ស្ពានទី ៨ ប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ
ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក។
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកស្រុកកំណើតសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលខ្ញុំសូមប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី ៨ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ហិរញ្ញប្បទាន បូកជាមួយនឹងហិរញ្ញប្បទានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមស្ពាននៅតាមដងទន្លេមេគង្គនេះ មានចំនួនស្ពាន ៣៖ ស្ពានទី ១ គឺស្ពានទន្លេមេគង្គដែរ ដែលហៅថា សេកុង នៅឯស្ទឹងត្រែង។ ស្ពានទី ២ គឺ ស្ពានទន្លេមេគង្គស្ទឹងត្រែង។ សូមបញ្ជាក់ជូនបន្តិចថា ស្ពានទន្លេសេកុងស្ទឹងត្រែង គឺជាស្ពានមួយភ្ជាប់ទីមួយខេត្តស្ទឹងត្រែង ទៅជាមួយព្រំដែនឡាវឯណោះ។ ឯស្ពានទន្លេមេគង្គនៅស្ទឹងត្រែង គឺជាស្ពានមួយដើម្បីតភ្ជាប់រវាងខេត្តស្ទឹងត្រែង ក្រចេះ ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ បន្តចុះពីស្ទឹងត្រែងរហូតមកដល់ទីនេះ គឺយើងមានស្ពានមួយទៀត ដែលបើកការដ្ឋាននៅថ្ងៃនេះ។ បន្តទៅ តាមដងទន្លេមេគង្គដដែល យើងមានស្ពានទន្លេមេគង្គព្រែកតាមាក់។
អញ្ចឹងចាប់ពីទន្លេសេកុងមេគង្គ និងរហូតទៅដល់ទន្លេមេគង្គនៅខាងក្រោម គឺមានស្ពាន ៤។ ឯនៅតាមដងទន្លេសាប គឺមានស្ពាន ២៖ ស្ពានមិត្តភាពកម្ពុជាចិន ព្រែកក្ដាម និងស្ពានមិត្តភាពកម្ពុជាចិន ជ្រោយចង្វារ។ គឺឡើង ៦ ហើយ។ ដល់ស្ពាន ២ ទៀត គឺនៅតាមទន្លេបាសាក់៖ ទី ១ ហៅថា ស្ពានមិត្តភាពកម្ពុជាចិន តាខ្មៅ និងទី ២ ហៅថា ស្ពានមិត្តភាពកម្ពុជាចិន កោះធំ។ ប៉ុន្តែខ្ញុំអាចជំរាបជូនឯកឧត្តម អគ្គរដ្ឋទូត Xiong Bo ថា ស្ពានទី ៨ នេះ មិនមែនជាស្ពានចុងក្រោយទេ។
តម្រូវការស្ពានឆ្លងទន្លេមេគង្គ ៣ បន្ថែមទៀត នៅពេលខាងមុខ
យើងខ្ញុំត្រូវការស្ពាន ៣ យ៉ាងតិច … គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ ដើម្បីនឹងដំណើរការក្នុងដំណាក់កាល ដែលយើងកំពុងតែអភិវឌ្ឍនេះ។ ស្ពាន ៣ នោះ គឺទី ១ ស្ពាននៅតាមដងទន្លេមេគង្គដែរ ប៉ុន្តែយើងធ្វើនៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដោយភាពងាយស្រួល។ នេះនៅតាមដងទន្លេមេគង្គដដែលទេ។ ឯស្ពានទី ២ យើងត្រូវការនៅតាមដងទន្លេមេគង្គដែរ ក៏ប៉ុន្តែភ្ជាប់រវាងជ្រោយចង្វារ និងស្វាយជ្រុំ អរិយក្សត្រ។ ឯស្ពានទី ៣ នៅតាមដងទន្លេមេគង្គក្រោម ក្ដីតាកុយ ជាមួយនឹងត្រើយម្ខាងផ្សេងទៀត។ នេះមិនទាន់គិតទៅដល់ស្ពានមួយចំនួនផ្សេងទៀតនោះទេ។ ខ្ញុំគិតថា នេះគ្រាន់តែជាការរៀបលំដាប់អាទិភាពស្ដីអំពីការកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ព្រះរាជាណាចក្រកម្ពុជារបស់យើង។
ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងរួចមុនចូលឆ្នាំខ្មែរ ឆ្នាំ ២០២១
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយសារតែគម្រោងការដ្ឋានទាំងឡាយ ដែលខ្ញុំបាននិយាយកាលពីពេលមុន ត្រូវបានកើតចេញជារូបរាង ហើយសូមបញ្ជាក់ថា តាមធម្មតា បានដាក់ផែនការកសាងវែង ក៏ប៉ុន្តែការដ្ឋានទាំងនោះ តែងតែរួចមុនពេលកំណត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាជននៅក្នុងខេត្តកំពង់ចាមរបស់យើង និយាយដោយឡែក និងនិយាយជារួមនៅទូទាំងប្រទេស ដែលទទួលផលប្រយោជន៍ពីការឆ្លងកាត់នៅតំបន់នេះ នឹងទទួលបានការឆ្លងស្ពាននៅទីនេះ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ ២០២១។ ឆ្នាំ ២០២១ ធ្មេចបើកៗ វាដល់ទៅទៀតហើយ ជាការពិត។ សម្រាប់អ្នកដែលរង់ចាំ វាពិតជាយូរ ប៉ុន្តែសម្រាប់យើង ធ្វើការមួយថ្ងៃៗ គឺមួយអាទិត្យ ក្រឡេកផុតៗ ឥឡូវថ្ងៃនេះ ដល់ថ្ងៃសុក្រ ស្អែកថ្ងៃសៅរ៍។
ថ្ងៃសៅរ៍ អ្នកទាំងឡាយ ជាមន្រ្តីរាជការ គឺបានទទួលការសម្រាក ក៏ប៉ុន្តែអភ័ព្វតែខ្លួនខ្ញុំទេ ថ្ងៃសៅរ៍ នៅមានការងារធ្វើទៀត ថ្ងៃអាទិត្យមានការងារធ្វើទៀត គេមិនអោយខ្ញុំឈប់ទេ។ ប៉ុន្មានថ្ងៃមុនហ្នឹង ខ្ញុំនិយាយលេងថា ការងារនេះ ជំងឺនេះ ជាជំងឺមួយដែលធ្វើអោយខ្ញុំធ្វើការអោយជាប់ អង្គុយប្រជុំមួយព្រឹកទល់ថ្ងៃត្រង់ អត់មានបញ្ហាអ្វីទាំងអស់ ស្រាប់តែដល់ឡើងលើគ្រែ ឈឺពោះ។ ដល់ពេលចុះពីលើគ្រែមក ស៊ីញ៉េឯកសារ អត់ឈឺ។ ឡើងលើគ្រែ ឈឺពោះទៀត។ អាហ្នឹងគេហៅថា ជំងឺអោយធ្វើការ។ អញ្ចឹងសូម្បីជំងឺ ក៏វាអត់អនុគ្រោះអោយខ្ញុំដែរ។
យ៉ាងណាក៏ដោយ ថ្ងៃនេះ យើងបើកការដ្ឋានសាងសង់ស្ពានមួយ ដែលឆ្លងកាត់ទន្លេមេគង្គចំនួន ១ ១៣១ ម៉ែត្រ ដែលជាជំនួយមួយ(របស់សាធារណរដ្ឋប្រជាមានិតចិន)។ ពាក្យដែលយើងប្រើពីមុននេះ យើងប្រើពាក្យថា ធ្វើស្ពាន ១០ ម៉ែត្រ ធ្វើស្ពាន ២០ ម៉ែត្រ ធ្វើស្ពាន ៣០ ម៉ែត្រ វាពិបាកណាស់ទៅហើយ។ ឥឡូវនេះ យើងហ៊ានធ្វើស្ពានដល់ទៅ ២ គីឡូម៉ែត្រ ស្ពានមួយគីឡូម៉ែត្រ យើងអាចធ្វើបាន។
ទំនាយមនុស្សមើលមិនឃើញ ៣៣ ឆ្នាំ ធ្វើជានាយករដ្ឋមន្រ្តី
នៅទីនេះ គឺសុទ្ធតែសាច់ញាតិរបស់ខ្ញុំ ដែលមកពីពាមកោះស្នា។ ខ្ញុំគិតថា អ្នកនៅទីនេះ បានស្គាល់ខ្ញុំច្រើនណាស់ តាំងពីកុមារភាព រហូតដល់ពេញវ័យ។ មានខ្លះ ក៏ធ្លាប់ធ្វើជាទាហានក្នុងដំណាក់កាលដែលខ្ញុំតស៊ូប្រឆាំងពួកឈ្លានពាននៅក្នុងទឹកដី នៃខេត្ត ត្រើយម្ខាងទៀតឯណោះ។ តើអ្នកណាដឹងបានថា កុមារមួយរូប ដែលមុននេះ ធ្លាប់តែឆ្លងកាត់ទូកដ ហើយបន្ទាប់ទៅធ្លាប់តែឆ្លងសាឡាងនៅតាមតំបន់នេះ នៅតាមតំបន់នោះ ដូចជាសាឡាងទន្លេបិទ សាឡាងព្រែកក្ដាម សាឡាងអ្នកលឿង ក៏ប៉ុន្តែឥឡូវ បែរជាមកដឹកនាំប្រទេសមួយ កសាងស្ពាន (ហើយស្ពាន)ទាំងប៉ុន្មានដែលបានកសាង គឺកសាងនៅក្នុងដំណាក់កាលដែល ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី។ ទំនាយមនុស្សមើលមិនឃើញ ពិតជាមើលមិនឃើញមែន។ ខ្ញុំគ្មានការប៉ងប្រាថ្នាណាមួយអោយលើសពីកម្រិតត្រឹមតែធ្វើគ្រូបង្រៀនសាមញ្ញម្នាក់តែប៉ុណ្ណោះ។ មនុស្សដែលមិនចង់កាន់តំណែងនេះ វាបែរជាបានកាន់តំណែងហ្នឹងតែម្ដង។ កាន់តំណែងហ្នឹង អាសូរតែឆាប់ ត្រឹម ២-៣ ខែ ឬ ២-៣ ឆ្នាំ ឥឡូវ ៣៩ ឆ្នាំទៅហើយ ក្នុងហ្នឹងតំណែងនាយករដ្ឋមន្រ្តីរហូតទៅដល់ ៣៣ ឆ្នាំ។
