សេចក្តីដកស្រង់សង្កថា, ពិធីសម្ពោធអគារទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការ​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវ​បន្តិច​ទៅ​លើ​បញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក​ បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាល​ពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង ​យ៉ាងហោច។ ពីគណៈកម្មការ ទៅជាក្រសួង ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជា​រូបរាង​តាម​គំ​និត​ផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរ​​តែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិ​នៃការ​កកើត​នៃស្ថាប័ន​​នេះឡើង។ ស្ថាប័ន​ប្រៃស​ណីយ៍ និងទូរគមនាគមន៍នេះ…