់សម្ភារៈចាស់ៗអោយយើង។ នៅចំាបានទេ ពួកខាងទូរទស្សន៍ជាតិ ដែលមានឡានសម្រាប់ថតទូរទស្សន៍ ចោះហើយដាក់ម៉ាស៊ីនត្រជាក់មួយចូល។ ពេលហ្នឹង មន្ត្រីរបស់យើងមួយចំនួនទៅទិញរបស់គេហើយ អរគុណគេទៀត ថារបស់គេលក់អោយថោកណាស់។ ខ្ញុំថា តិចទៀតរកតែគ្រឿងបន្លាស់អត់បានផង គេឈប់ផលិត។ អញ្ចឹងទេខ្ញុំប្រកាសថា កម្ពុជាមិនមែនជាធុងសម្រាមសម្រាប់ការបោះចោលនៃបច្ចេកវិទ្យាហួសសម័យទេ។ នៅពេលដែលឧកញ៉ា គិត ម៉េង បានចុះហត្ថលេខានៅទីក្រុងប៉ារីសជាមួយក្រុមហ៊ុនអាល់កាតែលរបស់បារំាង ពេលហ្នឹងក៏ខ្ញុំនៅតែនិយាយថា កម្ពុជាត្រូវការបច្ចេកវិទ្យាថ្មី។
គួរមានការបាញ់បង្ហោះផ្កាយរណបដោយកម្ពុជាខ្លួនឯង
… ប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសរបស់យើង បើទោះបីជាឥឡូវយើងនៅពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅប្រទេសជុំវិញខ្លួន ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងមានការវិវឌ្ឍខ្លំាងជាងនេះ តាមរយៈខ្សែកាបក្រោមសមុទ្រ។ ខ្ញុំក៏សុំស្នើអោយមានការពិចារណា ទៅលើបញ្ហាការបាញ់បង្ហោះផ្កាយរណប ដោយកម្ពុជាខ្លួនឯង ពិនិត្យមើលអំពីបញ្ហាហ្នឹង។ ឧកញ៉ា គិត ម៉េង ល្មមចាប់ដៃគូជាមួយក្រុមហ៊ុនណាមួយ ដើម្បីបាញ់ផ្កាយរណបសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ មិនខាតទេ។ បើផ្កាយរណបនឹងបាញ់ឡើងហើយ ទូរទស្សន៍ទំាងអស់ដែលកំពុងប្រើទិញផ្កាយរណបគេ បែរមកប្រើផ្កាយរណបរបស់យើង។ ថ្ងៃក្រោយយើងត្រូវការច្រើនណាស់ អំពីផ្កាយរណប។ ផ្កាយរណបនេះ ខ្ញុំគិតគូរតំាងពីទសវត្សន៍ ៩០ ប៉ុន្តែលទ្ធភាពតាមជំហានមួយៗ។ ឥឡូវនេះ យើងត្រូវការអ៊ីនធើណែតល្បឿនលឿន បើសិនជាយើងមិនអាចតាមទាន់អាហ្នឹងទេ វានៅវិលហ្នឹង។ សូម្បីតែឥឡូវហ្នឹង ក្នុងពេលវេលានេះ ដែលខ្ញុំមកទីនេះ ខ្ញុំប្រើអ៊ីនធើណែតរបស់ខ្ញុំផ្ទាល់ … ឥឡូវនេះ ហ្វេសប៊ុកផេករបស់ខ្ញុំក៏ live ផ្ទាល់ចេញពីហ្នឹង។ បានសេចក្តីថា ទូរទស្សន៍រកស៊ីអត់ទាន់ទេ … ហ្វេសប៊ុកផេក និង Fresh News ផ្សាយទៅមុនបាត់ហើយៗ សារព័ត៌មានខ្លះសរសេរខុសទៀត។ គេមើលតំាងពីនេះ ថា លោក ហ៊ុន សែន និយាយដល់ណា គេទៅដល់នោះបាត់ គេកំពុងតែមើលនៅក្រៅប្រទេស។ សម័យឥឡូវនេះ គេមើលតែតាមទូរស័ព្ទហ្នឹង។