មានម្នាក់មួយនោះ វាធ្វើអីមិនបាន ស្រាប់តែម្សិលម្ងៃ វាស្រែកថា «ឥឡូវដាក់កំណត់ទៅ ដាក់កំណត់ជាមួយគ្នាថា អាយុ ៦៥ ឆ្នាំ ត្រូវឈប់នយោបាយទាំងអស់គ្នា»។ អុញ! ឯងអ្នកជាប់គុកសោះ មកបបួលអញធ្វើនាយករដ្ឋមន្រ្តី អោយអញចុះពីតំណែងទៅជាប់គុកជាមួយហ្អែង? ហ្អែងជាប់គុក ជាប់គុកទៅ។ គ្មានច្បាប់ឯណា មកហាមឃាត់អារឿងហ្នឹងទេ។ សិទ្ធិធ្វើនយោបាយ អ្នកឯងមើលទៅក្នុងរដ្ឋធម្មនុញ្ញមើល៎។ គេចង់ដាក់ក្នុងរដ្ឋធម្មនុញ្ញថា ធ្វើនាយករដ្ឋមន្រ្តីត្រឹមតែអាយុ ៦៥ ឆ្នាំបានហើយ។ បើថា ឆ្កួតៗតែម្នាក់ឯងទៅ ឡប់ៗតែម្នាក់ឯងទៅ។ ខ្ញុំមិនចង់និយាយតជាមួយអាមនុស្សអស់ធុនហ្នឹងទេ ក៏ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយត្រង់ពាក្យដែលថា មានអាអ្នកចង់ធ្វើនាយករដ្ឋមន្ត្រីអាយុច្រើនជាងខ្ញុំទៅទៀត។ អញ្ចឹង វាបបួល។ អានេះចេះយកកាឡៃយកមកដូរមាសសុទ្ធ។ ណែ! បើថាឯងឆ្លាតជ្រុល អ្នកឯងឆ្លាតតែម្នាក់ឯងទៅ ដោយសារឯងឆ្លាត មិនគ្រប់គ្រាន់ហ្នឹងហើយ បានជាចាញ់រហូតហ្នឹង។ បញ្ហាស្ថិតនៅត្រង់ថា អ្នកឯងមានកម្រិតឆ្លាតវៃគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនេះឬអត់? មានសមត្ថភាពឬអត់? តែប៉ុណ្ណឹងទេ។ ត្រង់អ្នកឯង មកពីត្រង់ណាអីត្រង់ណា គឺជារឿងមួយផ្សេង។ ណ្ហើយ! … ឆ្កែព្រុស យើងព្រុសដាក់ឆ្កែក៏វាពិបាក។ ឆ្កែខាំជើង យើងយកមាត់យើងទៅខាំជើងឆ្កែ ក៏វាពិបាកដែរ។
ពេលខ្លះក៏គួរតែត្រូវនិយាយបន្តិចអោយវាដឹង។ ដោយសារគេមិនល្ងង់ដូចអ្នកឯងហ្នឹងហើយ បានជាកាន់អំណាចរហូតជិត ៤០ ឆ្នាំឯណោះ។ បើគិតពីដំណាក់កាលនៃការតស៊ូរំដោះប្រទេសជាតិហ្នឹង ៤០ ឆ្នាំ ជាងទៅហើយ។ អញ្ចឹងទេ គួរតែព្រមយល់ហើយ។ ប៉ុន្តែ រឿងមួយដែលខ្ញុំធ្វើអោយអ្នកឯងភ្លឺភ្នែកអោយច្បាស់។ កាលពី ១៥ ឆ្នាំ មុនអ្នកឯងនិយាយពីអី? អ្នកឯងនិយាយថា “មានស៊ី អត់សែន មានសែន អត់ស៊ី” មានន័យថា បើមានគេ អត់ខ្ញុំ មានខ្ញុំ អត់គេ។ ឥឡូវ ខ្ញុំធ្វើអោយដូច។ ខ្ញុំធ្វើអាហ្នឹងអោយដូច ធ្វើអោយដូចមួយជីវិត ទាល់តែងាប់រៀងខ្លួន។ មានឯង អត់អញ មានអញ អត់ឯង។ ខ្ញុំធ្វើតាមអ្នកឯងទេ។ ខ្ញុំអត់មានធ្វើតាមអ្នកណា ធ្វើតាមអ្នកឯងទេ។ អ្នកឯងដាក់ចេញនូវគោលនយោបាយឃោសនា “មានសែន អត់ស៊ី មានស៊ី អត់សែន” ហើយអ្នកឯងអនុវត្តជារៀងរហូតមក … ខ្ញុំអត់ធ្វើអីទេ ខ្ញុំអនុវត្តផ្លូវច្បាប់តែប៉ុណ្ណឹង។
ខួបលើកទី ៦០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន
ថ្ងៃនេះ ឯកឧត្តម Xiong Bo បានលើកឡើង ក៏ដូចជា របាយការណ៍ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ថា ឆ្នាំនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន ដែលការទូតនោះ បានកសាងឡើងនូវក្នុងស្ថានភាពមួយ ដែលព្រះរាជាណាចក្រកម្ពុជាពេលនោះ និងប្រទេសចិនជួបការលំបាកដូចគ្នា (និង)ជាកេរ្តិ៍ដំណែលព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិរបស់យើង សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹងលោកប្រធាន ម៉ៅ សេទុង ក៏ដូចជា នាយករដ្ឋមន្ត្រី ជូ អេនឡាយ។ នៅក្នុង ដំណាក់កាលនោះ គេអាចមើលឃើញថា ប្រទេសកម្ពុជាជួបការលំបាកខ្លួនឯង ហើយពេលនោះ ចិនមិនទាន់ក្លាយទៅជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខទេ។ ពេលនោះតៃវ៉ាន់ទេ ដែលជាតំណាងរបស់ចិននៅក្រុមប្រឹក្សានៅក្នុងអង្គការសហប្រជាជាតិ។ ប៉ុន្តែ ព្រះមហាក្សត្ររបស់យើងកាលពីពេលនោះ ក្រោយមកជាព្រះប្រមុខរដ្ឋ ព្រះអង្គបានចូលទៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយព្រះអង្គអំពាវនាវអោយអង្គការសហប្រជាជាតិទទួលស្គាល់ចិន ជាតំណាងតែមួយគត់របស់ចិន។ ចំណុចនេះ ជារបត់ប្រវត្តិសាស្ត្រ ដែលបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ កសាងទំនាក់ទំនងបន្តទៀត។ មិនខុសទេ នៅក្នុងការចាប់ដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន។
ការអនុវត្តនយោបាយចិនមួយ គឺមានតម្លៃស្មើនឹងការគោរពឯករាជ្យ អធិបតេយ្យរបស់កម្ពុជាខ្លួនឯង
ឥឡូវនេះ យើងបន្តនូវនយោបាយរបស់ព្រះបរមរតនកោដ្ឋ។ ព្រះមហាក្សត្របច្ចុប្បន្នដែលជាព្រះរាជបុត្រ របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ហើយដែលព្រះមហាក្សត្របច្ចុប្បន្ន ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានបន្តក្នុងការដឹកនាំ ក៏ដូចជា រួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្ត នយោបាយចិនមួយ។ ការអនុវត្តនយោបាយចិនមួយ គឺមានតម្លៃស្មើនឹងការគោរពអធិបតេយ្យរបស់កម្ពុជា ខ្លួនឯង។ ខ្ញុំតែងនិយាយថា ការដែលយើងអនុវត្តបន្ទាត់នយោបាយចិនមួយ គឺជាការគោរពនូវអធិបតេយ្យខ្លួនឯង ព្រោះនៅប្រទេសចិនមានបញ្ហាតៃវ៉ាន់ មានបញ្ហាទីបេ និងមានបញ្ហាដទៃទៀត។ ប៉ុន្តែ យើងដាក់ជាសញ្ញាសួរទៅមើលថា ប្រសិនបើចិនគាំទ្រអោយប្រទេសណាមួយផ្តាច់ខេត្តកោះកុង ឬផ្តាច់ខេត្តណាមួយចេញពីប្រទេសកម្ពុជា តើយើងខឹងទេ? យើងពិតជាខឹង។ ចុះត្រង់យើងទាក់ទងជាមួយចិនប៉េកាំង ហើយបែរជាយើងដាក់ទំនាក់ទំនងការទូតជាមួយនឹងចិនតៃវ៉ាន់ តើចិនខឹងទេ? ច្បាស់ជាខឹង។ បើដូច្នោះ និយាយជាមួយគ្នាតាមរបៀបគោរពឯករាជ្យ និងអធិបតេយ្យភាពរៀងៗខ្លួន។
មិនអនុញ្ញាតតៃវ៉ាន់ដាក់ស្ថានតំណាង និងលើកទង់ជាតិនៅរាល់បុណ្យជាតិ, ការរកស៊ីនឹងគ្នាជារឿងធម្មតា
ខ្ញុំក៏សូមបញ្ជាក់ ដោយសារតែជិតចូលឆ្នាំចិនមកដល់។ ខ្ញុំបញ្ជាក់ថា យើងគ្រាន់តែមិនអនុញ្ញាតអោយចិន តៃវ៉ាន់ដាក់ការិយាល័យស្ថានតំណាងនៅទីក្រុងភ្នំពេញ ក៏ដូចជា ការលើកទង់ជាតិតៃវ៉ាន់នៅរាល់បុណ្យជាតិ ឬទីកន្លែងណាក៏ដោយក្នុងប្រទេសរបស់យើង។ ក៏ប៉ុន្តែ យើងមិនបានរារាំងនូវការរកស៊ីជាមួយនឹងអ្នកវិនិយោគិនមកពីតៃវ៉ាន់ទេ រាប់ទាំងការហោះហើររបស់យន្តហោះពីតៃវ៉ាន់មកកាន់កម្ពុជា ទៅកាន់សៀមរាប ទៅកាន់ភ្នំពេញ គឺគ្រប់កន្លែងយើងរកស៊ីជាមួយតៃវ៉ាន់។ ការរកស៊ីជាមួយគ្នា គឺជារឿងធម្មតា។
ការរីកចម្រើនរបស់កម្ពុជាមួយផ្នែកបានពីមិត្តចិន
ទំនាក់ទំនងនេះវាបានពូនជ្រុំតាំងពីអតីតកាលរយៈពេល ៦០ ឆ្នាំមុន។ តាំងពីខ្ញុំទើបនឹងមានវ័យ ៥-៦ ឆ្នាំ ឯណោះ។ ឥឡូវ វ័យនេះបានឈានចូលដល់ដំណាក់កាល ៦០ ឆ្នាំហើយ។ នៅឆ្នាំ ២០១០ ភាពដៃគូជាយុទ្ធសាស្ត្រ ត្រូវបានប្រកាសឡើង ក្នុងទំនាក់ទំនងរវាងកម្ពុជាចិន នៅពេលដែល ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង ទស្សនកិច្ចនៅកម្ពុជាឆ្នាំ ២០១៦, ខ្ញុំទស្សនកិច្ចនៅប្រទេសចិននៅឆ្នាំ ២០១៧ កន្លងទៅ។ នាយករដ្ឋមន្ត្រីចិនទស្សនកិច្ចនៅកម្ពុជាកាលពីខែមករាឆ្នាំនេះ។ ទំនាក់ទំនងទាំងនេះបានបញ្ចេញនូវលទ្ធផលរបស់វា តាមរយៈការរុញចូលទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចចាត់ទុកថា យើង និងចិន បានរួមចំណែករួមគ្នានៅក្នុងការកសាងទំនាក់ទំនងនេះ ហើយឆ្លងកាត់នូវទំនាក់ទំនងនេះ ការរីកចម្រើនរបស់កម្ពុជាក៏ត្រូវពឹងអាស្រ័យមួយផ្នែកទៅលើសាធារណរដ្ឋប្រជាមានិតចិន។ យើងចង់អោយមិត្តចិនមានការរីកចម្រើនខ្ពស់។
តើយើងត្រូវទទួលទេសចរចិន ឬត្រូវទទួលជនភៀសខ្លួនរបស់ចិន?
ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់បន្តិច នៅពេលដែលខ្ញុំចូលរួមនៅក្នុងសន្និសីទអន្តរជាតិមួយ នៅក្នុងឆ្នាំ ២០០១ គឺជាឆ្នាំមុនពេលដែលចិនចូលអង្គការ WTO (អង្គការពាណិជ្ជកម្មពិភពលោក)។ ពេលនោះ មានសំណួរមួយបានសួរមកខ្ញុំថា តើមានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិនទេ នៅពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញថា តើយើងត្រូវទទួលទេសចរចិន ឬត្រូវទទួលជនភៀសខ្លួនរបស់ចិន? នេះជាចម្លើយដែលខ្ញុំឆ្លើយនៅក្នុងសន្និសីទ(មានមនុស្សចូលរួម) ប្រមាណជា ៥ ពាន់នាក់ នៅពេលនោះ។ អតីតកាលបានបង្ហាញច្បាស់រួចមកហើយ។ កាលពី(ពេល)ចិនទទួលការឈ្លានពានពីបរទេស ចិនជួបកលិយុគ ចិនបានមកនៅប្រទេសកម្ពុជា ច្រើនណាស់កាលពីពេលនោះ។ មកក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះមិនតិចទេ។ នៅពាមកោះស្នារបស់យើងនេះ មាន ចិកស៊ឺ និយាយខ្មែរ(អត់ច្បាស់ទេ)។ នៅអារក្សត្នោត ចិកឃាង។ សុទ្ធតែមានចិនមួយក្រុមៗ ហូរហែរអញ្ចឹង។ ចិនហ្នឹងមកពីណា? ដោយសារប្រទេសចិនពេលហ្នឹងជួបកលិយុគ ហើយត្រូវគេឈ្លានពាន ដូច្នេះប្រជាជនចិនរត់ចេញមកអាស៊ីអាគ្នេយ៍ ក្នុងហ្នឹងក៏មានមកដល់ប្រទេសកម្ពុជាដែរ។ នៅត្រើយម្ខាងខាងស្ទឹងត្រង់របស់យើងនេះ មិនសូវសំបូរជនជាតិចិនទេ មិនសូវសំបូរអ្នកដែលកាត់ចិនទេ ត្រើយម្ខាងក្រូចឆ្មារទើបសំបូរ ក្នុងហ្នឹងប្រពន្ធខ្ញុំគឺដើមកំណើតរបស់គាត់នៅកោះហៃណាន់។ ទៅមើលផ្នូរបានផ្ទៀងផ្ទាត់អក្សរទៅនៅម្ដុំកោះហៃណាន់ទៅវិញទេ។ ហ្នឹងពូជអម្បូរគាត់ចេញពីហ្នឹង។ អញ្ចឹងដែលខ្ញុំធ្លាប់និយាយលេងថា ស្ដេចនិរទេស (ធន)ជ័យ ទៅស្រុកចិនដល់ស្ដេចក្រុងចិនចាញ់ប្រាជ្ញា អាជ័យ ក៏បញ្ជូន អាជ័យ ត្រឡប់មកស្រុកខ្មែរ ហើយអោយចិនប៉ុន្មានសំពៅហែរហម អាជ័យ មក ដល់ហែរហមមក ក៏នៅតាមដងទន្លេមេគង្គ ខ្លះទៅនៅតាមមាត់សមុទ្រនៅកំពត កំពង់សោមនេះ។ អាហ្នឹងវាមានរឿងប្រវត្តិរបស់វាអញ្ចឹង។
ឥឡូវនេះ អ្វីដែលជាចម្លើយពិត ទេសចរចិនបានឡើងដល់ ១,២ លាននាក់ ឆ្នាំកន្លងទៅ។ ១,២ លាននាក់ ជិតដល់គោលដៅ ០,០១%។ ខ្ញុំគិតថាទេសចរចិននឹងអាចឡើងទៅ ២ លាននាក់ ឬលើសពីនេះ ព្រោះឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍ចិនហោះចូលមកកម្ពុជាច្រើន ឯក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជាដែលបង្កើតនៅកម្ពុជា ក៏ហោះទៅតាមបណ្តាខេត្តរបស់ចិនកាន់តែច្រើន។ ១,២ លាននាក់ របស់ចិនមកកាន់កម្ពុជាមិនតូចទេ គ្រាន់តែថ្លៃ Visa (ទិដ្ឋាការ) មួយលាននាក់បាន ៣០ លានដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង ចិនត្រូវយកលុយមកចាយ។ បើយើងទុកអោយប្រទេសចិនមួយក្រ ជួបការលំបាក ស្រាប់តែ ៣០ លាននាក់រត់ចេញពីប្រទេសចិន ខ្លះរត់មកនៅស្រុកខ្មែរ ខ្លះទៅនៅវៀតណាម ខ្លះទៅនៅថៃ ខ្លះទៅនៅម៉ាឡេ ខ្លះទៅនៅប្រទេសនេះ ប្រទេសនោះ (យ៉ាងណាទៅ)។ ចិនមិនគ្រាន់តែដោះស្រាយបញ្ហាប្រជាជនចិន ១ ៣៥០ លាននាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ចិននឹងជួយរួមចំណែកទៅដល់ការអភិវឌ្ឍប្រទេសដទៃទៀតផង។
សារព័ត៌មានទទួលពានរង្វាន់និយាយភូតកុហកពីលោក ដូណាល់ ត្រាំម៍ (ប្រធានាធិបតីអាមេរិច)
… យើងត្រូវមើលឃើញពីភូមិសាស្រ្ត អំពីក្របខណ្ឌដែលយើងត្រូវរៀបចំគោលនយោបាយមួយអោយបានត្រឹមត្រូវ សម្រាប់ទំនាក់ទំនងនៅក្រៅប្រទេស ពិតហើយអ្នកខ្លះគេតែងនិយាយថាយើងទៅជិតចិនពេក។ ប៉ុន្តែខ្ញុំសូមសួរត្រឡប់ទៅវិញអ្នកដែលចោទខ្ញុំថា ខ្ញុំទៅជិតចិនពេកនេះ តើអ្នកបានផ្ដល់អ្វីអោយខ្ញុំ ក្រៅតែពីជេរខ្ញុំ និងប្រដៅខ្ញុំ និងគំរាមដាក់ទណ្ឌកម្មខ្ញុំ? កាសែត The News York Times ថ្ងៃមុនបានទៅ ពេលដែលខ្ញុំជួបកម្មករ គាត់ថតរូបខ្ញុំជាប់រហូត តាំងពីកម្មករថើបខ្ញុំ ក៏គាត់ថត កម្មករអោបខ្ញុំ ក៏គាត់ថត។ ឥឡូវថ្ងៃនេះគាត់បានមកដល់ស្រុកកំណើតខ្ញុំ។ ចាំមើលគាត់យកទៅ(សរសេរយ៉ាងមិច)។ ប៉ុន្តែខ្ញុំចង់ដឹងថាតើមាន Fake New ទៀតឬអត់? ព្រោះអញ្ចេះ The News York Times បានទទួលពីប្រធានាធិបតី ត្រាំម៍ នូវពានរង្វាន់និយាយកុហក។ ដែលមានទូរទស្សន៍ CNN មាន The News York Times មានប៉ុន្មានទៀតឯណោះ។ គេហៅបានពានរង្វាន់និយាយភូត(កុហក) ដែលគេហៅថា Fake News ព័ត៌មានក្លែងក្លាយ ព័ត៌មានកុហក។ អញ្ចឹងទេ ថតរូបទៅ ហើយបើបានបង្ហោះទាំងអស់ល្អ កុំរើសយកតែអាក្រក់យកទៅបង្ហោះ។ អរគុណណាស់ដែលបានធ្វើដំណើរមកដល់ស្រុកកំណើតរបស់ខ្ញុំនោះ។
ទំនាក់ទំនងល្អមានភាពស្មើគ្នារវាងចិន និងកម្ពុជា
