នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។
តាំងពីមុនមកទល់ពេលនេះ គឺខ្ញុំនៅតែបញ្ជាក់ច្បាស់ថា កម្ពុជាមិនមែនជាធុងសម្រាម សម្រាប់បោះចោល បច្ចេកវិទ្យាហួសសម័យពីបរទេសទេ។ កម្ពុជាគឺត្រូវការបច្ចេកវិទ្យាថ្មីទាន់សម័យ។ តាមរយៈខ្សែកាបអុបទិក ដែលកំពុងរាយក្រោមបាតសមុទ្រ គឺនឹងជួយជំរុញល្បឿនលឿន Internet សម្រាប់ប្រទេសយើង។ ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។ ទន្ទឹមនឹងនេះ សូមក្រុមហ៊ុនយកឱកាសគិតគូរ អំពី ការបាញ់បង្ហោះផ្កាយរណប ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ សម្រាប់ប្រទេសយើង។ ខ្ញុំក៏សូមរំលឹក ដល់មន្រ្តីយើងផងដែរ គឺត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យាអោយទាន់ពេលវេលា។ បើទោះបីបច្ចេកវិទ្យាកាន់តែ ខ្ពស់ តែបើមនុស្សយើងមិនទាន់សម័យ គឺនៅតែគ្មានប្រយោជន៍ដដែល។
ខ្ញុំសូមជូនពរបងប្អូនមន្រ្តីរាជការទាំងអស់ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេស នៅក្នុងឱកាសចូលឆ្នាំសាកលថ្មីខាងមុខនេះ៕