ទាមទារអោយធ្វើអក្ខរកម្មព័ត៌មានវិទ្យា
អញ្ចឹងបានខ្ញុំទាមទារណាស់ អោយធ្វើអក្ខរកម្មព័ត៌មានវិទ្យា ពីមុនអោយធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែមិនចំាបាច់ទេ ធ្វើអក្ខរកម្មព័ត៌មានវិទ្យា តែជុំវិញមួយស្មាតហ្វូនគឺល្អណាស់។ ខ្ញុំដាក់ចេញនូវនយោបាយមួយថា មុននឹងតែងតំាង សួរអ្នកឯងសិនថាចេះអាហ្នឹងអត់? បើមិនចេះទេ ចំារៀនអោយចេះសិនចំាតែងតំាង ព្រោះគេត្រូវធ្វើការត្រឹមតែ ២ នាទី ឯងធ្វើការ ២ ថ្ងៃ។ ឧទារហណ៍ ត្រូវការយកឯកសារពីខេត្ត ឡើងមកភ្នំពេញ ចុះគ្រាន់តែគេថត ផ្ញើមកតាម Line ក្តី តាម WhatsApp ក្តី តាម Viber ក្តី តាម Telegram ក្តី នៅប្រព័ន្ធច្រើនទៀត។ មិនអាចធ្វើសេចក្តីសម្រេចតាមហ្នឹងទេ ក៏ប៉ុន្តែនៅពេលដែលឆ្លងឆ្លើយ នៅពេលដែលយើងចង់បានព័ត៌មាន នៅពេលដែលយើងចង់បានរូបភាព យើងត្រូវបញ្ជូនឃ្លីបនេះភ្លាម។ សូម្បីតែខ្ញុំនៅកណ្តាលមហាសន្និបាតអង្គការសហប្រជាជាតិ ខ្ញុំក៏អាចដឹងសភាពការណ៍នៅក្នុងស្រុក ព្រោះទៅតាមប្រព័ន្ធហ្នឹងមិនមានរំខានទៅដល់អ្នកណា។ ប៉ុន្តែ ក្រុមក្មេងពាល ពេលដែល ឃើញឯងកាន់ទូរស័ព្ទ ក៏ថាឯងលេងហ្វេសប៊ុក … អត់ដឹងថា នៅក្នុងហ្នឹង និយាយតាមមួយបែបទៅចុះ សូម្បីតែកំពុងប្រជុំអាស៊ាន ខ្ញុំអាចទទួលព័ត៌មានពីរដ្ឋមន្ត្រីការបរទេស និងឧត្តមមន្ត្រីទាក់ទងនឹងបញ្ហាចរចានៅក្នុងក្របខណ្ឌអាស៊ាន ហើយនឹងផ្តល់យោបល់អោយត្រឡប់ទៅវិញ គួរទទួលយកបាន ឬមិនទទួលយកបាន ដោយគ្មានចំាបាច់និយាយទូរស័ព្ទទេ។
ឥឡូវ ទំលាប់ធ្វើការរបស់ខ្ញុំប៉ុន្មានឆ្នំាចុងក្រោយនេះ ថ្ងៃខ្ញុំធ្វើការផ្កាប់ យប់ខ្ញុំធ្វើការផ្ងារ។ យ៉ាងម៉េចបានអញ្ចឹង? ថ្ងៃយើងត្រូវអង្គុយស៊ីញ៉េវា អញ្ចឹងវាមិនផ្កាប់ ដល់ទៅយប់យើងវ៉ៃ Note យើងចង់វ៉ៃឯកសារអីយើងវ៉ៃក្នុងទូរស័ព្ទរបស់យើងហ្នឹង