… ទាក់ទិននឹងបញ្ហាគោលនយោបាយ ប្រទេសមិនមែនតែកម្ពុជាមួយទេ អាស៊ានទាំងមូល និងប្រទេសដ៏ទៃទៀត ឥឡូវនឹងរាប់ទាំងប្រទេសវេនេហ្ស៊ូអេឡា នៅក្បែរអាមេរិកឯណោះត្រូវមកខ្ចីលុយចិនឯណេះវិញ។ ចិនរីកចម្រើន ចិនអាចរួមចំណែកជួយប្រទេសដទៃ។ អញ្ចឹងប្រទេសដទៃដែលបានចោទ ហ៊ុន សែន បានដឹកនាំប្រទេសទៅកៀកចិនពេក តើអ្នកបានផ្ដល់អី្វឲ្យខ្ញុំក្រៅតែពីធ្វើបាបខ្ញុំ? តែខ្ញុំចង់ធ្វើមិត្តជាមួយអ្នក។ គ្រាន់តែសុំធ្វើមិត្តជាមួយអ្នក អីក៏វាពិបាកម្ល៉េះ។ ពេលខ្លះខ្ញុំនិយាយត្រង់ៗ គ្រាន់តែសុំធ្វើមិត្តជាមួយអ្នកឯង ម៉េចក៏លំបាកម្ល៉េះ អ្នកឯងចេះតែចោទថា ខ្ញុំទៅកៀកចិនពេក ចុះបើចិនគេធ្វើការជាមួយខ្ញុំ ស្រួល និងស្មើភាព។ ប្រទេសខ្លះត្រឹមតែអគ្គរដ្ឋទូតសោះ មកប្រដៅយើងដូចប្រដៅកូនក្មេង។ អោយខ្ញុំទ្រាំបានឬ? ចិនមិនមែនត្រឹមតែអគ្គរដ្ឋទូតទេ ប្រធានាធិបតីរបស់គេ នាយករដ្ឋមន្ត្រីរបស់គេ តាំងពីមុនរហូតមកឥឡូវ គេគោរពខ្ញុំណាស់។ គេត្រូវការគ្នា ភាពជាដៃគូស្មើភាព អត់មានអ្នកធំ អត់មានអ្នកតូច អត់មានប្រទេសធំ អត់មានប្រទេសតូច អត់មានអ្នកក្រ អត់មានអ្នកមានទេ ស្មើភាពគ្នា និយាយគ្នា បាយស៊ីមួយស្លាបព្រា មួយចាន មួយចានដូចគ្នា។ មនុស្សកើតឡើងវាអញ្ចឹង ខ្ញុំត្រូវការអាហ្នឹង អ្នកឯងអោយខ្ញុំបានទេប្រទេសនានា? ប៉ុន្តែឥឡូវរឿងដែលវាបានតភ្ជាប់មកការរីកចម្រើនរបស់យើង។ បើយើងគ្មានទំនាក់ទំនងល្អជាមួយចិន សួរថាស្ពាន ៨ ហ្នឹង ដែលវាបានកើតឡើងឆ្លងកាត់ទន្លេរបស់យើង មានឬអត់? ហើយថ្ងៃហ្នឹងយើងបានបើកការដ្ឋានឬអត់? បើចិន និងយើងមានទំនាក់ទំនងមិនល្អជាមួយគ្នា តើចិនគេអោយលុយទេ? គេឲ្យលុយមកធ្វើស្ពានទេ? ច្បាស់ជាគេមិនអោយទេ។
ការគំរាមកំហែងផ្ដាច់ជំនួយប្រទេសកម្ពុជាពីបណ្តាប្រទេសមួយចំនួន
ចំណុចនេះហើយជាចំណុចដែលយើងត្រូវមើលឃើញ។ ខ្ញុំចង់ធ្វើដៃគូជាមួយប្រទេសនានា … ប៉ុន្តែសួរថា … ស្ពានឆ្លងទន្លេមេគង្គ ក្រៅតែពីជប៉ុន មានតែរបស់ខ្មែរខ្លួនឯង និងរបស់ចិនប៉ុណ្ណោះ ក្រៅពីហ្នឹងអត់មានទេ។ រួចហើយចេះតែស្រែក។ រួចស្រែកគំរាមទៀត។ ជួនកាលលុយត្រឹមតែមួយលានសោះ កាត់ផ្ដាច់ជំនួយពីយើង។ មួយលានកាលពីឆ្នាំ ១៩៧៩ (ខ្មែរ)ចាត់ទុកថាសម្បើមណាស់។ ប៉ុន្តែមិនត្រូវភ្លេចថា ផលទុនជាតិរបស់កម្ពុជាមានរហូតទៅដល់ ២ ម៉ឺន ៤ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ប្រាក់បម្រុងអន្តរជាតិមាន ១ ម៉ឺនលាន បានសេចក្ដីថា ១០ ពាន់លាន។ អ្នកឯងផ្ដាច់ជំនួយប៉ុណ្ណឹង ខ្ញុំគ្រាន់តែប្រាប់សុំតែក្រុមហ៊ុនមួយត្រឹមតែមួយ ឬពីរលានដុល្លារ មានអីទៅពិបាក យកទៅជំនួសលុយលោកឯងនោះ។ សម័យនេះហើយ កុំមកធ្វើច្របាច់កគេ ក្រែងច្របាច់កខ្មែរ ច្របាច់ក ហ៊ុន សែន វាលៀនអណ្ដាតខ្លួនឯងទៅវិញ។ អ្នកខ្លះខ្ញុំរុញអោយផ្ដាច់ជំនួយអត់ហ៊ានទេ ខ្លាចងាច់ NGO ដែលគេចិញ្ចឹមនោះ។ ចេះតែគំរាមផ្តាច់ជំនួយ ខ្ញុំថាអញ្ចឹងផ្ដាច់អោយលឿនទៅ សូមផ្ដាច់អោយលឿន។ អត់ហ៊ានផ្ដាច់។ ព្រោះផ្ដាច់ទៅ វាងាប់អង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន …។
… យើងត្រូវការ NGO ក៏ប៉ុន្តែ NGO ខ្លះធ្វើចារកម្ម ធ្វើភ្នាក់ងារឲ្យបរទេស ដែលសម្រាប់បំផ្លាញយើងតែប៉ុណ្ណោះ។ ប៉ុន្តែមិនមែនបានសេចក្តីថា មកមុខចិនទៅនិយាយ(អាក្រក់)ឲ្យអ្នកដទៃ ហើយនិយាយល្អពីចិនទេ មិនមែនអញ្ចឹងទេ។ ខ្ញុំក៏មិនចង់និយាយពីបញ្ហាហ្នឹងច្រើនដែរទេ … ខ្ញុំសូមបញ្ជាក់ជូនបន្តិច តើស្ពាននេះត្រូវធ្វើពីណាទៅណា? ក្រៅពីស្ពាន ១ ១៣១ ម៉ែត្រ ដែលកសាងនៅទីនេះ យើងត្រូវកសាងនូវផ្លូវ ចាប់ពីផ្លូវជាតិលេខ ៧ ពីសួងមកដល់ត្រើយម្ខាងខាងនោះ ភ្ជាប់ជាមួយនឹងសា្ពន ហើយត្រើយខាងយើងខាងនេះ តភ្ជាប់ទៅផុតចម្ការលើ ចូលខេត្តកំពង់ធំឯណោះ។ អញ្ចឹងដើម្បីជាការតភា្ជប់ មិនមែនគ្រាន់តែកសាងស្ពាន ហ្នឹងមួយចប់ទេ យើងត្រូវជំរុញការដឹកជញ្ចូន ដែលតភា្ជប់ពីខាងសួង ទន្លេបិត និយាយរួមយើងកំពុងសិក្សាអំពីបណ្តាញផ្លូវហ្នឹង ដើម្បីភ្ជាប់វាតាមចំនៀរចម្ការកៅស៊ូ ហើយតភ្ជាប់វាមកកាន់ត្រើយម្ខាងខាងនោះ ឯត្រើយខាងនេះយើងត្រូវរុញវាចាក់ ចម្ការកៅស៊ូ ត្រង់ទៅចម្ការលើ ហើយភ្ជាប់ទៅកំពង់ធំឯណោះ។ ហ្នឹងហើយជាប្រព័ន្ធដឹកជញ្ចូនដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ។ នោះអ្នករៀនថ្នាក់ជាមួយខ្ញុំតាំងពីនៅបឋមសិក្សាឥឡូវចាស់រៀងខ្លួនហើយ។ តាំងពីកម្ពស់ៗនេះ។ កាលហ្នឹង មិនដឹងអ្នកណាជេរអ្នកណាទេ។ ប៉ុន្តែខ្ញុំមិនសូវចេះជេរគេទេ ច្រើនតែគេជេរខ្ញុំ។ មកដល់ឥឡូវហ្នឹង ខ្ញុំក៏អត់សូវជេរគេដែរ ច្រើនតែគេជេរខ្ញុំតែប៉ុណ្ណឹង។
អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ បំរើឲ្យសេចក្តីត្រូវការអភិវឌ្ឍប្រទេសជាតិ
