សេចក្តីដកស្រង់សង្កថា បើកការដ្ឋានសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្ទឹងត្រង់ ទៅក្រូចឆ្មារ

ស្ពានទី ៨ ប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកស្រុកកំណើតសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលខ្ញុំសូមប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី ៨ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ហិរញ្ញប្បទាន​ បូកជាមួយនឹងហិរញ្ញប្បទានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមស្ពាននៅតាមដងទន្លេមេគង្គនេះ មានចំនួនស្ពាន ៣៖ ស្ពានទី ១ គឺស្ពានទន្លេមេគង្គដែរ ដែលហៅថា សេកុង នៅឯស្ទឹងត្រែង។ ស្ពានទី ២ គឺ ស្ពានទន្លេមេគង្គស្ទឹងត្រែង។ សូមបញ្ជាក់ជូនបន្តិចថា ស្ពានទន្លេសេកុងស្ទឹងត្រែង គឺជាស្ពានមួយភ្ជាប់ទីមួយខេត្តស្ទឹងត្រែង ទៅជាមួយព្រំដែនឡាវឯណោះ។ ឯស្ពានទន្លេមេគង្គនៅស្ទឹងត្រែង​ គឺជាស្ពានមួយដើម្បីតភ្ជាប់រវាងខេត្តស្ទឹងត្រែង ក្រចេះ ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ បន្តចុះពីស្ទឹងត្រែងរហូតមកដល់ទីនេះ គឺយើងមានស្ពានមួយទៀត ដែលបើកការដ្ឋាននៅថ្ងៃនេះ។ បន្តទៅ…