រួចហើយយើងបញ្ជូនទៅអោយអ្នកណា ដែលយើងចង់បញ្ជូនទៅ។ អញ្ចឹងមួយយប់ៗ ភ្ញាក់ឡើងខ្ញុំអត់ទាន់ធ្វើអីទេ ខ្ញុំវ៉ៃសិននៅតម្រូវការដែលខ្ញុំត្រូវធ្វើ។ អញ្ចឹងវាចំណេញពេលអោយយើងច្រើនដែរ។ ពីមុនគេថា ទាល់តែយើងចុះទៅសរសេរៗ ហើយបានបញ្ជូនទៅអោយគេវ៉ៃ។ ឥឡូវអត់ទេ វ៉ៃតែម្តង ហើយចង់ជូនយោបល់អីទៀត វ៉ៃបន្ថែមទៅ។ បច្ចេកវិទ្យាកាន់តែខ្ពស់ តែបើមនុស្សមិនចេះប្រើ (វាក៏)មិនខ្ពស់ … អញ្ចឹងបានខ្ញុំទាមទារនូវលក្ខខណ្ឌចំាបាច់ បើមិនចេះបច្ចេកវិទ្យា កុំតែងតំាង នំាខាតគេខាតឯង នំាគេរវល់។ ប៉ុន្តែខ្ញុំជឿជាក់ទៅលើសមត្ថភាពរបស់ប្រជាជនកម្ពុជារបស់យើង ជាពិសេសទៅលើយុវជន ដែលសព្វថ្ងៃនេះការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានកាន់តែជឿនលឿន កាន់តែមានប្រសិទ្ធភាព …
កុំលឿនពេក ហើយកុំយឺតជ្រុល
ប្រើផង ស្រាវជ្រាវផង។ សុំនិយាយបន្តិចអំពីបច្ចេកវិទ្យា។ ខ្ញុំបង្កើតក្រុម រួចហើយពេលមានការដែល ចាំបាច់ផ្តល់ឲ្យតាមគោលដៅ (ពេល)ខ្ញុំត្រូវទៅម្នាក់ ខ្ញុំឲ្យម្នាក់ ប៉ុន្តែបើទៅជាក្រុម ខ្ញុំឲ្យទៅក្រុម។ ខ្ញុំក៏ពិនិត្យមើលដែរ។ អ្នកខ្លះមកយឺតពេល អ្នកខ្លះមកលឿនជ្រុល។ អាលឿនជ្រុលធ្វើឲ្យរំខានយើងវិញទេ … ជួនកាលឯកសារបីបួននោះ ត្រូវយកចេញពីកម្មវិធីមួយ បញ្ចូលមកមួយទៀត និងជួនកាលត្រូវ Copy យកមក ស្រាប់តែគាត់វាយកាត់ថា បានទទួលបានហើយ។ អញ្ចឹងវាមិនដាច់។ អាហ្នឹង ហៅថា លឿនពេក។ ជួនកាលឯកសារហ្នឹងគឺមិនបានមើលផង ប៉ុន្តែដើម្បីបង្ហាញថាបានទទួល ក៏វាយមក។ ដល់វាយមកវារំខានដល់យើង កាត់ឯកសារជាកង់ៗ។ មួយទៀត ខ្ញុំគិតថា ជួនកាលឯកសារទៅទាំងប្រាំទំព័រ អត់ទាន់បានកន្លះនាទីផង គាត់ថាទទួលបាន។ អញ្ចឹងមានន័យថា គាត់អត់បានមើលផង គាត់វាយត្រឡប់មកវិញ។ ដល់មួយប្រភេទទៀត ប្រាំថ្ងៃបានឆ្លើយតប។ ទទួលបានហើយសម្តេច។ ខ្ញុំចេះតែឆ្ងល់ថា ទទួលបានហើយសម្តេច ទទួលស្អី ដល់មើលទៅថា អាហ្នឹងតាំងពីប្រាំថ្ងៃមុន ប៉ុន្តែគាត់ទើបភ្ញាក់ ទើបបើកមើលទូរស័ព្ទ។ អញ្ចឹងទីមួយសូមរំលឹក លឿនពេក គឺថាអត់បានមើលខ្លឹមសារជាអីទេ ហើយរំខានពេលដែលយើងវាយចេញបន្ត។ ជួនកាលដល់ថ្នាក់ថា សូមកុំអាលវាយ ខ្ញុំមានឯកសារបញ្ជូនទៀត ព្រោះមិនអញ្ចឹងគាត់ចេះតែវាយមក។ អ្នកដែលយឺតក៏វាយឺតដែរ។ លឿនវាល្អហើយ ក៏ប៉ុន្តែរង់ចាំបន្តិច ដើម្បីថាអស់ឯកសារឬនៅ? …