… ពីដើម (ទូកដនេះ)បានទូកចែវឆ្លងទន្លេ បន្ទាប់ទៅមានទូកម៉ាស៊ីន ហើយមានសាឡាងឆ្លងនៅនេះ (ដែល)ខ្ញុំទើបតែយកឲ្យដាក់ទេ។ ដកពីអ្នកលឿង ដកយកទៅភ្នំពេញហើយ ដកយកពីភ្នំពេញយកមកដាក់នៅទីនេះ។ ថ្ងៃក្រោយ ជីវិតអ្នករត់សាឡាង នៅស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ត្រូវបញ្ចប់ទៀតហើយ។ សូមទោសយើងមិនអាចបន្តតាមរបៀបនេះតទៅទៀតបានទេ។ កាលពីមុនយើងត្រូវឆ្លងទូកដ ឬត្រូវឆ្លងសាឡាង ដោយប្រើប្រាស់ពេលវេលាកន្លះម៉ោង ឬច្រើនជាងហ្នឹងផង។ អ្វីដែលធ្ងន់ធ្ងរជាងនោះ គឺនៅត្រង់ថាអ្នកជំងឺ ឬស្ត្រីឆ្លងទន្លេ ដែលត្រូវសង្គ្រោះបន្ទាន់ តែនៅក្នុងពេលវេលាយប់ដែលទូកដមិនឆ្លង ឬសាឡាងមិនឆ្លង គឺមិនអាចបញ្ជូនបាន។ ប៉ុន្តែនៅពេលដែលស្ពានធ្វើរួច តម្លៃដែលយើងធ្លាប់បង់ថា ១ ម៉ឺនរៀល និងប្រើពេលកន្លះម៉ោង ដើម្បីឆ្លង។ ប៉ុន្តែនៅពេលដែលស្ពានធ្វើរួច យើងប្រើពេល ១០ នាទី និងមិនបានបង់ថ្លៃអ្វីទាំងអស់ នោះហើយគឺជាផលប្រយោជន៍។ មុននេះ ទោះបីយើងមានផលិតផល ដែលត្រូវផ្លាស់ប្តូររវាងអ្នកនៅខាងនោះ និងអ្នកខាងនេះ ជួបការលំបាក។ យើងត្រូវដឹកជញ្ចូនតាមទូក តាមកាណូត ហើយត្រូវលីសែង ចុះច្រាំងខាងនេះ ឡើងដាក់ទៅលើកាណូត ឬទូកឆ្លងទៅខាងនោះ។ ទៅដល់ខាងនោះ លីឡើងច្រាំង ប៉ុន្តែដល់ពេល(ស្ពាន)រួចហើយ ចាប់ផ្តើមស្រួលហើយ មិនត្រូវការ(លីសែង)ហ្នឹងទៀតទេ។ អញ្ចឹងបានជាខ្ញុំយកគោលដៅអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ ដើម្បីបំរើទៅឲ្យសេចក្តីត្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយ យើងមិនអាចបន្តតាមរបៀបសម័យដើម ដែលពេលសម័យនោះ មិនថាប្រទេសណាប្រទេសណាទេ ប្រទេសជាច្រើនដែលត្រូវឆ្លងកាត់ការលំបាក កលិយុគ ឬក៏ភាពក្រីក្រ …។
នយោបាយអាទិភាព ៤ ត្រូវ ៣០ ឆ្នាំទៅមុខទៀត
យើងបានខិតខំជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី រយៈពេល ៣១ ឆ្នាំ រួចមកហើយ ដែលខ្ញុំបានប្រកាសចេញនូវនយោបាយអាទិភាពបួនយ៉ាង ដែលកាលពីមុនហៅ ទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវនេះ ដើម្បីបំរើឲ្យសេចក្តីត្រូវការ យើងប្រើទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង (ហើយ)នៅតែបន្ត។ ត្រូវ៣០ ឆ្នាំរួចមកហើយៗ នឹងត្រូវ ៣០ ឆ្នាំទៅខាងមុខទៀត។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋមិនគ្រាន់តែអ្នកនៅតំបន់នេះទេ នឹងទទួលបានផលប្រយោជន៍។ ហើយសង្ឃឹមថា លោកតាលោកយាយ អ៊ុំ មា មីង ដែលមានព្រះជន្មចាស់ៗ កុំអាលទៅណាអី រង់ចាំមើលស្ពានសិន ឆ្លងស្ពានសិន។ ជួនកាលបើទោះបីជាឆ្លង ទោះបីជាមិនទាន់រួច ល្ងាចៗ ចៅៗអាចដឹកជីដូនជីតាមកមើល គេធ្វើស្ពានយ៉ាងម៉េចឆ្លងទន្លេនោះ។ កាលពីដើមនៅភូមិយើងពាមកោះស្នានេះ (មាន)ព្រែកតែ ២ ទេ គឺ ព្រែកតាយី ហើយនិងព្រែកអាចារ្យសួន។ ទម្រាំតែបានស្ពានម្តងៗហ្នឹងគឺចង់ងាប់ហើយ។ ឲ្យតែខែវស្សាឡើង អាទឹកបុកដាច់ទៅបាត់ហើយ។ ដល់ទៅពេលទឹកចុះមកវិញ ចាប់ផ្តើមបោះបង្គោលហើយដាក់ឫស្សីធ្វើស្នួរដើរ។ កាលណាមានទុនអីល្មមអញ្ចឹងទៅ នាំគ្នាចាប់ផ្តើមបោះបង្គោលប៉ុន្មានអញ្ចឹងទៅ ដាក់ប្រដឹសនាំគ្នាដើរទៅ។ តែឥឡូវស្ពានបេតុងអស់រលីងហើយ ចាក់កៅស៊ូអស់រលីងហើយ …។
កុំចាត់ទុកថានេះជាតំបន់និយម នៃការអភិវឌ្ឍ
… ខ្ញុំមកតាមនេះ ឃើញផ្លូវចាក់កៅស៊ូយ៉ាងមំាតភា្ជប់គ្នាអស់ហើយ ពីទន្លេបិទចេញមកដូចជានៅសល់ប៉ុន្មានគន្លាក់ទេ។ អញ្ចឹងសួរថា អ្នកពាមកោះស្នា អ្នកព្រៃសង្កែ អ្នកទួលរកា ពីដើមស្រមៃឃើញអាហ្នឹងទេ។ ពីដើមយើងបររទេះ សុទ្ធតែផ្លូវយើងដើរផង ជិះកង់ផង ហើយបររទេះផង។ តើអ្នកពាមកោះស្នា អ្នកទួលរកា អ្នកព្រះអណ្តូង អ្នកអន្លង់សំឡី អ្នកព្រៃប្រសព្វ អ្នកស្អីឡើងរហូតដល់ក្រចេះ ស្រមៃនឹកឃើញថាមានអាហ្នឹងទេ វាកើតឡើងទេ? ច្បាស់ជាមិននឹកទេ។ មានអគ្គីសនីប្រើប្រាស់ទេ? វាអត់ទេ។ ឥឡូវមាន(ដល់ទៅ)ទូរទស្សន៍ខ្សែកាប្លិ៍មើលទៀត។ ឥឡូវគេឈប់ប្រើអង់តែនហើយ។ គេប្រើអាខ្សែកាប្លិ៍។ វាឈានទៅដល់ដំណាក់កាលហ្នឹងហើយ។ ដូរទៅណាទៀត? ដូរព្រាត់ប្រាស់ទៅណា? គិតតែពីដូរៗ ដូរត្រង់បែរមុខទៅលិច ឬបែរមុខទៅកើត អញមិនដឹង។ គិតតែពីដូរ។ ដូរផ្កាប់មុខ។ ធុនហ្នឹងធុនងាប់ ដូរដូចឆ្នាំ ១៩៧០ ហ្នឹង ដូរផ្កាប់មុខ។ ដូររួចហើយគិតតែពីរត់។ រួចហើយនឹកសម្តេចឪវិញ។
ធ្មេចបើកៗស្ពាននេះនឹងបានរួចរាល់ ប៉ុន្តែ ខ្ញុំនៅតែបញ្ជាក់ ហើយក៏សុំអភ័យទោសពីសំណាក់អ្នកនៅក្រចេះ អ្នកនៅភ្នំពេញ សុំកុំចាត់ទុកថានេះជាតំបន់និយម លោក ហ៊ុន សែន ធ្វើតាមរបៀបតំបន់និយម មកធ្វើនៅស្រុកកំណើតគាត់។ នែ! ការពិត ស្ពាននេះជាស្ពានទី ៨ ហើយបើបូកទាំងស្ពានដទៃទៀត នេះជាស្ពានទី ១១ ឬស្ពានទី ១២ ផង បើស្ពាន លីយ៉ុងផាត់ មួយទៀត ដែលយើងទិញ យើងធ្វើខ្លួនឯង ស្ពានព្រះមុន្នីវង្ស ស្ពានជប៉ុនធ្វើ ២ ដូច្នេះ ស្ពានទីប៉ុន្មានដណ្តប់ហើយ ស្ពានឆ្លងដៃសមុទ្រដែលមានប្រវែងជាង ២ គីឡូម៉ែត្រ។ យើងនៅមានតម្រូវការធ្វើស្ពានបន្ថែមទៀត ហើយគំនិតរបស់ខ្ញុំចង់ធ្វើស្ពានច្រើនណាស់ឆ្លងទន្លេ ដើម្បីកុំឲ្យប្រជាជនពិបាកធ្វើដំណើរវែងឆ្ងាយ។ បើនៅតាមព្រែកមួយៗ គឺចង់ធ្វើស្ពានប៉ុន្មានរយម៉ែត្រ ឬថាមួយគីឡូឲ្យមានស្ពានមួយ ឲ្យវាបានច្រើន ហើយបើនៅតាមទីប្រជុំជនអាច ៣០០ ទៅ ៤០០ ម៉ែត្រស្ពានមួយៗ អាហ្នឹងចង់បានអញ្ចឹង ក៏ប៉ុន្តែលទ្ធភាពទុនរបស់យើងត្រូវរកទុនពីខាងណា?