ខិតខំបង្កើនសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
… អ្វីដែលយើងត្រូវធ្វើគឺខិតខំធ្វើយ៉ាងណាបង្កើនសមត្ថភាពនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់កម្ពុជាយើង ដោយប្រើប្រាស់រាល់មធ្យោបាយ។ កន្លងទៅមានហើយពាក្យ E-government E-commerce ស្អីហ្នឹង តែខ្ញុំចង់បានលើសពីហ្នឹង ខ្ញុំចង់បាន E-people មានន័យថាប្រជាជនអេឡិចត្រូនិចតែម្តង។ បើយើងចង់បានអាហ្នឹង ទាល់តែយើងមានអ៊ីនធើណែតល្បឿនលឿនទើបអាចដោះស្រាយបាន បើមិនអញ្ចឹងវានៅវិលៗនៅហ្នឹង ព្រោះប្រើច្រើនគ្នា។ ខ្ញុំពឹងលើរបស់ខ្ញុំ។ ទៅណា កាន់ពឹងលើអាហ្នឹងយកមួយដុំទៅ ហើយអាហ្នឹងក៏មានទីផ្សារដែរ។ បន្តិចទៀត មិនដឹងខែប៉ុន្មាន ការភ្ជាប់ក្រោមបាតសមុទ្រមកដល់ (ថ្ងៃ ១៩ ខែ ១២ មកដល់កំពង់សោម តភ្ជាប់ពីម៉ាឡេស៊ី ថៃ និងកម្ពុជា) ហើយសម្ពោធពេលណា? ត្រូវតែពង្រឹងជាបន្តបន្ទាប់ មិនអាចថ្លោះធ្លោយបញ្ហាហ្នឹងបានទេ។
ខ្ញុំមានមោទនភាពប្រៀបធៀបពេលខ្ញុំទៅប្រទេសដទៃ ប្រទេសខ្លះអត់ទេ វ៉ៃវាមិនចេញតែម្តង កុំថាឡើយវ៉ៃបញ្ជូនសារតាមរយៈអ៊ីម៉េល តាមស្អីៗ គឺអត់ចេញ សូម្បី SMS ក៏អត់ចេញតែម្តង។ ប៉ុន្តែនៅប្រទេសយើង 4G ផ្តល់អោយយើងច្រើន។ តាមរយៈកាបអុបទិចដែលយើងធ្វើបាន ជួយសម្រួលអោយយើងច្រើនណាស់។ ឥឡូវនេះ សម្រាប់ការប្រជុំគណៈរដ្ឋមន្ត្រីរបស់យើង យើងមានភាពងាយស្រួលនៅក្នុងការដែលយើងមិនចាំបាច់ហៅចៅហ្វាយខេត្ត។ ឥឡូវហ្នឹង មិនចាំបាច់ត្រូវការវីដេអូ Conference ថែមទៀត។ យើងចង់ពិនិត្យឯកសារអីមួយចំនួន យើងហៅតាមទូរស័ព្ទហើយមើលមុខគ្នាឃើញ វីដេអូ Conference ពេលប្រជុំគណៈរដ្ឋមន្ត្រី យើងបើកឱកាសអោយចៅហ្វាយខេត្ត ខាងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធភ្ជាប់វីដេអូ Conference។ ពីមុនដែលយើងចំនាយពេលច្រើន រាប់ទាំងការរត់សំបុត្រ អស់សាំងមិនចេះតិច ឥឡូវគឺបញ្ជូនទៅតាមអាហ្នឹងរហ័ស ហើយឆ្លងឆ្លើយគ្នាបានលឿន។
សុំ ប៉ាគីអៅ ជួយលើ ២ ចំនុច ក្រៅពីវិស័យកីឡា
ខ្ញុំសូមនិយាយប៉ុណ្ណឹងទៅចុះ អោយនិយាយតទៅទៀតក៏អស់កម្លាំងដែរលោកអើយ។ ប្រើខ្ញុំគឺប្រើពេកហើយ។ គិតថាធូរស្បើយជាងរាល់ឆ្នាំ ប៉ុន្តែផ្ទុយទៅវិញអត់។ ម្សិលមិញត្រូវចំណាយពេលមួយថ្ងៃទទួលប្រធានាធិបតីហ្វីលីពីន ការចរចាទទួលផលល្អ ហើយមានទាំងសេ្តចប្រដាល់ទៀត។ ខ្ញុំនិយាយក្នុងពេលប្រជុំផ្លូវការ ទៅកាន់ ប៉ាគីអៅ នៅមុខប្រធានាធិបតី សូមអញ្ជើញគាត់ត្រឡប់មកវិញ ហើយសុំអោយគាត់ជួយលើរឿង ២ ទៀត ក្រៅពីវិស័យកីឡា ទី ១ អោយគាត់ជួយអំពាវនាវទាក់ទងនឹងបញ្ហាកុំប្រើប្រាស់គ្រឿងញៀនក្នុងពេលដែលយើងមានយុទ្ធនាការបង្ក្រាបគ្រឿងញៀន ទី ២ គឺ សុវត្ថិភាពចរាចរណ៍ ព្រោះអ្នកល្បីៗអញ្ចឹង និយាយទៅ ក្រុមយុវជនស្តាប់។ អោយគាត់និយាយភាសាខ្មែរម្តងមើល។ កាលជំនាន់មុនយើងយកតួហូលីវូដមួយ ឈិន ឡុង យកមកពាក់មួកសុវត្ថិភាព។ ខ្ញុំថាពេលដែល ប៉ាគីអៅ មករៀបចំស្ពត ខ្ញុំនឹងនិយាយប្រាប់ថា បើក្នុងចិត្តគំនិតរបស់ខ្ញុំ និងមនុស្សជាច្រើន ប៉ាគីអៅ លេខមួយលើលោក មិនមែនលេខ ២ ទេ ព្រោះកាលពីវ៉ៃជាមួយផ្លយ គឺផ្លយគិតតែរត់ ប៉ុន្តែទីចុងបំផុតផ្លយទទួលបានមេដាយឈ្នះ ប៉ាគីអៅ … ជារឿងចម្រូងចម្រាសដល់ថ្ងៃនេះ គេមិនអស់ចិត្ត សូម្បីតែជនជាតិអាមេរិកខ្លួនឯងក៏មិនពេញចិត្តដែរ។ សុំទោសលោក ផ្លយ ព្រោះលោកក៏អត់ដឹងដែរ អាជ្ញាកណ្តាលទេ អ្នកឲ្យពិន្ទុ។ ផ្លយ គ្នាក៏អត់ដឹងដែរ។ ដល់គេឲ្យខ្សែក្រវ៉ាត់ ចេះតែយកទៅ។
បច្ចេកវិទ្យាព័ត៌មានជាចំណែកមួយនៃការជម្រុញខាងផ្នែកវិស័យសេដ្ឋកិច្ច