មិនបានស្តាប់បង្គាប់អ្នកណា, ចង់បង្គាប់បញ្ជា ហ៊ុន សែន ក៏មិនបាន
… យើងបានប្រឹងប្រែងរួមគ្នានេះ ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងរីកលូតលាស់ឡើង ដែលខ្ញុំនឹងសង្ឃឹមថា យើងនឹងបន្តជំហានទៅមុខក្នុងដំណើរមួយដ៏រឹងមាំ។ គ្មានអ្នកណាអាចរារាំងដំណើរការអភិវឌ្ឍយើងបានទេ។ ជាក់ស្តែង នៅលើលោកនេះ ប្រទេសជាច្រើនចង់បំផ្លាញចិន ក៏ប៉ុន្តែ គេបំផ្លាញមិនរួច។ ចិនក៏ជាប្រជាជាតិមួយ ហើយក៏ជាប្រជាជាតិដែលមានប្រជាជនច្រើនជាងគេដែរ។ គេចង់បំផ្លាញចិន។ រាប់គ្រាន់តែចិនមកវិនិយោគនៅស្រុកខ្មែរ គេនាំថាអញ្ចេះ គេនាំថាអញ្ចុះ រហូតដល់អគ្គរដ្ឋទូតចិនប្រជុំសារព័ត៌មាន។ ការពិតគេច្រណែនជាមួយនឹងចិនដែលមករកស៊ីនៅកម្ពុជាច្រើន មកវិនិយោគនៅកម្ពុជាច្រើន ឯខ្លួនឯងមិនបានមក ចោទគេថា ចិនជះឥទ្ធិពលមកគ្របដណ្តប់។ ខ្ញុំមិនបានស្តាប់បង្គាប់បញ្ជាអស់លោកទេ … ក៏មិនត្រូវការបង្គាប់បញ្ជាប្រទេសណាដែរ។ ហើយបើសិនជាចង់បង្គាប់បញ្ជា ហ៊ុន សែន ក៏បង្គាប់បញ្ជាមិនបានដែរ។ យើងមានកិច្ចសហប្រតិបត្តិការដោយស្មើភាព និងស្មើសិទ្ធិជាមួយគ្នា។ ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទទួលផលពីការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាននេះនៅពេលខាងមុខ។ មិនដឹងថា មនុស្សប៉ុន្មាននាក់នឹងត្រូវឆ្លងកាត់ស្ពាននេះ គ្រាន់តែដាក់សាឡាងនេះ ឆ្លងនោះឆ្លង …។
មិនមែនបេក្ខជនសមាជិកព្រឹទ្ធសភា ហើយក៏មិនជួយឃោសនាបោះឆ្នោតឲ្យព្រឹទ្ធសភាដែរ
យបក្សនយោបាយនានា ស្អែកនេះ កតែម្តងេឹងខ្មែរ ញ្ហាច្រើនាំងអស់គ្នា សភាផងគាល់ ឺរឿង ម្យ៉ាងទៀត សងខាងគឺសុទ្ធតែផ្លូវបេតុង ផ្លូវកៅស៊ូទាំងអស់ទៅហើយ។ ដូច្នេះ វាងាយស្រួលណាស់។ ហើយបក្សនយោបាយនានា ស្អែកនេះ ក៏ត្រូវចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាហើយ។ ក៏ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបានហើយស្រេច ខ្ញុំមិនមែនជាបេក្ខជន នៃការឃោសនាជ្រើសរើសសមាជិកព្រឹទ្ធសភាទេ ហើយខ្ញុំក៏មិនជួយឃោសនាបោះឆ្នោតឲ្យសមាជិកព្រឹទ្ធសភាដែរ បើទោះបីខ្ញុំជាប្រធានគណបក្សប្រជាជនក៏ដោយ។ អញ្ចឹង ខ្ញុំនៅបន្តជួបជាមួយនឹងកម្មករ ខ្ញុំនឹងបន្តជួបជាមួយនឹងអ្នកនេះ អ្នកនោះ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល។ ដូច្នេះ ខ្ញុំនៅតែមានឱកាសផ្តល់អំណោយសម្រាប់កម្មករ ផ្តល់អំណោយសម្រាប់អ្នកនេះអ្នកនោះ បើសិនជាឃោសនាបោះឆ្នោតសកល អាហ្នឹងគឺអាចជាប់ក្នុងផ្លូវច្បាប់ ព្រោះពេលនោះខ្ញុំក៏ជាបេក្ខជនឈរឈ្មោះដែរ។ ឥឡូវ ខ្ញុំមិនមែនជាបេក្ខជនឈរឈ្មោះទេ។ ហើយខ្ញុំក៏មិនជួយឃោសនាបោះឆ្នោត អស់លោកណាដែលឈរឈ្មោះ ទៅដោះស្រាយខ្លួនឯងទៅ … អង្គបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទេ។ ទៅនិយាយខ្លួនឯងទៅ។ បើពេលហ្នឹង ខ្លួនឯងមិនចុះទៅទេ គេមិនបោះឲ្យ អាហ្នឹងគឺរឿងរបស់លោកឯងទេ។
ឯខ្ញុំរឿងរបស់ខ្ញុំ … កម្មវិធីរបស់ខ្ញុំនៅច្រើនណាស់។ គ្រាន់តែកម្មវិធីជាមួយមិត្តចិន នៅសល់ដូចជា ៥ ទៀត … សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៦ ពីខេត្តកណ្តាល ទៅសៀមរាប អាហ្នឹងមួយទៅ។ មួយទៀតអាផ្លូវនៅជាប់ទល់ដែននោះ អាហ្នឹងមួយទៀត។ ហើយបើកការដ្ឋានផ្លូវលេខ ៣ និង ១១ … ខ្ញុំនៅមានកម្មវិធីច្រើនណាស់។ ខ្ញុំមិនអាចផ្អាកនៅក្នុងយុទ្ធនាការបោះឆ្នោតទេ។ អស់លោកអ្នកទាំងឡាយ សូមទៅឃោសនាបោះឆ្នោតខ្លួនឯងទៅ ខ្ញុំអត់ទៅជួយឃោសនាទេ បើអស់លោកឯងខ្ជិល ហើយអង្គបោះឆ្នោតមិនទាំងស្គាល់មុខបេក្ខជនសមាជិកព្រឹទ្ធសភាផង គេមិនបោះឲ្យ វាត្រឹមត្រូវហើយ។ បើទោះបីជាខ្ញុំ ខ្ញុំក៏មិនបោះដែរ បើលោកឯងខ្ជិលយ៉ាងៗហ្នឹង។ អាហ្នឹងចូលជាអ្នកតាមស៊ី តាមផឹកហើយ។ ខ្ញុំមិនលេងជាមួយទេ។ ហ្នឹងជាសិទ្ធិសេរីភាពនៃអ្នកបោះឆ្នោតទេ។
អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្ន
មានរឿងមួយ ដែលខ្ញុំសុំនិយាយ។ រឿងនេះវារឿងច្រំដែលទេ ប៉ុន្តែរឿងវាហាក់ដូចជាមិនស្ងប់សោះ។ ប្រទេសកម្ពុជាបច្ចុប្បន្នមនុស្សស្លាប់ច្រើនជាងសម័យសង្គ្រាម។ ហេតុអីទៅ? គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗ គឺបានកើតឡើងបំផ្លាញជីវិតមនុស្ស ធ្វើឲ្យមនុស្សស្លាប់ ធ្វើឲ្យមនុស្សរបួស ហើយក៏ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ ក្នុងពេលមានសង្រ្គាម ក្នុងឋានៈខ្ញុំជាអ្នកដឹកនាំប្រទេស ក្នុងរយៈពេលជិត ៤០ ឆ្នាំ រួចមកហើយ ជាង ៣៩ ឆ្នាំ ថ្ងៃខ្លះអត់មានមនុស្សស្លាប់ អត់មានរបួសទេ នៅក្នុងកាលៈទេសៈដែលមានសង្រ្គាមផង។ ប៉ុន្តែ ឥឡូវនេះ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ គ្រាន់តែច្រើន និងតិចតែប៉ុណ្ណោះ របួសក៏ច្រើន។ មន្ទីរពេទ្យមួយៗពោរពេញទៅដោយអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ បញ្ហានេះទាមទារឲ្យមានការគោរពទាំងអស់គ្នាទើបបាន។ នេះមិនមែនជាការទទួលខុសត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណកម្មាធិការសុវត្ថិភាពផ្លូវគោកតែមួយមុខនោះទេ។ តែវាជាភារកិច្ចទូទៅរបស់យើងទាំងអស់គ្នា សំខាន់ជាងគេគឺអ្នកបើកបរខ្លួនឯងតែម្តង ដែលត្រូវមានការប្រុងប្រយ័ត្ន។ បើគ្មានការប្រុងប្រយ័ត្នទេ គឺវានឹងបង្កើតបញ្ហាច្រើនណាស់។ ឥឡូវជិតចូលឆ្នាំចិនហើយ ក្រែងលោទៅជួបជីដូនជីតាពិតប្រាកដ ត្រឹមតែសែនបានហើយ កុំទៅខ្លួនឯងអី។ នៅស្រុកខ្មែរ គេថាចូលឆ្នាំចិន ស្រវឹងខ្មែរ។ ខ្មែរអ្នកផឹកស្រា ចិនផឹកតិចៗ កែវគាត់តូច លើកបន្តិចៗ។ អត់សូវស្រវឹងទេ។ ខ្មែរតែលើកឡើង ដាក់ទាំងដបយកតែម្តង។ ហ្នឹងគេថាចូលឆ្នាំចិន ស្រវឹងខ្មែរ។ ខ្មែរចូលឆ្នាំមួយឆ្នាំ ៣ ដង ចូលឆ្នាំសកល ចូលឆ្នាំចិន និងវៀតណាមក៏ចូល ចូលឆ្នំាខ្មែរក៏ចូល តែចូលហើយដាក់ហើយ … ថ្ងៃហ្នឹងថ្ងៃដកជើងធូប ហោរាទស្សទាយរបស់ផ្នែកទំនៀមទម្លាប់ចិនយកទៅសម្ភាសន៍នៅ CNC ថាថ្ងៃហ្នឹងថ្ងៃដកជើងធូប ត្រូវបោសសំអាតផ្ទះ ដើម្បីឲ្យទេវតាម្ចាស់ទឹកម្ចាស់ដី ឡើងទៅឋានលើរាយការណ៍ថា គេបោសសំអាតបានល្អហើយ ហើយគេចុះមកថែទាំវិញ។ ពីពេលនេះដល់ពេលចូលឆ្នាំរួច គេមិនឲ្យបោសផ្ទះទេ។ ខ្ញុំស្ដាប់តាមគេដែរ។ ខ្ញុំថាតាមដែរទៅ។ ខ្ញុំមានចិនអីខ្ញុំ។ ប្រពន្ធខ្ញុំនាំកូនចៅរបស់ខ្ញុំទៅសែន។ សែនទៅ។ ខ្ញុំដេកនៅផ្ទះ។ ខ្ញុំអត់មានជាប់កុងម៉ាអីនឹងគេផង។ ខ្មែរសុទ្ធតែម្ដង។
ដាក់បទបញ្ជាចាប់ឡានដែលដឹកលើសទម្ងន់ ឡានត
គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសយើងពិតជាច្រើន។ ហើយម្យ៉ាងទៀត រឿងរថយន្ដដឹកលើសទម្ងន់នេះ ខ្ញុំសូមដាក់ចេញនូវបទបញ្ជាអនុវត្ដឲ្យបានម៉ឺងម៉ាត់បំផុត។ ក្រុមហ៊ុនណាដែលដឹកជញ្ជូនលើសទម្ងន់ យើងប្រជុំក្រុមហ៊ុនទាំងអស់ ហៅមកនិយាយគ្នា ប្រសិនជាមាន យើងអាចចាប់រថយន្ដ ហើយបិទក្រុមហ៊ុនទៀត។ បើទោះក្រុមហ៊ុន សេវាដឹកជញ្ជូនស្អីៗ អត់ទេ។ ទុកសិនទៅ ព្រោះថាអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន អ្នកឯងបំផ្លាញផ្លូវអស់ប៉ុន្មាន? បើអ្នកឯងមិនកែ ខ្ញុំបិទក្រុមហ៊ុនចោល ត្រូវនិយាយគ្នារឿងហ្នឹងឲ្យច្បាស់។
រឿងទី ២ រឿងកាត់ឡានត ខ្ញុំសូមបញ្ជាក់ ចាប់ពីម៉ោង ០ យប់នេះទៅ ឡានតទាំងប៉ុន្មាន មិនត្រូវមានវត្ដមានលើផ្លូវទេ។ បើមានវត្ដមានលើផ្លូវនៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះត្រូវទទួលខុសត្រូវ។ ចាប់ទុកទាំងអស់ ចាប់កាត់ទាំងអស់ អត់មានលែង។ ឥឡូវ ខេត្តមួយៗ ស្រុកមួយៗ ពង្រាយគ្នាទទួលខុសត្រូវ។ ខ្ញុំនឹងតាមមើល ហើយអស់លោកកុំភ្លេច ដឹងដៃ ហ៊ុន សែន ហើយ។ បើចង់ដកចៅហ្វាយខេត្ដ ដកត្រឹមតែ ២៤ ម៉ោង ចង់យូរពេកផង។ បើចង់ដកចៅហ្វាយស្រុកត្រឹម ១៥ នាទីទេ ព្រោះអនុក្រឹត្យសរសេរនៅហ្នឹង ប៉ុន្តែបើចង់ដកចៅហ្វាយខេត្ត ត្រូវឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ តាមសំណើនាយករដ្ឋមន្ដ្រី ចំណាយពេលយូរបន្ដិចខ្ញុំថា ២៤ ម៉ោងទៅចុះ។
ឥឡូវចាប់ពី ០ ម៉ោងយប់នេះ ថ្ងៃនេះអាចថាគេស្ដាប់លឺ គេបញ្ជាអោយចូលកន្លែង។ បើចាប់ឥឡូវអាក្រក់មើល។ ពិបាក។ ឥឡូវទុកពេលអោយប្រមាណ ១០ ម៉ោងជាងទៀត។ ឥឡូវទើបម៉ោង ៩ កន្លះ នៅមានពេលវេលា។ ប៉ុន្តែចាប់ពីក្រោយហ្នឹងទៅ ឲ្យតែមានឡានតខុសទំនង ចាប់បញ្ចូលទ្រុងទាំងអស់។ ចង់ថាអីថាទៅ ហើយចាំឲ្យគេលើកគ្នាមកតវ៉ាមុខផ្ទះ ហ៊ុន សែន។ មកដល់ត្រង់ហ្នឹងចាប់បញ្ចូលព្រៃសទាំងអស់ មិនឲ្យរញ៉េរញ៉ៃទេ ព្រោះបំផ្លាញជីវិតមនុស្ស បំផ្លាញផ្លូវថ្នល់ ដែលយើងរកលុយទាំងលំបាក លុយខ្លួនឯងផង លុយទៅខ្ចីគេផង យកមកធ្វើផ្លូវ។ ហេតុអីមកបំផ្លាញដើម្បីចំណេញក្រុមហ៊ុនមួយ ចំណេញឡានមួយ ហើយខ្លួនបំផ្លាញបែបនេះ។ ខ្ញុំសូមដាក់បទបញ្ជានេះ មិនត្រូវបានលើកលែង។ ពីមុនធា្លប់ដាក់ម្ដងហើយ ប៉ុន្តែវារើឡើងវិញ។ ប៉ុន្តែឥឡូវ(លើកនេះ) អត់មានរើទេ។ … អ្នកណាដោះលែងគឺអ្នកហ្នឹងមានទោស និយាយគ្នាអញ្ចេះបានឆាប់ចប់។ ផ្ដាំទៅអ្នករកស៊ីតឡានទាំងឡាយ សុំយកឡានទៅកន្លែងណាដែលកាត់ បើកាត់មិនទាន់ទេ កុំឡើងលើផ្លូវ ឡើងលើផ្លូវចាប់ហើយ។ តែចាប់បានហើយអ្នកណាហ៊ានលែង គឺខ្ញុំនឹងរករឿងអ្នកហ្នឹង។ សុំបងប្អូនទាំងឡាយចូលមក Comment លើ Page ហ្វេសប៊ុករបស់ ហ៊ុន សែន។ ចូលមកប្រាប់ថា ចៅហ្វាយស្រុកកន្លែងនេះ ប៉ូលីសកន្លែងនេះ ដោះលែង។ ខ្ញុំនឹងតាមធ្វើម្ដង។ គណៈកម្មាការសុវត្ថិភាពផ្លូវគោកដាក់បញ្ជាទៅបែបអត់ស្ដាប់។ ឥឡូវដាក់ ហ៊ុន សែន ម្ដង … ការពិតចាប់ដាក់ក្នុងឃ្លាំង វាបាត់ការងារតែតៃកុងឡានមួយ និងអ្នករកស៊ីប៉ុន្មានអ្នកហ្នឹងទេ ប៉ុន្តែវាសុវត្ថិភាពសម្រាប់ប្រជាជន ដែលរស់នៅតាមផ្លូវ និងវាធានាដល់ផ្លូវរបស់យើង កុំឲ្យវាលើសចំណុះ។
ដឹកលើសចំណុះ ឡានកាត់ត ត្រូវកុំឲ្យមានវត្តមានលើផ្លូវ។ គ្រោះថ្នាក់ខ្លាំងណាស់។ បើកបុកៗ គ្រោះថ្នាក់យកមែនទែន។ ឡានគេធ្វើត្រូវស្ដង់ដាររបស់គេហើយ ឯងយកមកត ២ ម៉ែត្រ ៣ ម៉ែត្រទៀត។ រួចចុះបត់ទៅ វាមិនខុសក្បួន។ ចំណុចនេះជាចំណុចដែលត្រូវធ្វើឲ្យបានម៉ឺងម៉ាត់។ ហាក់ដូចជាប្រសិទ្ធភាពនៅទាបពេក។ អញ្ចឹងមានតែវិធីបញ្ជាបែបហ្នឹងតែម្ដង ហើយរឿងតុលាការមិនតុលាការកុំទៅខ្វល់ពេក យកវាទៅទុកសិនទៅ ហើយបើតុលាការមានកន្លែង បើកយកទៅដាក់ឲ្យពេញកន្លែងតុលាការទៅ បើសិនតុលាការគាត់ចង់រករឿង។ យើងបើកអមដំណើរវាទៅ។ តុលាការយកអាហ្នឹងបើកសវនាការនៅលើឡានតែម្ដង …។ ទោះច្បាប់វាមិនទាន់មានអីក៏ដោយ ធ្វើអោយត្រូវតាមស្ដង់ដារទៅ វាចប់ហើយ កុំទៅត កុំទៅអីវា(ឡាន)។ ហើយអាហ្នឹងច្រើនតែ(ឡាន)ដឹកស៊ីម៉ង់ ដឹកដែក ដឹកគោ ដឹកដំឡូងមី។ ឥឡូវចាប់ផ្តើមទៅ ដាក់ទៅ វាខូចផ្លូវ។ ផ្លូវមួយខ្សែៗអស់លុយច្រើនណាស់ មិនមែនអស់តិចឯណា។ អញ្ចឹងទេ ខ្ញុំសូមដាក់បទបញ្ជាសាជាថ្មីម្ដងទៀត សង្ឃឹមថា បទបញ្ជានេះនឹងអនុវត្តបាន … «បើសិនជាអស់លោកនាំគ្នាធ្វើ!»។ ឡានវាមិនដែលឆ្លងកាត់តែមុខផ្ទះ ហ៊ុន សែន ឯណា វាកាត់តាមស្រុកស្ទឹងត្រង់ហ្នឹង ស្រុកក្រូចឆ្មារ វាកាត់តាមស្រុកនេះ ស្រុកនោះ ប៉ុន្តែអស់លោកស្រុកហ្នឹងវាអត់ធ្វើ …។
នាយករដ្ឋមន្ត្រី ៣ នៅស្រុកស្ទឹងត្រង់