សម្រាប់ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីកសាងហើយ មិនទាន់បានអង្គុយផង ឥឡូវត្រូវទៅក្រសួង ការបរទេស ត្រូវកសាងអគារពីរនៅអមអាហ្នុងទៀត … ភ្នំពេញណា ពេលដែលចូលមកនៅដំបូង មនុស្សតែ ៧០ នាក់ទេ ហើយពេលហ្នឹង ដូចខ្ញុំនិយាយអញ្ចឹងមានទូរស័ព្ទ ២ លេខហ្នឹង ប្រឹងហៅទៅខេត្ត ឆ្លងតាមស្តង់ដាៗ គេអត់ដឹងថាយើងអ្នកធំ គេក៏មិនថ្ពក់ឲ្យ ដល់គេដឹងថាធំគេថ្ពក់ឲ្យលឿនទៅ។ ឥឡូវអត់មានត្រូវឆ្លងកាត់អ្នកណាទេ ស៊ីសងលើយើងចេះប្រើបច្ចេកទេសដើម្បីធ្វើទំនាក់ទំនងជាមួយគ្នា។ វាលឿនវារហ័ស ហើយជាការពន្លឿនជម្រុញសេដ្ឋកិច្ចឲ្យឈានឡើង។ កុំភ្លេចថាបញ្ហា Digital នេះ បច្ចេកវិទ្យាព័ត៌មាននេះ វាជាចំណែកមួយនៃការជម្រុញខាងផ្នែកវិស័យសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចរបស់យើងផងដែរ។
ថ្ងៃនេះ ដោយសារមានសិស្ស និស្សិត វិទ្យាស្ថានប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមក្នុងអង្គវិធីនេះ ចំនួន ៣០០ នាក់ ក្នុងម្នាក់ៗ ជូន ២ ម៉ឺនរៀល។ បានតែសិស្សទេណា យើងអ្នកមានប្រាក់ខែ មិនបាច់យកទេ។ … កំដរដៃ ហើយក៏ជិតដាច់ឆ្នាំហើយដែរ។ ថ្ងៃនេះ វាថ្ងៃ ១៥ ធ្នូ ចំខួបកំណើតប្រពន្ធខ្ញុំដែរ។ ម្សិលមិញ ក៏បង្ហោះជូនពរប្រពន្ធបន្តិច ហើយក៏ជិតដល់ខួបលើកទី ៤១ ឆ្នាំ នៃអាពាហ៍ពិពាហ៍ដែលការ ១៣ គូ នោះ ៥ មករា ១៩៧៦ និង ៥ មករា ២០១៧។ (មាន)ចៅដល់ទៅ ១៨ នាក់ ហើយចៅចុងក្រោយគឺចៅស្រី ថ្ពាល់ខួចទាំងសងខាងទៀត។ យើងចង់បានចៅប្រុសទៅចេញចៅស្រី។ ខ្វះម្នាក់សម្រាប់កីឡាបាល់ទាត់។ ប្រុសបានទើប ១០ ស្រី ៨ បើបង្កើតបាល់ទះ វាមិនចំណោទទេ បាល់ទះស្រីមួយក្រុម បាល់ទាត់ប្រុសមួយក្រុម ប៉ុន្តែបើត្រូវបង្កើតបាល់ទាត់ វាត្រូវតែ ១១ នាក់។ ប៉ុន្តែ អាចយកជីដូនមួយវាអីមកផ្គុំទៅបង្កើតបានហើយ។ បានមើលឃើញហើយ អ្នកណាត្រូវទាត់ខ្សែបម្រើ អ្នកណាត្រូវទាត់ខ្សែប្រយុទ្ធ កំពុងតែសម្លឹងមើលរាងអ្នកណារហ័សរហួនបន្តិច អាខ្សែការពារ។
ហើយជាមួយនឹងការប្រកាសសម្ពោធអគារថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាអបអរសាទរនៅ ពេលខាងមុខ ក្នុងការចូលឆ្នាំសកល ឆ្នាំថ្មី ២០១៧ នៅពេលខាងមុខនេះ សូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពល
ៈ កុំបីឃ្លៀងឃ្លាតឡើយ៕