ស្រុកស្ទឹងត្រង់នេះ បង្កើតនាយករដ្ឋមន្ត្រីបានច្រើនជាងគេ។ ៣ នាយករដ្ឋមន្ត្រី ដែលកើតនៅស្រុកស្ទឹងត្រង់ ទីមួយ អ៊ិន តំា, ទីពីរ ហង្ស ធនហាក់ ប៉ុន្តែពីរនាក់ហ្នឹង សុទ្ធតែអ្នកសាធារណរដ្ឋ ហើយផ្តួលរំលំសម្តេច ព្រះនរោត្តម សីហនុ។ ពីរនាក់នោះវាផ្សេង ឯនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺផ្សឹង។ ស្រុកស្ទឹងត្រង់នេះ គឺជាស្រុកផលិតនាយករដ្ឋមន្ត្រីបានច្រើនជាងគេ បើប្រៀបធៀបទៅនឹងស្រុកទូទាំងប្រទេស។ ប៉ុន្តែនាយករដ្ឋមន្ត្រីមុន អ៊ិន តំា ដូចជាធ្វើបាន ២ ឆ្នំា បន្ទាប់ទៅ ហង្ស ធនហាក់ (ត្រូវ) ប៉ុល ពត សម្លាប់។ ឯ អ៊ិន តំា ទៅស្លាប់នៅអាមេរិកឯណោះ។ … សុខៗធ្វើការនៅជាមួយនឹងព្រះករុណា ទៅរួមដៃគ្នាស្តាប់បរទេសធ្វើរដ្ឋប្រហារទំលាក់ព្រះករុណា។ កម្មពៀរដល់។ ឯរឿងរបស់ខ្ញុំវាផ្សេង។ សម័យនោះ គេធ្វើរដ្ឋប្រហារភ្លាម ព្រះករុណាអំពាវនាវអោយចូលព្រៃម៉ាគី ទៅនឹងគេទៅ ហើយបានរស់រានមានជីវិតដល់ឥឡូវ។ គ្រាន់តែអស់ភ្នែកម្ខាងដែរ របួសប្រំាលើក ប៉ុន្តែសុខភាពនៅល្អទេ អត់បញ្ហាទេ។ កាលមកលើកមុនឃើញថាខ្ញុំធាត់ ឥឡូវមកលើកនេះស្គម មិនមែនស្គមមកពីជំងឺអីទេ។ ហាត់ប្រាណអោយទំងន់វាធ្លាក់ចុះ …។
នេះគឺមានប៉ុណ្ណឹងទេ។ ខ្ញុំនៅមានឱកាស ២០២១ ហ្នឹង ច្បាស់ជាមកសម្ភោធហើយ ព្រោះច្បាស់ណាស់ថា ខ្ញុំនឹងបន្តរយៈពេល ១០ ឆ្នំាបន្តទៅទៀត ដើម្បីធ្វើជានាយករដ្ឋមន្ត្រី។ ហើយម្សៀរឯង ដែលបបួលថា ៦៥ ឆ្នំាឈប់ធ្វើ ម្សៀរឯងធ្វើខ្លួនឯងទៅ។ កុំមកបបួលគេកំពុងកាន់អំណាច ឯងកំពុងជាប់គុក បបួលអោយស្មើគ្នាម៉េច។ អ្នកឯងលេងខូចអញ្ចឹង បានមិនដែលឈ្នះ ហើយតែងតែជាប់គុកជានិច្ច។ ជាប់តំាងពីឪ …។
ពំានំាអំណោយ
ថ្ងៃនេះ ខ្ញុំបាននំាមកនូវសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល ជូនក្រុមកាយាឬទ្ធិ និងយុវជកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ជូនសិស្សានុសិស្ស ១ ២៣៨ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូទូទំាងស្រុកស្ទឹងត្រង់ ៧៣៩ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល ជូនកម្មករ/ការិនីចំការកៅស៊ូបឹងកេតចំនួន ៨០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ជូនវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ឃុំព្រៃកក់ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាពព្រៃកក់ថវិកា ២ លានរៀល ជូនសាលាស្រុកស្ទឹងត្រង់ថវិកា ២ លានរៀល ជូនសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថវិកា ២ លានរៀល ជូនក្រុមតន្ត្រីសម័យ ៥ លានរៀល។
ការបំបែកខេត្តជាពីរ
ហើយក៏សូមអភ័យទោសផងដែរ ការបែងចែកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំនេះ វាកើតនៅក្នុងដំណាក់កាល ហ៊ុន សែន ទៅទៀត។ សុំមេត្តាកុំអាក់អន់ចិត្តអី ខ្ញុំគ្រាន់តែចង់ធ្វើអោយស្ថានភាពវាបានវិលត្រឡប់ទៅរកស្ថានភាពអតីតកាលផង ប៉ុន្តែបញ្ហាសំខាន់ជាងគេនៅត្រង់ថា ងាយគ្រប់គ្រងរដ្ឋបាល ដោយសារតែខេត្តកំពង់ចាមនេះ មានប្រជាជនរហូតទៅដល់ជិត ២ លាននាក់ គឺស្ទើរតែស្មើនឹង ១០% បើពីមុនប្រជាជនតែ ១០ លាននាក់ ប្រហែលជាស្មើ ១៥% នៃប្រជាជនទូទំាងប្រទេស ដូច្នេះបានជាយើងបំបែកត្រើយម្ខាងខាងនោះ ទៅជាខេត្តត្បូងឃ្មុំ ឯត្រើយយើងខាងនេះគឺ ខេត្តកំពង់ចាមដដែល។ ខេត្តត្បូងឃ្មុំនោះ សម័យដើមនោះគឺមិនមែនជាស្រុកត្បូងឃ្មុំទេ គឺខេត្តត្បូងឃ្មុំតែម្តង ដែលមាន អរជូន ធ្វើជាចៅហ្វាយខេត្ត កាលពីពេលមុន។ ឯនៅត្រើយខាងយើងនេះ បើតាមការស្រាវជ្រាវរបស់ខ្ញុំទេ ខ្ញុំមិនច្បាស់អំពីបញ្ហាហ្នឹង គឺខេត្តជើងព្រៃទៅវិញ។ ពីដើមមានពីរខេត្ត ឥឡូវយើងក៏រៀបចំអោយមានពីរខេត្តឡើងវិញ។
ថ្ងៃនេះ ដើម្បីកុំអោយវាដាច់គ្នា យើងដាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រើពាក្យអញ្ចឹងតែម្តង។ សង្ឃឹមថា កាសែត The New York Times ត្រឡប់ទៅវិញនឹងមិនចុះផ្សាយអាក្រក់ ហើយបើសិនជាអាក្រក់ក៏អ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មារ ក៏ដូចជាកម្មករ/ការិនី គេនឹងមើលមុខខ្លួនហើយ ព្រោះថ្ងៃនោះថតបានទំាងអស់ តំាងពីគេអោប តំាងពីគេថើប តំាងពីស្អីគ្រប់សព្វ … ប្រហែលជាគាត់ថតបានរូបច្រើន។ សង្ឃឹមថា យើងសុទ្ធតែជាមនុស្ស ហើយយើងមិនមែនជាសត្វទេ។ ជនជាតិណាក៏ដោយសុទ្ធតែជាមនុស្ស ហើយបើសិនជាមនុស្សហ៊ាននិយាយការពិត បើសិនជាសត្វបានវាចេះបន្លំ។ សង្ឃឹមថា នឹងមិនបានពានរង្វាន់ពី ហ៊ុន សែន អំពីព័ត៌មានខុសទេ Fake News ទេ។ បើទទួលពានពី ដូណាល់ ត្រំាម៍ ទទួលចុះ អាហ្នឹងរឿងរបស់អស់លោក ប៉ុន្តែបើទទួលពី ហ៊ុន សែន មិនទទួលទេ ហ៊ុន សែន គ្មានពានរង្វាន់បែបហ្នឹងទេ។
ប្រកាសបើកការដ្ឋាន
ចុងបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋាន ដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ ដែលហៅថាស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលតភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ប្រវែង ១ ១៣១ ម៉ែត្រ … ហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរចំពោះចំណងមិត្តភាពកម្ពុជា-ចិន ហើយក៏ជិតដល់ចូលឆ្នំាចិនផងដែរ សូមជូនពរចំពោះឯកឧត្តមអគ្គរដ្ឋទូត មន្ត្រីស្ថានទូត ក៏ដូចជាអ្នកបច្ចេកទេសទំាងឡាយ ដែលធ្វើការនៅទីនេះ ជួបនឹងសេចក្តីសុខ កុងស៊ីហ្វាឆាយ។ ជូនពរចំពោះបងប្អូនជនរួមជាតិទំាងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរ ទំាង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